Grand News Asia Close

វិភាគអន្តរជាតិ៖ ហេតុអ្វីចិនមិននិយាយរកយោធាអាមេរិក?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 234
វិភាគអន្តរជាតិ៖ ហេតុអ្វីចិនមិននិយាយរកយោធាអាមេរិក? វិភាគអន្តរជាតិ៖ ហេតុអ្វីចិនមិននិយាយរកយោធាអាមេរិក?

FN (វ៉ាស៊ីនតោន)៖ កាលពីនិទាឃរដូវកន្លងទៅ សហរដ្ឋអាមេរិកបានស្នើរៀបចំកិច្ចប្រជុំមួយរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu នាឱកាសប្រមុខការពារជាតិនៃប្រទេសទាំង២ ចូលរួមសន្និសីទសន្តិសុខប្រចាំឆ្នាំ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ ដែលនៅទីនោះជាប្រពៃណីប្រមុខការពារជាតិអាមេរិក និងចិន តែងតែជួបសន្ទនាគ្នាដោយផ្ទាល់។

សន្និសីទសន្តិសុខ Shangri-La Dialogue ក្នុងឆ្នាំ២០២៣ គឺជាឱកាសមួយដ៏មានសារសំខាន់សម្រាប់ការជជែកពិភាក្សាគ្នាដោយផ្ទាល់ នៅចំពោះមុខភាពតានតឹង រវាងចិន និងសហរដ្ឋអាមេរិកទាំងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់។ ជាក់ស្ដែង កាលពីចុងខែឧសភា យន្ដហោះចម្បាំងចិនមួយគ្រឿង ត្រូវបានគេរាយការណ៍ថាបានហោះកាត់មុខយន្ដហោះស៊ើបការណ៍អាមេរិក។ ភាគីទាំង២សុទ្ធតែត្រូវការជាចាំបាច់នូវមធ្យោបាយមួយដើម្បីបន្ធូរបន្ថយភាពតានតឹង និងបង្កើតយន្ដការនានាដែលអាចទប់ស្កាត់កុំឱ្យមានវិបត្តិណាមួយកើតឡើង។

ក៏ប៉ុន្តែ នៅទីបំផុតទៅ ចិនបានច្រានចោលសំណើរបស់សហរដ្ឋអាមេរិក ដោយសំអាងថាមកពីទណ្ឌកម្មដែលសហរដ្ឋអាមេរិកបានដាក់លោក Li Shangfu ពាក់ព័ន្ធ នឹងការទិញប្រព័ន្ធអាវុធពីរុស្ស៉ីកាលពីឆ្នាំ២០១៨។ លោក លី មិនអាចចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីអាមេរិកបានឡើយ រហូតទាល់តែទណ្ឌកម្ម ត្រូវបានលុបចោល។ ការសម្រេចចិត្តរបស់ចិនជារឿងគួរឱ្យសា្ដយ តែមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ។ ចាប់តាំងពីខែសីហា ឆ្នាំ២០២២មក ចិន បានផ្អាក កិច្ចចរចាជាបន្តបន្ទាប់ជាមួយមេបញ្ជាការ និងអ្នកសម្របសម្រួលគោលនយោបាយការពារជាតិកំពូលៗរបស់សហរដ្ឋអាមេរិក ជាការឆ្លើយតបទៅ នឹងដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោក ណាន់ស៊ី ផេឡូស៊ីទៅកាន់កោះតៃវ៉ាន់។ ប៉ុន្តែហេតុអ្វីបានជាចិនសម្រេចចិត្តនៅស្ងៀម មិននិយាយរកយោធាអាមេរិក?

ដូចគ្នាទៅនឹងទីក្រុងវ៉ាស៊ីនតោនដែរ ទីក្រុងប៉េកាំងដឹងយ៉ាងច្បាស់ថាទំនាក់ទំនងរវាងយោធា និងយោធាគឺជាមធ្យោបាយមួយដ៏ប្រសើរអាចបន្ធូរបន្ថយភាពតានតឹង និងទប់ស្កាត់កុំឱ្យជម្លោះផ្ទុះឡើង។ ដូច្នេះហើយ ទើបរយៈពេល ៦ខែចុងក្រោយនៃអាណត្តិរដ្ឋបាលអតីតប្រធានាធិបតីអាមេរិករបស់លោក ដូណាល់ ត្រាំ ចិន តែងតែ ធ្វើការទំនាក់ទំនងជាញឹកញាប់ជាមួយសហរដ្ឋអាមេរិក ក្នុងគោលបំណងពិភាក្សាពីការគ្រប់គ្រងជម្លោះ។ ចិនមានការភ័យខ្លាចថាលោក ត្រាំ អាចនឹងបើកធ្វើសង្រ្គាម នៅតៃវ៉ាន់ ដើម្បីជាប់ឆ្នោតជាប្រធានាធិបតីមួយអាណត្តិទៀត ហើយនៅកាលណោះប្រមុខកងទ័ពរំដោះប្រជាជនចិន PLA លោក Li Zoucheng និង នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បានជួបសន្ទនាគ្នាតាមទូរស័ព្ទដល់ទៅ២ដង។ ក្នុងជំនួបតាមទូរស័ព្ទទាំង២លើកនេះ លោក Mark Milley បានធ្វើការធានាឱ្យលោក Li ថាសហរដ្ឋអាមេរិកនឹងមិនបើកការវាយប្រហារភ្លាមៗនោះទេ។

យ៉ាងណាក៏ដោយ បើទោះជាចិនចង់បង្ការកុំឱ្យជម្លោះផ្ទុះឡើងក៏ពិតមែន ក៏វាមិនមែនមានន័យថាចិនមើលឃើញថាហានិភ័យនៃគ្រោះថ្នាក់គឺជារឿងអាក្រក់រហូត នោះទេ។ ក្រុមមន្ត្រីចិនជឿថាពួកគេអាចប្រើប្រាស់វិបត្តិមួយចំនួន ដើម្បីលើកកម្ពស់ផលប្រយោជន៍របស់ចិន។ ក្រោមទស្សនៈយល់ឃើញរបស់ចិន ការនៅស្ងៀមក្នុង ពេលនេះ អាចមានប្រយោជន៍ច្រើនជាង ហើយណាមួយចិនក៏ជឿដែរថាសព្វថ្ងៃ ហានិភ័យនៃការផ្ទុះជម្លោះជាមួយសហរដ្ឋអាមេរិក គឺស្ថិតនៅក្នុងកម្រិតទាប ដោយសារតែសហរដ្ឋអាមេរិកកំពុងជាប់ដៃជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធតតាំងនឹងការឈ្លានពានពីរុស្ស៉ី និងគ្មានឆន្ទៈបើកសមរភូមិសង្រ្គាមមួយផ្សេងទៀត នៅក្នុង តំបន់ប៉ាស៊ីហ្វិកខាងលិចឡើយ។ ចិនមិនចង់មានសង្រ្គាមក្ដៅជាមួយអាមេរិកក៏ពិតមែន តែវាមិនមែនមានន័យថាចិនមើលឃើញថាសេណារីយ៉ូអាក្រក់ សុទ្ធតែអាក្រក់ រហូតនោះទេ។ ខណៈចិនមិនជឿឡើយថាសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមធ្វើសង្រ្គាមក្ដៅផងនោះ ចិនកាន់តែជឿជាក់ថែមទៀតថាការប្រកាន់ជំហរប្រឈមមុខដាក់គ្នា គឺជាមធ្យោមបាយមួយដើម្បីទាញយកសម្បទាន ក្នុងនោះរួមមានទាំងការធ្វើឱ្យសហរដ្ឋអាមេរិកមានការប្រុងប្រយ័ត្នច្រើនជាងមុន ដោយមិនហ៊ានធ្វើសកម្មភាព យោធាផ្ដេសផ្ដាសនៅក្បែររបងផ្ទះចិន ទេ។

ទីក្រុងប៉េកាំងមានហេតុផលដើម្បីគិតដូច្នេះ។ ជាឧទាហរណ៍ នៅពេលដែលចិនទទូចឱ្យសហរដ្ឋអាមេរិកដកទណ្ឌកម្មប្រឆាំងនឹងលោក Li ចេញ ជាលក្ខខណ្ឌរៀបចំ ជំនួបរវាងលោក Li លោក Austin លោក បៃដិនបាននិយាយថារដ្ឋបាលរបស់លោកនឹងពិចារណាពីសំណើនេះ។ តែនៅពេលដែលក្រសួងការបរទេសអាមេរិក មិនអើពើនឹងសំណើរបស់ខ្លួន ចិនក៏ទាត់ចោលកិច្ចប្រជុំភ្លាមៗ។ គោលបំណងរបស់ចិនមិនមែនផ្តោតតែលើអំណាចនៅឯតុចរចានោះទេ។ ពេលខ្លះក្រុមមន្ត្រីចិនចង់ គេចវេសពីកិច្ចចរចាយោធា និងយោធា «ដើម្បីទុកឱ្យសហរដ្ឋអាមេរិកស្ថិតនៅក្នុងស្ថានភាពប៉ាស្មានពីទឹកចិត្តរបស់ចិន»។ ទីក្រុងប៉េកាំងគិតថាកិច្ចសន្ទនាយោធា អាចនឹងត្រូវបានប្រើប្រៀបដូចជាបង្កាន់ដៃស្ពានទាំងសងខាងធានានូវសុវត្ថិភាពនៃទំនាក់ទំនងរវាងចិន និងអាមេរិក ដែលនឹងអនុញ្ញាតឱ្យទីក្រុងវ៉ាស៊ីនតោនអាចបន្ត ការធ្វើសកម្មភាពយោធាក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិចដោយមិនមានការព្រួយបារម្ភ ពីការសងសឹកពីចិន។ ម្លោះហើយ ចិនយល់ថាការបើកចំហទំនាក់ទំនងយោធា និងយោធា នឹងមានតែធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែមានសេរីភាពក្នុងការធ្វើសកម្មភាពយោធាតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើចិនរារាំងកិច្ចសន្ទនាជាមួយ យោធាអាមេរិក នោះចិនអាចនឹងធ្វើឱ្យសហរដ្ឋអាមេរិកស្ថិតនៅក្នុងស្ថានភាពប៉ាន់ស្មាន ដើម្បីកុំឱ្យសហរដ្ឋអាមេរិកមើលដឹងថាតើអ្វីទៅជា «បន្ទាត់ក្រហម» របស់ចិន ហើយធ្វើបែបនេះបាន សហរដ្ឋអាមេរិកអាចនឹងធ្វើសកម្មភាពកាន់តែមានការប្រុងប្រយ័ត្នជាងមុន។

សម្រាប់ចិន យុទ្ធសាស្ត្ររបស់ខ្លួនមានហានិភ័យទាប ហើយអាចបានប្រយោជន៍ធំមកវិញ។ ក៏ប៉ុន្តែ បើសហរដ្ឋអាមេរិកមិនព្រមដកថយដែរនោះ វាអាចនឹងបង្កឱ្យ ភាពតានតឹងផ្ទុះឡើងកាន់តែខ្លាំង ឬក៏អាចបង្កទៅជាជម្លោះដោយអចេតនាក៏ថាបាន។ សហរដ្ឋអាមេរិក និងចិនធ្លាប់មានបទពិសោធន៍ប្រឈមមុខដាក់គ្នាប្រកបដោយ គ្រោះថ្នាក់ម្ដងរួចមកហើយកាលពីឆ្នាំ២០០១ នៅពេលយន្ដហោះស៊ើបការណ៍អាមេរិក EP-3 មួយគ្រឿង បុកគ្នាជាមួយយន្ដហោះចម្បាំងចិន២គ្រឿង នៅលើ ដែនអាកាសនៃសមុទ្រចិនខាងត្បូង។ នៅពេលនោះ សហរដ្ឋអាមេរិក និងចិនមានទំនាក់ទំនងល្អនឹងគ្នា ធ្វើឱ្យពួកគេអាចដោះស្រាយបញ្ហាដោយសន្តិវិធី។ ប៉ុន្តែ បច្ចុប្បន្ន ប្រសិនបើហេតុការណ៍បែបនេះកើតឡើងសាជាថ្មី ហើយយោធានៃប្រទេសទាំង២ មិននិយាយរកគ្នាផងនោះ នោះការផ្ទុះទៅជាជម្លោះអាចនឹងស្ថិតនៅក្នុង ហានិភ័យមួយដ៏ខ្ពស់។ គេត្រូវរង់ចំាមើលដែរថាតើចិនអាចនឹងប្ដូរការគិតបែបនេះដែរឬទេ នៅមុន ឬក្រោយជំនួបរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ក្នុងឆ្នាំ២០២៣នេះ៕

អត្ថបទទាក់ទង