អ្នកវិភាគ: ការបាត់បង់សំឡេងអ្នកជំនាញអាចបើកផ្លូវឱ្យអ្នកមិនចេះចូលមកផ្សព្វផ្សាយជំនួស
ការតម្រូវឱ្យ Dr. Tong ដកវីដេអូសុខភាពចេញពីបណ្ដាញសង្គម បានជំរុញឱ្យមានការជជែកដេញដោលអំពីតួនាទីអ្នកជំនាញក្នុងការអប់រំសុខភាពសាធារណៈ។ រូបថត AI ភ្នំពេញប៉ុស្ដិ៍
ភ្នំពេញ៖ ការសម្រេចរបស់គណ:គ្រូពេទ្យកម្ពុជាដែលតម្រូវឱ្យអ្នកបង្កើតមាតិកាសុខភាពដ៏លេចធ្លោម្នាក់ គឺលោកវេជ្ជបណ្ឌិត តុង លុបវីដេអូ និងមាតិកាពាក់ព័ន្ធនឹងសុខភាពនៅលើបណ្ដាញសង្គម បានបង្កឱ្យមានការជជែកដេញដោលអំពីតួនាទីរបស់អ្នកជំនាញសុខាភិបាលក្នុងការផ្សព្វផ្សាយចំណេះដឹងដល់សាធារណជន និងហានិភ័យដែលអាចកើតមាន ប្រសិនបើសំឡេងអ្នកជំនាញត្រូវបានកាត់បន្ថយនៅក្នុងលំហព័ត៌មានសាធារណៈ។
ភាពចម្រូងចម្រាសនេះបានផ្ទុះឡើង បន្ទាប់ពីក្រុមប្រឹក្សាវេជ្ជសាស្ត្រកម្ពុជា បានចេញលិខិតមួយស្នើឱ្យលោកវេជ្ជបណ្ឌិត តុង ដកចេញនូវវីដេអូ និងមាតិកាអប់រំសុខភាពដែលបានផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយលើកឡើងពីការមិនអនុលោមតាមបទប្បញ្ញត្តិ និងស្តង់ដារវិជ្ជាជីវៈមួយចំនួន។
ការសម្រេចនេះបានទាក់ទាញប្រតិកម្មជាច្រើនពីសាធារណជននៅលើបណ្ដាញសង្គម ដោយអ្នកប្រើប្រាស់ជាច្រើនបានចោទសួរថា តើវិធានការបែបនេះអាចធ្វើឱ្យគ្រូពេទ្យ និងអ្នកជំនាញសុខាភិបាលដទៃទៀត មានការស្ទាក់ស្ទើរក្នុងការចែករំលែកចំណេះដឹងដល់សាធារណជនដែរឬទេ ខណៈព័ត៌មានមិនត្រឹមត្រូវអំពីសុខភាពនៅតែរីករាលដាលនៅលើប្រព័ន្ធឌីជីថល។
ការជជែកដេញដោលកាន់តែក្តៅគគុក បន្ទាប់ពីលោកវេជ្ជបណ្ឌិត គួច ម៉េងលី អ្នកជំនាញសុខភាពសាធារណៈ និងជាអ្នកអប់រំ បានបង្ហោះអត្ថបទមួយក្រោមចំណងជើងថា «បើសិនជាសំឡេងអ្នកជំនាញនៅស្ងៀមស្ងាត់ តើនរណានឹងអប់រំសាធារណជន?»។
ក្នុងអត្ថបទនោះ លោកបានលើកឡើងថា កម្ពុជានៅតែប្រឈមនឹងបញ្ហាចំណេះដឹងសុខភាពនៅមានកម្រិត ហើយប្រជាពលរដ្ឋជាច្រើនកំពុងពឹងផ្អែកលើបណ្ដាញសង្គមជាប្រភពសំខាន់សម្រាប់ស្វែងរកព័ត៌មានសុខភាព។
លោកបានសរសេរថា៖ «ប្រជាពលរដ្ឋនៅតែត្រូវការចម្លើយ។ ឪពុកម្តាយនៅតែត្រូវការការណែនាំ។ អ្នកជំងឺនៅតែត្រូវការការពន្យល់។ គ្រួសារនៅតែត្រូវការព័ត៌មានដែលអាចទុកចិត្តបាន»។
លោកបានកត់សម្គាល់ថា អ្នកជំងឺជាច្រើននៅតែមិនបានយល់ច្បាស់អំពីជំងឺ ផែនការព្យាបាល ឬវិធានការបង្ការរបស់ខ្លួន បន្ទាប់ពីចាកចេញពីមន្ទីរពេទ្យ ឬគ្លីនិក ខណៈបុគ្គលិកសុខាភិបាលជាច្រើនកំពុងបំពេញការងារក្រោមសម្ពាធ និងពេលវេលាកំណត់ ដែលធ្វើឱ្យការអប់រំអ្នកជំងឺកាន់តែពិបាក។
លោកបានបន្ថែមថា ក្នុងពេលជាមួយគ្នានេះ កំពុងមានបុគ្គលកាន់តែច្រើនឡើង ដែលមិនមានការបណ្តុះបណ្តាលផ្លូវការផ្នែកវេជ្ជសាស្ត្រ ឬសុខភាពសាធារណៈ ប៉ុន្តែបែរជាផ្តល់ដំបូន្មានសុខភាពទៅកាន់មនុស្សរាប់ពាន់នាក់តាមអនឡាញ។
លោកបានសរសេរថា៖ «ការពិតគឺសាមញ្ញ៖ ប្រសិនបើអ្នកជំនាញដែលមានសមត្ថភាពមិនចូលរួមក្នុងការអប់រំសាធារណជនទេ នោះអ្នកផ្សេងនឹងចូលមកជំនួស»។
ទស្សនៈនេះក៏ត្រូវបានគាំទ្រដោយលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានព្រមានថា ការបាត់បង់សំឡេងអ្នកជំនាញអាចបើកផ្លូវឱ្យក្រុមដែលគ្មានជំនាញចូលមកគ្រប់គ្រងលំហព័ត៌មានសុខភាព។
លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖ «បើអ្នកជំនាញវេជ្ជសាស្ត្រមិនចូលរួមផ្សព្វផ្សាយសារអប់រំសុខភាពដល់សាធារណជនទេនោះ ទុកឱ្យក្រុមអ្នកលក់ឡេ និងអាហារបំប៉នដែលគ្មានជំនាញអ្វីសោះ ផ្សព្វផ្សាយសារអប់រំសុខភាពជំនួសចុះ»។
លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើបញ្ញវន្ត និងអ្នកជំនាញមិនចូលរួមនិយាយ និងសរសេរសារអប់រំសង្គមទេ នោះវេទិកាឌីជីថលអាចនឹងត្រូវបានគ្រប់គ្រងដោយអ្នកផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ឬខ្លឹមសារដែលអាចបង្កផលប៉ះពាល់ដល់ការយល់ដឹងរបស់សាធារណជន។
អ្នកសង្កេតការណ៍មើលឃើញថា ករណីលោកវេជ្ជបណ្ឌិត តុង បានបង្ហាញពីភាពតានតឹងរវាងការរក្សាស្តង់ដារវិជ្ជាជីវៈ និងតម្រូវការចាំបាច់ក្នុងការផ្តល់ព័ត៌មានសុខភាពដល់សាធារណជននៅក្នុងយុគសម័យឌីជីថល។
អ្នកជំនាញសុខភាពសាធារណៈមួយចំនួនបានលើកឡើងថា ការត្រួតពិនិត្យ និងគ្រប់គ្រងព័ត៌មានសុខភាពគឺជារឿងចាំបាច់ ដើម្បីការពារសាធារណជនពីព័ត៌មានខុសឆ្គង ឬអាចបង្កគ្រោះថ្នាក់។ ប៉ុន្តែពួកគេក៏បានគូសបញ្ជាក់ថា ការអប់រំសុខភាពមិនគួរត្រូវបានច្រឡំជាមួយការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលនោះទេ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានអះអាងថា ការពន្យល់អំពីការបង្ការជំងឺ អាហារូបត្ថម្ភ សុខភាពផ្លូវចិត្ត ការអភិវឌ្ឍកុមារ និងរបៀបរស់នៅប្រកបដោយសុខភាពល្អ គឺជាសេវាសាធារណៈដ៏មានតម្លៃ។
លោកបានសរសេរថា៖ «ចំណេះដឹងសុខភាព មិនមែនគ្រាន់តែជាបញ្ហាវេជ្ជសាស្ត្រប៉ុណ្ណោះទេ។ វាគឺជាបញ្ហានៃការអភិវឌ្ឍជាតិ»។
សម្រាប់អ្នកវិភាគជាច្រើន ការជជែកដេញដោលជុំវិញករណីនេះបានលើសពីសំណួរថា តើការសម្រេចរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រត្រឹមត្រូវ ឬមិនត្រឹមត្រូវ។ ផ្ទុយទៅវិញ វាបានលើកឡើងនូវសំណួរធំជាងនេះថា តើកម្ពុជាអាចរកតុល្យភាពរវាងការការពារសាធារណជនពីព័ត៌មានសុខភាពមិនត្រឹមត្រូវ និងការលើកទឹកចិត្តឱ្យអ្នកជំនាញដែលមានសមត្ថភាពបន្តចូលរួមអប់រំសង្គមបានយ៉ាងដូចម្តេច។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា ការបញ្ចេញមតិ និងការចែករំលែកចំណេះដឹងដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ ត្រូវបានលើកកម្ពស់ និងលើកទឹកចិត្ត ដើម្បីធានាឱ្យលំហព័ត៌មាននៅកម្ពុជាសម្បូរទៅដោយព័ត៌មានដែលមានគុណភាព និងផ្អែកលើចំណេះដឹង។
ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពប្រជាពលរដ្ឋ និងសុខុមាលភាពសង្គម ត្រូវការការយកចិត្តទុកដាក់ និងការពិនិត្យផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់មុននឹងផ្សព្វផ្សាយ ដោយសារវាខុសពីព័ត៌មានទូទៅ ព្រោះជាព័ត៌មានដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ។
លោក ទេព អស្នារិទ្ធ បានព្រមានថា: “ការធ្វើអត្ថាធិប្បាយហួសពីតួនាទីវិជ្ជាជីវៈ ឬការផលិតមាតិកាបែបបំផ្លើសការពិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ និងបង្កើនចំនួនអ្នកចូលមើល (Views) គឺជាទង្វើមិនត្រឹមត្រូវ។ លោកថា ការនិយាយហួសពីការពិត ឬលើសពីដែនកំណត់វិជ្ជាជីវៈ ដើម្បីទាក់ទាញអ្នកទស្សនា អាចចាត់ទុកថាជាការរំលោភលើសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតប្រាកដ”។
លោកបានបន្ថែមថា ការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ឬបំភាន់អាចធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងអាចនាំឱ្យមានការយល់ខុសក្នុងការថែទាំសុខភាពរបស់ខ្លួន។
ពាក់ព័ន្ធនឹងស្តង់ដារនៃព័ត៌មានសុខភាព លោកបានគូសបញ្ជាក់ថា រាល់ព័ត៌មានសុខភាពដែលត្រូវផ្សព្វផ្សាយជាសាធារណៈ គួរតែផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រដែលច្បាស់លាស់ ត្រឹមត្រូវ និងអាចផ្ទៀងផ្ទាត់បាន។
លោកបន្តថា: “ក្នុងករណីដែលមានការផ្សព្វផ្សាយផលិតផលសុខភាព ឬផលិតផលពាក់ព័ន្ធនឹងការថែទាំសុខភាព ផលិតផលទាំងនោះត្រូវតែមានការចុះបញ្ជិកាត្រឹមត្រូវតាមច្បាប់ និងមានការណែនាំផ្នែកវេជ្ជសាស្ត្រដែលច្បាស់លាស់”។
លោកសង្កត់ធ្ងន់ថា ព័ត៌មានសុខភាពមិនគួរផ្អែកលើការយល់ឃើញផ្ទាល់ខ្លួន ឬការសម្តែងតាមរូបភាព និងវីដេអូតែប៉ុណ្ណោះនោះទេ ប៉ុន្តែត្រូវឈរលើភស្តុតាង និងមូលដ្ឋានវិទ្យាសាស្ត្រដែលអាចជឿទុកចិត្តបាន។
លោកបន្ដថា ជារួម ការផ្សាយផលិតផលគ្មានការចុះបញ្ជិកា ការប្រើប្រាស់ឈ្មោះជាគ្រូពេទ្យទៅផ្សព្វផ្សាយ ឬពាក់ព័ន្ធនឹងផលិតផលណាមួយដែលមិនមានការចុះបញ្ជិកាត្រឹមត្រូវពីក្រសួងសុខាភិបាល គឺជារឿងមិនត្រឹមត្រូវ និងអាចប៉ះពាល់ទំនុកចិត្តមកលើវិស័យសុខាភិបាល ហើយវាអាចធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងកិត្តិយសរបស់គ្រូពេទ្យដែលបំពេញការងារត្រឹមត្រូវ។
លោក អស្នារិទ្ធ អំពាវនាវដល់អ្នកបង្កើតមាតិកា លើបណ្តាញសង្គមទាំងអស់ សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មិនត្រូវឱ្យការផ្សាយ ប៉ះពាល់ បង្កហានិភ័យដល់សុខភាពសាធារណៈ ព្រោះដោយសារការចង់បាន Views ដោយគ្មានការទទួលខុសត្រូវឡើយ។
អ្នកនាំពាក្យក្រសួងព័ត៌មានក៏បានអំពាវនាវដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ សូមមានការប្រុងប្រយ័ត្ន និងស្វែងយល់ឱ្យបានច្បាស់លាស់មុននឹងជឿជាក់លើការផ្សាយនានាពិសេសប្រភពបណ្តាញសង្គម ជាពិសេសសូមប្រយ័ត្នចំពោះការទិញផលិតផលសុខភាពដែលគ្មានការទទួលស្គាល់ច្បាស់លាស់ពីក្រសួងសុខាភិបាល។
-Phnom Penh Post-





