Grand News Asia Close

វិភាគអន្តរជាតិ៖ លោក ម៉ាក្រុង ប្រថុយមួយចានទឹកមួយចានគោក ជាមួយការបោះឆ្នោតសភាទាន់ហន់

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ទស្សនៈ-នយោបាយ 329
វិភាគអន្តរជាតិ៖ លោក ម៉ាក្រុង ប្រថុយមួយចានទឹកមួយចានគោក ជាមួយការបោះឆ្នោតសភាទាន់ហន់ វិភាគអន្តរជាតិ៖ លោក ម៉ាក្រុង ប្រថុយមួយចានទឹកមួយចានគោក ជាមួយការបោះឆ្នោតសភាទាន់ហន់

(ប៉ារីស)​៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា (ម៉ោងនៅទីក្រុងប៉ារីស) បានប្រកាសរំលាយរដ្ឋសភាចោល ហើយ អំពាវនាវឱ្យមានការរៀបចំការបោះឆ្នោតសភាបារាំងមុនអាណត្តិ បន្ទាប់ពីលទ្ធផលបោះឆ្នោតបង្ហាញថាគណបក្សរបស់លោកបានបរាជ័យធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប ក្រោមថ្វីដៃគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen)។

លទ្ធផលបោះឆ្នោតសភាសហភាពអឺរ៉ុប បានបង្ហាញថាគណបក្ស National Rally របស់លោកស្រី ឡឺប៉ែន បានទទួលសំឡេងគាំទ្រប្រហែល ៣២ភាគរយនៃសន្លឹកសរុប ខណៈគណបក្ស Renew party របស់លោក ម៉ាក្រុងទទួលបានសំឡេងគាំទ្រ ១៥ភាគរយប៉ុណ្ណោះ។ តាមលោក ម៉ាក្រុង ការបោះឆ្នោតសភាបារាំងជុំទី១ នឹងត្រូវរៀបចំនៅថ្ងៃទី៣០ ខែមិថុនា និងការបោះឆ្នោតជុំទី២ នៅថ្ងៃទី៧ ខែកក្កដា។ តើការរៀបចំការបោះសភាមុនអាណត្តិនេះមានន័យយ៉ាងចំពោះលោក ម៉ាក្រុង និងបារាំង?

* ចុះបើលោក ម៉ាក្រុង ចាញ់ក្នុងការបោះឆ្នោតសភាបារាំង?
ក្នុងពេលបច្ចុប្បន្ន គណបក្ស Renaissance (រឺណែសសង់) ឬ Renew party ដែលជាគណបក្សកាន់អំណាចរបស់លោកប្រធានាធិបតីបារាំង ម៉ាក្រុង មានសមាជិកសភា ១៦៩រូប នៅក្នុងរដ្ឋសភា ក្នុងចំណោមសមាជិសភាសរុប ៥៧៧រូប។ ចំណែក គណបក្ស National Rally របស់លោកស្រី ឡឺប៉ែន គឺជាគណបក្សប្រឆាំងធំៗបំផុតដោយក្ដាប់អាសនៈសភា ៨៨។ តាមរយៈការសម្រេចចិត្តដ៏ភ្ញាក់ផ្អើលរបស់លោក ម៉ាក្រុង ធ្វើឱ្យគេពិបាកស្មានណាស់ថាតើអនាគតសភាថ្មីរបស់បារាំងនឹងមានទម្រង់បែបណាឡើយ ដ្បិតការបោះឆ្នោតត្រូវធ្វើឡើង យ៉ាងតល់ក្រហល់ គ្មានការស្ទង់មតិលើអ្នកបោះឆ្នោតនោះទេ។

តែយ៉ាងណាក៏ដោយ ជោគជ័យរបស់គណបក្ស National Rally ក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប អាចបញ្ជាក់បានថាអ្នកបោះឆ្នោតបានសម្ដែងការមិនពេញចិត្តរបស់ពួកគេចំពោះ បញ្ហាមួយចំនួនដូចជាអន្តោប្រវេសន៍ ឧក្រិដ្ឋកម្ម និងវិបត្តិចំណាយសម្រាប់ការរស់នៅ។ ដើម្បីទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត គណបក្ស National Rally ត្រូវបង្កើនចំនួន សមាជិកសភារបស់ខ្លួនក្នុងសភាបារាំងឱ្យដល់ ២៨៩រូប។ ក្នុងករណី National Rally ឬគណបក្សដទៃទៀតដែលមិនមែនជាគណបក្សរបស់លោកម៉ាក្រុង ទទួលបានសំឡេងភាគច្រើន នៅសភា នោះលោកម៉ាក្រុង នឹងត្រូវបង្ខំចិត្តតែងតាំងនាយករដ្ឋមន្ត្រីថ្មីម្នាក់មាននិន្នាការនយោបាយប្រឆាំង ឬផ្ទុយគ្នា។ នាយករដ្ឋមន្ត្រីថ្មីនេះមានភារកិច្ចជ្រើសរើសគណៈរដ្ឋមន្ត្រីរបស់បារាំង ហើយដែលក្នុងស្ថានភាពបែបនេះនៅស្រុកបារាំងគេហៅ «cohabitation» ឬរដ្ឋាភិបាលចម្រុះ។

* អ្វីទៅជា cohabitation?
បារាំងធ្លាប់ជួបស្ថានភាព cohabitation នេះចំនួន៣លើករួចមកហើយនៅក្នុងរបបសាធារណរដ្ឋបារាំងទី៥៖ លើកទី១ ពីឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៨៨ លើកទី២ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៥ និងលើកទី៣ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០២។ ទាំង៣លើកនេះ ប្រធានាធិបតីបានតែងតាំងនាយករដ្ឋមន្ត្រីមកពីគណបក្សនយោបាយផ្សេងដែលមានសំឡេងភាគច្រើន នៅក្នុងសភា។ តាមពិតទៅ រដ្ឋធម្មនុញ្ញបារាំងមិនបានបង្ខំឱ្យប្រធានាធិបតីតែងតាំងនាយករដ្ឋមន្ត្រីមកពីបក្សផ្សេងទេ ប៉ុន្តែបើតែងតាំងមនុស្សនៅក្នុងបក្សរបស់ខ្លួនឯង ក៏សភាគង់តែនឹង ច្រានចោល ឬក៏ត្រូវរំលាយចោលរៀបចំការបោះឆ្នោតឡើងវិញដែរ ដែលនេះមានតែធ្វើឱ្យមានវិបត្តិកាន់តែធ្ងន់។

នៅក្នុងសេណារីយ៉ូដូចបានរៀបរាប់នេះ ប្រធានាធិបតីនឹងបន្តកាន់តំណែងក្នុងនាមជាអគ្គមេបញ្ជាការកទ័ព និងដឹកនាំគោលនយោបាយការបរទេស តែប្រធានាធិបតីនឹងត្រូវបានបាត់បង់ អំណាចក្នុងការរៀបចំចាត់ចែងគោលនយោបាយក្នុងស្រុក។ ស្ថានភាពបែបនេះបានកើតឡើងចុងក្រោយគេ នៅឆ្នាំ១៩៩៧ នៅពេលអតីតប្រធានាធិបតីបារាំង លោក Jacques Chirac រំលាយសភារៀបចំការបោះឆ្នោតមុនអាណត្តិដោយសង្ឃឹមថានឹងទទួលបានសំឡេងភាគច្រើន។ ក៏ប៉ុន្តែចុងក្រោយ លោកបែរជាបរាជ័យក្រោមថ្វីដៃក្រុមចម្រុះដឹកនាំដោយ គណបក្សសង្គមនិយម (Socialist party)។ នៅពេលនោះ លោក ហ្សាក់ សៀរ៉ាក់ (Jacques Chirac) ត្រូវបង្ខំចិត្តតែងតាំងលោក លីយ៉ូណែល ហ្សូសបុ័ង (Lionel Jospin) ម​កពីគណបក្សសង្គមនិយមជានាយករដ្ឋមន្ត្រី។

* តើរដ្ឋាភិបាលចម្រុះជាមួយគណបក្សរបស់លោកស្រី ឡឺប៉ែន អាចមានទម្រង់បែបណា?
លោក ហ្ស៊កដង់ បាដេឡា (Jordan Bardella) មានអាយុ ២៨ឆ្នាំ ដែលប្រៀបដូចជាកូនសិស្សរបស់លោកស្រី ឡឺប៉ែន និងជាមេដឹកនាំគណបក្ស National Rally ត្រូវបានគេចាត់ទុកថា ជាបេក្ខជននាយករដ្ឋមន្ត្រី ប្រសិនបើលោកស្រី ឡឺប៉ែនជាប់ឆ្នោតជាប្រធានាធិបតីបារាំង នៅឆ្នាំ២០២៧។ ដូច្នេះបើរដ្ឋាភិបាលមួយរបស់គណបក្ស National Rally ត្រូវបានបង្កើតឡើង ដោយមានសំឡេងភាគច្រើនរបស់ខ្លួនឯងផ្ទាល់នៅក្នុងសភា នោះរដ្ឋាភិបាលរបស់គណបក្សនិន្នាការស្ដាំនិយមជ្រុលមួយនេះនឹងមានសេរីភាពយ៉ាងទូលំទូលាយក្នុងការចាត់ចែងរបៀបវារៈ ឬគោលនយោបាយក្នុងស្រុក។

នៅក្រោមស្ថានភាព Cohabitation ឬរដ្ឋាភិបាលចម្រុះ គោលនយោបាយរបស់ប្រធានាធិបតីបារាំងនឹងច្បាស់ជាពិបាកសម្រេច ព្រោះប្រទេសត្រូវមានក្បាលម៉ាស៊ីន២ដឹកនាំដែល ការសម្រេចចិត្តណាមួយ ត្រូវធ្វើឡើងតាមរយៈការស្រុះស្រួលគ្នាជានិច្ច។ លោកស្រី ឡឺប៉ែន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០២២ បានដាក់ចេញគោលនយោបាយ ជាអាទិភាពមួយចំនួនដូចជាតម្កល់ផលប្រយោជន៍ជនជាតិបារាំងមុនគេ រឹតបន្តឹងគោលនយោបាយអន្តោប្រវេសន៍ ព្រមទាំងលុបចោលពន្ធលើការផ្ទេរមរតកសម្រាប់ប្រជាជនបារាំងវណ្ណៈ កណ្ដាល និងវណ្ណៈទាប។ ម្លោះហើយ ខណៈប្រធានាធិបតីមានអំណាចដឹកនាំលើកិច្ចការពារជាតិ និងយោធា នាយករដ្ឋមន្ត្រី និងរដ្ឋាភិបាលនឹងមានសិទ្ធិចាត់ចែងគោលនយោបាយ ទាំងនេះដែលអាចនឹងបង្កទៅជាការបែកបាក់គ្នាយ៉ាងស៊ីជម្រៅក៏ថាបាន។

គួរបញ្ជាក់ថា លោក ម៉ាក្រុង គឺជាអ្នកគាំទ្រយ៉ាងរឹងមាំម្នាក់ចំពោះសហភាពអឺរ៉ុប តែលោកស្រី ឡឺប៉ែន គឺជាអ្នកនយោបាយម្នាក់ដែលស្អប់សហភាពអឺរ៉ុប។ ជាឧទាហរណ៍៖ ភាពតានតឹង រវាងលោក Chirac និងលោក Jospin ថាតើនរណាជាអ្នកដឹកនាំគោលនយោបាយសហភាពអឺរ៉ុប បានធ្វើឱ្យអ្នកទាំង២ ប្រជែងឥទ្ធិពលគ្នាក្នុងកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប។ ដូច្នេះ ការបង្កើតរដ្ឋាភិបាលចម្រុះណាមួយរវាងប្រធានាធិបតីគាំទ្រអឺរ៉ុប និងគណបក្សជាតិនិយមស្អប់សហភាពអឺរ៉ុប វាអាចនឹងបង្កើតជាស្ថានភាពមួយដ៏ស្មុគស្មាញ៕ ប្រភពៈ Fresh News

អត្ថបទទាក់ទង