Grand News Asia Close

អ្នករូតវាំងននសង្គម៖​ ហេតុអ្វីកម្ពុជានៅតែត្រូវការសំឡេងរិះគន់បែបស្ថាបនា?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1019
អ្នករូតវាំងននសង្គម៖​ ហេតុអ្វីកម្ពុជានៅតែត្រូវការសំឡេងរិះគន់បែបស្ថាបនា? អ្នករូតវាំងននសង្គម៖​ ហេតុអ្វីកម្ពុជានៅតែត្រូវការសំឡេងរិះគន់បែបស្ថាបនា?

មួយទសវត្សរ៍បានកន្លងផុតទៅ គិតចាប់តាំងពីថ្ងៃដ៏សែនក្រៀមក្រំ និងជាប្រវត្តិសាស្ត្រ ដែលប្រជាពលរដ្ឋ​កម្ពុជារាប់លាននាក់បានដង្ហែសព​ បណ្ឌិត កែម ឡី តាមដងវិថីនានាក្នុងរាជធានីភ្នំពេញ។ ទិដ្ឋភាពនៃការ​ចូលរួម​របស់មហាជននាថ្ងៃនោះ មិនមែនត្រឹមតែជាការសម្តែងនូវសេចក្តីទុក្ខក្រៀមក្រំប៉ុណ្ណោះទេ ប៉ុន្តែវា​ជា​​ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រំជួលចិត្តមួយ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋខ្មែរមានសេចក្តី​ស្រេក​ឃ្លានយ៉ាងខ្លាំងចំពោះការពិត និងសេចក្តីក្លាហាន ព្រមទាំងប្រាថ្នាចង់បានសង្គមមួយដែលមាន​អភិបាលកិច្ចល្អ និងគណនេយ្យភាពពិតប្រាកដ។

ក្នុងឱកាសខួប ១០ឆ្នាំ នៃការលាចាកលោករបស់លោកបណ្ឌិត យើងចាំបាច់ត្រូវឆ្លុះបញ្ចាំង​សំណួរដ៏​មាន​សារៈសំខាន់មួយសម្រាប់អនាគតនៃប្រទេសជាតិ៖ «ហេតុអ្វីបានជាសំឡេងឯករាជ្យ និងការរិះគន់​បែប​ស្ថាបនា នៅតែជាតម្រូវការចាំបាច់សម្រាប់កម្ពុជា?»

ចម្លើយពិតជាស្តែងចេញតាមរយៈការស្វែងយល់ពីគុណតម្លៃពិតនៃការរិះគន់ដើម្បីស្ថាបនានិងការវាស់​វែង​​ពី​ផល​វិបាក​ទាំ​ងពួង នៅពេលដែលសង្គមមួយត្រូវខកខាន ឬខ្វះខាតសំឡេងវិភាគឯករាជ្យ។

ការផ្សារភ្ជាប់គម្លាតសង្គមតាមរយៈការពិតដ៏សាមញ្ញ

បណ្ឌិត កែម ឡី ត្រូវបានសាធារណជនទូទៅផ្តល់រហស្សនាមដ៏មានអត្ថន័យថាជា«អ្នករូតវាំងននសង្គម» ពោលគឺលោកជាអ្នកបើកកកាយតថភាពសង្គមនិងនយោបាយដ៏​ស្មុគស្មាញមកបង្ហាញជា​សាធារណៈ​។ ទេពកោសល្យដ៏វិសេសវិសាលរបស់លោកគឺសមត្ថភាពបកស្រាយបញ្ហាគោលនយោបាយ អំពើ​ពុករលួយ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលក្រាស់ក្រែល ឱ្យទៅជាភាសានិយាយដ៏សាមញ្ញ ងាយយល់ និងផ្សារ​ភ្ជាប់​ទៅនឹងជីវភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ សំឡេងឯករាជ្យដើរតួជាស្ពានចម្លងដ៏សំខាន់។ ពួកគេមិនមែនបង្កើតការបែកបាក់ក្នុងសង្គម ឬរវាងប្រជាពលរដ្ឋនោះទេ ប៉ុន្តែគឺជួយអប់រំ ដាស់តឿន និងបំពេញចន្លោះប្រហោងនៃការយល់​ដឹងនៅ​ក្នុង​សង្គម។ នៅពេលដែលអ្នកវិភាគស្វែងយល់ និងពន្យល់អំពីសិទ្ធិមនុស្ស តម្លាភាពនិង​គណនេយ្យភាព​​​​សង្គម ដោយប្រើប្រាស់ភាសាដែលប្រជាពលរដ្ឋទូទៅអាចងាយស្រូបយកបាន ពួកគេកំពុងជួយលើក​កម្ពស់​​​​ឱ្យពលរដ្ឋមានការចូលរួមយ៉ាងសកម្ម និងប្រកបដោយបញ្ញានៅក្នុងដំណើរ​ការ​ប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។ បើគ្មានអ្នកបកស្រាយឯករាជ្យទាំងនេះទេ គម្លាតរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋ​នឹងកាន់តែរីកធំឡើងជាមិនខាន។

សំឡេងរិះគន់គឺជាកញ្ចក់ មិនមែនជាអ្នកបង្កើតភាពវឹកវរ

ទស្សនៈយល់ខុសមួយចំនួនជឿថា សំឡេងរិះគន់កើតឡើងក្នុងបំណងបង្កើតការបែកបាក់ ឬរារាំងដល់​ការអភិវឌ្ឍជាតិ។ ប៉ុន្តែមរតកការងាររបស់លោកបណ្ឌិត កែម ឡី បានបង្ហាញឱ្យឃើញនូវតថភាព​ផ្ទុយ​ស្រឡះ។ រាល់សកម្មភាពរបស់លោកគឺផ្អែកលើការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះគោលការណ៍អហិង្សា និង​ការចូលរួមបែបស្ថាបនានិយម។

អ្នកវិភាគឯករាជ្យប្រៀបដូចជាកញ្ចក់ឆ្លុះសង្គម។ ពួកគេឆ្លុះបញ្ចាំងពីតថភាពពិត ទាំងចំណុចវិជ្ជមាន និង​ចំណុចអវិជ្ជមាន ដូចជាបញ្ហាអំពើពុករលួយ ភាពអសកម្ម និងការគ្រប់គ្រងនិងការដឹកនាំ​ខ្លះ​ដែលមិន​ទាន់​​មា​ន​​ប្រសិទ្ធភាព​—ការឆ្លុះបញ្ចាំងនេះមិនមែនដើម្បីបំផ្លិចបំផ្លាញនោះទេ ប៉ុន្តែគឺដើម្បីជួយកែលម្អ និង​លើកកម្ពស់ការយកចិត្តទុកដាក់ក្នុងសង្គម។ តាមរយៈការស្វែងរកឫសគល់នៃបញ្ហា សំឡេងឯករាជ្យបាន​ផ្តល់​នូវទស្សនៈជម្រើសផ្សេងៗ ដែលអាចជួយដល់អាជ្ញាធរពាក់ព័ន្ធក្នុងការធ្វើសេចក្តីសម្រេចចិត្តបាន​កាន់​តែត្រឹមត្រូវ ទាន់ពេលវេលា និងមានប្រសិទ្ធភាពជាងមុន។ អភិបាលកិច្ច និងគណនេយ្យភាពសង្គម​ពិតប្រាកដមិនអាចរស់នៅក្នុងបន្ទប់ដែលឮតែសំឡេងទះដៃយល់ស្របនោះទេ ប៉ុន្តែវាទាមទារឱ្យមានការ​ឆ្លុះបញ្ចាំង​ពីខាងក្រៅដោយឥតលំអៀង ដើម្បីជំរុញឱ្យមានការស្ថាបនានិងពង្រឹងស្ថាប័ន។

សេចក្តីស្រេកឃ្លានចំពោះបញ្ញវន្តដែលមានសេចក្តីក្លាហាន

ការចូលរួមយ៉ាងច្រើនកុះកររបស់ប្រជាពលរដ្ឋកាលពីដប់ឆ្នាំមុន និងការបន្តរំលឹកវិញ្ញាណក្ខន្ធរបស់​បណ្ឌិត កែម ឡី បានបង្ហាញយ៉ាងច្បាស់ថា ពលរដ្ឋខ្មែរចង់បានសង្គមមួយដែលមានបញ្ញវន្ត​មានសេចក្តី​ក្លាហាន ហ៊ាននិយាយការពិត និងខិតខំផ្តល់ព័ត៌មានជាក់ស្តែង។ សេចក្តីប្រាថ្នាដ៏មុតមាំមួយនេះមិន​បាន​​ប្រែប្រួល ឬរលាយបាត់ទៅតាមពេលវេលានោះឡើយ។

កម្ពុជាដែលរីកចម្រើនទៅមុខបានគឺទាមទារឱ្យមានប្រព័ន្ធអេកូឡូស៊ីសង្គមមួយដែលពលរដ្ឋ យុវជន សង្គម​ស៊ីវិល និងអ្នកគិតគូរឯករាជ្យ មានអារម្មណ៍ថាមានសុវត្ថិភាពក្នុងការផ្តល់មតិយោបល់ត្រឡប់ (Feedback) បែបស្ថាបនា។ នៅពេលដែលយើងការពារនិងឱ្យតម្លៃទៅលើសំឡេងរិះគន់ទាំងនោះ គឺយើងកំពុងបង្កើតបរិយាកាសនៃការច្នៃប្រឌិត ការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋ និងទំនុក​ចិត្ត​សង្គម។ ផ្ទុយទៅវិញ ប្រសិនបើការវិភាគ និងសំឡេងរិះគន់ត្រូវបានរឹតត្បិត នោះប្រទេសជាតិ​នឹង​បាត់​​បង់​ប្រព័ន្ធផ្តល់សញ្ញាព្រមានជាមុន (Early Warning System) ប្រឆាំងនឹងកំហុសឆ្គងនានាដែល​អាចកើតមានឡើងនៅក្នុងប្រព័ន្ធគ្រប់គ្រង។

ការបោះជំហានទៅមុខដោយក្តីក្លាហានបែបស្ថាបនា

នៅក្នុងទិវាប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធរបស់ បណ្ឌិត កែម ឡី នាថ្ងៃនេះ មាគ៌ាដ៏ប្រសើរបំផុតក្នុងការ​បន្ត​មរតករបស់លោក មិនមែនស្ថិតត្រឹមតែលើការចងចាំប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតលើការបណ្តុះ​សកម្មភាព​ជាក់​ស្តែង។ សំឡេងឯករាជ្យ តុល្យភាពនៃការវិភាគ និងការរិះគន់បែបស្ថាបនា មិនមែនជាឧបករណ៍បង្ក​ហានិភ័យ​ដល់ស្ថិរភាពឡើយ ផ្ទុយទៅវិញ វាគឺជាសសរស្តម្ភដ៏រឹងមាំនៃដំណើរការប្រជាធិបតេយ្យនិង​ការអភិវឌ្ឍជាតិ​​​ដែលមានភាពធន់ និងចិរភាព។

លើសពីនេះទៅទៀត ការបើកលំហពលរដ្ឋ (Civic Space) និងការលើកកម្ពស់សេរីភាព​នៃការ​បញ្ចេញ​មតិ មិនមែនគ្រាន់តែជាលក្ខខណ្ឌតម្រូវផ្នែកសិទ្ធិមនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកាតាលីករ (Catalyst) ដ៏សំខាន់មិនអាចខ្វះបានសម្រាប់វឌ្ឍនភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចិរភាព។ នៅ​ពេលដែលប្រជាពលរដ្ឋមានសេរីភាពក្នុងការចែករំលែកចំណេះដឹង យុវជនមានឱកាសបង្កើតគំនិត​ច្នៃប្រឌិត និងអ្នកជំនាញមានលំហក្នុងការរិះគន់ស្ថាបនា នោះវានឹងជួយកាត់បន្ថយហានិភ័យនៃ​អំពើ​ពុករលួយ ជំរុញនវានុវត្តន៍ និងទាក់ទាញការវិនិយោគដែលមានគុណភាពពីបរទេស។ សង្គមមួយដែល​រីក​ចម្រើនទៅមុខយ៉ាងពិតប្រាកដ គឺត្រូវការការវិវឌ្ឍទន្ទឹមគ្នារវាងការលូតលាស់ផ្នែកសេដ្ឋកិច្ច និងភាព​រឹងមាំនៃសេរីភាពរបស់ពលរដ្ឋ។

សរុបមកដើម្បីបើកផ្លូវឱ្យកម្ពុជាអាចឈានទៅសម្រេចបាននូវសក្តានុពលដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ជាតិទាំង​មូល​ត្រូវតែបើក​ចិត្តឱ្យ​ទូលាយដើម្បីស្វាគមន៍រាល់ទស្សនៈខុសគ្នាដែល​មានហេតុផលត្រឹមត្រូវនិង​សំឡេង​​រិះគន់​​​បែបស្ថាបនា​ទាំងឡាយ​។ យើងចាំបាច់ត្រូវរួមគ្នាបន្តលើកកម្ពស់វប្បធម៌នៃការនិយាយការពិតដោយ​ក្តីអង់អាច ការចូលរួមរបស់ពលរដ្ឋប្រកបដោយសេចក្តីថ្លៃថ្នូរ និងការកសាងភាពរឹងមាំរបស់ជាតិតាម​រយៈ​កិច្ចសន្ទនាបើកចំហដែលផ្អែកលើគុណតម្លៃសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ស្មារតីអហិង្សា និង​ស្ថាបនា​និយម៕

ដោយ៖ ប៉ា ចន្ទរឿនប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា

១០ កក្កដា ២០២៦

អត្ថបទទាក់ទង