សារមន្ទីរសិល្បៈមេតូប៉ូលីតាននៅអាមេរិក សម្រេចប្រគល់វត្ថុបុរាណចំនួន២ នាសម័យអង្គរ និងមុនអង្គរ មកឱ្យកម្ពុជាវិញ
The two Khmer antiquities that the Metropolitan Museum of Art in New York City has agreed to return to Cambodia. Culture ministry
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា វត្ថុបុរាណខ្មែរចំនួន២បន្ថែមទៀតពីសារមន្ទីរសិល្បៈមេក្រូប៉ូលីតាន (Metropolitan Museum of Art) នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ម៉ានហាតាន (Manhattan District Attorney) បានរឹបអូសពីសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន។
ពិធីប្រគល់-ទទួលជាផ្លូវការនូវវត្ថុបុរាណទាំងពីរនេះ ប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ាន់ហាតាន ទីក្រុងញូវយ៉ក នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ ហើយកាលពីខែធ្នូ ឆ្នាំ២០២៣ សារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ក៏បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៤រូប ជូនមក កម្ពុជាវិញផងដែរ បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំមក។
ចំពោះវត្ថុបុរាណទាំង២ក្រោយនេះ រួមមានទី១ ផ្តែរធ្វើពីថ្មភក់ មានចម្លាក់រូបរាហូ (ព្រះកាល) សម័យមុនអង្គរ ចន្លោះសតវត្ស ទី៧ ឬទី៨ គ.ស. និងទី២ បដិមាធ្វើពីថ្មភក់ (អាចសម្គាល់ជារូបអសុរ ហិរណ្យកសិពុ) សម័យអង្គរ សតវត្សទី១០ ដែលមានប្រភពដើមមកពីប្រាសាទចិន ក្នុងតំបន់កោះកេរ។
អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណនៃការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតា បានផ្តល់ភស្តុតាងទៅសារមន្ទីរសិល្បៈមេត្រូប៉ូលីតាន ដោយបញ្ជាក់ថា «វត្ថុបុរាណទាំង២នេះ ពាក់ព័ន្ធនឹងបណ្ដាញជួញដូររបស់អ្នកសី Nancy Wiener។ បន្ទាប់ពីបានពិនិត្យលើឯកសារភស្តុតាង សារមន្ទីរសិល្បៈមេត្រូប៉ូលីតា បានយល់ព្រមប្រគល់វត្ថុ បុរាណទាំងពីរត្រឡប់មកកម្ពុជាវិញ តាមការស្នើរបស់ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតាន»។
ការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ម៉ានហាតា គឺជាដៃគូដ៏ជិតស្និទ្ធជាមួយកម្ពុជា ក្នុងកិច្ចការស្រាវជ្រាវ និងទាមទារបញ្ជូនវត្ថុបុរាណខ្មែរត្រឡប់មកវិញ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ដំណើរការស៊ើបអង្កេត ស្វែងរកភស្តុតាងរបស់អង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ពាក់ព័ន្ធនឹងបណ្តាញរបស់អ្នកស្រី Wiener និងរចនាសម្ព័ន្ធ ជួញដូរទ្រង់ទ្រាយធំ។
ក្នុងនោះមាន អ្នកស្រី Wiener រួមទាំងលោក Douglas Latchford និងក្រុមហ៊ុន Spink & Son បានឈានដល់ការបញ្ជូនវត្ថុបុរាណខ្មែរជាច្រើនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ចំណែកអ្នកស្រី Nancy Wiener ត្រូវបានកាត់ទោសពីបទជួញដូរវត្ថុបុរាណដោយខុសច្បាប់។
ក្រសួងវប្បធម៌ បានសម្ដែងនូវការដឹងគុណដល់លោក Attorney Alvin Bragg រដ្ឋអាជ្ញា ប្រចាំសង្កាត់ម៉ានហាតាន និងអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ ជាពិសេស លោក Matthew Bogdanos ជំនួយការរដ្ឋអាជ្ញា និងក្រុមការងារស៊ើបអង្កេត ចំពោះការបន្តប្តេជ្ញាចិត្តលើគោលការណ៍ដែលថា ការជួញដូរសម្បត្តិវប្បធម៌ដែលត្រូវ បានគេលួច មិនត្រឹមតែជាបទឧក្រិដ្ឋប្រឆាំងនឹងប្រទេសដើមនៃវត្ថុទាំងនោះទេ ប៉ុន្តែជាបទឧក្រិដ្ឋក្រោមច្បាប់នៃរដ្ឋញូវយ៉ក
ផងដែរ។
ទន្ទឹមនឹងនេះ ក្រសួង បានកោតសរសើរចំពោះការសម្រេចចិត្តរបស់សារមន្ទីសិល្បៈមេត្រូប៉ូលីតាន ក្នុងការទទួលយកភស្តុតាង និងយល់ព្រមប្រគល់វត្ថុបុរាណទាំងពីរនេះមកកម្ពុជាវិញ ហើយក្រសួង បានគាំទ្រចំពោះកិច្ចការចាំបាច់ ដែលសារមន្ទីរសិល្បៈមេត្រូប៉ូលីតា បន្តពិនិត្យបន្ថែមទៀតលើសមុច្ច័យមួយចំនួនរបស់ខ្លួន ដោយសហការជាមួយក្រសួង ចំពោះវត្ថុបុរាណខ្មែរដទៃទៀតដែលមានប្រភពដើមពីកម្ពុជា។
លើសពីនេះ ក្រសួងវប្បធម៌ បានថ្លែងអំណរគុណដល់ក្រុមការងារជំនាញកម្ពុជារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងអ្នកជំនាញអន្តរជាតិ ដូចជា លោក Bradley J. Gordon នៃក្រុមហ៊ុន Edenbridge Asia និងកញ្ញា Malina Antoniadis នៃ NOSTOS Stragegies ដែលបានជួយជ្រោមជ្រែងក្នុងការទាមទារបញ្ជូនសម្បត្តិ វប្បធម៌ខ្មែរដែលត្រូវបានលួចនាំចេញខុសច្បាប់ត្រឡប់មកប្រទេសកំណើតវិញ។
ក្រសួង ក៏បានថ្លែងអំណរគុណដល់ លោក Éric Bourdonneau អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ និងបុរាណវិទ្យា នៃសាលាបារាំងចុងបូព៌ា (EFEO) ប្រចាំនៅកម្ពុជា ចំពោះកិច្ចការស្រាវជ្រាវរបស់លោក អំពីបដិមាអសុរ ហិរណ្យកសិពុ (Demon Hiranyakaśipu) ពីតំបន់កោះកេរ៕
-Phnom Penh Post-





