អ្នកជំនាញអារ្យធម៌ខ្មែរ៖ ស្រ្ដីទី១នៃកម្ពុជា ទឹកចិត្តកតញ្ញូគោរពដឹងគុណដល់វីរយុទ្ធជនពលី គឺជាបេតិកភណ្ឌសីលធម៌ជាតិ
អ្នកជំនាញអារ្យធម៌ខ្មែរ៖ ស្រ្ដីទី១នៃកម្ពុជា ទឹកចិត្តកតញ្ញូគោរពដឹងគុណដល់វីរយុទ្ធជនពលី គឺជាបេតិកភណ្ឌសីលធម៌ជាតិ
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងគុណតម្លៃស្រ្ដីក្នុងអរិយធម៌ខ្មែរ, បើនិយាយអំពីទឹកចិត្ដកតញ្ញូគោរពដឹងគុណរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជាស្ត្រីទី១នៃកម្ពុជាដ៏ឆ្នើម ដែលបានចំណាយពេលវេលាមិនគិតពីការនឿយហត់ គ្មានយប់ថ្ងៃ ដោយធ្វើដំណើរទៅគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតនៅលើសមរភូមិ និងដើម្បីផ្តល់ភាពកក់ក្តៅដល់ក្រុមគ្រួសារសព នៅតាមបណ្ដាមូលដ្ឋានខេត្តមួយចំនួននៃកម្ពុជា។
នេះគឺបានឆ្លុះបញ្ចាំងអំពីតម្លៃនៃស្រ្តីខ្មែរ ជាតួអង្គស្នូលគ្រប់គ្រងសិរីសួស្ដីក្នុងគ្រួសារ ធ្វើឲ្យគ្រួសារមានសេចក្តីសុខ គឺជាគ្រឹះនៃសីលធម៌ជាតិ។ ព្រោះចំពោះកតញ្ញូគោរពដឹងគុណដល់យុទ្ធជនពលីក្នុងសមរភូមិ ដែលជាបុព្វការី ព្រមទាំងការគោរពដឹងគុណឪពុកម្តាយ ចាស់ព្រឹទ្ធាចារ្យ ជាឫសគល់នៃវប្បធម៌ខ្មែរ ដែលស្រ្តីជាអ្នកថែរក្សានូវអត្តសញ្ញាណជាតិ ភាពថ្លៃថ្នូរ ប្រកបដោយគុណធម៌និងជាអ្នកបន្តវេន ដោយនាំមកនូវសិរីមង្គលសង្គមជាតិទាំងមូល។
បានសេចក្ដីថា កតញ្ញូគោរពដឹងគុណបុព្វការី មិនមែនជាបន្ទុកនោះទេ ប៉ុន្តែវាគឺជា «មង្គល» និងជា «អំណាចទន់» របស់ស្រ្តី។ នៅពេលស្រ្តីកាន់យ៉ាងខ្ជាប់ខ្ជួននូវធម៌កតញ្ញូដឹងគុណដ៏ប្រពៃនោះ សិរីសួស្តីនឹងកើតមានទាំងក្នុងខ្លួនឯង គ្រួសារ និងជាសសរស្តម្ភនៃសន្តិភាព។
លោក រ័ត្ន សណ្តាប់ បន្ដថា ចំពោះភាពទន់ភ្លន់របស់ស្រ្ដីទី១នៃកម្ពុជា ខ្មែរបុរាណ ហៅថា «សំណាបយោងដី ស្រីយោងប្រុស» ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍជាតិ។ ដោយភាពទន់ភ្លន់នេះមិនមែនជាភាពទន់ជ្រាយឡើយ ប៉ុន្តែគឺជា”អំណាចត្រជាក់” ជាកម្លាំងចលករនាំឲ្យជាតិទាំងមូលមានសិរីមង្គល និងការរីកចម្រើនប្រកបដោយចីរភាព ជាទីមោទនភាពជាតិលើឆាកអន្តរជាតិ។
ព្រោះលោកជំទាវបណ្ឌិត មិនត្រឹមតែជាតួអង្គស្រ្ដីទី១ នៃកម្ពុជា ក្នុងប្រវត្តិសាស្ត្រដ៏ខ្ពង់ខ្ពស់សម័យទំនើបស.វ.ទី២១ប៉ុណ្ណោះទេ ប៉ុន្តែលោកជំទាវគឺជា “និមិត្តរូបនៃបញ្ញាញាណ” និងផ្ដល់គុណតម្លៃយ៉ាងជ្រាលជ្រៅដល់សីលធម៌ខ្មែរដូចខាងក្រោម៖
១៖ សីលធម៌នៃការជួយកិច្ចការប្រទេសជាតិក្នុងគ្រាលំបាក, ក្នុងនាមជាស្ត្រីទី១នៃកម្ពុជា ដែលមានចំណេះដឹងខ្ពង់ខ្ពស់បំផុតក្នុងសម័យទំនើបនេះ លោកជំទាវ មិនមែនត្រឹមតែជាមេផ្ទះអប់រំបុត្រធីតាដ៏ប្រពៃនោះទេ គឺលោកជំទាវបានដើរតាមគន្លងព្រះពុទ្ធសាសនា ប្រើប្រាស់ចំណេះដឹងដើម្បីជួយជ្រោមជ្រែងកិច្ចការនយោបាយ និងសង្គមជាតិ គ្រប់កាលៈទេសៈជាតិជួបការលំបាក។
២៖ សីលធម៌នៃការលះបង់និងមេត្តាធម៌, ក្នុងនាមជាស្ត្រីទី១នៃកម្ពុជាលោកជំទាវបណ្ឌិត មិនបានប្រើអំណាចដើម្បីតែសុភមង្គលផ្ទាល់ខ្លួនឡើយ។ ប៉ុន្តែលោកជំទាវ បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន គ្មានគិតពីការនឿយហត់ ដើម្បីជួយសង្គ្រោះជនងាយរងគ្រោះ ដល់កុមារកំព្រា និងស្ត្រីដែលជួបការលំបាក ដោយទឹកចិត្តចិត្តសប្បុរសនិងសទ្ធាជ្រះថ្លា។
៣៖ សីលធម៌ការគោរពនិងគាំទ្រស្វាមី, ទោះបីជាលោកជំទាវមានបញ្ញាខ្ពង់ខ្ពស់ ក៏លោកជំទាវ នៅតែរក្សាតួនាទីជាភរិយាដ៏មានភក្តីភាព បំពេញចន្លោះខ្វះខាត និងជាកម្លាំងចិត្តដល់ស្វាមីក្នុងការដឹកនាំប្រទេស។ ភាពអត់ធ្មត់ក្នុងកិច្ចការជួយដល់ប្រទេសជាតិមិនខ្លាចនឿយហត់របស់លោកជំទាវ បានឆ្លុះបញ្ចាំងស្ត្រីជាអ្នកប្រាជ្ញ ជាអ្នកអប់រំ ជាអ្នកដឹកនាំស្មារតី ពីភាពអត់ធ្មត់ចំពោះឧបសគ្គទាំងឡាយក្នុងជីវិត និងការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវសេចក្តីថ្លៃថ្នូរ។
៤៖ សីលធម៌កតញ្ញូដឹងគុណជាគ្រឹះនៃសន្តិភាពនិយម, ក្នុងនាមជាស្ត្រីទី១នៃកម្ពុជា លោកជំទាវ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវកតញ្ញូដឹងគុណដល់បុព្វការី ព្រមទាំងមាតាបិតា តាមគន្លងព្រះពុទ្ធសាសនា ជាការបណ្តុះស្មារតីសន្តិភាពនិយម និងអហិង្សា ដែលជាតម្លៃស្នូលនៃសីលធម៌ខ្មែរតាំងពីបរមបុរាណរៀងមក។
ក្នុងសម័យទំនើបនេះតួនាទីស្រ្តី ក្នុងវប្បធម៌ខ្មែរ ត្រូវបានឲ្យតម្លៃកាន់តែខ្លាំងលើចំណេះដឹង,សមត្ថភាព, ភាពទន់ភ្លន់ខាងចរិយា និងភាពរឹងមាំខាងចំណេះដឹង គឺជា”សម្រស់ខាងក្រៅ” ជាមួយនឹង “វិជ្ជានិងគុណធម៌ខាងក្នុង” ដើម្បីជាចន្ទល់ទ្រយ៉ាងរឹងមាំដល់គ្រួសារនិងសង្គមជាតិ។ ដូច្នេះ ទឹកចិត្តកតញ្ញូគោរពដឹងគុណដល់វីរយុទ្ធជនពលី របស់លោកជំទាវទី១នៃកម្ពុជាគឺជា “បេតិកភណ្ឌសីលធម៌ជាតិ”៕
-Fresh News-





