Grand News Asia Close

ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការសាងសង់ របងរបស់ថៃនៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ប្រកាសព័ត៌មាន ព័ត៌មានជាតិ អត្ថបទស្រាវជ្រាវ 1005
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការសាងសង់ របងរបស់ថៃនៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការសាងសង់ របងរបស់ថៃនៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)
ទាក់ទងនឹងការចោទប្រកាន់របស់ក្រុមប្រឆាំងជុំវិញការសាងសង់ របងរបស់ថៃនៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦


សំណួរទី១៖ តើការចោទប្រកាន់របស់ក្រុមប្រឆាំងដែលថា ភាគីថៃកំពុងសាងសង់របងលើទឹកដីកម្ពុជានៅតំបន់ព្រំដែនជាប់ខេត្តបាត់ដំបង ជាការពិតដែរឬទេ?

ចម្លើយ៖ មិនពិតទេ។ ការសាងសង់របងរបស់ភាគីថៃនៅទីតាំងនោះ គឺធ្វើឡើងនៅលើដែនដីរបស់ថៃ និងស្ថិតនៅក្នុងចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់៥៩ ដែលភាគីទាំងពីរបានឯកភាពគ្នារួចហើយទាំងខ្សែបន្ទាត់ព្រំដែន និងទីតាំងបង្គោលព្រំដែនតាំងពីខែមីនា ឆ្នាំ២០០៨ តាមរយៈក្រុមការងារបច្ចេកទេសរួមរបស់ស្ថាប័នជំនាញ។
ជាក់ស្តែង នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមបច្ចេកទេសចម្រុះនៃភាគីទាំងពីរ បានចុះវាស់វែង និងបោះបង្គោលបណ្តោះអាសន្នបន្ថែមនៅចន្លោះបង្គោលព្រំដែននីមួយៗ ដែលមានគម្លាត ៥០ម៉ែត្រពីគ្នា ដើម្បីបញ្ជាក់ភាពច្បាស់លាស់នៃខ្សែព្រំដែនលើដីជាក់ស្តែង។ ដូច្នេះ ការអះអាងនិងការចោទប្រកាន់ដោយបំភាន់ថាការសាងសង់នេះស្ថិតនៅលើទឹកដីកម្ពុជា គឺជាការបកស្រាយខុសពីការពិត និងខ្វះការផ្ទៀងផ្ទាត់ពីប្រភពបច្ចេកទេសផ្លូវការ។
ប្រការដែលក្រុមប្រឆាំងជ្រុលនិយមដូចជាបុគ្គល អ៊ុ សំអាន យកព័ត៌មានមួយចំនួនមកផ្សព្វផ្សាយដោយគ្មានការពិនិត្យឱ្យបានច្បាស់លាស់ ជាពិសេសការដែលពួកក្រុមប្រឆាំងទាំងនេះបានប្រើប្រាស់រូបភាព AI បង្កើតជាបង្គោលព្រំដែនអាចបង្កការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរដល់សាធារណមតិ។ សូមបងប្អូនប្រជាពលរដ្ឋចងចាំថា ការងារព្រំដែនជាបញ្ហារសើបដែលមិនអាចវាយតម្លៃតាមការប៉ាន់ស្មាន ឬការបំផ្លើសតាមបណ្តាញសង្គមបានឡើយ។

សំណួរទី២៖ តើអ្វីជាចេតនារបស់ក្រុមប្រឆាំងដែលយករឿងសាងសង់របងព្រំដែនរបស់ថៃនេះមកបំភាន់ និងបំផ្លើស?

ចម្លើយ៖ ការដែលក្រុមប្រឆាំងយករឿងសាងសង់របងព្រំដែនរបស់ថៃនេះមកបំផ្លើស គឺគ្មានគោលបំណងអ្វីក្រៅតែពីការបង្កឱ្យមានការយល់ច្រលំក្នុងចំណោមប្រជាពលរដ្ឋ, បំផុសអារម្មណ៍ជាតិនិយមដោយគ្មានមូលដ្ឋានច្បាស់លាស់ និងបង្កការសង្ស័យលើការងាររបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ។
ប៉ុន្តែ តាមពិត អាជ្ញាធរជំនាញផ្នែកព្រំដែនកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងអាជ្ញាធរដែនដី បាននិងកំពុងបន្តតាមដាន និងពិនិត្យករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធានាថា ការសាងសង់របងនៅចន្លោះបង្គោលព្រំដែនលេខ ៥២-៥៤ នេះ ធ្វើឡើងដោយមិនបំពានលើបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។

សំណួរទី៣៖ តើកម្ពុជាមានគោលជំហរយ៉ាងដូចម្តេចចំពោះបញ្ហានេះ?

ចម្លើយ៖ គោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺច្បាស់លាស់ និងមិនប្រែប្រួលឡើយ។ កម្ពុជាការពារបូរណភាពទឹកដីដោយភាពម៉ឺងម៉ាត់ តាមរយៈយន្តការការទូត ផ្អែកលើច្បាប់អន្តរជាតិ និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ក្នុងជំនួបត្រីភាគីនៅកោះសេប៊ូ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អំពីភាពចាំបាច់ក្នុងការអនុវត្តចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយត្រូវចុះវាស់វែងលើដីជាក់ស្តែងភ្លាមៗ ដោយមិនពន្យារពេល។

ក្នុងករណីនេះ ប្រសិនបើមានសកម្មភាពណាមួយរំលោភចូលមកលើទឹកដីកម្ពុជា ឬផ្ទុយពីកិច្ចព្រមព្រៀងដែលមានស្រាប់ នោះអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនឹងធ្វើប្រតិកម្មភ្លាមៗតាមយន្តការទ្វេភាគី និងវិធានការផ្លូវច្បាប់សមស្រប។

ទន្ទឹមនឹងនេះ កម្ពុជានៅតែប្រកាន់ខ្ជាប់គោលការណ៍ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ការងារបច្ចេកទេស និងកិច្ចព្រមព្រៀងដែលមានស្រាប់។ ភាពស្ងប់ស្ងាត់ និងការប្រុងប្រយ័ត្នរបស់រាជរដ្ឋាភិបាល មិនមែនជាកម្សោយនោះទេ ប៉ុន្តែជាការបង្ហាញពីការដឹកនាំដោយប្រាជ្ញា ព្រោះបញ្ហាអធិបតេយ្យភាព គឺជាបញ្ហាស្លាប់រស់របស់ជាតិ ដែលត្រូវដោះស្រាយដោយភាពម៉ត់ចត់ និងការទទួលខុសត្រូវខ្ពស់បំផុត៕

អត្ថបទទាក់ទង