Cambodia PR Team ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ក្នុងអំឡុងពេលប្រឈមនឹងសម្ពាធពីបញ្ហាព្រំដែន ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ក្នុងអំឡុងពេលប្រឈមនឹងសម្ពាធពីបញ្ហាព្រំដែន ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេស ក្នុងអំឡុងពេលប្រឈមនឹងសម្ពាធពីបញ្ហាព្រំដែន
ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
សំណួរទី ១៖ តើការលំបាកពីស្ថានការណ៍ខាងក្រៅ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាបញ្ឈប់ការអភិវឌ្ឍប្រទេស ដែរឬទេ?
ចម្លើយ៖ ទោះបីកម្ពុជាកំពុងប្រឈមនឹងបញ្ហាព្រំដែន និងឥទ្ធិពល អវិជ្ជមានពីស្ថានការណ៍អន្តរជាតិក៏ដោយ ក៏រាជរដ្ឋាភិបាលនៅតែបន្តជំរុញការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ស្របតាមគោលនយោបាយដែលបានដាក់ចេញដោយ មិនទុកឱ្យវិស័យណាមួយនៅទ្រឹងមួយកន្លែងឡើយ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ពង្រឹងប្រសិទ្ធភាពស្ថាប័ន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈ គោលនយោបាយ និងអន្តរាគមន៍ពិសេសជាច្រើន ដូចជាការបញ្ចុះពន្ធអាករលើប្រេងឥន្ធនៈ ដើម្បីជួយបន្ធូរបន្ទុកចំណាយ ក្នុងពេលប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិកើនឡើងខ្ពស់។ នេះបង្ហាញថា កម្ពុជាមិនត្រឹមតែផ្តោតលើការការពារបូរណភាព ទឹកដីប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនទៅមុខជានិច្ចក្នុងពេលតែមួយ។
សំណួរទី ២៖ តើរាជរដ្ឋាភិបាលបានអនុវត្តវិធានការអ្វីខ្លះ ដើម្បីការពារផលប្រយោជន៍ជាតិ និងជីវភាព ប្រជាពលរដ្ឋក្នុងស្ថានភាពបច្ចុប្បន្ន?
ចម្លើយ៖ រាជរដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុច ព្រមទាំងគោល នយោបាយជាច្រើនទៀតដែលបានដាក់ចេញសំដៅអភិវឌ្ឍប្រទេស រក្សាសុខសន្តិភាព និង ផ្តល់សេចក្តីសុខជូនប្រជាពលរដ្ឋ។ នៅចំពោះមុខនេះ មានការងារធំៗជាច្រើនដែលរាជរដ្ឋាភិបាលធ្វើដំណាលគ្នា ទាំងការការពារទឹកដីនិងប្រជាជន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយដៃម្ខាង រាជរដ្ឋាភិបាលបានធ្វើនយោបាយការទូត យ៉ាងសកម្ម ម៉ឺងម៉ាត់ និងប្រកបដោយភាពចាស់ទុំ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រឆាំង ការឈ្លានពានរបស់ថៃ។ ដៃម្ខាងទៀត រាជរដ្ឋាភិបាលបានដាក់ចេញវិធានការអន្តរាគមន៍នានា ដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋ និងរក្សាលំនឹងសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលបន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និង កសាងប្រទេសលើគ្រប់វិស័យ ដោយសម្រេចបានសមិទ្ធផលធំៗជាបន្តបន្ទាប់សម្រាប់ជាតិ និងប្រជាជន៕





