សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម មេសុត អើសចាន់ (Mesut Özcan) ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋតួកគីយ៉េប្រចាំនៅកម្ពុជា ចូលជួបប្រគល់សារតាំង។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រដោយអបអរសាទរំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត របស់តួកគីថ្មីដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានចាត់ទុកវត្តមានដ៏ឆាប់រហ័សរបស់ ឯកឧត្តម មកកាន់ប្រទេសកម្ពុជានៅពេលនេះ គឺបញ្ជាក់អំពីការផ្ដល់តម្លៃចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។ សម្ដេចសង្ឃឹមថា វត្តមានរបស់ឯកឧត្តម ក្នុងបេសកកម្មជា ឯកអគ្គរដ្ឋទូតនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងតួកគីឱ្យកាន់តែរីកចម្រើនបន្តទៀត។
ឯកឧត្តម ឯកអគ្គរដ្ឋទូតតួកគី បានលើកឡើងថា ជាកិត្តិយសណាស់ដែលឯកឧត្តម បានមានឱកាសជួបនិងជូនសារតាំងចំពោះ សម្ដេចតេជោ ដែលជាប្រមុខរដ្ឋស្តីទី នៅពេលនេះ ហើយក្នុងតួនាទីរបស់ ឯកឧត្តមជា ឯកអគ្គរដ្ឋទូតថ្មីឯកឧត្តម នឹងខិតខំប្រឹងប្រែងនៅក្នុងការធ្វើយ៉ាងណាពង្រឹងនូវទំនាក់ទំនងឱ្យកាន់តែល្អរវាងកម្ពុជា និងតួកគី ហើយឯកឧត្តមបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីពូនជ្រុំបន្ថែមនៅទំនាក់ទំនងនេះឱ្យកាន់តែរឹងមាំ។
សម្ដេចតេជោ បានអរគុណនិងពេញចិត្តចំពោះការប្ដេជ្ញាចិត្តរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មី ក្នុងការលើកកម្ពស់ ទំនាក់ទំនងរវាងកម្ពុជា និងតួកគី។ សម្ដេចតេជោ បានពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរទាំងនៅក្នុងក្របខ័ណ្ឌនៃស្ថាប័ននីតិប្រតិបត្តិក្របខ័ណ្ឌនីតិបញ្ញត្តិ ដែលប្រទេសទាំងពីរបានធ្វើមកជាមួយគ្នា ហើយនាពេលកន្លងមកប្រទេសទាំងពីរមានជើងហោះហើរជាមួយគ្នា និងក៏មានស្ថានទូតនៅក្នុងប្រទេសនីមួយៗទៀតផង ដែលទាំងនេះ បង្ហាញយ៉ាងច្បាស់អំពីការផ្ដល់តម្លៃនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងតួកគី។ សម្ដេចតេជោ ក៏បានអរគុណចំពោះតួកគីដែលកន្លងមកបានចូលរួមចំណែកក្នុងការជួយដល់ កម្ពុជាជាពិសេសគឺការជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជា ហើយភាគីទាំងពីរនៅមានសក្កានុពលជាច្រើនទៀតដែលត្រូវពង្រឹងបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។
ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត តួកគីថ្មីទទួលជោគជ័យនៅក្នុងបេសកកម្មនៅក្នុងប្រទេសកម្ពុជា៕






