Grand News Asia Close

Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1009
Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ Cambodia PR Team ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ
ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦


សំណួរទី១៖ តើរាជរដ្ឋាភិបាលពិតជាមិនខ្វាយខ្វល់ និងបណ្តោយឱ្យភាគីថៃដាក់ទូកុងតឺន័រ រាយបន្លាលួស​ ធ្វើរបងព្រំដែនតាមចិត្ត ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងដែរឬទេ?

ចម្លើយ៖
មិនពិតទេ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងតាមដានយ៉ាងជិតស្និទ្ធចំពោះសកម្មភាពទាំងអស់ដែលកើតមាននៅតាមតំបន់ព្រំដែន ហើយមិនដែលទទួលយកការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាឡើយ។ រាល់សកម្មភាពរបស់ភាគីថៃដែលកម្ពុជាចាត់ទុកថា ជាការរំលោភបំពាន ដូចជាការរាយបន្លាលួស ដាក់ទូកុងតឺន័រ ឬសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មានវិវាទ ត្រូវបានកម្ពុជាធ្វើការតវ៉ា កត់ត្រា និងលើកយកទៅដោះស្រាយតាមរយៈយន្តការការទូត ច្បាប់អន្តរជាតិ និងកិច្ចប្រជុំទ្វេភាគីជាបន្តបន្ទាប់។
លើសពីនេះ កម្ពុជាក៏បានសហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជំរុញឱ្យមានការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀង និងសេចក្តីថ្លែងការណ៍រួមរវាងប្រទេសទាំងពីរ ដើម្បីធានាថា បញ្ហាព្រំដែនត្រូវបានដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ មិនមែនដោយការប្រើប្រាស់កម្លាំង ឬបង្កើតស្ថានភាពផ្លាស់ប្តូរថ្មីនៅនឹងកន្លែង (Fait Accompli) នោះឡើយ។ រាជរដ្ឋាភិបាលចាត់ទុកការការពារបូរណភាពទឹកដី និងប្រជាជនជាអាទិភាពខ្ពស់បំផុត៕
 
សំណួរទី២៖ តើអ្វីជាចេតនារបស់ក្រុមប្រឆាំងចំពោះការចោទប្រកាន់នេះ?

ចម្លើយ៖
ការចោទប្រកាន់របស់ក្រុមប្រឆាំងចំពោះរឿងនេះ គឺជាការបំភ្លៃដោយចេតនា និងមើលរំលងទាំង​ស្រុង​ចំពោះសកម្មភាពជាក់ស្តែងដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។ ទោះបីកម្ពុជាបានធ្វើលិខិតតវ៉ាជាផ្លូវការ លើកយកបញ្ហាទៅកាន់យន្តការអន្តរជាតិ សហការជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជំរុញឱ្យមានការអនុវត្តកិច្ចព្រមព្រៀងយ៉ាងម៉ឺងម៉ាត់ក៏ដោយ ក៏ក្រុមប្រឆាំងនៅតែព្យាយាមបកស្រាយបំភ្លៃក្នុងន័យអវិជ្ជមាន ដើម្បីបង្កការភាន់ច្រឡំ និងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល។
ការធ្វើបែបនេះ មិនបានជួយការពារផលប្រយោជន៍ជាតិឡើយ ប៉ុន្តែ ផ្ទុយទៅវិញ វាគឺជាការផ្តល់ឱកាសឱ្យភាគីខាងក្រៅប្រើប្រាស់ព័ត៌មានបំភ្លៃទាំងនេះ ដើម្បីវាយប្រហារកម្ពុជា និងបង្កឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ។ នេះបង្ហាញថា គោលបំណងសំខាន់របស់ក្រុមប្រឆាំង គឺផ្តោតលើការកេងចំណេញផលប្រយោជន៍នយោបាយ និងការវាយប្រហាររាជរដ្ឋាភិបាល ជាជាងការគិតគូរពីសន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួមរបស់ជាតិ។

សំណួរទី៣៖ ហេតុអ្វីបានជារាជរដ្ឋាភិបាលជ្រើសរើសយន្តការការទូត និងច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំង?​
ចម្លើយ៖ រាជរដ្ឋាភិបាលជ្រើសរើសយន្តការការទូត និងច្បាប់អន្តរជាតិ ជាជាងការប្រើប្រាស់កម្លាំងពីព្រោះរាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។ ការធ្វើលិខិតតវ៉ា ការកត់ត្រាអង្គហេតុ និងការលើកយកបញ្ហាទៅកាន់យន្តការអន្តរជាតិ គឺជាភស្តុតាងផ្លូវច្បាប់ដ៏សំខាន់សម្រាប់ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ ម្យ៉ាងទៀត ការប្រើកម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានទេគឺមានតែអ្នកបច្ចេកទេសប៉ុណ្ណោះ​ដែលអាចដោះស្រាយបាន៕

អត្ថបទទាក់ទង