រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបង្ហាញនូវវឌ្ឍនភាពនៃការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង52-59
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបង្ហាញនូវវឌ្ឍនភាពនៃការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47 និង52-59
យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥បានឲ្យដឹងថា ការងារពាក់ព័ន្ធនឹងការចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្នរបស់ក្រុមវាស់វែងចម្រុះកម្ពុជា-ថៃនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 និងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 52-59 ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១- វឌ្ឍនភាពការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ 42-47
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-43 ដែលមានប្រវែងប្រមាណ ៧គ.ម. នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ក្រុមវាស់វែងចម្រុះ នៃភាគីទាំងពីរនឹងបន្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង។
២- វឌ្ឍនភាពការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះ បង្គោលលេខ 52-59
ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្តការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ដែលមានប្រវែងប្រមាណ ៨.៣គ.ម. នៅក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយបានបញ្ចប់ការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងសរុបចំនួន ១៦៦បង្គោលបណ្តោះអាសន្ន។ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរនឹងបន្តការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់ជូនជនរួមជាតិ និងសាធារណជនទាំងអស់សាជាថ្មីម្តងទៀតថា ការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងរបស់ក្រុមវាស់វែងចម្រុះ គឺជាការបន្តអនុវត្តការងារជាជំហានៗដើម្បីឈានទៅដល់ការខណ្ឌសីមាលើដី ធ្វើឡើងយ៉ាងហ្មត់ចត់និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលមានបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MOU)ឆ្នាំ២០០០, បែបបទការងារ (TOR)ឆ្នាំ២០០៣ និងស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ JBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។
ឆ្លៀតក្នុងឱកាសនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានអំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវ ការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕






