ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែន ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការអះអាងរបស់ភាគីថៃជុំវិញបញ្ហាព្រំដែន
ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦
សំណួរទី១៖ តើកម្ពុជាមានជំហរដូចម្តេច ចំពោះការបដិសេធរបស់ថៃទៅនឹងការចោទប្រកាន់ថា កងទ័ពថៃបានប្រើប្រាស់កម្លាំងកាន់កាប់តំបន់មួយចំនួនដោយខុសច្បាប់ រហូតធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា មិនអាចត្រឡប់ទៅរស់នៅក្នុងលំនៅឋានរបស់ខ្លួនវិញបាន?
ចម្លើយ៖ ការបដិសេធរបស់ភាគីថៃមិនត្រឹមត្រូវទេ និងគ្រាន់តែជាការដោះសាដោយខុសពីការពិតទាំងស្រុង ព្រោះអង្គហេតុនៅលើដីបានបង្ហាញផ្ទុយពីការលើកឡើងនោះ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅមានប្រជាពលរដ្ឋកម្ពុជាចំនួន ២០.៣៩១នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅឡើយ បន្ទាប់ពីភូមិ និងផ្ទះសម្បែងមួយចំនួនត្រូវបានកងកម្លាំងថៃចូលកាន់កាប់ និងបំផ្លិចបំផ្លាញដោយខុសច្បាប់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ លើសពីនេះ សាលារៀន និងមណ្ឌលសុខភាពជាច្រើននៅតាមតំបន់ព្រំដែនក៏នៅតែបន្តបិទទ្វារ ដែលបង្ហាញថា ផលប៉ះពាល់ចំពោះប្រជាពលរដ្ឋនៅតែមានជាក់ស្តែង។ ផលវិបាកជាក់ស្តែងទាំងអស់នេះសុទ្ធតែអាចផ្ទៀងផ្ទាត់បាន។ អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ អង្គទូតបរទេស និងអង្គការអន្តរជាតិនានា ដែលបានទៅដល់ទីនោះសុទ្ធតែជាសាក្សីផ្ទាល់ភ្នែក។ ដូច្នេះ ការបដិសេធរបស់ថៃ មិនអាចបិទបាំងការពិត និងផលប៉ះពាល់ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋកម្ពុជាបានឡើយ។
សំណួរទី២៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការអះអាងរបស់ថៃដែលថា ការដាក់ពង្រាយកងកម្លាំងរបស់ខ្លួននៅក្នុងដែនអធិបតេយ្យកម្ពុជា គឺស្របតាមចំណុចទី២ នៃសេចក្តីថ្លែងការណ៍រួម GBC ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥?
ចម្លើយ៖ នេះជាការបកស្រាយខុសពីការពិត។ ចំណុចទី២ នៃសេចក្តីថ្លែងការណ៍រួម GBC បានកំណត់យ៉ាងច្បាស់នូវគោលការណ៍ «អ្នកណានៅទីណា ត្រូវនៅទីនោះ» ដើម្បីរក្សាស្ថានភាពដើម និងទប់ស្កាត់ការបង្កើនភាពតានតឹងនៅតាមព្រំដែន មិនមែនជាការអនុញ្ញាតឱ្យភាគីណាមួយធ្វើសកម្មភាពឯកតោភាគី ឬផ្លាស់ប្តូរស្ថានភាពនៅលើដីនោះឡើយ។ ប៉ុន្តែ ជាក់ស្តែង កងកម្លាំងថៃបានបន្តឈូសឆាយដី សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដាក់ទូកុងតឺន័រ និងធ្វើសកម្មភាពផ្សេងៗដែលកម្ពុជាចាត់ទុកថាជាការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅលើដី។ ប្រសិនបើថៃពិតជាគោរពសេចក្តីថ្លែងការណ៍រួមមែន នោះថៃគួរតែបញ្ឈប់សកម្មភាពឯកតោភាគីទាំងនេះ និងអនុវត្តចំណុចទី៣ នៃសេចក្តីថ្លែងការណ៍រួម ដោយចូលរួមជាមួយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីបន្តការវាស់វែង និងបោះបង្គោលព្រំដែន ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ នេះជាវិធីដែលអាចបញ្ជាក់បានពីភាពស្អាតស្អំរបស់ភាគីនីមួយៗដើម្បីបញ្ជាក់ថា គ្មាននរណាឈ្លានពាននរណាទេ។ ការគេចវេសពីដំណោះស្រាយដោយយុត្តិធម៌មានន័យថា ជាការមិនហ៊ានទទួលយកការពិត៕






