Grand News Asia Close

វិភាគអន្តរជាតិ៖ អ្វីទៅជាមីស៊ីល Oreshnik ដែលលោក ពូទីន អួតថាគ្មានគូប្រៀប?

ដោយ៖ Morm Sokun ​​ | 3 ម៉ោងមុន ទស្សនៈ-Opinion 1034
វិភាគអន្តរជាតិ៖ អ្វីទៅជាមីស៊ីល Oreshnik ដែលលោក ពូទីន អួតថាគ្មានគូប្រៀប? វិភាគអន្តរជាតិ៖ អ្វីទៅជាមីស៊ីល Oreshnik ដែលលោក ពូទីន អួតថាគ្មានគូប្រៀប?

(មូស្គូ)៖ រុស្ស៉ីបានប្រើប្រាស់មីស៊ីលបាលិស្ទីគដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរឈ្មោះថា Oreshnik ចំនួន ៣លើករួចមកហើយ ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ តាមវិមានក្រឹមឡាំង Oreshnik ជាមីស៊ីលដ៏ទំនើបបំផុតមួយដែលបច្ចុប្បន្នគ្មានប្រព័ន្ធអាវុធណាមួយអាចស្ទាក់ចាប់បាននោះទេ។ កាលពីថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ រុស្ស៉ីបានបាញ់ដ្រូន និងមីស៊ីលយ៉ាងច្រើនសន្ធាប់ ក្នុងនោះមានទាំងមីស៊ីល Oreshnik មួយគ្រាប់នៅក្នុងការវាយប្រហារលើគោលដៅមួយក្នុងទីក្រុង Bila Tserkva នៃរដ្ឋធានីកៀវ។

កាលពីដើមខែមករាកន្លងទៅ រុស្ស៉ីក៏បានប្រើមីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទនេះក្នុងការវាយប្រហារលើឃ្លាំងឧស្ម័នដ៏ធំមួយក្នុងតំបន់ Lviv ស្ថិតនៅភាគខាងលិចអ៊ុយក្រែន ផងដែរ។ Oreshnik ដែលយកឈ្មោះតាមរុក្ខជាតិមួយប្រភេទ ត្រូវបានរុស្ស៉ីប្រើជាលើកដំបូង ក្នុងការវាយប្រហារលើរោងចក្រមួយស្ថិតក្នុងទីក្រុង Dnipro របស់អ៊ុយក្រែន កាលពីឆ្នាំ២០២៤។ ក្នុងការវាយប្រហារលើអ៊ុយក្រែនទាំង៣លើកកន្លងមកនេះ មីស៊ីល Oreshnik មិនត្រូវបានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនោះទេ។

ខាងក្រោមនេះជាចំណុចសំខាន់ៗគួរតែដឹងពីមីស៊ីល Oreshnik៖

* រយៈចម្ងាយ
រុស្ស៉ីបាននិយាយថា Oreshnik ជាប្រភេទមីស៊ីលរយៈចម្ងាយឆ្ងាយ ឬ intermediate-range ដែលនេះមានន័យថាវាអាចវាយប្រហារលើគោលដៅស្ថិតនៅចម្ងាយចន្លោះពី ៣០០០ ទៅ ៥៥០០គីឡូម៉ែត្រ។ លោក Sergei Karakayev ជាមេបញ្ជាកងកម្លាំងរ៉ុក្កែតយុទ្ធសាស្ត្ររបស់រុស្ស៉ីជាអង្គភាពមួយគ្រប់គ្រងលើឃ្លាំងអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) បាននិយាយថា Oreshnik អាចវាយប្រហារលើគោលដៅស្ថិតនៅទូទាំងតំបន់អឺរ៉ុប។

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធដ៏សំខាន់មួយរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ក៏ធ្លាប់បាននិយាយដែរថា Oreshnik ត្រូវបានដាក់ពង្រាយក្នុងប្រទេសរបស់លោកដែលមានព្រំដែនជាប់ទឹកដីភាគខាងកើតរបស់ NATO។ រុស្ស៉ីបានប្រកាសដាក់ឱ្យប្រើមីស៊ីល Oreshnik ភ្លាមៗ ហើយបើតាម ក្រុមមន្ត្រីអ៊ុយក្រែន មីស៊ីលនេះត្រូវបានបាញ់ចេញពីទីតាំងបាញ់ និងធ្វើតេស្តមីស៊ីល Kapustin Yar ដែលមានទីតាំងស្ថិតនៅក្បែរទីក្រុង Volgograd នៃភាគខាងត្បូងរុស្ស៉ី។

* ថាមពល
កាលពីឆ្នាំ២០២៤ លោក ពូទីន បានប្រកាសឱ្យដឹងថា Oreshnik មានសមត្ថភាពបំពាក់ក្បាលគ្រាប់បានច្រើនគ្រាប់ ហើយក្បាលគ្រាប់ទាំងនោះទៀតសោត ជាប្រភេទក្បាលគ្រាប់ ឆ្លាតវៃអាចវាយប្រហារចំៗគោលដៅ។ តាមលោក ពូទីន មីស៊ីល Oreshnik ដែលត្រូវបានប្រើកន្លងមកក្នុងការវាយប្រហារលើអ៊ុយក្រែន មិនបានបង្កការខូចខាតដ៏មហន្តរាយទេ ដោយសារតែវាមិនបានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរឡើយ។ អ្នកជំនាញយោធាបាននិយាយថា Oreshnik មានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរបានច្រើនគ្រាប់ ហើយមិនតែប៉ុណ្ណោះ លោក ពូទីន ថែមទាំងអួតទៀតផងដែរថាថាមពលបំផ្លិចបំផ្លាញចេញពីមីស៊ីលនេះអាចឈានដល់សីតុណ្ហភាពមួយជិតស្មើនឹងកម្ដៅនៃផ្ទៃព្រះអាទិត្យ។ ពោលគឺកម្លាំងផ្ទុះរបស់វាអាចកម្ទេចគោលដៅឱ្យទៅជាផេះ។

តាមសេចក្ដីរាយការណ៍របស់ AFP នៅឯទីតាំងដែលរងការវាយប្រហារដោយមីស៊ីល Oreshnik ជាលើកដំបូងក្នុងទីក្រុង Dnipro កាលពីឆ្នាំ២០២៤ គេសង្កតឃើញការខូចខាត មួយចំនួនដូចជារបើកដំបូលអគារមួយ និងដើមឈើជាច្រើនដើមដួលរលំ។ ក្រុមមន្ត្រីអ៊ុយក្រែនក៏បានអះអាងដែរពីការខូចខាតមួយចំនួន ក៏ព្រោះតែមីស៊ីល Oreshnik ដែលរុស្ស៉ី ប្រើក្នុងការវាយប្រហារមានបំពាក់ក្បាលគ្រាប់ក្លែងក្លាយប៉ុណ្ណោះ។

* ល្បឿន
លោក ពូទីនបានអះអាងថាក្នុងពេលបច្ចុប្បន្ន គ្មានប្រព័ន្ធអាវុធ ឬប្រព័ន្ធខែលប្រឆាំងមីស៊ីលណាមួយអាចបាញ់ទម្លាក់មីស៊ីល Oreshnik បាននោះទេ ហើយវាអាចវាយប្រហារក្នុងល្បឿនលឿនជាងសំឡេង ១០ដង ឬ ២.៥ ទៅ ៣គីឡូម៉ែត្រក្នុងមួយវិនាទី។ ក្រុមអ្នកជំនាញវិញ បាននិយាយថាមីស៊ីលនេះអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេង ឬ hypersonic speeds តែវាមិនអាចបត់បែន ឬប្ដូរទិសដៅក្នុងពេលហោះហើរដូចដែលមីស៊ីល ឬអាវុធល្បឿនលឿនជាងសំឡេងទំនើបអាចធ្វើបាននោះទេ។

លោក Marcin Andrzej Piotrowski ជាអ្នកវិភាគម្នាក់មកពីវិទ្យាស្ថាន Polish Institute of International Affairs (PISM) បាននិយាយកាលពីឆ្នាំ២០២៤ បន្ទាប់ពីរុស្ស៉ីប្រើមីស៊ីល Oreshnik ជាលើកដំបូង ថា «ដូចគ្នាទៅនឹងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយ និងអន្តរទ្វីបដទៃទៀតដែរ ក្បាលគ្រាប់របស់ Oreshnik អាចហោះចូលទៅក្នុង បរិយាកាស និងហោះតម្រង់ទៅរកគោលដៅក្នុងល្បឿន hypersonic ឬលឿនជាងសំឡេង។ ក៏ប៉ុន្តែ ខុសពីអាវុធល្បឿនលឿនជាងសំឡេងពិតប្រាកដ ក្បាលគ្រាប់របស់ Oreshnik មិនអាចបត់បែន ឬប្ដូរទិសដៅក្នុងពេលហោះហើរនៅល្បឿន hypersonic ដែលធ្វើឱ្យប្រព័ន្ធខែលប្រឆាំងមីស៊ីលពិបាកស្ទាក់ចាប់បាននោះឡើយ»។

* ប្រភពដើម
លោក ពូទីន កាលពីឆ្នាំ២០២៤ បានឱ្យដឹងថា Oreshnik មិនមែនជាមីស៊ីល ឬអាវុធដែលត្រូវបានធ្វើទំនើបកម្មចេញពីប្រព័ន្ធអាវុធចាស់ៗរបស់សូវៀតនោះទេ​ តែវាជាមីស៊ីលស៊េរីទំនើបថ្មីសុទ្ធសាធមួយ។ ក្រសួងការពារជាតិអាមេរិកវិញបានចាត់ទុក Oreshnik ជាមីស៊ីលមួយកំពុងស្ថិតក្នុងការធ្វើតេស្ដនៅឡើយ និងត្រូវបានអភិវឌ្ឍមានមូលដ្ឋានចេញពីមីស៊ីល​ ICBM RS-26 Rubezh របស់រុស្ស៉ី។ តាមលោក Karakayev មីស៊ីល Oreshnik ត្រូវបានអភិវឌ្ឍ និងផលិតឡើងដោយផ្អែកលើបទបញ្ជាមួយរបស់លោក ពូទីន កាលខែកក្កដា ឆ្នាំ២០២៣៕

-Fresh News-

អត្ថបទទាក់ទង