Grand News Asia Close

សម្រង់សារសម្លេង សម្ដេចតេជោ ហ៊ុន សែន បកស្រាយការចោទប្រកាន់របស់ សេង សារី, ជំរើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការព្រមានដល់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃ

ដោយ៖ Morm Sokun ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២៦ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 1022


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងប្រធាន​គណបក្សប្រជាជន បកស្រាយការចោទប្រកាន់របស់ សេង សារី, ជំរើសដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងការព្រមានដល់សកម្មភាពលួចនាំចូលទំនិញពីប្រទេសថៃ


CNV:

(សេង) សារី! ពុកបានស្ដាប់ការសម្ភាសន៍របស់កូន (និង)ការលើកមតិរបស់កូន នៅក្នុងវិទ្យុ RFI របស់បារាំង។ កូនបែរជានិយាយអំពីការដែលពុកលុបសារ។ ពុកគ្រាន់តែបញ្ជាក់ឡើងវិញថា​ កូនចូលទៅមើលឡើងវិញក្នុង Page របស់ពុកទៅ។ ពុកមិនដែលបានលុបសារទេ។ គ្មានហេតុផលនឹងលុប​សាររបស់ពុកទេ … ពុកជូនសារទៅកាន់ប្រជាពលរដ្ឋ ដែលប្រៀបធៀបថា “ការរបួសកូនដៃមួយ មិនគួរធ្វើឲ្យរូបកាយទាំងមូលពិការនោះទេ”។ (ការនិយាយដូច្នេះ) មិនមែនពុកទុករឿងជាតិ រឿងទឹកដី ស្មើនឹងកូនដៃនោះទេ។ ប៉ុន្តែ យើងពិនិត្យមើល (ក្នុង)ទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា (តើ)យើងរងការទន្ទ្រានកាន់កាប់ពីសំណាក់ភាគីថៃប៉ុន្មាន? ហើយទឹកដីប៉ុន្មានហិក​តានោះ មិនមែនក្លាយជាដីថៃជាស្ថាពរនោះទេ។ យើងនៅតែបន្តការតស៊ូយកត្រឡប់មកវិញ ដោយមធ្យោបាយសន្តិវិធី។

ជម្រើសមានតែ២ទេ។ ទី១ វាយប្រហារដណ្ដើមយកទឹកដីនោះមកវិញ។ តើកូនយល់ពីជម្រើសនេះឬទេ? (តើ)ហ៊ានមកចូលរួមឬទេ? ជម្រើសបែបនេះគឺការប្រើប្រាស់ជីវិតរបស់ទាហាន គឺធ្វើឲ្យទាហានស្លាប់ និងរបួស ធ្វើឲ្យប្រជាជនស្លាប់និងរបួស និងបង្កើតឲ្យមានជនភៀសសឹកឡើងវិញ។ (កាលពីការកើតមានសង្គ្រាមនាពេលកន្លងទៅ) មាន(ជនភៀសសឹក)រហូតទៅដល់ ៦០ទៅ ៧០ម៉ឺននាក់ឯណោះ។ តើវាគួររើសយកជម្រើសនេះឬទេ? ឬក៏ត្រូវបន្តជម្រើសសព្វថ្ងៃ តាមរយៈការពង្រឹងបទឈប់បាញ់ ហើយការចរចាដោះស្រាយតាមយន្តការដែលមានស្រាប់ ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀង សេចក្ដីថ្លែងការណ៍ឈប់បាញ់ (ពិសេស)ទាក់ទងនឹងកថាខណ្ឌស្ដីពីដំណើរការវាស់វែងតាមព្រំដែនបន្តទៀត ដោយយន្តការទ្វេភាគីដែលមានស្រាប់។

ជម្រើសមានតែ២ទេ គឺមួយវាយគ្នា ឯមួយទៀតគឺដោះស្រាយដោយសន្តិវិធី។ មិនថានៅប្រទេសណានោះទេ រដ្ឋាភិបាលគ្មានសិទ្ធិនឹងកាត់ទឹកដីឲ្យអ្នកណាទេ។ យើងមិនទទួលស្គាល់ការប្រើប្រាស់កម្លាំងកាន់កាប់លើការជាក់ស្ដែងទេ ក៏ប៉ុន្តែពួកកូននិងពួកអ្នក(មួយចំនួន)នៅក្រៅប្រទេស បានប្រើប្រាស់វិធីនេះ។ ធ្វើយ៉ាងនេះ វាមិនខុសពីការរុញភ្លើងឲ្យឆេះកាន់តែខ្លាំង (ដែល)វាមិនត្រឹមតែរាលដាលសភាពការណ៍នៅតាមទល់ដែនទេ (តែ)វារាលដាលដល់និងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចសង្គមកាន់តែអាក្រក់។ (ធ្វើដូចនេះ តើ)ពួកកូនសព្វថ្ងៃគិតពីអី? (តើ)អ្នកដទៃគិតពីអី? គ្រាន់តែនាំគ្នាចូលឆ្នាំ ក៏ចូលមិនបាន។ (ខណៈកំពុងប្រារព្ធពិធីបុណ្យ)ចូលឆ្នាំ(នៅឯណេះ) … (តើ)កងទ័ពនៅទល់ដែនកំពុងតែដេកយំ ឬកំពុងទទួលបាននូវការយកចិត្តទុកដាក់?

សូម្បីតែជនភៀសខ្លួន ក៏កំពុងបានយកចិត្តទុកដាក់ដែរ។ ករណីចូលឆ្នាំ តើទៅឃាត់ទេវតាមិនឲ្យចុះបានឬ? ឃាត់ប្រជាជនជិត ១៨លាននាក់មិនឲ្យសប្បាយរីករាយឬ? វាមិនអាចទៅរួចទេ! កូន។ សង្គមមួយត្រូវមានចលនា។ ប្រៀបធៀបទៅនឹងសរីរាង្គខ្លួនប្រាណរបស់យើងទាំងមូល កូនដៃរបស់យើងដែលកំពុងតែរបួស ត្រូវការព្យាបាលវា។ តែយើងត្រូវតែធ្វើចលនា ដើម្បីឲ្យសេដ្ឋកិច្ច សង្គម វប្បធម៌ សាសនា បន្តដំណើរ មិនអាច(ទុកអោយ)ស្ថានភាពបែបនេះ (ដាក់)យើង(អោយ)បន្តនៅក្នុងស្ថានភាពបង្កើតឲ្យមានរឿងរ៉ាវកាន់តែធំ កើតឡើងនូវជម្លោះប្រដាប់អាវុធ (ដែលបង្កការ)ស្លាប់/របួសកងទ័ព និងកើតមានប្រជាជនភៀសសឹកតទៅទៀតនោះទេ។ (យើង)ត្រូវតែជំរុញឲ្យសេដ្ឋកិច្ចសង្គមបន្តដំណើរការ។

កូនបាននិយាយថា “ត្រូវតែបកស្រាយ(អំពីថា)យកវិធីតាមរបៀបណា?”។ កូនប្រហែលជាចង់លើកពីតម្លាភាព … វិធីចរចា មិនថាអ្នកណាជាអ្នកណា ប្រទេសណាជាប្រទេសណាទេ បើប្រាប់គេអស់ទៅហើយ ចាំបាច់ចរចាធ្វើអី?​ (កាលបើ)យើងមានអ្វីដែលជាភាពរឹងមាំរបស់យើង អ្វីដែលជាយុទ្ធវិធីរបស់យើង(ហើយ) (ការសំរេចថា)តើយើងដើរក្រឡាណាទៅមុន ក្រឡាណាក្រោយ យន្តការណាទៅមុន យន្តការណាទៅក្រោយ ត្រូវមានការព្រមព្រៀងគ្នា។ អញ្ចឹងទេ ពុកមិនយល់ពីពួកកូនទេ ជាពិសេសកូនឯងហ្នឹងតែម្ដង។ កូនយល់ពុកច្បាស់ហើយ។ កូន(បានលើកឡើង)សុទ្ធតែ(ថា “ពុក)លុបសារ។ ត្រូវតែចេញមកបកស្រាយ”។ សូមសារីកុំព្រហើនពេក … អ្នកឯងជាបណ្ឌិតក៏ដោយ តែអាយុនៅក្មេង។ មិនមែនហៅ “អា” មិនបានទេ។ ពួកលោកឯងហ្នឹង ក៏ធ្លាប់ហៅអញ “អា” ដែរ។ តែពុកមិនប្រមាថកូនឯងទេ។ តែឃើញថាពួកកូនឯងជ្រុលហួស។ ថាពួកអាចង្រៃផ្សេងទៀតទៅ រឿង(លើកឡើងខុសទំនង)ហ្នឹង(ជារឿង)របស់វា។ ប៉ុន្តែ រឿង(ហ្នឹង សំរាប់)កូនឯង (វា)មិនសមទេ។

ពុកធ្លាប់អនុគ្រោះឲ្យកូនឯង។ ចុងក្រោយ កូនឯងស្នើសុំលុយពីពុកបង្កើតបក្ស។ កូនឯងស្នើលុយពុកដើម្បីចូលទៅបង្កប់ខ្លួនជាមួយផ្នែកខាងនោះ។ តើកូនចង់ឲ្យពុកបង្ហោះបន្ថែមនូវសារឆ្លើយឆ្លងគ្នាដែលមិនទាន់បានបង្ហោះរាប់រយហ្នឹងតទៅទៀតឬម៉េច? កូនឯងនៅក្នុងប្រទេសមិនបាន វាជារឿងរបស់កូនឯង។ (កូនឯងចង់)ព្រាត់ប្រាសទៅណាក៏ព្រាត់ទៅ។ គេមិនថាអីទេ។​ សូម្បីតែមួយរយៈចុងក្រោយហ្នឹង (ក្នុង)ពេល(មានការ)វាយគ្នា ពុកមិនមែនម្ចាស់ការវាយទៅកូនឯងទេ។ កូនឯងម្ចាស់ការវាយមកពុកដើម្បីជូនព័ត៌មាន យុទ្ធវិធីមកពុក​ ដើម្បីឲ្យពុកបន្តវាយឈ្លបលើកងទ័ពថៃ ប្រទេសថៃ ដើម្បីឲ្យថៃបែកបាក់គ្នា បោះឆ្នោតមិនបាន អីមិនបាន … កូនឯងជាអ្នកទាក់​ទងមកពុក។ មិនមែនពុកទៅទាញកូនឯងមកទេ។ តើកូនឯងជាមនុស្សបែបណា? ឡប់ឬឆ្កួត ឬជាធម្មតា? ខួរក្បាលបណ្ឌិតស្អី? … ម្ដងហើយម្ដងទៀត ពុកសូមប្រាប់កុំបង្ខំឲ្យពុកបង្ហោះសារចេញ …។

(ដែល)កូនឯងហ៊ានបោកពុកប៉ុណ្ណឹង កូនឯងទៅណា ក៏គង់តែបោកគេដែរ។ នៅតែបោកហ្នឹង។ ពុកចង់ឲ្យកូន​ឯងទៅធ្វើជាក្រុមប្រឆាំងឲ្យវាច្បាស់លាស់ទៅ … (វាជាអាកប្បកិរិយា)ព្រហើនពេក។ ទាមទារឲ្យបកស្រាយ។ អ្នកដែលមានសិទ្ធិទាមទារឲ្យមានការបកស្រាយមានតែសភាទេ ដែលហៅទៅដេញដោល … បើសិនសភាហៅទៅដេញដោល ក៏រដ្ឋាភិបាលមានសិទ្ធិលាក់កិច្ចការមួយចំនួនជាសន្លឹកបៀរនៃការចរចាដែរ។ មិនមែនយកទៅផ្ងារទាំងអស់ទេ។ បើផ្ងារទាំងអស់ … ចាំបាច់ទៅចរចាធ្វើអី? … សូមស្ដាប់សម្លេងខ្លួនឯងក្នុងវិទ្យុបារាំងឡើងវិញ។ ថា អ៊ំ សំអាន ឆ្កួតទៅហើយ ចុះកូនឯងដែលចាត់ទុកថាជាមនុស្សកណ្ដាលនេះយ៉ាងម៉េចដែរ? ស្ដាប់គ្នាបានទេ? កូនឯងឆ្លើយអោយពុកមក?

ដើម្បីបញ្ចៀសការស្លាប់ និងរបួសរប្រជាជនខ្មែរ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ នាំទៅដល់ការជម្លៀសប្រជាជន ៦០ទៅ ៧០ម៉ឺននាក់ថែមទៀត រាប់ទាំងពួកប្រឆាំងនៅខាងក្រៅប្រទេស (តើ)យកជម្រើសវាយគ្នាឬមួយយកចរចាដោយសន្តិវិធី? តើត្រូវវាយគ្នា ឬត្រូវចរចា … ខាងរាជរដ្ឋាភិបាលបានបញ្ជាក់ហើយ ​គឺគ្រប់គ្រងនិងរក្សាអោយបាននូវកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីឈានទៅរកការវាស់វែងព្រំដែន ដូចដែលមានចែងនៅក្នុងសេចក្ដីប្រ​កាសស្ដីពីបទឈប់បាញ់កាលពីខែធ្នូ(២០២៥)។ រដ្ឋាភិបាលមិនចោលទឹកដីហ្នឹងនោះទេ ប៉ុន្តែត្រូវ​ប្រើពេល​ច្រើនថ្ងៃនិងរយៈពេលវែង មិនមែនមួយថ្ងៃឬពីរថ្ងៃទេ។

បទពិសោធន៍កាលពីបណ្ដឹងព្រះវិហារ ការកាត់ក្ដីតាំងពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ទើបដោះស្រាយបាន។ ក្រោយមកឆ្នាំ២០០៨ យើងស្នើអោយតុលាការអន្តរជាតិ ឡាអេ បកស្រាយ។ យើងក៏បានប្រើពេលហោចបំផុតពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៣ ទើបតុ​លាការអន្តរជាតិ ឡាអេ បកស្រាយបាន។ (តែដែល)ពួកកូនឯងចង់អោយយកមួយថ្ងៃឬពីរថ្ងៃ (តើជាការសមស្របទេ)? ដោយសារតែត្រូវរង់ចាំរបៀបនេះ ដើម្បីជៀសវាងផ្លូវដើរនៃការដែលត្រូវប្រើ​ប្រដាប់អាវុធដណ្ដើមយកទឹកដីនេះវិញ ដែលនាំ​ដល់ការស្លាប់និងរបួសកងទ័ព បានជាយើងសុខចិត្តរៀប​ចំផ្ទះសម្បែងជាបណ្ដោះអាសន្នអោយបងប្អូនប្រជាពលរដ្ឋ។ ឬកូនឯងត្រូវការអោយកងទ័ព និងប្រជាជនស្លាប់និងរបួស ការខូចខាតនានាបន្ថែមទៀត បានពួកកូនឯងអស់ចិត្ត? (សូម)ប្រាប់ត្រង់ៗមកថា (ចង់ឱ្យ)វាយយក។

ក្រុមប្រឆាំងនៅ(តែ)និយាយ(ពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស) ២៣តុលា។ ត្រូវ។ ប៉ុន្តែ(តើ) សុពលភាព(នៃកិច្ចព្រមព្រៀងសន្តិភាព)​២៣តុលា នៅត្រង់ណា? វានៅត្រឹមតែសហប្រធានសន្និសីទទីក្រុងប៉ារីសតែប៉ុណ្ណឹង។ តើសហប្រធាន(សន្និសីទ)ទីក្រុងប៉ារីសកោះប្រជុំឬ? ក្នុងហ្នឹង ចំណុចដែលនៅសល់(មាន)សុពលភាពត្រង់ថាប្រ​ទេស​ទាំងអស់ត្រូវគោរពឯករាជ្យអធិបតេយ្យភាពរបស់កម្ពុជា។ ថៃក៏ជាហត្ថលេខីដែលត្រូវគោរព។ តែថៃគេអាចនឹងអះអាងថា “​កម្ពុជាឈ្លានពានគេ។ គេប្រើកម្លាំងដើម្បីយកត្រឡប់ទៅវិញ”។ វាច្បាស់ណាស់ថាថៃជាអ្នកផ្ទុះអាវុធមុន … កាលពីមុន ចោទសួរថា​អ្នកណាបាញ់អ្នកណាមុន?

ពេលដែលមានការបកស្រាយលើកក្រោយនេះដែលចេញមកថា “កម្ពុជាបានទៅនៅលើដីគេ ៣០ទៅ ៤០ឆ្នាំ មិនព្រមចេញ ទើបគេប្រើកម្លាំងយកត្រឡប់ទៅវិញ”។ ថៃប្រកាសថាគោរព(កិច្ចព្រមព្រៀង)ទេតើ។ តើវាមានន័យអីទៀតសម្រាប់ការកោះប្រជុំ។ យើងមិនទាត់ចោលទេលទ្ធភាពដែលយើងនឹងស្នើទៅសហប្រធានសន្និសីទទីក្រុងប៉ា​រីស ប៉ុន្តែពុកបានប៉ាន់ស្មានរួចស្រេចហើយថា “បើកោះ​ប្រជុំ យើង(ក៏នឹង)ប្រកាសអោយគេ(ថៃ)គោរពឯករាជ្យអធិប​តេយ្យ។ គេ(ថៃនឹង)ថា គោរព តែគេសុំអោយកម្ពុជាគោរពវិញដែរ”។ ហ្នឹងស្មើទៅមក។ ដោយហេតុនេះ ជម្រើសដែលល្អបំផុត គឺបញ្ចៀសការស្លាប់និងរបួសសម្រាប់ប្រជាជនបន្ថែមទៀត។

កន្លងទៅ យើងមិនចង់បានសង្គ្រាមទេ និងចង់បានការដោះស្រាយដោយសន្តិវិធី ក៏ប៉ុន្តែយើងជៀសមិនបាន។ ដូច​ដែល​អ្នកនាំពាក្យថៃបានបញ្ជាក់ថា “កម្ពុជាបាន​នៅលើទឹកដីគេ ៣០ទៅ ៤០ឆ្នាំហើយ មិនព្រមចេញ។ ដូច្នេះគេប្រើកម្លាំងដើម្បីយកត្រឡប់ទៅវិញ”។ មានន័យថា ការផ្ទុះអាវុធនៅខែ០៧ គឺថៃជាអ្នកផ្ដើមផ្ទុះអាវុធមុន។ ​គេធ្វើសកម្មភាពទូទាំងព្រំដែនទាំងអស់។ កូនចង់ចូលក្នុងអន្ទាក់របស់គេដែលកំពុងដាក់ ឬក៏​ត្រូវធ្វើយ៉ាងម៉េច? ពុកសូមបញ្ជាក់​សាជាថ្មីម្ដងទៀត។ ដែលកូនផ្ញើសារមកអោយពុកកាលពីខែធ្នូ(២០២៥) និង​ដែលពុកតបត្រប់ឡប់ទៅវិញក្នុងពេលដែល កូន សេង សារី ជំរុញពុកអោយធ្វើសកម្មភាពវាយឈ្លបទៅលើថៃ។ (ក្នុងសារ)ផ្ញើត្រឡប់ទៅ(កូន)វិញ ពុកបានសរសេរថា “ខិតខំជំរុញអោយមានការឈប់បាញ់អោយបានឆាប់”។

នេះជាចំណុចចាប់ផ្ដើមនៃជំហរដែលបញ្ជូនអោយកូន។ កម្ពុជាត្រូវការសន្តិភាព មិនត្រូវការសង្គ្រាមទេ។ កម្ពុជាត្រូវការដោះស្រាយដោយសន្តិវិធី មិនមែនដោយកម្លាំងប្រដាប់អាវុធទេ។ ឥឡូវនេះ តើពួកកូនចង់អោយ(ស្ថានការណ៍វិវត្តន៍ដូចម្តេច សូម)ម៉េចនិយាយអោយច្បាស់។ នាយករដ្ឋមន្ត្រីបានបញ្ជាក់ហើយ “ទោះបីនៅសល់ ១%ក៏ត្រូវតែប្រើប្រាស់វិធាន(សន្តិវិធី)ដើម្បីទទួលបាននូវសន្តិភាព” ដែលមិនមែនគ្រាន់តែសម្រាប់ប្រជាជនកម្ពុជាទេ តែក៏សម្រាប់ប្រជាជនថៃផងដែរ។

ក្រែងពួកកូនមានការយល់ច្រឡំ (ពុក)សូមបញ្ជាក់ថា សារព័ត៌មានថៃដែលបានចេញប៉ុន្មានថ្ងៃនេះ(ផ្សាយ)​ថា “កម្ពុជាស្នើបើកព្រំដែនឡើងវិញ​”។ តែល្ងាចនេះ ឃើញនាយករដ្ឋមន្ត្រីបញ្ជាក់ថា អត់ទាន់មានការជជែកគ្នា ហើយក៏គ្មានសំណើពីភាគីកម្ពុជាដែរ។ (សូមអះអាងថា)ខាងភាគីកម្ពុជា គ្មានហេតុផលណាមួយនឹងលើកសំណើសុំបើកព្រំដែនឡើងវិញទេ។ (ថៃ)ជាអ្នកបិទ (ដូចនេះ)ថៃជាអ្នកបើក។ តែប៉ុណ្ណឹងឯង។ ពុកធ្លាប់បញ្ជាក់ហើយទោះបីបិទ ១០០ឆ្នាំទៀតឬ ៥០០ឆ្នាំទៀត ក៏អាស្រ័យទៅលើថៃដែរ។ កុំយករឿងហ្នឹងទៅនិយាយទៀត វានាំតែខុសទេ … បានជាចេញសារទៅហើយ (ក៏សូម)បញ្ជូន(សារនេះ)ចេញតែម្ដង ទោះ​បីជាសម្ដីគ្រោធគ្រាធបន្តិច ក៏ប៉ុន្តែពុកត្រូវតែឆ្លើយតបជាមួយកូន សេង សារី អោយបានច្បាស់។

ពុកមិនស្ដាយក្រោយទេ ពេលដែលពុកឧបត្ថម្ភកូន ជួយកូន រាប់ទាំងជំនួយចុងក្រោយដែលកូនសុំបង្កើតបក្សនយោ​បាយ និងសុំលុយចូលទៅបង្កប់ផ្ទៃក្នុងរបស់បក្សប្រឆាំង។ វាជាការគួរអោយសោកស្ដាយដែលវាបែកធ្លាយសារសម្លេង កុំអីពុកត្រូវប្រើកូនចូលទៅក្នុងជួរក្បាលម៉ាស៊ីនរបស់ពួកប្រឆាំងដែរ។ កូនជាអ្នកសុំធ្វើចារកម្មអោយពុក មិនមែនពុកប្រើ​កូនទៅធ្វើចារកម្មទេ។ សម្ដីដែលកូនសុំលុយពុកធ្វើដំណើរទៅអាមេរិក ដើម្បីចូលឲ្យកៀកជាមួយពួកនោះ តើមានន័យថាម៉េច? មានន័យថា កូនសុំពុកធ្វើជាចារកម្ម។ យល់ទេ?

ពុក សូមបញ្ជាក់ឡើងវិញ។ ប៉ុន្មានថ្ងៃនេះ សារព័ត៌មានថៃបានចុះថា កម្ពុជាស្នើបើក(ព្រំដែនឡើងវិញ)។ មិនដូចនោះទេ។ ទោះបីថានាយករដ្ឋមន្រ្តីជាកូនរបស់ ពុក មែន តែពុកជាប្រធានគណបក្សនយោបាយ។ ពុកមានសិទ្ធិផ្ដល់ការណែនាំចំពោះគ្រប់តួអង្គទាំងអស់។ ពុកមានសិទ្ធិរៀបចំអ្នកណាធ្វើប្រធានរដ្ឋសភា អ្នកណាធ្វើអនុប្រធាន អ្នកណាធ្វើនាយករដ្ឋមន្រ្តី អ្នកណាធ្វើអីៗ … ព្រោះពុកជាប្រធានគណបក្សកាន់អំណាច។ នៅកម្ពុជា ប្រព័ន្ធបោះឆ្នោតជាប្រព័ន្ធសមាមាត្រ ដែលប្រធានគណបក្សកាន់អំណាចមានសិទ្ធិ។ តែពុកមិនចេញបញ្ជាជំនួសនាយករដ្ឋមន្រ្តីទេ។ ពុកស្គាល់ច្បាប់។ ពុក ធ្វើនាយករដ្ឋមន្រ្តីរយៈពេល ៣៨ឆ្នាំ ជាមួយមុខតំណែងដទៃទៀត ៤៧ឆ្នាំ (ក៏គ្រប់គ្រាន់នឹងកំណត់បានថា)អាជីពនយោបាយរបស់ពុកអាចច្រើនជាងអាយុរបស់កូន …។

ពុក ក៏សូមជូនសារទៅប្រជាជនកម្ពុជា។ សូមកុំសង្ឃឹមលើការបើកច្រកព្រំដែនកម្ពុជា-ថៃ។ សូមឲ្យអ្នកទាំង​ឡាយណាដែលនាំទំនិញថៃចូល បញ្ឈប់ជាបន្ទាន់ ដើម្បីចៀសវាង(វិធានការពី)សមត្ថកិច្ចកម្ពុជានិងថៃ ដែលលឺថាមានការចាប់បាននៅខេត្តកោះកុងឯនោះ។ សូមកុំបន្ត។ កម្ពុជាមានទំនិញគ្រប់គ្រាន់ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួនហើយ មិនចាំបាច់មានទំនិញមកពីប្រទេសដែលគេ(ប្រកាន់ជំហរ)រឹតត្បិត(ចំពោះ)កម្ពុជា​និងថាមានការរត់ពន្ធទំនិញ(របស់)គេចូលមកកម្ពុជា(ទេ)។ ដោយហេតុនេះ សូមអោយមានការសហការ ដែលខាងកម្ពុជាទប់ស្កាត់ខាងកម្ពុជា ឯខាងថៃក៏ទប់ស្កាត់ខាងថៃកុំឲ្យទំនិញទៅមក។

កម្ពុជាមានឱកាសផលិតទំនិញរបស់ខ្លួនចូលក្នុងទីផ្សារ។ ម្យ៉ាងទៀត សូមលើកទឹកចិត្តអ្នកប្រើប្រាស់ ប្រើទំនិញរបស់កម្ពុជា ឬទំនិញមកពីប្រទេសផ្សេង ជាជាងប្រើប្រាស់ទំនិញមកពីប្រទេសថៃ។ និយាយយ៉ាងដូច្នេះ មិនមែនផ្ទុយនឹងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកទេ តែវាជាជម្រើសរបស់ប្រជាជនកម្ពុជា។ មានតែប្រជាជនកម្ពុជាទេ ដែលមានសិទ្ធិសម្រេចថាគួរប្រើប្រាស់ទំនិញរបស់អ្នកណា។ អ្នកនាំចូលច្រើនប៉ុណ្ណាក៏ដោយ បើគ្មានអ្នកទិញទេ ក៏គ្មានអ្នកលក់ដែរ។ បើគ្មានអ្នកទិញទេ ក៏គ្មានអ្នករត់ពន្ធយកមកដែរ។

ការផ្ញើសារនេះ ជូនចំពោះប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំវាក្ដៅបន្តិច។ តែខ្ញុំចង់បញ្ជាក់ទៅពួកអ្នកធ្វើការវិភាគ ដែលមានទាំងបណ្ឌិត សេង សារី និងពួកប្រឆាំងក្រៅស្រុកមួយចំនួន ដែលមិនយូរមិនឆាប់វានឹងឈានទៅដល់អ្វីមួយដែលពួកគេស្មានមិនដល់។ បានជាជ្រុលចេញហើយ ខ្ញុំសុំបង្ហោះសារនេះតែម្ដងទៅ។ ឲ្យវាត្រូវ។ ជាពិសេស នៅត្រង់រាជរដ្ឋាភិបាលជ្រើសយកជម្រើសបញ្ចៀសការស្លាប់/របួសប្រជាជន និងកងទ័ព ជម្លៀសប្រ​ជាជន ប្រ​ជា​ជនបាត់ជី​វិត វាដូចគ្នានឹងការបាត់បង់ទឹកដី។ ឥឡូវ យើងរក្សាជីវិតបាន យើងនឹងខិតខំយកទឹកដីមកវិញតាមមធ្យោ​បាយសន្តិវិធី។ រដ្ឋាភិបាលបញ្ជាក់ប៉ុណ្ណឹងហើយ តែលោកឯងមកទាមទារ​ឲ្យបញ្ជាក់ឲ្យបានច្បាស់។ បើច្បាស់អញ្ចឹងមិនចាំបាច់ទៅចរចាទេ។

មានចំណុចចែងច្បាស់ក្នុងកិច្ចព្រមព្រៀងឈប់បាញ់ដែលនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ គឺចំំណុចទី៣ ហើយ។ បន្ទាប់ពីនេះទៅ គេដំណើរការវាស់វែងដើម្បីបោះបង្គោលអោយវាដាច់ស្រេច ដោយយន្តការទ្វេភាគី។ ​យើងដឹងច្បាស់ថាបរទេសគ្មានលទ្ធភាពមកជួយបោះបង្គោលអោយទេ។ គេអាចជួយត្រួតពិនិត្យពង្រឹងបទឈប់បាញ់។

​​ខ្ញុំដឹងចម្លើយមុនហើយថា អ្នកទាំងអស់គ្នាជំរុញអោយកម្ពុជាប្រើប្រាស់កងទ័ព ដើម្បីវាយកាន់កាប់ប៉ុន្មានចំណុចដែលមានប៉ុន្មានហិកតានេះ។ ខ្លះមកយល់ន័យខុសអំពីពាក្យដែលថាប្រៀបធៀបទឹកដីស្មើនឹងកូនដៃ។ តើអ្នកឯងយល់ទេ? ខ្ញុំចង់និយាយថា អ្វីដែលយើងកំពុងបាត់ស្មើនឹងរបួសកូនដៃដែលកំពុងព្យាបាល មិនមែនដាច់ឬបាត់នោះទេ ក្នុងទឹកដីទាំងមូល … ១៨១ ០៣៥គីឡូម៉ែត្រក្រឡា។ យើងបាត់ការគ្រប់គ្រងជាបណ្ដោះអាសន្នលើចំណែកតូចមួយដែលយើងប្រឹងប្រែងយកមកវិញ (ឬ)ដែលខ្ញុំថាព្យាបាល។ ប៉ុន្តែនិយាយដូចម្តេចក៏អស់លោកមិនយល់ដែរ។ (ពួកអស់លោកដឹងតែពី)ប្រឆាំងដាច់ក្បាលក​ន្ទុយ ផ្កាប់មុខ ធ្វើអោយខូច(ប្រយោជន៍)ជាតិខ្លួនឯង។

(ពួកលោកមាន)រហូតដល់តែងចំរៀង(ចោទប្រកាន់)។ ខ្ញុំចង់សួ​រទៅអ្នកតែងចំរៀង និងនាំគ្នាច្រៀងប៉ុន្មានថ្ងៃនេះ តើមានបានដុតធូបទេ? បើសិនជាបានដុតធូប (សូម្បីតែ)មួយសសៃ (ក៏)សុំអោយរន្ទះបាញ់ … ព្រោះអ្នកឯងមកទិតៀនប្រជាជនក្នុងស្រុកថានាំគ្នាសប្បាយភ្លេចគិតទឹកដី និងកងទ័ព។ សូមបញ្ជាក់ថា ក្នុងដំណាក់កាលប៉ុន្មានថ្ងៃនេះ កងទ័ពបានទទួលទានគ្រប់យ៉ាង។ បងប្អូនជនភៀសខ្លួនក៏មានសុវត្ថិភាពទទួលបាននូវការផ្គត់ផ្គង់ពេញលេញ។

ដោយសារតែត្រូវប្រើពេល ទើបយើងប្រើលុយរាប់លានដុល្លារកសាងលំនៅស្ថានសមរម្យ កុំអោយ​ពួកគាត់រស់នៅលំបាក។ យើងដឹងច្បាស់អំពីពេលវេលាដែលត្រូវចំណាយ បានជាយើងត្រូវធ្វើផ្ទះ(ស្នាក់នៅបណ្ដោះអា​សន្ន) … ផ្ទះនេះគួរក្លាយជាកាដូអនុស្សាវរីយ៍ជូនប្រជាជនភៀសសិកតែម្ដងទៅជាការល្អជាងយកផ្ទះនិងទឹកដីត្រឡប់មកវិញ (ត្បិត)គាត់បានជារស់នៅហ្នឹងទៅហើយ។ ថ្ងៃក្រោយគាត់មានប្រពន្ធ​ កូន ប្ដីទៀតទៅ។ (សូមជូនអនុសាសន៍ទៅ) នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាចែកជូនតែម្ដងទៅ។ នេះបើសិនជាពុកនៅធ្វើនាយករដ្ឋមន្ត្រី គឺពុកសម្រេចចិត្តហើយ។ នេះជារឿងថ្ងៃក្រោយ ប៉ុន្តែពុកគិតទុកអោយហើយ។ ចំណាយប៉ុណ្ណឹងវាមិនធំទេ សម្រាប់ប្រជាជនខ្លួនឯង។ ពុកគ្រាន់តែផ្ដាំក្នុងឋានៈជាឪរបស់នាយក​​រដ្ឋមន្ត្រី ក៏ក្នុងឋានៈជាប្រធានគណបក្សកាន់អំ​ណាចដែរ។ ពេលនិយាយនេះ(ទៀតសោត) គឺក្នុងឋានៈជាប្រមុខរដ្ឋស្ដីទីរបស់ប្រទេសមួយដែរ។ ផ្ដាំផ្ញើទៅ។

សុំផ្ដាំផ្ញើអោយពួកដែលមិនស្គាល់ជាតិរបស់ខ្លួនដែលបន្តលួចទំនិញពីថៃចូលកម្ពុជា ឃុបឃិតគ្នាតើខ្លាចបាបទេ? (ប្រយ័ត្ន)ត្រូវបណ្ដាសារបស់ប្រជាពលរដ្ឋ។ គួរតែបញ្ឈប់ទៅ ទាន់ថ្ងៃវរឡើងស័ក្តិបុណ្យឆ្នាំខ្មែរ នាំគ្នាឈប់ទៅ។ សូមជូនពរជនរួមជាតិបន្តសប្បាយរីករាយ … បើពួកប្រឆាំងក្រៅស្រុកដុតធូប ហ្នឹងវាស្មើនឹងសត្វទេ។ មិនអោយគេចូលឆ្នាំ ក៏ប៉ុន្តែវាដុតធូប វាផឹកស៊ីសប្បាយរំាំលេងដែរ។ មិនថាក្នុងស្រុកនិងក្រៅស្រុកទេ អ្នក(ប្រឆាំងការចូលឆ្នាំ)ណា បានដុតធូប អ្នកហ្នឹងត្រូវទំនាយ … ព្រោះ(អ្វីដែលពួកនេះបានធ្វើ)វាជ្រុលហួសហេតុ។ (តិចថា)ចូលឆ្នាំថ្មីមកដល់ចេញមកសម្លេងខ្លាំងតែម្ដង។ រឿងហ្នឹងគួរតែត្រូវខ្លាំង ព្រោះមនុស្សចង្រៃប៉ុន្មាននាក់ហ្នឹង រាប់ទាំង សេង សារី ថា(សារដែល)ខ្ញុំ(បាន)បង្ហោះ(ពី)ម្សិលមិញ (ខ្ញុំ)ខ្លួនឯង(បាន)លុបបាត់ទៅហើយៗ មិនព្រមចេញមកបកស្រាយ។ ឥឡូវ(បញ្ជាក់ថា)មិនលុបទេ តែចេញបកស្រាយថែម សូមប្រាប់ប៉ុណ្ណឹង។ សូមអរគុណ៕

អត្ថបទទាក់ទង