Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1024
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែន
ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនធ្វើអ្វីសោះ ចំពោះការរំលោភបំពានរបស់ថៃ គឺជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការជាបន្តបន្ទាប់ ទាំងផ្នែកការទូត ច្បាប់ និងយន្តការទ្វេភាគី ដើម្បីឆ្លើយតបចំពោះសកម្មភាពដែលកម្ពុជាចាត់ទុកថារំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ រាល់ករណីដែលមានការផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន កម្ពុជាតែងតែតវ៉ាជំទាស់ជាផ្លូវការ និងទាមទារឱ្យភាគីថៃបញ្ឈប់សកម្មភាពទាំងនោះ និងគោរពកិច្ចព្រមព្រៀងដែលមានស្រាប់។

លើសពីនេះ កម្ពុជាបានបន្តប្រើប្រាស់យន្តការពាក់ព័ន្ធ ដូចជា គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានលើកបញ្ហាទៅកាន់សហគមន៍អន្តរជាតិ និងបន្តប្រើប្រាស់យន្តការច្បាប់អន្តរជាតិនៅពេលចាំបាច់។

សំណួរទី២៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា រាជរដ្ឋាភិបាលមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មានន័យថា កម្ពុជាមិនបានចាត់វិធានការការពារផលប្រយោជន៍ជាតិ គឺជាការពិតដែរឬទេ?

ចម្លើយ៖ ការលើកឡើងបែបនេះ មិនបានឆ្លុះបញ្ចាំងពីនីតិវិធី និងគោលការណ៍នៃច្បាប់អន្តរជាតិទេ។ ការនាំសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មិនមែនជាជម្រើសតែមួយសម្រាប់ដោះស្រាយវិវាទព្រំដែន ហើយក៏មិនអាចអនុវត្តបានភ្លាមៗក្នុងគ្រប់ករណីនោះដែរ។ ការសម្រេចប្រើ ICJ ឬយន្តការផ្លូវច្បាប់ផ្សេងៗ ត្រូវផ្អែកលើលក្ខខណ្ឌផ្លូវច្បាប់ មូលដ្ឋានយុត្តាធិការ ភស្តុតាង និងយុទ្ធសាស្ត្ររបស់រដ្ឋ។
ជាក់ស្តែង កម្ពុជាបានបង្ហាញរួចមកហើយថា ខ្លួនអាចប្រើប្រាស់យន្តការច្បាប់អន្តរជាតិដោយជោគជ័យ ដូចក្នុងសំណុំរឿងប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ និងសាលដីកាបកស្រាយ ឆ្នាំ២០១៣។ ដូច្នេះ ការសម្រេចថាតើត្រូវប្រើ ICJ ឬយន្តការផ្សេងទៀត គឺជាការវាយតម្លៃផ្នែកច្បាប់ និងយុទ្ធសាស្ត្ររបស់រដ្ឋ ដោយយោងលើស្ថានភាពជាក់ស្តែង និងពេលវេលាជាអាវុធយុទ្ធសាស្ត្រ មិនមែនជាការសម្រេចដោយផ្អែកលើអារម្មណ៍បែបនយោបាយ ឬការឃោសនាដើម្បីគ្រាន់តែចង់កេងចំណេញដោយមិនបានគិតគូរវែងឆ្ងាយពីប្រយោជន៍ជាតិ​នោះឡើយ។

សំណួរទី៣៖ តើការការពារអធិបតេយ្យភាពជាតិ អាចធ្វើឡើងបានតែតាមរយៈការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឬយ៉ាងណា?

ចម្លើយ៖ មិនមែនទេ។ ការការពារអធិបតេយ្យភាពជាតិ មិនអាស្រ័យលើការប្រើប្រាស់យន្តការតុលាការអន្តរជាតិតែមួយមុខនោះឡើយ។ ច្បាប់អន្តរជាតិទទួលស្គាល់ថា រដ្ឋនីមួយៗអាចជ្រើសរើសប្រើប្រាស់មធ្យោបាយជាច្រើន ដូចជា ការចរចាទ្វេភាគី ការទូត ការតវ៉ាជាផ្លូវការ យន្តការរួមរវាងប្រទេសទាំងពីរ ឬយន្តការច្បាប់អន្តរជាតិផ្សេងៗ អាស្រ័យលើលក្ខណៈនៃវិវាទនីមួយៗ ដោយសម្លឹងទៅរកលទ្ធផលជាក់ស្តែងដែលនឹងកើតឡើង។

កន្លងមកកម្ពុជាបានបញ្ជាក់ជាបន្តបន្ទាប់រួចហើយថា ខ្លួនជ្រើសរើសយកការប្រើប្រាស់គ្រប់មធ្យោបាយសន្តិវិធីដែលស្របច្បាប់ និងមានប្រសិទ្ធភាព ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ជាតិផង និងរក្សាបានសេចក្តីសុខរបស់ប្រជាជនផង។ ការជ្រើសរើសយន្តការណាមួយ គឺផ្អែកលើការវាយតម្លៃផ្នែកច្បាប់ និងផលប្រយោជន៍ជាតិរយៈពេលវែង។ ដូច្នេះ វិធីអត់ធ្មត់​មិនមែនមានន័យថាកម្ពុជាបោះបង់សិទ្ធិ ឬមិនអើពើចំពោះការការពារទឹកដីនោះទេ។ ផ្ទុយទៅវិញ វាបង្ហាញពីការប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយវិវាទដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ ដើម្បីសម្រេចបានដំណោះស្រាយយូរអង្វែង ដែលមាននិរន្តរភាព និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិ៕

អត្ថបទទាក់ទង