Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1013
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលមានព័ត៌មាន ៣ ជំរាបជូនជនរួមជាតិ៖

ព័ត៌មានទី១៖ ក្នុងគ្រាដ៏លំបាកដែលបណ្តាលមកពីតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញវិធានការអន្តរាគមន៍បន្ថែមមួយចំនួនទៀតសំដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ តាមរយៈការកែសម្រួលអត្រាពន្ធគយលើទំនិញនាំចូល និងអត្រាអាករលើមុខទំនិញនាំចេញមួយចំនួនដូចខាងក្រោម៖

១- បញ្ចុះអត្រាពន្ធនាំចូលពី ៧% មក ០% លើមុខទំនិញឧបករណ៍សាកអាគុយរថយន្តអគ្គិសនី, ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡាចំនួន ០៩ បន្ទាត់ពន្ធ។
២- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% មក ០% លើមុខទំនិញម៉ូទ័រសម្រាប់យានយន្តអគ្គិសនី, ប្រព័ន្ធថាមពលសូឡា, អាគុយលីចូម (មានដូចជា អាគុយកុំព្យូទ័រយួរដៃ អាគុយយន្តហោះ, អាគុយយានយន្ត អាគុយសូឡា និងឧបករណ៍ផ្ទុកថាមពលដូចជា Power bank, Power station និងថ្មទូរស័ព្ទ ជាដើម), ចង្ក្រានកម្ដៅអគ្គិសនី, កំសៀវអគ្គិសនី, រថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកទំនិញប្រភេទ HEV, PHEV និង EV ចំនួន ១៧៩ បន្ទាត់ពន្ធ។
៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញរថយន្តគ្រួសារប្រភេទ PHEV ចំនួន ៩២ បន្ទាត់ពន្ធ។
៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ០% លើមុខទំនិញចង្ក្រានអគ្គិសនី ចង្ក្រានអាំងនំប៉័ង និងរថយន្តគ្រួសារប្រភេទ EV ចំនួន ១២ បន្ទាត់ពន្ធ។
៥- បញ្ចុះអត្រាអាករនាំចេញពី ២៥% មក ១០% លើមុខទំនិញរ៉ែបុកស៊ីត (រ៉ែអាលុយមីញ៉ូម) ចំនួន ០១ បន្ទាត់ពន្ធ។

អត្រាពន្ធគយនិងអត្រាអាករនាំចេញកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ តទៅ។

សូមបញ្ជាក់ជូនថា វិធានការថ្មីបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើនរួចហើយរយៈពេលចុងក្រោយនេះសំដៅជួយទប់តម្លៃប្រេងឥន្ធនៈនិងជួយសម្រួលជីវភាពប្រជាពលរដ្ឋមានដូចជា៖

បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លារក្នុង១លីត្រ ដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។ បន្តបញ្ចុះតម្លៃ១សេនដុល្លារបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លារក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លារក្នុង១បារ៉ែល។ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង។ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់ ០ (សូន្យ) ដុល្លារ។ បញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% មក ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំងនិងម៉ាស៊ូតពី ១០% មកត្រឹម ៤% តែប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។

ព័ត៌មានទី២៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច្រកអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយផ្តោតលើការគោរពនិងអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយបទឈប់បាញ់ចូលជាធរមាន។ កាលពីថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួននិងតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ ដោយឡែក នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ ដដែល ប្រទេសវៀតណាមបានបញ្ជូននាយទាហានបន្តវេនពីររូបកមចូលរួមជាមួយក្រុម AOT ប្រចាំកម្ពុជាក្រោមការដឹកនាំរបស់ហ្វីលីពីនក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦។

ព័ត៌មានទី៣៖ នៅថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខវីរៈកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ក្រោយបានរងរបួសអំឡុងពេលបំពេញការងារ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវសារសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនដល់សាមីខ្លួន និងក្រុមគ្រួសារ ដើម្បីជាការលើកទឹកចិត្ត និងជូនពរដល់យោធិនដែលកំពុងសម្រាកព្យាបាលឱ្យឆាប់ជាសះស្បើយ និងក៏បានស្នើឱ្យក្រុមគ្រូពេទ្យមើលថែទាំពួកគាត់ឱ្យបានដិតដល់ជាទីបំផុតដើម្បីពួកគាត់អាចត្រឡប់ទៅកាន់គេហដ្ឋានវិញឆាប់ៗ។

សកម្មភាព និងវិធានការ ដូចបានលើកឡើងខាងដើម បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំចំពោះបូរណភាពទឹកដី និងសុខទុក្ខរបស់វីរកងទ័ពជួរមុខ ក៏ដូចជាសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសនៅក្នុងកាលៈទេសៈដែលពួកគេជួបការលំបាក។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ការការពារបូរណភាពទឹកដីនិងប្រជាជន គឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ ចំណែកសម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា «គោលដៅឆ្ពោះទៅមុខរបស់កម្ពុជា គឺការបញ្ចប់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ និងដើរលើមាគ៌ាសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិបានឡើយ»៕

សូមអរគុណ!

អត្ថបទទាក់ទង