Grand News Asia Close

ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការសាងសង់របងដោយឯកតោភាគី របស់ថៃនៅចន្លោះបង្គោលលេខ ៥២ និង៥៤ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងជំហររបស់កម្ពុជាចំពោះការសាងសង់របងដោយឯកតោភាគី របស់ថៃនៅចន្លោះបង្គោលលេខ ៥២ និង៥៤
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦



 
សំណួរទី១៖ តើកម្ពុជាយល់ដូចម្តេច ចំពោះការសាងសង់របងដោយឯកតោភាគីរបស់ថៃ នៅចន្លោះបង្គោលលេខ ៥២ និង៥៤ ព្រំប្រទល់រវាងខេត្តបាត់ដំបង(កម្ពុជា) និងខេត្តចាន់បូរី(ថៃ)?

ចម្លើយ៖ កំណាត់ព្រំដែនចន្លោះបង្គោលលេខ៥២ និងលេខ៥៩ ត្រូវបានភាគីទាំងពីរចុះវាស់វែង និងឯកភាពគ្នាតាមរយៈយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) រួចហើយ។ ទោះជាយ៉ាងណា ការសាងសង់របងដោយឯកតោភាគីនៅជិតខ្សែបន្ទាត់ព្រំដែន ដូចដែលថៃកំពុងអនុវត្ត មិនស្របនឹងស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនោះទេ។ ថ្វីបើថៃអះអាងថា របងនោះស្ថិតក្នុងទឹកដីរបស់ខ្លួនក៏ដោយ ការសាងសង់បែបនេះអាចប៉ះពាល់ដល់ការងារបច្ចេកទេស និងដំណើរការកំណត់ខ្សែបន្ទាត់ព្រំដែននាពេលអនាគត។ កម្ពុជាមិនជំទាស់ចំពោះការសាងសង់របងតាមព្រំដែននោះទេ ប្រសិនបើការសាងសង់ធ្វើឡើងស្របតាមលក្ខណៈបច្ចេកទេស ស្ថិតក្នុងទឹកដីរបស់ថៃ និងមានការឯកភាពជាមួយភាគីកម្ពុជាតាមយន្តការ JBC ជាមុន។
 
សំណួរទី២៖ តើការកំណត់ទីតាំងបង្គោលព្រំដែន និងខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃផ្អែកលើមូលដ្ឋានអ្វី?

ចម្លើយ៖ ការកំណត់ទីតាំងបង្គោលព្រំដែន និងខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវផ្អែកលើសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង-សៀម ផែនទីខ្នាត ១:២០០,០០០ កំណត់ហេតុបោះបង្គោលព្រំដែន និងឯកសារផ្លូវការពាក់ព័ន្ធដែលបានបន្សល់ទុកពីការខណ្ឌសីមាព្រំដែន។ ការផ្ទៀងផ្ទាត់ទីតាំងបង្គោលព្រំដែន និងខ្សែបន្ទាត់ព្រំដែននៅលើដីជាក់ស្តែង គឺជាសមត្ថកិច្ចរបស់ក្រុមវាស់វែងចម្រុះក្រោមយន្តការគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដែលមានការចូលរួមពីភាគីទាំងពីរ។ ដូច្នេះ គ្មានបុគ្គល ស្ថាប័ន ឬភាគីណាមួយអាចកំណត់ទីតាំងព្រំដែន ឬធ្វើសកម្មភាពដែលប៉ះពាល់ដល់ខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគីបានឡើយ។
 
សំណួរទី៣៖ តើកម្ពុជាបានចាត់វិធានការអ្វីខ្លះ ចំពោះសកម្មភាពឯកតោភាគីរបស់ថៃនៅតាមព្រំដែន?

ចម្លើយ៖ កម្ពុជាបានបន្តប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ នៅកម្រិត JBC កម្ពុជាបានផ្ញើកំណត់ទូតជាបន្តបន្ទាប់ ដោយស្នើឱ្យភាគីថៃបញ្ជូនក្រុមវាស់វែងចម្រុះចុះបន្តការងារលើដីជាក់ស្តែង ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កម្ពុជាក៏បានកត់ត្រា និងជូនដំណឹងទៅភាគីថៃជាបន្តបន្ទាប់ ចំពោះសកម្មភាពដែលកម្ពុជាចាត់ទុកថា រំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់ ប៉ះពាល់ដល់សមត្ថកិច្ចរបស់ JBC និងរាំងស្ទះដល់ដំណើរការខណ្ឌសីមាព្រំដែន។ កម្ពុជានៅតែអំពាវនាវឱ្យភាគីថៃវិលត្រឡប់មកអនុវត្តការងារតាមយន្តការ JBC ដោយស្មោះត្រង់ និងស្របតាមកិច្ចព្រមព្រៀងដែលបានឯកភាពគ្នា៕

អត្ថបទទាក់ទង