វិភាគអន្តរជាតិ៖ តើនរណាជាបងទី២ ពិតប្រាកដរបស់ចិន?
(ប៉េកាំង)៖ លោក ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងត្រូវបន្តកាន់តំណែងជាអគ្គលេខាធិការនៃគណបក្សកុម្មុយនិស្តចិន (CCP) សម្រាប់អាណត្តិទី៤ នៅឯមហាសន្និបាតជាតិរបស់បក្សលើកទី២១ នៅឆ្នាំ២០២៧។ ប៉ុន្តែលោកនឹងត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនថាតើនរណាត្រូវដំឡើងតំណែង ហើយនរណាត្រូវដកតំណែង? មានសេចក្ដីរាយការណ៍ជាច្រើនបានសន្មត់ថាលោក Cai Qi គឺជាបងទី២របស់ចិនបន្ទាប់ពីលោក ស៊ី ជីនពីង ក្រោយរូបលោកត្រូវបានគេប្រទះឃើញតែងតែអមដំណើរលោក ស៊ី ជីនពីង។ ការស្មត់បែបនេះអាចប្រហែលមកពីគេមើលឃើញពីតំណែងបច្ចុប្បន្នរបស់លោក Cai Qi ក្នុងនាមជានាយកការិយាល័យទូទៅរបស់ CCP និងតំណែងសំខាន់ៗជាច្រើនទៀតរបស់លោក ដូចជាសមាជិកកំពូលនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាប្រធានសាលាមជ្ឈិមបក្សនៃគណបក្សកុម្មុយនីស្តចិន។ លោក Cai Qi ក៏ត្រូវបានគេមើលឃើញដែរថាជានាយកការិយាល័យទូទៅដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ CCP។ ក៏ប៉ុន្តែបើគិតតាមលំដាប់លំដោយ គឺលោកនាយករដ្ឋមន្ត្រីចិន Li Qiang ទៅវិញទេដែលជាបងទី២ របស់ចិន។ ដូច្នេះនៅទីនេះ វាមានទស្សនៈខុសគ្នាពាក់ព័ន្ធថាតើលោក ស៊ី ជីនពីងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Li ឬក៏លោក Cai?
* តើលោក Cai Qi ជានរណាឱ្យប្រាកដ?
លោក Cai Qi និងលោក ស៊ី ជីនពីង មានដំណើរជីវិតស្រដៀងគ្នា ដោយអ្នកទាំង២មានប្រភពចេញពីវណ្ណៈពលករ កសិករ ទាហាន និងនិស្សិត អំឡុងសម័យបដិវត្តន៍វប្បធម៌។ លោក ស៊ី ជីនពីង ត្រូវបានគេជឿថាបានជួបលោក Cai ជាលើកដំបូង នៅពេលរូបលោកត្រូវបានតែងតាំងជាលេខារងនៃគណៈកម្មាធិការ CCP ប្រចាំខេត្ត Fujian ក្នុងឆ្នាំ១៩៩៦ ខណៈលោក Cai នៅពេលនោះដែលកាន់តំណែងជានាយករងម្នាក់នៃការិយាល័យគណៈកម្មាធិការបក្ស ត្រូវបានតែងតាំងឱ្យជួយជ្រោមជ្រែងសមមិត្តស៊ី ជីនពីង។ ក្នុងពេលឈានជើងចូលឆាកនយោបាយដំបូង លោក Cai បានកសាង កេរ្តិ៍ឈ្មោះតាមរយៈបុគ្គលិកលក្ខណៈផ្ទាល់ខ្លួនជាមនុស្សសាមញ្ញ និងរួសរាយរាក់ទាក់ម្នាក់។ ជាឧទាហរណ៍៖ អំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់កាលពីខែកក្កដា ឆ្នាំ២០១២ ក្នុងនាមជាប្រធាននាយកដ្ឋានគណៈកម្មការបក្សប្រចាំមូលដ្ឋានក្នុងខេត្ត Zhejiang លោក Cai បានទៅសួរសុខទុក្ខពូរបស់លោកក្នុងទីក្រុង Kaohsiung។ លោកបាននិយាយថាលោកបានស្រក់ទឹកភ្នែក នៅពេលបែកគ្នាជាមួយពូរបស់លោក ដែលនេះជាឧទាហរណ៍មួយនៃការបង្ហាញពីឆន្ទៈបង្ហាញពីអារម្មណ៍របស់លោកជាសាធារណៈ។ អំឡុងពេលនោះដែរ លោក Cai តែងតែប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Weibo ជាញឹកញាប់ដោយប្រើឈ្មោះហៅក្រៅថា «លោកពូ Cai»។ លោកធ្លាប់បានប្រើ Weibo ដើម្បីទំនាក់ទំនងជាមួយសាធារណៈជនចិន ហើយមានពេលខ្លះថែមទាំងជួយដោះស្រាយបញ្ហា ឬកង្វល់របស់ពួកគេទៀតផង។ ការណ៍នេះបានធ្វើឱ្យលោកកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាមន្ត្រីចិនម្នាក់ដែលងាយស្រួលក្នុងការទំនាក់ទំនង។ ក៏ប៉ុន្តែអ្វីៗបានប្រែប្រួល បន្ទាប់ពីលោក Cai ត្រូវបានដំឡើងតំណែងជាសមាជិកគណៈកម្មាធិការមជ្ឈិមមួយរបស់បក្សនៅឆ្នាំ២០១៤។ ភ្លាមៗ លោកបានបិទគណនី Weibo របស់លោក ហើយប្រែក្លាយជាមនុស្សផ្សេងម្នាក់ទៀតដែលតឹងរ៉ឹង ជាពិសេសនៅក្រោយរូបលោកក្លាយជាអភិបាលក្រុងប៉េកាំងនៅឆ្នាំ២០១៦។
នៅចុងឆ្នាំ២០១៧ អនុវត្តតាមបញ្ជារបស់លោក ស៊ី ជីនពីង លោក Cai បានបើកប្រតិបត្តិការបង្ក្រាបពលករចំណាកស្រុកដោយហៅពួកគេថាជាប្រជាជនមានប្រាក់ចំណូលទាប និងបណ្ដេញពួកគេចេញពីទីក្រុងប៉េកាំង។ នេះបានបង្ហាញថាដើម្បីអនុវត្តតាមបញ្ជាលោក ស៊ី ជីនពីង និងដើម្បីឡើងតំណែង លោក Cai មិនស្ទាក់ស្ទើរឡើយក្នុងការបោះបង់ចោលអត្តចរិតពីធម្មជាតិរបស់លោក ក្នុងការអនុវត្តយ៉ាងតឹងរ៉ឹងនូវគោលនយោបាយរបស់បក្ស។
* ក្លាយជាលេខាដ៏មានឥទ្ធិពលរបស់លោក ស៊ី ជីនពីង
ភាពស្មោះត្រង់របស់លោក Cai បានធ្វើឱ្យរូបលោកឡើងតំណែងពីមួយកាំទៅមួយកាំ។ នៅឆ្នាំ២០២២ លោកត្រូវបានដំឡើងតំណែងជាលេខាទី១នៃលេខាធិការដ្ឋាន CCP និងនៅឆ្នាំ២០២៣ លោកបានក្លាយជានាយកការិយាល័យទូទៅ។ ក្នុងឆ្នាំ២០២៦នេះ លោកបានក្លាយជាប្រធាននៃសាលាមជ្ឈិមបក្សនៃគណបក្សកុម្មុយនីស្តចិន។ នៅក្នុងនយោបាយចិន នាយកការិយាល័យទូទៅកម្រណាស់ដែលអាចកាន់តំណែងសំខាន់ៗផ្សេងទៀតក្នុងពេលតែមួយ។ ពួកគេត្រូវបានគេស្គាល់ថាជាលេខាដ៏មានឥទ្ធិពល និងមានតួនាទីចម្បងសម្របសម្រួលការងាររបស់មេដឹកនាំកំពូល។ នៅក្រោយ សម័យបដិវត្តន៍វប្បធម៌ នាយកការិយាល័យទូទៅមិនធ្លាប់កាន់តំណែងច្រើនក្នុងពេលតែមួយទេ តួយ៉ាងដូចជាសមាជិកការិយាល័យនយោបាយ ដើម្បីបញ្ចៀសកុំឱ្យពួកគេមានអំណាចខ្លាំងពេក។ តែលោក ស៊ី ជីនពីង បានកែប្រែច្បាប់ទម្លាប់បែបនេះក្រោយឡើងកាន់អំណាច ហើយលោក Li Zhanshu (2012-2017) និង Ding Xuexiang (2017-2022) ត្រូវបានបោះឆ្នោតជ្រើសរើសបញ្ចូលទៅក្នុងការិយាល័យនយោបាយ។ គោលដៅនៃការផ្លាស់ប្ដូរនេះ នោះគឺបើកផ្លូវឱ្យលេខាដ៏មានឥទ្ធិពលជួយជ្រោមជ្រែងលោក ស៊ី ជីនពីង គ្រប់គ្រងកិច្ចការនយោបាយ។ តែទោះជាបែបនេះក្ដី នៅមុនជំនាន់លោក Cai នាយកការិយាល័យទូទៅដែលអាចកាន់តំណែងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នោះគឺលោក Wang Dongxing ដែលធ្លាប់កាន់តំណែងជានាយកការិយាល័យទូទៅអំឡុងបដិវត្តន៍វប្បធម៌។
* មានអំណាចកាន់តែធំ ប្រឈមបាត់បង់អំណាចកាន់តែខ្លាំង
ក្នុងតួនាទីការិយាល័យនយោបាយរបស់លោក លោក Cai បានចូលរួមកាន់តែសកម្មនៅក្នុងការសម្រេចចិត្ត ខណៈតួនាទីចម្បងរបស់លោកគឺជាលេខាទី១ នៃលេខាធិការដ្ឋាន CCP ដែលមានភារកិច្ចតាមដានការអនុវត្តគោលនយោបាយ។ ក្នុងប្រព័ន្ធនយោបាយរបស់ខ្លួន CCP តែងតែតែងតាំងអ្នកបន្តវេនរបស់ខ្លួនទៅក្នុងលេខាធិការដ្ឋានមជ្ឈិម ជាទីដែលពួកគេអាចអភិវឌ្ឍជំនាញអនុវត្តគោលនយោបាយ។ ឧទាហរណ៍៖ លោក Hu Jintao បានបម្រើការនៅក្នុងលេខាធិការដ្ឋានពីឆ្នាំ១៩៩២ រហូតដល់ក្លាយជាអគ្គលេខាធិការបក្សនៅឆ្នាំ២០០២។ ក្នុងតួនាទីនេះ តួនាទីរបស់លោក Cai មិនត្រឹមតែជាលេខាដ៏មានឥទ្ធិពលរបស់លោក ស៊ី ជីនពីងប៉ុណ្ណោះទេ តែលោកក៏មាននាទីដឹកនាំការអនុវត្តគោលនយោបាយផងដែរ។ លើសពីនេះទៅទៀត ចាប់តាំងពីត្រូវបានតែងតាំងជាប្រធានសាលាមជ្ឈិមបក្សនៃគណបក្សកុម្មុយនីស្តចិនក្នុងឆ្នាំ២០២៦ លោក Cai ត្រូវបានប្រគល់ភារកិច្ចឱ្យតាមដានការបណ្ដុះបណ្ដាលមន្ត្រីបក្ស និងការគ្រប់គ្រងមនោគមន៍វិជ្ជា។ ដូច្នេះនៅក្រោមលក្ខខណ្ឌនៃការតែងតាំងផ្លូវការ លោក Cai កំពុងកាន់តំណែងដ៏វិសេសមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ CCP។ សមាជិកផ្សេងទៀតតែម្នាក់គត់ដែលមានអំណាចស៊ីសងគ្នាបានជាមួយលោក Cai នោះគឺនាយករដ្ឋមន្ត្រីចិន លោក Li Qiang។ ប៉ុន្តែ គុណវិបត្តិធំបំផុតរបស់លោក Cai នៅក្នុងការប្រកួតប្រជែងដើម្បីបន្តវេនពីលោក ស៊ី ជីនពីង នោះគឺអាយុរបស់លោក។ លោក Cai នឹងឈានចូលវ័យ ៧១ឆ្នាំ នៅឆ្នាំ២០២៧ ដែលនេះធ្វើឱ្យរូបលោកទំនងជានឹងមិនអាចបន្តកាន់តំណែងទាំងអស់ដែលលោកមានក្នុងពេលបច្ចុប្បន្នតទៅទៀតនោះទេ។ កត្តាស្មោះត្រង់ និងអាយុដែលហួសអាយុផ្លូវការត្រូវចូលនិវត្តន៍ អាចជាហេតុផលមួយដែលលោក ស៊ី ជីនពីង រក្សាទុកលោក Cai នៅក្បែរខ្លួន ក៏ព្រោះតែមិនគំរាមកំហែងដល់អំណាចរបស់លោក។ ប្រសិនបើការសន្និដ្ឋានបែបនេះក្លាយជាការពិតមែន នោះលោក Cai ប្រហែលជាអាចនឹងជួបឧបសគ្គក្នុងការរក្សាតំណែងរបស់ខ្លួន នៅក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងតំណែងសំខាន់ៗផ្សេងទៀត នៅឯមហាសន្និបាតជាតិរបស់បក្សលើកទី២១ ហើយលោកប្រហែលជានឹងត្រូវបានគេប្រគល់តំណែងជានិមត្តិរូបឱ្យជំនួសវិញ ដូចជាតំណែងអនុប្រធានាធិបតី។
យ៉ាងណាក៏ដោយ ប្រសិនបើលោក ស៊ី ជីនពីង មិនធ្វើតាមទម្លាប់ចាស់ទេ ហើយផ្ដោតជាអាទិភាពលើស្ថិរភាពនយោបាយ នោះលោក Cai ប្រហែលជាអាចរក្សាតំណែងសំខាន់ៗរបស់លោកបាន។ ដ្បិត វាមិនមានការកំណត់អាយុចូលនិវត្តន៍ដាច់ខាតសម្រាប់សមាជិកជាន់ខ្ពស់នៃការិយាល័យនយោបាយនោះទេ។ សេណារីយ៉ូមួយទៀត គឺការកើនឡើងអំណាចរបស់លោក Cai អាចនឹងធ្វើឱ្យលោក ស៊ី ជីនពីង រឹតតែប្រុងប្រយ័ត្នចំពោះលោក Cai។ នៅក្នុងនយោបាយចិន មន្ត្រីដែលមានអំណាចកាន់តែធំ អាចប្រឈមនឹងការបាត់បង់អំណាចកាន់តែខ្លាំង ហើយរឿងបែបនេះក៏ធ្លាប់បានកើតឡើងរួចហើយដែរនៅក្នុងប្រវត្តិសាស្ត្ររបស់ CCP។ ឧទាហរណ៍៖ លោក Liu Shaoqi និងលោក Lin Biao នៅក្រោមជំនាន់របស់លោក ម៉ៅ សេទុង រួមទាំងលោក Hu Yaobang និង Zhao Ziyang នៅក្រោមការដឹកនាំរបស់លោក Deng Xiaoping ដោយមន្ត្រីទាំងអស់នេះត្រូវបានដកចេញពីតំណែងដូចគេដកស្ពៃ នៅពេលដែលមេដឹកនាំកំពូលយល់ថាពួកគេមានអំណាចខ្លាំងពេក។
ក្នុងពេលនេះ អំណាចរបស់លោក Cai ហាក់ដូចជាធំជាងលោក Liu លោក Lin លោក Hu និងលោក Zhao ទៅទៀត ដែលនេះក៏អាចបង្កើនលទ្ធភាពដែរថាលោកកំពុងស្ថិតនៅទីខ្ពស់មួយ ដែលធ្លាក់ចុះមកវិញបានគ្រប់ពេល។ សេណារីយ៉ូនៅទីនេះ លទ្ធភាពដែលអាចទៅរួច គឺលោក Cai អាចនឹងលាលែងចេញពីតំណែងសំខាន់ៗរបស់លោកនៅឯមហាសន្និបាតជាតិលើកទី២១។ លោក ស៊ី ជីនពីង ប្រហែលជាកំពុងប្រើប្រាស់ភាពស្មោះត្រង់ និងថាមពលនៅសេសសល់របស់លោក Cai ដើម្បីពង្រឹងអំណាចនយោបាយរបស់លោក ប៉ុន្តែនៅឆ្នាំ២០២៧ អាជីពនយោបាយរបស់លោក Cai អាចនឹងដល់ទីបញ្ចប់ក៏ថាបាន៕
-Fresh News-






