Grand News Asia Close

«បុរសទំនើង» អានុទីន ប្រកាសលែងទទួលស្គាល់ផែនទីសម័យអាណានិគមបារាំង បន្ទាប់ពីត្រឡប់មកពីបារាំងវិញ

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ 1026
«បុរសទំនើង» អានុទីន ប្រកាសលែងទទួលស្គាល់ផែនទីសម័យអាណានិគមបារាំង បន្ទាប់ពីត្រឡប់មកពីបារាំងវិញ Thai Prime Minister Anutin Charnvirakul met with French President Emmanuel Macron in Paris, on May 26. Thai foreign ministry

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ប្រកាសថា ផែនទីសម័យអាណានិគមបារាំងដែលប្រើប្រាស់ជាមួយកម្ពុជាលែងមានតម្លៃសម្រាប់ទីក្រុងបាងកកទៀតហើយបន្ទាប់ពីលោកទើបតែត្រឡប់មកពីប្រទេសបារាំងវិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand ថ្ងៃទី ២៧ឧសភា។

នាយករដ្ឋមន្ត្រីថៃលោក អានុទីន បានលើក​ឡើង​ពីកិច្ចពិភាក្សាទ្វេភាគីរបស់​លោក​ជាមួយប្រទេសបារាំង និងអង្គការ UNESCO ពាក់ព័ន្ធនឹងក្របខណ្ឌព្រំដែនដែលកំពុងមានជម្លោះជាមួយកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក អានុទីន បាន​ថ្លែង​ថា លោក​បាន​ជួប​ជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងមន្ត្រីជាន់ខ្ពស់នៅទីស្នាក់ការកណ្ដាល UNESCO ក្នុងទីក្រុងប៉ារីស ដែល​នៅ​ក្នុង​ឱកាស​នោះ​ លោក​បាន​បកស្រាយ​អ្វី​ដែល​លោក​យល់​ថាជា «ការយល់ច្រឡំអន្តរជាតិពាក់ព័ន្ធនឹងព្រំដែនរបស់ថៃ» និងដោះស្រាយបញ្ហាតានតឹងចុងក្រោយនៅតាមខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា។

ក្នុងនោះនាយករដ្ឋមន្ត្រីថៃរូបនេះ បាន​ប្រកាសថា មាត្រដ្ឋានផែនទីសម័យអាណានិគមបារាំង-សៀម ខ្នាត 1:200,000 (១លើ​ ២០០.០០០) ដែលកម្ពុជាប្រើប្រាស់ដើម្បីគាំទ្រការទាមទារព្រំដែន«លែងមានតម្លៃទៀតហើយសម្រាប់រដ្ឋបាលប្រទេសថៃ» ហើយថា ប្រទេសថៃទាមទារឲ្យ​កម្ពុជាប្រើប្រាស់ផែនទីដែលគូសដោយថៃជាឯកតោភាគីខ្នាត 1:50,000 វិញ។

អានុទីន​ បានបន្ថែមថា ថៃធ្វើ​​តាមប្រព័ន្ធបច្ចេកទេសផ្ទាល់ខ្លួនដែលបានកំណត់ និងតាមសេចក្តីសន្និដ្ធានទ្វេភាគីដែលមានស្រាប់ ហើយសំណើ​ណា​មួយ​ពីភាគីខាងក្រៅពាក់ព័ន្ធនឹងផែនទីប្រវត្តិសាស្ត្ររបស់បារាំង មិនមានឥទ្ធិពលលើថៃនោះទេ។ លោក​ថា សម្រាប់ប្រទេសថៃ មាត្រដ្ឋានផែនទីសម័យអាណានិគមបារាំង-សៀម ខ្នាត 1:200,000 លែងមានទៀតហើយ។

លោកអានុទីន​បាន​ថ្លែង​អះអាង​ថា ផែនទីគូស​ជា​ឯកតោភាគីរបស់​ខ្លួន​ 1:50,000 មានភាពច្បាស់លាស់ខ្ពស់ សម្រាប់តំបន់ព្រំដែនជាក់ស្តែង។ ទោះយ៉ាងណា លោកបានអះអាងថា រដ្ឋាភិបាលថៃ​នៅតែបើកចំហចំពោះការផ្ទៀងផ្ទាត់បច្ចេកទេសដោយតម្លាភាព ប្រសិនបើនៅមានការសង្ស័យរវាងប្រទេសជិតខាងទាំងពីរ។

បញ្ហាស្នូលនៃជម្លោះព្រំដែនរវាង​ថៃនិងកម្ពុជាដែលកំពុងកើតឡើងបច្ចុប្បន្នក៏ដូចជាកាលពីអតីតកាល មាន​មូលដ្ឋាន​ចេញ​ពី​ក្របខណ្ឌផែនទីដែលប្រើប្រាស់សម្រាប់កំណត់ព្រំដែន ដោយប្រទេសកម្ពុជាប្រើប្រាស់ផែនទីសម័យអាណានិគមបារាំង ដែលគូរតាមមាត្រដ្ឋាន 1:200,000 ដែលជាផែនទីដែលបង្កើតឡើងក្នុងសម័យអាណានិគមបារាំង តាមសន្ធិសញ្ញា Franco-Siamese ​គូរ​ដោយ​គណៈកម្មការ​បារាំង-សៀម ក្នុងឆ្នាំ ១៩០៤ និង ១៩០៧។ រីឯប្រទេសថៃវិញ​ បានប្រើប្រាស់ផែនទី 1:50,000 ដែលជាផែនទីគូសដោយខ្លួនឯងជាឯកតោភាគី។

ជំហររបស់ថៃបង្ហាញពីការបដិសេធកាន់តែខ្លាំងចំពោះខ្សែបន្ទាត់ផែនទីសម័យអាណានិគម ដែលធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការបន្តពឹងផ្អែកលើឯកសារផែនទីប្រវត្តិសាស្ត្រនៅក្នុងការជជែកដេញដោលអំពីព្រំដែនកាន់តែមានភាពស្មុគស្មាញ។

អ្នក​វិភាគ​ភូមិសាស្ត្រ​នយោបាយ លោក គិន ភា បាន​ថ្លែង​ថា ការ​ប្រកាស​របស់​លោក អានុទីន មិន​ទទួល​ស្គាល់​ផែនទី​ ១:២០០.០០០ គឺ​ជា​វោសាស្ត្រ​បែប​ «បុរស​ទំនើង» និង​ជា​ល្បិច​ក្នុង​ការ​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​វិបត្តិ​នយោបាយ​ សេដ្ឋកិច្ច និង​ការ​ប្រកួត​ប្រជែង​អំណាច​នៅ​ក្នុង​ប្រទេស​ថៃ។

លោក​ថ្លែង​ថា៖ «អានុទីន​មិន​អាច​បដិសេធ​ផែនទីមួយដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ ដោយ​សន្ធិសញ្ញា និង​អនុសញ្ញា ដែល​ប្រទេស​ទាំងពីរ​គឺជា​ហត្ថលេខីនៃ​សន្ធិ​សញ្ញា​នេះ។ ផែនទី​ខ្នាត ១លើ​២០០.០០០​នេះ គឺជា​ផែនទី​ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​អន្តរជាតិ​ ជាពិសេស​ត្រូវ​បានប្រើប្រាស់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​២​ដង​លើ​រឿង​ប្រាសាទ​ព្រះវិហារ ឲ្យ​កម្ពុជា​ឈ្នះក្ដី»។

លោក​បន្ត​ថា៖ «បើ​ថៃ​គេច​វេះ​ពី​ផែនទី​នេះ គឺ​ថៃ​ត្រូវ​ដក​ចេញ​ពី​សហគមន៍​អន្តរជាតិ ដកខ្លួន​ចេញ​ពី​អាស៊ាន សមាជិក​អង្គការ​សហប្រជាជាតិ និង​ក្លាយ​ជា​រដ្ឋទំនើង និង​ជា​រដ្ឋ​តិរច្ឆាន​ តែ​ម្នាក់​ឯង ហើយ​ប្រើ​ប្រាស់​ច្បាប់​ព្រៃ​តែម្នាក់​ឯង»៕

-ភ្នំពេញប៉ុស្តិ៍-

អត្ថបទទាក់ទង