Grand News Asia Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ

ដោយ៖ ស្រីម៉ុច ​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានជាតិ 218
សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីលើកម្ពស់វិស័យជនមានពិការភាពនៅកម្ពុជាឲ្យបានគ្រប់ជ្រុងជ្រោយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញអនុសាសន៍ចំនួន ៨ចំណុច សម្រាប់បន្តជំរុញលើកកម្ពស់វិស័យជនមានពិការភាពនៅព្រះរាជាណាចក្រកម្ពុជាឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយប្រកបដោយបរិយាប័ន្ន និងសមធម៌។ ការដាក់ចេញអនុសាសន៍នេះ បានធ្វើឡើងឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងជនមានពិការភាពអន្តរជាតិលើកទី៤១ ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ។

អនុសាសន៍ទាំង ៨ចំណុច ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញរួមមានដូចខាងក្រោម៖

ទី១៖ ត្រូវបង្កើនការធ្វើវិយោគទុនលើជនមានពិការភាព និងបន្តកសាងធនធានជនមានពិការភាពបន្ថែមទៀត រាប់ទាំង ការគិតគូរកម្មវិធីសិក្សា ប្រកបដោយនវានុវត្តន៍ និងរស់រវើក ដើម្បីធានាថាជនមានពិការភាពអាចរស់នៅក្នុងសង្គមកម្ពុជា ដោយសមធម៌ មានឱកាសប្រកួតប្រជែងទាំងនៅក្នុងប្រទេស តំបន់ និងសកលលោក។
ទី២៖ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ជួយសហការគាំទ្រដល់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមូលនិធិ ជនពិការ ក្នុងការបន្តពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញ រក្សាបាននូវ ទេពកោសល្យ ភាពច្នៃប្រឌិតរបស់ជនមានពិការភាពដែលជាធនធានមួយដ៏សំខាន់មិនអាចខ្វះបាន ស្របតាមទិសស្លោក «មិនទុកឱ្យនរណាម្នាក់នៅដាច់ដោយឡែក»។
ទី៣៖ គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវចាប់ផ្តើមកែសម្រួល ឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅទីកន្លែងសាធារណៈ និងឯកជននានា ស្របតាមច្បាប់ស្ដីពីកិច្ចលើកកម្ពស់សិទ្ធិជនពិការ និង បទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព។
ទី៤៖ គ្រប់ក្រសួង ស្ថាប័នរដ្ឋ និងវិស័យឯកជន ត្រូវលើកទឹកចិត្តជនមានពិការភាពដែលមានលក្ខណសម្បត្តិ និង សមត្ថភាពឱ្យបំពេញមុខងារតួនាទីទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារដោយគ្មានការរើសអើង រាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការីជាដើម។
ទី៥៖ ត្រូវលើកទឹកចិត្តឱ្យមានការចូលរួមពីផ្នែកឯកជន សង្គមស៊ីវិល រោងចក្រ សហគ្រាស និងគ្រឹះស្ថានទាំងអស់ អនុវត្តប្រកបដោយការទទួលខុសត្រូវ និងដោយភ្ញាក់រលឹកនូវកាតព្វកិច្ចជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារ បន្តនិរន្តរភាពការងារដូចអ្នកដទៃ ដែលមានចែងក្នុងច្បាប់ស្តីពីកិច្ចការពារនិង លើកកម្ពស់សិទ្ធិជនពិការ។
ទី៦៖ ក្រសួងព័ត៌មាន ត្រូវធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធ សារព័ត៌មាន បង្កើនម៉ោងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា អក្សររត់ ដើម្បីមនុស្សគ-ថ្លង់ អាចទទួលព័ត៌មានបានទាន់ពេលវេលា។
ទី៧៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល រួមគ្នាធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាព ឱ្យទទួលបានបណ្ណបើកបរស្របតាម លទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។
ទី៧៖ គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូរពាក់ព័ន្ធ និងវិស័យឯកជន បន្តពង្រឹងអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិដែលមានស្រាប់និងបន្តចូលរួមគំនិតផ្តួចផ្តើមបន្ថែមទៀត និងកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
ទន្ទឹមគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ សម្តេចបានប្ដេជ្ញាចិត្តខ្ពស់អនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពដែលនឹងត្រូវដាក់ឱ្យអនុវត្តជាបន្តបន្ទាប់នាពេលខាងមុខ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង កាត់បន្ថយហានិភ័យសេដ្ឋកិច្ច អនុវត្តឱ្យបានជាក់លាក់នូវសសរស្ដម្ភទាំងពីរនៃប្រព័ន្ធគាំពារសង្គម គឺប្រព័ន្ធជំនួយសង្គម ដោយឈរលើគោលការណ៍មិនទុកឱ្យជនមានពិការភាពណាម្នាក់រស់នៅឯកោ និងប្រព័ន្ធសន្តិសុខសង្គម ដោយធានាដល់សន្តិសុខប្រាក់ ចំណូលរបស់ប្រជាជន ជាពិសេសជនមានពិការភាព៕

 

អត្ថបទទាក់ទង