Grand News Asia Close

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន សម្រង់ប្រសាសន៍ 1017
សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society

CMF: 16 June, 2026

ព្រះមហាក្សត្រី អាហ្ស៊ី ហ្សះ (Azizah) ព្រះរាជឧបការនី នៃសហគមន៍ The Olave Baden-Powell Society (OB-PS) ជាទីគោរពដ៏ខ្ពង់ខ្ពស់
លោកស្រី Candela Gonzalez ប្រធានក្រុមប្រឹក្សាសមាគមកាយឫទ្ធិនារីពិភពលោក
លោកស្រី Kaela Saenz Oriti ប្រធានសហគមន៍ OB-PS
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
ថ្នាក់ដឹកនាំ និងគណៈប្រតិភូ WAGGGS, OB-PS ពីបណ្តាប្រទេសនានា, អង្គពិធីទាំងមូល ជាទីមេត្រី;

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ The Olave Baden-Powell Society នៅលើទឹកដីអង្គរ ខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះការយាង និងអញ្ជើញចូលរួមរបស់ ព្រះមហាក្សត្រី Azizah ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីពិភពលោក WAGGGS, សហគមន៍ OB-PS, គណៈប្រតិភូ និងភ្ញៀវអន្តរជាតិទាំងអស់ ដែលបានចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មកពីបណ្តាប្រទេសជាង១១៦ នៅលើពិភពលោក។ ព្រះវត្តមាន និងវត្តមានដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ គឺសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលបានទទួលស្វាគមន៍ និងផ្តល់នូវបដិសណ្ឋារកិច្ច បង្ហាញនូវបេះដូងខ្មែរ ចំពោះមិត្តអន្តរជាតិរបស់យើង ក្នុងមហាព្រឹត្តិការណ៍ដ៏ធំធេងនេះ។

នៅលើទឹកដីដ៏ពិសិដ្ឋនៃសៀមរាប-អង្គរ យើងមានកិត្តិយសបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជា ពីស្ថានភាពពិតរបស់កម្ពុជា ដែលខ្ញុំជឿជាក់ថា មិត្តបរទេសដែលមិនធ្លាប់មកទស្សនាកម្ពុជា ពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងធ្លាប់បានលឺ និងធ្លាប់បានអាន តាមរយៈបណ្តាញផ្សព្វផ្សាយមួយចំនួន។ តាមរយៈការអញ្ជើញមកទស្សនាផ្ទាល់ មិត្តរបស់យើងពិតជាអាចជ្រួតជ្រាបពីសុខសន្តិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្តល់ភាពកក់ក្តៅ និងមានសមត្ថភាព ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

យប់មិញ ខ្ញុំបានជួបសមាជិកមួយចំនួននៃគណៈប្រតិភូនៅ pub-street។ ខ្ញុំគិតថាអ្នកបានឃើញទិដ្ឋភាពពេលយប់នៅកម្ពុជា នៅទីនេះ នៅលើទឹកដីដ៏ពិសិដ្ឋនៃខេត្តសៀមរាប-អង្គរ។ យើងមានកិត្តិយសក្នុងការបង្ហាញជូនលោកអ្នកនូវមុខមាត់ទំនើបរបស់ប្រទេសកម្ពុជា។ ដោយមានវត្តមាននៅទីនេះ លោកអ្នកបានឃើញផ្ទាល់ភ្នែកនូវសន្តិភាព ស្ថិរភាព និងសន្តិសុខរបស់ប្រទេសជាតិយើង។

[បញ្ចប់សេចក្ដីអធិប្បាយ]

សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់។ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្ត្រី ឬអនាគតរបស់យុវជនបានឡើយ។ ដោយសារសន្តិភាពនេះហើយ ទើបកម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធ បង្កើនឱកាសសិក្សា បង្កើតឱកាសការងារ, លើកកម្ពស់ សុខុមាលភាពសង្គម និងបើកទ្វារទទួលមិត្តភអន្តរជាតិ មកចែករំលែកចំណេះដឹង បទពិសោធ និងមិត្តភាពជាមួយប្រជាជនកម្ពុជា។

ក្នុងន័យនេះ ការរៀបចំសន្និសីទពិភពលោក WAGGGS និងកិច្ចប្រជុំ OB-PS នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់មិត្តអន្តរជាតិចំពោះកម្ពុជា ហើយក៏ជាឱកាសមួយដ៏ល្អសម្រាប់កម្ពុជា ក្នុងការចូលរួមជាមួយចលនាសកល ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី។

ព្រះមហាក្សត្រី ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ប្រធានបទនៃសន្និសីទនេះ គឺ “We See, We Care, We Act” ដែលយើងអាចយល់ជាភាសាខ្មែរថា “យើងឃើញ, យើងយកចិត្តទុកដាក់, យើងរួមគ្នាធ្វើសកម្មភាព”។ ប្រធានបទនេះ ខ្លី ប៉ុន្តែមានអត្ថន័យដ៏ជ្រាលជ្រៅ ដូចអ្វីដែល លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ សមាគមកាយឫទ្ធិនារីកម្ពុជា បានពន្យល់រួចមកហើយ។

នេះគឺជាស្មារតី ដែលរាជរដ្ឋាភិបាលកម្ពុជា តែងចង់ឃើញនៅគ្រប់កម្រិតនៃសង្គម ពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយ ហើយរួបរួមគ្នាធ្វើសកម្មភាពដើម្បីសេចក្តីរីកចម្រើនរួមគ្នា។

ឆ្លៀតឱកាសនេះ ខ្ញុំចង់គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ អាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ«ស្រ្តីគឺជាស្នូល»។ រាជរដ្ឋាភិបាលកម្ពុជាបានបន្តបង្កើនការវិនិយោគលើសមភាពយេនឌ័រ  និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី នៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការបង្កលក្ខណៈអំណោយផលដល់ស្ត្រីក្នុងការប្រើប្រាស់សិទ្ធិធ្វើការសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ ទន្ទឹមនេះ រាជរដ្ឋាភិបាល កម្ពុជាបានទទួលស្គាល់យ៉ាងមុតមាំថាស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែ ជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកសាង និងថែរក្សាសុខសន្តិភាព រាប់ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ។ ត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ផងដែរថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្រ្តី ចូលរួមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេស ចំនួន១០ ហើយបើគិតចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុប ១០ ៤៤៧នាក់ ក្នុងនោះស្ត្រី មានចំនួន ៩៩០នាក់។

រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ការអប់រំ ការលើកកម្ពស់សុខភាព សុខុមាលភាពសង្គម ការបង្កើតឱកាស និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជន ក្នុងការអភិវឌ្ឍជាតិ។ យើងជឿជាក់ថា ក្មេងស្រីម្នាក់ដែលទទួលបានការអប់រំល្អ មានសុវត្ថិភាព មានទំនុកចិត្តលើខ្លួនឯង និងមានឱកាសចូលរួមក្នុងសង្គម មិនត្រឹមតែអាចផ្លាស់ប្តូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចជួយផ្លាស់ប្តូរគ្រួសាររបស់គាត់ សហគមន៍ និងប្រទេសជាតិរបស់គាត់ផងដែរ។

ក្នុងបរិបទនេះ ចលនាកាយឫទ្ធិនារីមានតួនាទីសំខាន់ណាស់។ កាយឫទ្ធិនារី មិនត្រឹមតែជាកម្មវិធីបង្ហាញពីសកម្មភាពរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្តែ ជាវេទិកាបណ្តុះបណ្តាលវិន័យ ភាពជាអ្នកដឹកនាំ ស្មារតីចូលរួមស្ម័គ្រចិត្ត ការធ្វើការងារជាក្រុម, ផ្នត់គំនិតនៃការទទួលខុសត្រូវ មានសេចក្តីក្លាហាន និងសេចក្តីមេត្តាក្នុងការបម្រើសង្គម។

ចលនានេះ ក៏បានបង្ហាញថា ភាពជាអ្នកដឹកនាំអាចចាប់ផ្តើមពីសកម្មភាពតូចៗ មានដូចជា ការជួយមិត្តភក្តិ ការគោរពវិន័យ ការបម្រើសហគមន៍ ការការពារបរិស្ថាន ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែកដើម្បីសុខដុមរមនាក្នុងសហគមន៍។ សកម្មភាពតូចៗទាំងនេះ ប្រសិនបើធ្វើដោយចិត្តស្មោះត្រង់ និងធ្វើបន្តបន្ទាប់ អាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់សង្គមទាំងមូល។ពីក្មេងស្រីដែលចូលរួមបម្រើសង្គម រហូតដល់ស្ត្រីដែលឈានមុខក្នុងភាពជាអ្នកដឹកនាំ ការលើកកម្ពស់ស្ត្រី ជាការលើកកម្ពស់ជាតិ និងជាការពង្រឹងអនាគតរួមរបស់ពិភពលោក។

កម្ពុជា សូមចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារសំខាន់ថា “ក្មេងស្រី និង យុវនារី មិនមែនជាអ្នកអង្គុយរង់ចាំអនាគតទេ” ហើយយើងក៏ចង់បញ្ជាក់ផងដែរថា “ក្មេងស្រី និង យុវនារី គឺជាអ្នកចូលរួមសាងអនាគត ចាប់ពីថ្ងៃនេះតទៅ”។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមកោតសរសើរចំពោះ សមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS) ដែលបានបន្តបេសកកម្មដ៏មានតម្លៃ ក្នុងការគាំទ្រក្មេងស្រី និងយុវនារីជុំវិញពិភពលោក ឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្តបម្រើសង្គម។ ខ្ញុំក៏សូមកោតសរសើរចំពោះសហគមន៍ The Olave Baden-Powell Society ដែលបានប្រមូលផ្តុំ មិត្តភក្តិ អ្នកគាំទ្រ សប្បុរសជន និងអ្នកជឿជាក់លើអនាគតរបស់ក្មេងស្រី ដើម្បីរួមចំណែកគាំទ្រចលនាដ៏មានអត្ថន័យនេះ។

ខ្ញុំសូមសម្តែងនូវការគាំទ្រចំពោះសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការសិក្សា ការបណ្តុះបណ្តាល ការបម្រើសង្គម និងការភ្ជាប់ខ្លួនជាមួយនឹងចលនាអន្តរជាតិ។

ខ្ញុំក៏សូមថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរខេត្តសៀមរាប ក្រុមការងាររៀបចំ ពិធីការ សន្តិសុខ សុខាភិបាល អ្នកស្ម័គ្រចិត្ត យុវនារី កាយឫទ្ធិនារី និងបណ្តាដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ ឱ្យប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងបដិសណ្ឋារកិច្ចសមរម្យ ក្នុងនាមកម្ពុជាជាប្រទេសម្ចាស់ផ្ទះ។

ព្រះមហាក្សត្រី  ឯកឧត្តម លោកជំទាវ លោក លោកស្រី!

ខ្ញុំសង្ឃឹមថា ក្នុងរយៈពេលស្នាក់នៅកម្ពុជា ក្រៅពីកម្មវិធីផ្លូវការ គណៈប្រតិភូរបស់យើងនឹងមានឱកាសស្គាល់កាន់តែច្បាស់អំពីវប្បធម៌ខ្មែរ បេតិកភណ្ឌអង្គរ សិល្បៈ ប្រពៃណី ម្ហូបអាហារ បដិសណ្ឋារកិច្ច និងភាពកក់ក្តៅរបស់ប្រជាជនខ្មែរ។ ខ្ញុំក៏សូមលើកទឹកចិត្តមិត្តភក្តិអន្តរជាតិទាំងអស់ បង្កើនការផ្សារភ្ជាប់មិត្តភាពថ្មីៗ កិច្ចសហការថ្មីៗ ការរៀនសូត្រពីគ្នាទៅវិញទៅមក និងការនាំយកនូវបទពិសោធ និងអនុស្សាវរីយ៍ល្អៗពីកម្ពុជាត្រឡប់ទៅកាន់មាតុប្រទេសខ្លួនវិញ។

ជាទីបញ្ចប់ ខ្ញុំសូមថ្វាយព្រះពរ និងជូនពរ ព្រះមហាក្សត្រី Azizah, ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីពិភពលោក (WAGGGS), សហគមន៍ OB-PS, គណៈប្រតិភូអន្តរជាតិ ភ្ញៀវកិត្តិយស, យុវនារី និងអ្នកចូលរួមទាំងអស់ សូមមានសុខភាពល្អ សុភមង្គល និងទទួលបានភាពជោគជ័យក្នុងភារកិច្ចដ៏ថ្លៃថ្លារបស់ខ្លួន។

ខ្ញុំសូមជូនពរឱ្យ សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើក    ទី៤២ នៃសហគមន៍ The Olave Baden-Powell Society ប្រព្រឹត្តទៅដោយជោគជ័យ និងមានលទ្ធផលជាផ្លែផ្កា។

ជាមួយនឹងសេចក្តីសោមនស្សរីករាយ ខ្ញុំសូមប្រកាសបើកជាផ្លូវការ សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃសហគមន៍ The Olave Baden-Powell Society  ចាប់ពីពេលនេះតទៅ។

អត្ថបទទាក់ទង