Grand News Asia Close

(វីដេអូ) សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន, សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២ គីឡូវម៉ែត្រ

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែសីហា ឆ្នាំ២០២៣ ទំព័រវីដេអូ សម្រង់ប្រសាសន៍ 905

cnCNV:

ឯកឧត្ដម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៃព្រះរាជាណាចក្រកម្ពុជា
សម្ដេច ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី
បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ!

(១) យុទ្ធនាការ ៣ សប្តាហ៍ មិនបានចេញរកសន្លឹកឆ្នោត

ថ្ងៃនេះ យើងសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវក្រវាត់ក្រុងទី៣ ប្រវែងជាង៥២គីឡូម៉ែត្រ ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន និងការចូលរួមបដិភាគដ៏ច្រើនពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំសូមយកឱកាសនេះសុំការអធ្យាស្រ័យ ដោយកាលពីមុននេះគឺនៅទីនេះឯង ដែលខ្ញុំបានប្រកាសយកថ្ងៃទី៣០ ខែមិថុនា ធ្វើជាថ្ងៃសម្ពោធ។ ប៉ុន្តែដោយកិច្ចការមមាញឹក យើងបានលើកពេលវេលាសិន ហើយការលើកពេលនោះគឺដើម្បីបញ្ចៀសនូវការទាក់ទិនទៅ​នឹងយុទ្ធនាការនៃការបោះឆ្នោតដែលខ្ញុំមិនអាចចេញ(មកធ្វើពិធីនានាជាសា​ធារណ)។ ធម្មតាការចេញ(មកធ្វើពិធី) យើងតែងមានចែកសៀវភៅ ចែកអ្វីៗជាមួយកូនសិស្សអីអញ្ចឹងៗ។ បើយើងចែក ពេលនោះវាបង្កើតឡើងនូវ(ការខុសនឹងច្បាប់បោះឆ្នោតថា)ទិញសន្លឹកឆ្នោត។ អញ្ចឹងទេ រយៈពេលយុទ្ធនាការនៃការបោះឆ្នោត ៣ សប្ដាហ៍ គឺជាថ្ងៃសម្រាករបស់ខ្ញុំទៅវិញ។ រវល់គឺរវល់ ប៉ុន្តែយើងមិនបានចេញទៅ​ណាដើម្បីស្វះស្វែងរកសន្លឹកឆ្នោតទេ ទុកឲ្យថ្នាក់ក្រោមស្វះស្វែងរកទៅវិញ

(២) បើប្រទេសជាតិគ្មានការលូតលាស់ គ្មានការចាំ​បាច់​ធ្វើក្រវាត់ក្រុងទី១ ទី២ និងទី៣

យ៉ាងណាក៏ដោយ មកយឺតប្រសើរជាងមិនបានមក។ ថ្ងៃនេះ ខ្ញុំរួមជាមួយឯកឧត្ដម Wang Wentian អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវផ្លូវមួយខ្សែដ៏មានសារសំខាន់នេះ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានធ្វើរបាយការណ៍រួចហើយទាក់ទិននឹងផ្លូវនេះ។ យើងដាក់ចេញជាសំណួរថា ហេតុអ្វីចាំបាច់ធ្វើផ្លូវក្រវាត់ក្រុង? វាផ្ដើមចេញពីតម្រូវការ។ ប្រសិនបើប្រទេសជាតិគ្មានការលូតលាស់ទេ គ្មានការចាំ​បាច់​ធ្វើក្រវាត់ក្រុងទី១ ទី២ និងទី៣នោះទេ។ ដូចជាទសវត្សរ៍៨០ ក្រោយរំដោះពីខ្មែរក្រហម ពេលនោះផ្លូវខ្លះនៅក្នុងទីក្រុងភ្នំពេញនៅបិទចោលនៅឡើយទេ។ ផ្ទះច្រើនណាស់ដែលបោះបង់ចោលនៅក្នុងពេលនោះ។ ឆ្នាំ១៩៧៩ និង១៩៨០ យើងពុំមានអ្វីទេ។ ផ្លូវមួយចំនួនគឺត្រូវបានបើកឲ្យប្រើប្រាស់នៅក្នុងទីក្រុង និងផ្លូវមួយចំនួនទៀតនៅបិទនៅឡើយ។ រយៈពេលក្រោយមកទៀត ប្រទេសជាតិរបស់យើងមានការរីកចម្រើន ជាពិសេសបន្ទាប់ពីប្រទេសជាតិមានសន្តិភាពក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះឈ្នះ ដែលនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ការបង្រួបបង្រួមជាតិជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា។

(៣) កំណើនប្រជាជន ចរាចរណ៍ និងការដឹកជញ្ជូន ទាមទារអោយសាងសង់ផ្លូវក្រវាត់ទី៣

ការអភិវឌ្ឍទាំងនោះតម្រូវឲ្យយើងត្រូវពង្រីកទីក្រុង។ គ្រាន់តែគិតពីចំនួនប្រជាពលរដ្ឋ ក្រោយពីយើងរំដោះដំបូង ប្រជាពលរដ្ឋរបស់យើងជុំវិញ ៥ លាននាក់តែប៉ុណ្ណោះ។ ឥឡូវប្រជាពលរដ្ឋរបស់យើងឡើងទៅដល់ ១៧ចន លាន​នាក់ជាងរួចស្រេចទៅហើយ។ តម្រូវការបែបនេះ ជាសម្ពាធទៅលើបញ្ហានគរូបនីយកម្ម ជាពិសេសទាក់ទងនឹងរាជធានីភ្នំពេញ ដែលមុននោះ ក្នុងពេលដែលខ្ញុំចូលមកដល់ទីក្រុងភ្នំពេញ ខ្ញុំជួបមនុស្សប្រហែលជា៧០នាក់តែប៉ុណ្ណោះ ហើយភាគច្រើនស្រ្តី កុមារ និងមនុស្សចាស់ ឯមនុស្សប្រុសត្រូវបានគេសម្លាប់។ ឥឡូវ ទីក្រុងភ្នំ​ពេញពោរពេញទៅដោយមនុស្ស ចរាចរណ៍ ដឹកទំនិញ ដឹកជញ្ជូន … (ពិធីសម្ពោធថ្ងៃនេះ)គ្រាន់តែជាការប្រថាប់ត្រាទេ។ (ក្នុងការជាក់ស្តែង)ប្រជាពលរដ្ឋបានប្រើប្រាស់រួចទៅហើយ។ មុននឹងពេលផ្លូវនេះបានប្រើប្រាស់ ផ្លូវខ្សែ​ក្រវាត់ទី២នោះ ឆ្លងស្ពានសំរោងតាខ្មៅនោះវាកកស្ទះនៅនោះ។ ខ្ញុំចេញឡានមិនទាំងរួចផង។ ខ្ញុំនៅជាប់ខ្សែក្រវាត់ទី២នោះ។ កាលនោះយើងធ្វើផ្លូវក្រវាត់ទី២។ ដល់ទៅផ្លូវក្រវាត់ទី៣នេះ យើងត្រូវធ្វើឲ្យធំ។ នេះវាជាតម្រូវការផ្ដើមចេញពីការរីកចម្រើនរបស់ប្រទេសជាតិទើបមានតម្រូវការធ្វើផ្លូវនេះ។

(៤) ពលរដ្ឋខេត្តកណ្តាល ភ្នំពេញ និងទូទាំងប្រទេស ទទួលផលពីការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣

ផ្លូវមួយខ្សែនេះ វាមានសារសំខាន់ខ្លាំងណាស់ដែលឆ្លងកាត់ពាក់ព័ន្ធការតភ្ជាប់តាំងពីផ្លូវជាតិលេខ៥ តមក ចូលមកដល់មហាវិថីឈ្នះឈ្នះ ហើយបែកមកត្រើយខាងយើងនេះ ឆ្លងកាត់ផ្លូវជាតិលេខ៤ លេខ៣ លេខ២ លេខ២១ លេខ២២ លេខ១១០ រហូតមកដល់ដីឥដ្ឋរបស់យើងនេះតែម្ដង ដើម្បីតភ្ជាប់ជាមួយផ្លូវជាតិលេខ១។ វាក៏មានការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន ដែលកាលពីពេលមុន យើងមកបើកការដ្ឋាននៅទីនេះផងដែរ។ អញ្ចឹងនៅទីនេះ វាបានផ្ដល់ឱកាសសម្រាប់ភាពងាយស្រួលសម្រាប់ការចរាចរណ៍របស់ប្រជាពលរដ្ឋ។ មិនថាតែអ្នកនៅខេត្តកណ្ដាល នៅទីក្រុងភ្នំពេញនោះទេ តែសម្រាប់ប្រជាជនទូទាំងប្រទេសដែលមានតម្រូវការប្រើប្រាស់ផ្លូវទាំងនេះទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍ។ ខ្ញុំមិនរៀបរាប់អំពីបញ្ហាបច្ចេកទេសទេ តែខ្ញុំគ្រាន់តែចង់បញ្ជាក់បន្តិចទាក់ទិនជាមួយការចំណាយលើផ្លូវនេះ។

(៥) កោះអន្លង់ចិននិងកោះចិន ប្រវត្តិទំនាក់ទំនងយូរអង្វែងកម្ពុជា-ចិនក្នុងវិស័យពាណិជ្ជកម្ម

ខ្ញុំគួរតែសុំថ្លែងអំណរគុណតាមរយៈ ឯកឧត្ដម Wang Wentian ជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបានផ្ដល់នូវហិរញ្ញប្បទានចំនួនជាង ២៥៩ លានដុល្លារអាមេរិកដើម្បីស្ថាបនាផ្លូវនេះ។ នេះគឺជាសំណូមពរចាំ​បាច់ ហើយខ្ញុំក៏សូមអរគុណចំពោះក្រុមហ៊ុនសាងសង់សៀងហៃ ដែលបានកសាងផ្លូវនេះយ៉ាងល្អ។ ផ្លូវនេះក៏មិនខុសគ្នាពីផ្លូវល្បឿនលឿនទេ បើសិនជាយើងមើលស្តង់ដារនៃផ្លូវល្បឿនលឿន និងផ្លូវនេះ គឺមិនសូវខុសគ្នាប៉ុន្មានទេ។ គ្រាន់តែមួយ យើងហៅផ្លូវល្បឿនលឿន។ ផ្លូវនេះលឿនពេកក៏មិនបានដែរ ព្រោះ(ជាផ្លូវសំរាប់បម្រើការក្នុង)ប្រព័ន្ធដឹកជញ្ជូន។ ប៉ុន្តែវាមាំណាស់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាមួយការចំណាយហ្នឹង យើងចំ​ណេញស្ពាន ជាពិសេស ស្ពានកោះអន្លង់ចិន គេហៅ ស្ពានមិត្តភាពកម្ពុជា-ចិនកោះអន្លង់ចិន។ នៅស្រុកខ្មែរ ខេត្តកណ្ដាល មានឃុំកោះអន្លង់ចិនមួយ និងមានឃុំកោះចិនមួយទៀតនៅខាងពញាឮ។ មានប្រវត្តិរបស់ទីតាំងទាំងនេះ អំពីថាចិនលិចសំពៅក្នុងការមកធ្វើជំនួញហ្នឹង បានជាមានឈ្មោះឃុំកោះចិន កោះអីហ្នឹង។ វាទាក់ទងប្រវត្តិនៃការទំនាក់ទំនងយូរអង្វែងរវាងកម្ពុជា-ចិន ជាពិសេសក្នុងវិស័យពាណិជ្ជកម្មនេះឯង

(៦) ស្ពាននៃផ្លូវក្រវាត់ទី៣ ឆ្លងទន្លេបាសាក់ពីព្រែកអំបិលត្រើយលិចនិងទៅស្វាយប្រទាលត្រើយកើត

សុំបើករង្វង់ក្រចកបន្តិច។ កាលពីមុន ប្រជាជននៅកោះអន្លង់ចិនស្នើសុំថា “​សម្ដេច! ខិតខំជួយរកដែកស្ពានបាឡេ ដើម្បីធ្វើស្ពានឆ្លងទៅកោះអន្លង់ចិន”។ (ខ្ញុំប្រាប់)ថា “អត់ទេ។ ធ្វើមិនបានទេ”។ ប៉ុន្តែគាប់ជួនអ្នកគូសប្លង់សាងសង់ផ្លូវនេះ បែរជាជ្រើសរើសទីកន្លែងធ្វើស្ពាន​ឆ្លងកាត់ចំកោះអន្លង់ចិនហ្នឹងតែម្ដង។ អញ្ចឹងអ្នកកោះអន្លង់ចិនមិនចាំបាច់រកស្ពានដែកទេ។ កាលពីមុនគាត់សុំ(ដើម្បី)តែឆ្លងពីខាងព្រែកអំបិលខាងស្អាង ទៅត្រឹមកោះទេ តែពីរត្រឹមកោះទៅខាងត្រើយស្លា ឬស្វាយប្រទាលគឺគាត់មិនបានគិតទេ។ ឥឡូវយើងឆ្លងកាត់ពីម្ខាងទៅម្ខាង រវាងពីខាងស្អាង ខាងព្រែកអំបិល ទៅកោះអន្លង់ចិន ហើយបន្តទៅខាងស្វាយប្រទាល។ ខ្ញុំមិនច្បាស់ទេខាងភូមិសាស្រ្ត ព្រោះឥឡូវវង្វេងផ្លូវទៅផ្ទះម៉ែក្មេក។ ឥឡូវនេះ ចូលដល់វង្វេងមែនទែនហើយ។ មិនមែនវង្វេងតែខាងក្រោមទេ ឡើងលើឧទ្ធម្ភាគចក្រក៏វង្វេងដែរ។ មិនដឹងថាទីក្រុងអតីតកាលយ៉ាងម៉េចអីយ៉ាងម៉េច។ ឡើងប៉ុន្មានសាគឺថារង្វេងក្រុងតែម្ដង ដោយសារតែការលូតលាស់នោះវាលឿនពេក។ យើងចាំមិនបាន។ ថ្ងៃទី៥ (សីហា)នេះ ចំថ្ងៃខួបកំណើត។ កូនគេថានឹងនាំទៅកន្លែងវិលជុំនៅជាន់ទី ៤២។ កន្លែងណានោះ។ អ្នកមកពីអាមេរិក គេទៅឡើងលើនោះហើយ គេថតផ្ញើមកឲ្យយើងមើលវិញទៀត។ ឯងនៅទីក្រុងភ្នំពេញអត់ទាន់ស្គាល់ក្រុងបានច្បាស់។ គិតថាឡើងថ្ងៃទី៥(សីហា)ហ្នឹង។ កូនៗគេរៀបចំឲ្យទៅទទួលទានអាហារនៅកន្លែងនោះ។

(៧) បើមិនមានថវិកាបដិភាគ មិនអាចអនុវត្តគំរោងទាំងជាជំនួយទាំងជាកម្ចីបានទេ

បកមកនិយាយអំពីតម្លៃផ្លូវ។ នេះគឺជាផ្លូវដែលចំណាយខ្ពស់បំផុត។ ធ្វើតែ ៥១km តែចំណាយគិតទាំងអស់សរុបរហូតដល់ ៤៦០លានដុល្លារ ក្នុងនោះ ចំណាយសម្រាប់ខាងផ្នែកមិត្តចិនគឺចំនួន ២៥៩លានដុល្លារ (និងពីខាង)យើង និយាយលេខគត់ ២៦០លាន។ ខាងកម្ពុជាចេញចំនួន ២០០លាន ក្នុងនោះបែងចែក ១៣លាន​ជាង និយាយលេខគត់ចំណាយទៅលើការរួមចំណែកក្នុងកិច្ចសន្យា។ (ឯ)ការដោះស្រាយផលប៉ះពាល់អស់ ១២៣លាន ពេលដែលយើង(ធ្វើផ្លូវ)ជាប់ដីប្រជាពលរដ្ឋ។ យើងត្រូវដោះស្រាយប៉ះពាល់ជូនពួកគាត់។ ចំ​ណាយលើការទិញដីនិងចំណាយដំណើរការចំនួន ៣០លានដុល្លារ។ ការងារបោសសម្អាតមីនអស់ជាង ៧ សែនដុល្លារទេ។ ឯក្រៅពីនោះ គឺគិតអំពីតម្លៃពន្ធអាករនិងសួយសារ ប្រមាណ១២%នៃកិច្ចសន្យា ដែលស្មើនឹង ៣២លានដុល្លារ និយាយលេខគត់។ ការចំណាយជាសាច់ប្រាក់របស់យើងអស់ជាង ១៦០លានដុល្លារ។ នេះហើយដែលខ្ញុំធ្លាប់និយាយថា បើយើងគ្មានថវិកាគ្រប់គ្រាន់ទេ ទោះបីគម្រោងនោះជាជំនួយឥតសំណងក្ដី ឬគម្រោងដែលយើងទទួលកម្ចីពីបរទេសក្ដី យើងមិនអាចអនុវត្តគំរោងទាំងនោះបានទេ

(៨) គម្រោងផ្លូវក្រវាត់ទី៣ មានគុណភាពសក្តិសមនឹងតម្លៃ និងជួយបន្ថយសម្ពាធកកស្ទះក្នុងរាជធានី

ខ្ញុំសូមកោតសរសើរចំពោះឯកឧត្ដមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានខិតខំដោះស្រាយនូវកិច្ចការងារនេះ។ មិនគ្រាន់តែការងារនៅកន្លែងមួយនេះទេ ខ្ញុំបានចុះហត្ថលេខាជួនកាលមួយខែ​ទម្លាក់លុយចេញហ្នឹងច្រើនកន្លែងណាស់។ តែការថវិកាទម្លាក់ដែលធំជាងគេគឺផ្លូវហ្នឹងតែម្ដង។ បន្តិចៗ ស្នើទៅ ៣លាន, ៤លាន, ៥លាន បានជាវាចេញទឹកប្រាក់ចំនួនដ៏ធំមួយនេះ។ យើងពិនិត្យមើលគុណភាពផ្លូវ វាសក្ដិសមជាមួយនឹងតម្លៃ ជាមួយដីទីកន្លែងដែលប្រជាពលរដ្ឋត្រូវឆ្លងកាត់។ យើងមានស្ពានអាកាស យើងមានស្ពានឆ្លងទន្លេ ហើយផ្លូវរបស់យើងប្រកបដោយគុណភាពដើម្បីធានាថាចរាចរណ៍ដឹកជញ្ជូនកាត់តាមជាយក្រុង ហើយមិនរំខានដល់ក្នុងទីក្រុងទៀតនោះទេ។ យើងបញ្ចេញផ្លូវក្រវាត់មកក្រៅក្រុងដើម្បីបន្ថយសម្ពាធនៃការស្ទះចរាចរណ៍ក្នុងទីក្រុង

(៩) ខ្មែរដឹកនាំដោយគណបក្សប្រជាជនកម្ពុជាអាចសំរេចកិច្ចការដែលប្រជាជនត្រូវការ

ខ្ញុំសូមកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាជាមួយក្រុមហ៊ុន ដើម្បីអនុវត្តនូវគម្រោងការដ៏ធំមួយនេះ ដែលចាត់ទុកថាជាគម្រោងការប្រកបដោយមហិច្ឆតា​ ក៏ប៉ុន្តែខ្មែរធ្វើបាន។ ខ្មែរអាចសម្រេចនូវកិច្ចការទាំងឡាយដែលប្រជាជនត្រូវការ តែខ្មែរនោះក៏ជាខ្មែរដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដែរ។ ខ្ញុំអរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមដោះស្រាយបញ្ហាទាក់ទិនការទទួលយកសំណងនៃផលប៉ះពាល់ ក៏ដូចជាព្រមលក់ដីជូននៅពេលដែលយើងត្រូវឆ្លងកាត់ហើយត្រូវទិញដីនោះទាំងស្រុង។ ហើយក៏សូមអធ្យាស្រ័យអំពីការរំខាននានា ក្នុងពេលសាងសង់។ បន្ទាប់ពីការរំខាន (ពេលនេះ)អ្នកដែលនៅសងខាងផ្លូវខ្សែក្រវាត់នេះ ដីឡើងថ្លៃ ហើយវាស្រួលទៀត។ អ្នកដែលមានដីក្រៅក្រុងនៅតំបន់ខាងនេះសប្បាយណាស់។ បើមានផ្ទះសម្បែងនៅខាងហ្នឹង គឺអត់មានអីលំបាក ព្រោះចង់ទៅណា ឥឡូវថាចង់ចូលក្រុងភ្នំពេញ គេមានច្រកចូលក្រុងភ្នំពេញ ចង់ទៅតាមផ្លូវជាតិណា។

(១០) យ៉ាងយូរ ឆ្នាំ២០២៦ អាចដាក់ឲ្យដំណើរការព្រលានយន្តហោះអន្តរជាតិថ្មីនៅភ្នំពេញ

ខ្ញុំមិនស្គាល់ទីក្រុងប៉ារីស(ច្បាស់)នោះទេ តែខ្ញុំធ្លាប់ធ្វើដំណើរ។ ទីក្រុងប៉ារីសគេមានផ្លូវជុំវិញក្រុងរបស់គេ រួចហើយបើសិនជាមិនស្គាល់ទេ គេបើកកាត់ក្រុងតែម្ដង។ បើស្គាល់ គេលេងមកផ្លូវព័ទ្ធហ្នឹង ដល់ទៅកៀកទើបចាក់ចូលទៅ(រកគោលដៅ)។ វាជិត។ ដែលធ្លាប់ទៅស្រុកបារាំងគេនាំដើរអញ្ចឹង។ យើងនេះ ករណីដូចគ្នា។ ជួនកាលគេអាចអត់ចេញពីកៀនស្វាយទៅតាមច្បារអំពៅទេ គេវាងទៅត្រង់ណាសិនហើយបានគេចាក់ចូលទៅវាកៀកជាង។ ឧទាហរណ៍ អ្នកនៅពោធិ៍ចិនតុង (បើចេញពីកៀនស្វាយទៅ)ចាំបាច់ទៅតាមផ្លូវជាតិលេខ១ ហើយទៅឆ្លងស្ពានព្រះមុនីវង្ស ហើយឆ្លងកាត់ក្រុងភ្នំពេញ(ធ្វើអី)។ គេមកតាមផ្លូវនេះ ដល់ទៅកៀក ចាក់ចូលទៅដល់ផ្ទះនៅពោធិ៍ចិនតុងតែម្ដង។ អ្នកណាត្រូវឡើងយន្តហោះនៅពោធិ៍ចិនតុងអី (អាចមកតាមផ្លួវក្រវាត់ទី៣នេះ)។ បន្តិចទៀត ប្រហែលជាខ្ទង់ឆ្នាំ២០២៦ យ៉ាងយូរ អាចនឹងត្រូវដាក់ឲ្យដំណើរការព្រលានយន្តហោះអន្តរជាតិថ្មី ដែលនៅមិនឆ្ងាយពីទីនេះទេ។ ព្រលាន(យន្តហោះយើងនៅពោធិចិនតុង)វាតូចណាស់។ វាដល់កម្រិតដែលយើងត្រូវពង្រីកព្រលានយន្តហោះថ្មីហើយ

(១១) ពិធីនានាពីនេះទៅ ទុកលទ្ធភាពអោយនាយករដ្ឋមន្ត្រីថ្មីបន្តដំណើរការធម្មតារបស់រដ្ឋ

ដោយឡែកនៅសៀមរាប តាមរយៈនៃការវិនិយោគរបស់ក្រុមហ៊ុនចិន ខែតុលានេះ មានគម្រោងនឹង(អោយ)ចុះចតនៅព្រលានយន្តហោះថ្មី។ ទុកលទ្ធភាពឲ្យនាយករដ្ឋមន្រ្តីថ្មីទៅសម្ពោធទៅ។ មិនអាចអញ្ជើញខ្ញុំតទៅទៀតទេ។ ខ្ញុំទៅមើលរួចហើយ។ ចាំបន្តិចទៀត ខ្ញុំនឹងនិយាយដល់កន្លែងហ្នឹង។ សុំពេលវេលាបន្តិចដើម្បីនិយាយ អាចថាថ្ងៃនេះ គឺជាពេលវេលាចុងក្រោយដែល ហ៊ុន សែន និយាយក្នុងឋានៈជានាយករដ្ឋមន្ត្រី។ តែ ហ៊ុន សែន អត់ទាន់ទៅណាទេ។ ហ៊ុន សែន នៅតែគ្រប់គ្រងសភាពការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជានៅឡើយ។ ខ្ញុំនឹងនិយាយដល់ថា ហេតុអ្វីបានជា ហ៊ុន សែន ត្រូវចាកចេញពីនាយករដ្ឋមន្រ្តី មិនបន្តធ្វើនាយករដ្ឋមន្រ្តី? ខ្ញុំនឹងប្រាប់អំពីមូលហេតុទាំងនោះ … ឯកឧត្ដម Wang Wentian បានរួមចំណែកច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ធ្វើដំណើរជាប់ជាមួយខ្ញុំទៅបើកការដ្ឋានផង សម្ពោធ​ផង ចាំដល់(ពិធី)ក្រោយ ទៅសម្ពោធជាមួយនាយករដ្ឋមន្រ្តីថ្មីចុះ ព្រោះនេះវាជាដំណើរការធម្មតារបស់រដ្ឋ។ យើងទៅ​កាន់មុខងារផ្សេង ទៅធ្វើការងារផ្សេង ឯនាយករដ្ឋមន្រ្តី គឺតែងតែរវល់ច្រើនជាងគេ។

(១២) ផ្សាយផ្ទាល់តាម Telegram, YouTube និង SPM HDTV តាមកម្មវិធី Happy Watch

ខ្ញុំអរគុណចំពោះការគាំទ្រទាំងឡាយដើម្បីឲ្យផ្លូវមួយខ្សែនេះបានដំណើរការ ដែលវាមានផលចំណេញសម្រាប់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ វាជាផ្នែកនៃការរួមចំណែកនៃការជំរុញកំណើនសេដ្ឋកិច្ចរបស់ជាតិទាំងមូល។ ចាប់​ផ្ដើមពីកំណើននៃសេដ្ឋកិច្ចរបស់ប្រជាជន ទើបវានាំទៅដល់កំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ថ្ងៃនេះ សុំពេលវេលាបន្តិចពីថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋដែលនៅទីនេះក្ដី ក៏ដូចជាដែលកំពុងមើលការផ្សាយបន្តផ្ទាល់ … (ដែល)ឥឡូវគឺមាន Happy Watch។ វាជា channel ទូរទស្សន៍មួយរបស់ខ្ញុំតែម្ដង។ ហ្នឹងគឺគេហៅថា system ថ្មីមួយដែលជនជាតិខ្មែរយើងនិងខ្មែរនៅអាមេរិក គេធ្វើដូចប្រព័ន្ធ Facebook អញ្ចឹង។ បញ្ជូនសារ បង្ហោះសារ រូបថត វីដេអូ រួមទាំងមានផ្សាយជាទូរទស្សន៍ ហើយក្នុងទូរទស្សន៍ហ្នឹងមានទូរទស្សន៍ច្រើន … Happy Watch ផ្សាយចេញដោយចាប់ពីទូរទស្សន៍ជាតិ ដោនឡូតវាមក វាចេញមកជា program របស់វា ហើយទូរទស្សន៍មានច្រើនប៉ុស្ដិ៍ តែក្នុងនោះមានទូរទស្សន៍មួយឈ្មោះ SPM HDTV។ ហ្នឹងគឺ channel ទូរទស្សន៍របស់ខ្ញុំ។ បន្តិចទៀត ខ្ញុំនឹងចាក់កុនរបស់ខ្ញុំតាមហ្នឹង។ វាមានមធ្យោបាយច្រើនសម្រាប់ប្រើ មិនមែនចាំបាច់តែផ្នែកណាមួយនោះទេ។ Telegram របស់ខ្ញុំ និង YouTube របស់ខ្ញុំក៏កំពុងផ្សាយ និងទូរទស្សន៍ច្រើនប៉ុស្តិ៍កំពុងផ្សាយនៅពេលនេះ។

(១៣) អ្នកបោះឆ្នោតមាន ៨៤,៥៩% នៃចំនួនចុះឈ្មោះ, សន្លឹកឆ្នោតបានការមាន ៩៤,៦៤%

សូមអធ្យាស្រ័យពីឯកឧត្ដម Wang Wentian ដែលខ្ញុំចាំបាច់ត្រូវជូនសារទៅកាន់ប្រជាពលរដ្ឋ និងការពន្យល់ទៅដល់ប្រជាពលរដ្ឋទាក់ទិនទៅនឹងការចាកចេញរបស់ខ្ញុំ។ មិនមែនជាការរត់ចោលស្រុកទេ គ្រាន់តែជាការចាកចេញពីតំណែងនាយករដ្ឋមន្រ្តីនៅត្រឹមថ្ងៃទី២២ ខែសីហាខាងមុខនេះ។ នៅសល់ ១៩ថ្ងៃទៀត។ អាចធ្វើ countdown បាន។ ដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះប្រជាជនដែលបានចូលរួមបោះឆ្នោតរហូតទៅដល់ ៨៤,៥៩ ភាគរយ ជាចំនួនដែលមានកំណើនធ្វើការប្រៀបធៀប ឆ្នាំ ២០១៨ យើងមានអ្នកទៅចូលរួមបោះឆ្នោតត្រឹមតែ ៨៣,០២ ភាគរយ។ ឆ្នាំ ២០២២ កន្លងទៅបោះឆ្នោតឃុំសង្កាត់ យើងមានតែ ៨០,៣២ ភាគរយ។ ប៉ុន្តែនៅឆ្នាំ ២០២៣ នេះ យើងមានទៅដល់ ៨៤,៥៩ ភាគរយ មានន័យថា ៨ ២១៤ ៤៣០ នាក់ លើ ៩ ៧១០ ៦៥៥ នាក់។ អ្នកចុះឈ្មោះបោះឆ្នោតមាន ៩ លាន ៧ សែន និយាយលេខគត់ ប៉ុន្តែអ្នកទៅបោះឆ្នោតមានទៅដល់ ៨ លាន ២ សែន និយាយលេខគត់។ ក្នុងនោះសន្លឹកឆ្នោតបានការមានរហូតទៅដល់ ៧ លាន ៧ សែនជាង គឺស្មើនឹង ៩៤,៦៤ ភាគរយនៃសន្លឹកឆ្នោត (និងមិនបានការ)ស្មើនឹង ៥,៣៦ ភាគរយ ​ប្រៀបធៀបទៅនឹងឆ្នាំ ២០១៨ សន្លឹកឆ្នោតមិនបានការរហូតដល់ជាង ៨ ភាគរយ។

(១៤) ការបោះឆ្នោតសកលឆ្នាំ២០២៣ ជាការប្រកួតប្រជែងរវាងអ្នកគាំទ្រនិងអ្នកបំផ្លាញប្រជាធិបតេយ្យ

ត្រង់នេះ ខ្ញុំចង់ជម្រាបជូនថា ការបោះឆ្នោតនៅកម្ពុជាមានចរិក ២ យ៉ាង។ ទី១ គឺជាការប្រកួតប្រជែងដណ្តើមកៅអីនៅក្នុងសភា (ដែលការប្រកួតប្រជែង)នេះប្រព្រឹត្តទៅនៅក្នុងសភាពការណ៍ស្ងប់ស្ងាត់ល្អប្រសើរ។ ប៉ុន្តែអ្វីដែលជាការប្រកួតប្រជែងពិតប្រាកដ (ទី២)គឺរវាងអ្នកគាំទ្រការបោះឆ្នោត និងប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀតអ្នកបំផ្លាញប្រជាធិបតេយ្យ តាមរយៈរារាំងមិនឲ្យគេទៅបោះឆ្នោត គូសបំផ្លាញចោលសន្លឹកឆ្នោត សរុបមកគឺបំផ្លាញចោលការបោះឆ្នោត។ នេះទើបជាការតស៊ូពិតប្រាកដក្នុងការបោះឆ្នោតកន្លងទៅនេះ។ រយៈពេលកន្លងទៅ យើងបានដឹងហើយ(មាន)យុទ្ធនាការឲ្យប្រជាជនកុំទៅបោះឆ្នោត។ ប៉ុន្តែប្រជាជនទៅបោះឆ្នោតរហូតដល់ ៨៤ភាគរយ មានន័យថាម៉េច? អ្នកឯងឲ្យធ្វើយុទ្ធនាការ(បំផុសអោយអ្នកបោះឆ្នោត)គូសបំផ្លាញសន្លឹក​ឆ្នោតចោល (តែ)សន្លឹកឆ្នោតដែលខូចមានត្រឹមតែជាង ៥ភាគរយ ប្រៀបធៀបជាមួយនឹងឆ្នាំ ២០១៨ (ដែលមាន)ខូចជាង ៨ភាគរយ។ អញ្ចឹងមានន័យថាម៉េច?

(១៥) មានភស្តុតាងគ្រប់គ្រាន់ថាបក្សនយោបាយមួយពាក់ព័ន្ធនឹងការបំផ្លាញសន្លឹកឆ្នោត

ខ្ញុំគ្រាន់តែព្រមានទុកជាមុន។ ប្រសិនបើមេចៅហ្វាយរបស់អ្នកលើកកាំបិតកាប់ខ្ញុំ ខ្ញុំក៏មិនខ្លាចនឹងលើកកាំបិតកាប់កូនចៅរបស់អ្នកដែរ។ មូលហេតុងាយយល់ទេ។ ភ័ស្តុតាងមានគ្រប់គ្រាន់អំពីអ្នកណាខ្លះ(ដែលធ្វើតាមបញ្ជានេះ)។ ​គេបង្កើតនូវ channel សប្បាយ ក្នុង telegram។ ខ្ញុំបានចូលទៅ comment ផ្ទាល់នៅក្នុងហ្នឹង។ យើងរកឃើញមុខសញ្ញាមួយចំនួនដែលចេញពីស្រុកក្រៅចូលមកក្នុងបក្សនយោបាយមួយ។ អញ្ចឹងទេ តើបក្សនេះគួរត្រូវបានរំលាយឬអត់? បើចៅហ្វាយរបស់បក្សនេះលើកដៃកាប់មកលើយើងៗ ក៏មិនញញើតនឹងផ្តាច់ដល់ឬសគល់គ្រវាត់ចោ​លដែរ។ (ត្រូវ)តថ្លៃគ្នានៅកន្លែងហ្នឹង។ អ្នកឯងប្រព្រឹត្តខុសច្បាប់។ អ្នកខ្លះបានចេញសារ​ភាពហើយៗ ជាក់ស្តែងគឺមាន telegram សប្បាយ។ អ្នកដែលថតបានបង្ហោះទៅទៀត។ យើងមានភស្តុតាងគ្រប់​គ្រាន់ថាបក្សនយោបាយមួយបានជាប់ពាក់ព័ន្ធ ហើយបក្សនយោបាយនោះកំពុងដាក់មេធាវីការពារដល់អ្នក​ដែលកំពុងធ្វើកិច្ចការហ្នឹង។ តើនេះវាជាភស្តុតាងមួយទេ?

(១៦) បើយកសម្លេងភាគតិចមកចាប់បង្ខំ មិនមានហេតុផលត្រូវយោគយល់ដល់សម្លេងភាគតិចនៅទីនេះទេ

ប្រទេសមួយចំនួនកុំបង្ខំយើងឲ្យយើងដើរដល់ទីមួយដែលយើងត្រូវតែធ្វើការសម្រេចចិត្ត។​ យើងគ្រាន់តែដាស់​តឿនអ្នកឲ្យគោរពឯករាជ្យនិងអធិបតេយ្យភាពរបស់កម្ពុជា ទទួលស្គាល់នូវឆន្ទៈរបស់ប្រជាជនកម្ពុជាជាង ៨៤ ភាគរយ(នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត) … បើសិនជាអ្នកយកសម្លេងភាគតិចមកចាប់បង្ខំយើងៗ ក៏​មិនយោគយល់ទៅដល់សម្លេងភាគតិចនៅទីនេះដែរ។ បក្សនយោបាយមួយគួរតែដឹងខ្លួនថា សមាជិករបស់ខ្លួនបានធ្វើអ្វីខ្លះ? ដែលមាន(មួយចំនួន)ចេញសារភាព យើងបានអត់អោន។ គជប បានពិន័យក្នុងការកាត់សិទ្ធិធ្វើនយោបាយ មួយចំនួនកំពុងតែត្រូវបានផ្នែកអាជ្ញាធរតាមរក។ យើងមានបញ្ជីស្នាមត្រឹមត្រូវ។ ចូលទៅ like ចូលទៅ comment ចូលទៅនិយាយក្នុងហ្នឹង ថតនៅក្នុងហ្នឹងហើយបង្ហោះចេញ។ នៅទីនេះ ខ្ញុំមិនមែនធ្វើការគំរាមកំហែងចំពោះអ្នកណាទេ ក៏ប៉ុន្តែការបោះឆ្នោតនៅកម្ពុជាឆ្នាំ ២០២៣នេះ ជាការបោះឆ្នោតពិតប្រាកដមួយរវាងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងអ្នកបំផ្លាញប្រជាធិបតេយ្យតាមរយៈការបំផ្លាញចោលនៃការបោះឆ្នោតក្នុងយុទ្ធនាការ wifi មិនឲ្យទៅបោះឆ្នោតនិងយុទ្ធនាការគូសចោលសន្លឹកឆ្នោត។

(១៧) សហគមន៍អន្តរជាតិមាន ៦៥ ប្រទេស/សញ្ជាតិប្រកាសអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជា

ឥឡូវលទ្ធផលបានបង្ហាញច្បាស់ហើយ។ ប្រជាជនបានចូលរួមបោះឆ្នោត បានបោះឆ្នោតជ្រើសរើសគាំទ្រដំ​ណើរការប្រជាធិបតេយ្យនៅកម្ពុជាជាទៀងទាត់ ដែលយើងត្រូវការបោះឆ្នោត ៥ ឆ្នាំម្តង។ “នៅកម្ពុជាគ្មានការបោះឆ្នោតមុនការកំណត់ទេ” ខ្ញុំបានប្រាប់ទៅកាន់អ្នកសង្កេតការទាំងឡាយដែលមកពីជាង ៦៥ប្រទេសឬសញ្ជាតិ។ តើ ៦៥ សញ្ជាតិនេះ មកកាន់កម្ពុជាតំណាងឲ្យអ្វី? តើនេះហៅថាជាសហគមន៍អន្តរជាតិទេ? ឬប្រ​ទេស១ ប្រទេស២ ប្រទេស៣ ជាសហគមន៍អន្តរជាតិ? ប្រទេសទាំងឡាយដែលមកកាន់ទីនេះ ជាសហគមន៍អន្តរជាតិទេ? ប្រទេស១ ឬប្រទេស២ កុំតាំងខ្លួនជាសហគមន៍អន្តរជាតិ។ មិនត្រឹមត្រូវទេ។ ចំនួនភាគច្រើនជាង ៦០ សញ្ជាតិបានមកកាន់ទឹកដីកម្ពុជាប្រកាសអំពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជា។ អញ្ចឹងសុំមនុស្សខ្លះ កុំយកប្រទេសមួយឬពីរ ធ្វើជាសហគមន៍អន្តរជាតិអី ព្រោះសហគមន៍អន្តរជាតិប្រទេសនៅលើលោកនេះវាមានច្រើនណាស់។ សូមអរគុណចំពោះឯកឧត្តម Wang Wentian ដែលបានពាំនាំនូវសារលិខិតអបអរសាទរពីប្រធានាធិបតី Xi Jinping និងឯកឧត្តមនាយករដ្ឋមន្រ្តី Li Keqiang ជូនចំពោះខ្ញុំ សម្រាប់ការបោះឆ្នោតនៅកម្ពុជាក្នុងរយៈពេលកន្លងទៅនេះ។

(១៨) ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ

អ្នកមិនពេញចិត្តគឺជារឿងរបស់អ្នក។ អ្នកដែលគេពេញចិត្ត ទុកសិទ្ធិឲ្យគេពេញចិត្ត ហើយកុំយកប្រទេសមួយឬប្រទេសពីរ ឬបីបួនយកមកធ្វើជាសហគមន៍អន្តរជាតិ។ សហគមន៍អន្តរជាតិទាល់តែសម្លេងភាគច្រើននៅមហាសន្និបាតអង្គការសហប្រជាជាតិ បានគេហៅថាសហគមន៍អន្តរជាតិ។ បើនិយាយអំពីកិច្ចការផ្ទៃក្នុងរបស់ប្រ​ទេស​មួយគឺមិនអាចជ្រៀតជ្រែកទេ។ ទីបំផុត ខ្ញុំអាចប្រកាសថា ប្រជាធិបតេយ្យនៅកម្ពុជាបានឈ្នះហើយ។ យើងអនុវត្តការបោះឆ្នោតទៀងទាត់ ក្នុងនោះនាយករដ្ឋមន្រ្តីគ្មានសិទ្ធិរំលាយសភាទេ។ រដ្ឋធម្មនុញ្ញបានចងយ៉ាងច្បាស់ថា សភាមានអាណត្តិ ៥ឆ្នាំ។ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងរាជរដ្ឋាភិបាលត្រូវរំលាយ ២ដងក្នុងរយៈពេល ១២ខែ។ អញ្ចឹងបើសភារំលាយរដ្ឋាភិបាល ២ដងក្នុងរយៈពេល ១២ខែ សភាហ្នឹងត្រូវរលាយខ្លួន។ បើសភាចង់ធ្វើបាបរដ្ឋាភិបាល កុំរំលាយ ២ដង(ក្នុង១២ខែ) ចាំខែទី ១៣ទៅ ហ្នឹងអត់រលាយទេ។ អញ្ចឹងសមាជិកសភាគាត់ខ្លាចដែរ។ បើគាត់ហ៊ានបោះរំលាយគេ ២ដងក្នុងរយៈពេល ១២ខែ ខ្លួនឯងត្រូវរលាយនិងអស់ប្រាក់ខែដែរ។ ត្រូវបោះឆ្នោតមួយសាទៀត ដឹងជាប់មិនជាប់។ នេះជាតុល្យភាពមួយ។

(១៩) ប្រជាធិបតេយ្យ ឬមិនប្រជាធិតេយ្យ អាស្រ័យលើអ្នកទៅឬមិនទៅបោះឆ្នោត 

ទន្ទឹមនឹងការកំណត់យ៉ាងដូច្នេះ ច្បាប់បោះឆ្នោតរបស់យើងបានបញ្ជាក់យ៉ាងច្បាស់ថា រៀងរាល់ ៥ឆ្នាំម្តង នាថ្ងៃអាទិត្យសប្តាហ៍ទី ៤ខែកក្កដាត្រូវធ្វើការបោះឆ្នោត។ នាយករដ្ឋមន្រ្តីគ្រាន់តែចេញសេចក្តីសម្រេចអំពីកាលបរិច្ឆេទផ្អែកទៅលើរដ្ឋធម្មនុញ្ញ និងផ្អែកទៅលើច្បាប់បោះឆ្នោត ហើយខែកក្កដាកន្លងទៅនេះអាទិត្យទី ៤ វាមានអាទិត្យដល់ទៅ ២ឯណោះ។ ២៣ក៏ថ្ងៃអាទិត្យ ថ្ងៃ ៣០ក៏ថ្ងៃអាទិត្យ តើយកថ្ងៃអាទិត្យមួយណា? វាទាមទារឲ្យនាយករដ្ឋមន្រ្តីធ្វើការប្រកាស … រឿងគណបក្សនយោបាយ ១ឬ ២មិនបានចូលរួម គេគិតថាមិនប្រជាធិបតេយ្យ។ អ្នកឯងគិតខុសហើយ។ ប្រជាធិបតេយ្យ ឬមិនប្រជាធិតេយ្យគឺអាស្រ័យលើប្រជាជនទៅបោះឆ្នោត ឬមិនបោះឆ្នោត ដែលខ្ញុំនិយាយថាដំណើរការពិតប្រាកដនៃប្រជាធិបតេយ្យនៅកម្ពុជា(តាមរយៈការ)បោះឆ្នោតលើកនេះ គឺរវាងម្ខាងអ្នកចង់បានលទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀតបំផ្លាញប្រជាធិបតេយ្យតាមរយៈបំផ្លាញចោលការបោះឆ្នោត ឥឡូវបានឃើញច្បាស់ហើយ។ ខ្ញុំមិនដាស់តឿនចំពោះអ្នកណាទេ ក៏ប៉ុន្តែ គេក៏ត្រូវតែយល់អំពីអ្វីដែលយើងនិយាយ។​ កូនជឹងរបស់អ្នកប្រព្រឹត្តខុសខ្លួនឯង មិនអាចមកបន្ទាសអ្នកដទៃ​ទេ ហើយប្រសិនបើអ្នកយាកាំបិតកាប់ខ្ញុំៗ ក៏មិនស្ទាក់ស្ទើរនឹងធ្វើអ្វីដែលគួរតែធ្វើ។ បើបានជាជ្រុលរៀងខ្លួនហើយ ធ្វើទៅ កុំឲ្យវារញ៉ីរញ៉ៃថ្ងៃក្រោយ។ យើងបានក្តាប់ភ័ស្តុតាងជាប់ក្នុងដៃរួចហើយ មាននៅក្នុងតុលាការទៀត មានទាំងអ្នកសារភាពទៀត ទាក់ទិនជាមួយនឹងការបំផ្លាញ(សន្លឹកឆ្នោត)។

(២០) អរគុណដល់ប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត និងគាំទ្រគណបក្សប្រជាជនកម្ពុជា

ជារួម ខ្ញុំសូមអរគុណដល់ប្រជាពលរដ្ឋដែលទទួលយកនូវការអំពាវនាវរបស់ព្រះមហាក្សត្រជាទីគោ​រពសក្ការៈ ទទួលយកការអំពាវនាវរបស់គណៈ​កម្មាការជាតិរៀបចំការបោះឆ្នោត និងទទួលយកការអំពាវនាវរបស់រាជរដ្ឋាភិបាល និងបានទៅចូលរួមការបោះឆ្នោត។ ទី២ គឺខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា​ ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានអត្រាគាំទ្រទៅដល់ ៨២,៣០% គឺបំបែកឯកទគ្គកម្មក្នុងរយៈពេលកន្លងទៅ ដែលមុននេះការបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០១៨ គណបក្សប្រជាជនទទួលបានត្រឹមតែ ៧៦,៨៥% ទេ ហើយឆ្នាំ ២០២២ កន្លងទៅ គណបក្សប្រជាជនទទួលបានត្រឹមតែ ៧៤,៣២%។ ការបោះឆ្នោតថ្នាក់ជាតិនេះ យើងកើន(សម្លេងគាំទ្រ)​ដល់​ ៨២,៣០ % គឺមានកំណើនសំលេងឆ្នោតរហូតទៅដល់ជាង ១លានសំលេង។ ត្រង់នេះគឺជាចំណុចដែលខ្ញុំនឹងនិយាយថា ហេតុអ្វីបានជាខ្ញុំគួរត្រូវចាកចេញនៅពេលបន្ដិចទៀត។

(២១) ការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជន មានន័យថាគណបក្សប្រជាជន​នៅតែជាជំរើសដ៏ល្អ

យោងទៅលើលទ្ធផលនេះ ប្រជាជនភាគច្រើនបោះឆ្នោតជ្រើសរើសយកសន្ដិភាពនិងការអភិវឌ្ឍ ព្រោះនយោ​បាយអាទិភាពរបស់គណបក្សប្រជាជននិងយុទ្ធសាស្ដ្រ​របស់គណបក្សប្រជាជនត្រូវតែធានាឲ្យខានតែបាននូវសន្ដិភាពនិងការអភិវឌ្ឍ។ ដូច្នេះការបោះឆ្នោតឲ្យគណបក្ស​ប្រជាជនគឺបោះឆ្នោតដើម្បីការពារសន្ដិភាពនិងធានាដល់ការអភិវឌ្ឍរយៈពេលវែងសំរាប់ប្រជាជន។ ប្រជាជនបាន​នឹងកំពុងទទួលនូវសេចក្ដីសុខពីសន្ដិភាព ទទួលបាននូវការរីកចំរើនពីសន្ដិភាពនេះ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច។ ទោះបី​ថាឥឡូវ​ (សេដ្ឋកិច្ចដែលបាន)ញាំញីដោយកូវីដ ១៩ មិនទាន់អស់(ឥទ្ធិពលនិងទើប)តែបានថមថយ ក៏សេដ្ឋកិដ្ឋកិច្ចសកលកំពុងស្ថិតក្នុងវិបត្ដិទាក់​ទិននឹងបញ្ហា ដែលផ្ដើមចេញពីសភាពការណ៍ស្មុគស្មាញសាំញ៉ាំជាច្រើន។ យើងអាចនិយាយបានថា ការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជន មានន័យថាគណបក្សប្រជាជន​នៅតែជាជំរើសដ៏ល្អបំផុតសម្រាប់ប្រជាជនកម្ពុជាក្នុងការធ្វើជាបង្អែកសំរាប់សេច​ក្ដីសុខអំពីសន្ដិភាពនិងសេចក្តីសុខទាក់ទិននឹងការ​អភិវឌ្ឍ

(២២) លះបង់សាជាថ្មីដើម្បីសេចក្ដីសុខរយៈពេលវែងរបស់ជាតិ/ប្រជាជន … មូលហេតុ

ឥឡូវសួរថាហេតុអ្វីបានជាខ្ញុំត្រូវចាកចេញពីមុខតំណែងនាយករដ្ឋមន្ដ្រី ក្នុងពេលដែលគណបក្សទទួលបាន​នូវការគាំទ្រយ៉ាងខ្ពស់បែបនេះ? ខ្ញុំអាចនិយាយបានថា នេះគឺជាការលះបង់ដើម្បីភាពសុខសាន្ដរយៈពេលវែងគឺធានានូវសន្ដិភាពនិងធានាដល់ការអភិវឌ្ឍ។ ខ្ញុំបានលះបង់រួចមកហើយ។ ធ្លាប់បានយកក្បាលធ្វើជាដើមទុនដើម្បី​រំដោះប្រទេស។ ធ្លាប់បានយកក្បាលធ្វើដើមទុនដើម្បីបង្រួបបង្រួមប្រទេសបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ដែលមិនចេះចប់​មិនចេះហើយ ខ្ញុំបានយកជីវិតនយោបាយរបស់ខ្ញុំធ្វើជាដើមទុននៃកំណែទំរង់នយោយបាយនិងសេដ្ឋកិច្ចនៅកម្ពុជា។ ឥឡូវខ្ញុំលះបង់សាជាថ្មីម្ដងទៀតដើម្បីសេចក្ដីសុខរយៈពេលវែងរបស់ប្រជាជន។ យ៉ាង​ហោចមានមូលហេតុ ៤យ៉ាង ដែលខ្ញុំគួរតែជម្រាបជូនចំពោះប្រជាពលរដ្ឋថាហេតុអ្វីបានជាខ្ញុំត្រូវចេញនៅក្នុងពេល​នេះ។ ការផ្ទេរឲ្យយុវជនពេលនេះគឺមានស្ថេរភាពនិងសុវត្ថិភាពជាង នៅពេលដែលយើងចាស់ជិតស្លាប់។

(២៣) ក្រោយ ហ៊ុន សែន គឺនរណា … តើមានអ្នកកាន់អំណាចប៉ុន្មាននាក់នៅកម្ពុជាបានលះបង់អំណាច?

ខ្ញុំសូមបញ្ជាក់ត្រង់កន្លែងនេះបន្ដិច តើមានមនុស្សប៉ុន្មាននាក់ទៅនៅកម្ពុជា កាលពីសម័យដើមរហូតមក ដែលធ្លាប់បាន​លះបង់អំណាចដូចខ្ញុំ ក្នុងពេលដែលខ្ញុំនៅមានលទ្ធភាពអាចធ្វើនាយករដ្ឋមន្ដ្រីបានក្នុងរយៈពេល ៥ ឬ ១០ឆ្នាំទៀត? វាមិនមែនជាការល្អទេ(ដែលយើងកាន់តំណែង)ដល់ចាស់ពេក ឬដល់យើងស្លាប់។ ក្រោយ ហ៊ុន សែន​ ជានរណា? ជាសំណួរដែលបានកើតឡើងតាំងពី ឆ្នាំ ២០១៥/២០១៦ ឯណោះ ពេលដែលខ្ញុំទៅកាន់ទីក្រុងតូក្យូ។ អតីតនាយករដ្ឋមន្ដ្រី Shinzo Abe ដែលត្រូវបានគេធ្វើឃាត នៅពេលដែលអង្គុយតុជាមួយគ្នាប្រជុំប្រទេស​មេគង្គនិងជប៉ុន បានចោទជាសំណួរថា «ក្រោយហ៊ុន សែន ជានរណា?»។ មានអ្នកនិយាយលេងថា “ក្រោយ «ហ៊ុន សែន គឺ ហ៊ុន សែន»”។ ពិតហើយ ក្រោយ ហ៊ុន សែន គឺ ហ៊ុន សែន បន្ដពី ២០១៨ រហូតដល់ ២០២៣ នេះ។ ខ្ញុំបានជំរាបហើយ ក្រោយ ហ៊ុន សែន ជានរណា វាជាបញ្ហាដ៏ធំមិនមែនជាបញ្ហាតូចតាច។ ឥឡូវយើងដាក់ចេញជាសំណួរយ៉ាងនេះទៅវិញ ប្រសិនបើខ្ញុំស្លាប់ថ្ងៃនេះ ឬថ្ងៃស្អែក ឬមួយឆ្នាំទៀតខ្ញុំស្លាប់ តើមានរឿងអ្វីនឹងកើតឡើងនៅពេលនោះ បើយើងមិនបានត្រៀមរៀបចំសំរាប់អ្នកបន្ដវេន។

(២៤) សម្តេចព្រះនរោត្តម សីហនុ ដាក់រាជ្យបាន ៨ ឆ្នាំ ទើបយាងចូលទីវង្គត

ខ្ញុំពិតជាគោរពទៅដល់ព្រះរាជតម្រិះរបស់ព្រះបរមរតនៈកោដ្ឋ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះអង្គបានដាក់រាជ្យ ដែលព្រះរាជបុត្រព្រះអង្គជាព្រះមហាក្សត្របច្ចុប្បន្នគ្រងរាជ្យបាន ៨ឆ្នាំ មុនពេលដែលព្រះអង្គសោយ​ទីវង្គត់។ អាចនិយាយបានថានេះជាព្រះរាជតម្រិះដ៏អស្ចារ្យរបស់ព្រះបិតាជាតិរបស់យើង។ ប្រសិនបើពេលនោះ មិនទាន់មានក្សត្រគ្រងរាជ្យថ្មីទេ ខ្លួនខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ដ្រីនាពេលនោះមិនដឹងថាតើត្រូវធ្វើអ្វីទេ។ ម្ខាងត្រូវគិតគូរពីការរៀបចំព្រះរាជសព ឯម្ខាងទៀតត្រូវគិតគូរអំពីការកសាងច្បាប់ស្ដីពីការចាត់តាំងនិងប្រព្រឹត្ដទៅនៃក្រុម​ប្រឹក្សារាជសម្បត្ដិ។ ការជ្រើសរើសព្រះមហាក្សត្រថ្មីមាន(ការកំណត់)រយៈពេលត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។ រឿងនេះវាធ្លាប់បានកើតនៅក្នុងឆ្នាំ ១៩៦០ នៅពេលដែលព្រះករុណា ព្រះបាទនរោត្តម សុរាម្រិត សោយទីវង្គត។ ពេលនោះប្រទេសកម្ពុជាយើងរើសស្តេចអត់បានទេ។ កែរដ្ឋធម្មនុញ្ញឲ្យទៅជាមានប្រមុខរដ្ឋ។ ប្រទេសរាជានិយមមួយគ្មានស្តេច ប៉ុន្តែបែរជាមានប្រមុខរដ្ឋទៅវិញ។ (ដោយសារតែ)ព្រះករុណាបិតា ព្រះអង្គមានព្រះតម្រិះច្បាស់លាស់អំពីរឿងនេះ បានជាយើងដំណើរការដោយរលូនជាមួយនឹងការធ្វើបុណ្យសពដោយភាពថ្លៃថ្នូរនិងការគោរពពីសំណាក់ប្រជាជន។

(២៥) “… ព្រះមហាក្សត្រគ្មានព្រះរាជសិទ្ធតែងតាំងព្រះរាជទាយាទអោយគ្រងរាជ្យ …”

ខ្ញុំជាមួយនឹងព្រះករុណាព្រះមហាក្សត្រជាទីសក្ការៈបានទៅប៉េកាំងដើម្បីដង្ហែព្រះសពមកកាន់ប្រទេស ហើយយើងធ្វើបុណ្យ។ ប្រសិនបើព្រះមហាក្សត្រសព្វថ្ងៃមិនបានគ្រងរាជ្យទេ តើយើងត្រូវដោះស្រាយរបៀបណា? ម្ខាងធ្វើបុណ្យសព ម្ខាងទៀតច្បាប់អត់ទាន់មានអំពីការចាត់តាំងនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សារាជសម្បត្តិ ដើម្បីជ្រើសរើសក្សត្រ។ នៅប្រទេសកម្ពុជា សូម្បីតែព្រះមហាក្សត្រក៏ត្រូវតែឆ្លងកាត់ការបោះឆ្នោតដែរ។ ព្រះករុណាបិតាអង្គឯង លោកសរសេរអំពីកន្លែងហ្នឹង។ បានសេចក្តីថា មិនដឹងរាជសព្ទប្រើពាក្យថាម៉េច ប៉ុន្តែខ្ញុំប្រើពាក្យជំ​នួសថា (លោក)សរសេរនៅកន្លែងហ្នឹង «រាជានិយមនៅកម្ពុជា ជារាជានិយមជ្រើសតាំង។ ព្រះមហាក្សត្រគ្មានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទឲ្យគ្រងរាជ្យទេ»។ (ព្រះករុណាបិតា)ចែងច្បាស់នៅកន្លែងហ្នឹង ហើយថេរៈវេលាដែលយើងត្រូវធ្វើនោះមានពេលតែ ៧ថ្ងៃ ហើយអ្នកណានឹងឡើងគ្រងរាជ្យមិនមែនជារឿងលេងសើចទេ។ ករណីនេះ បទពិសោធន៍នេះ បានផ្តល់មេរៀនដាស់តឿនសម្រាប់ខ្ញុំដែរ លើកទឹកចិត្តខ្ញុំដែរ ឲ្យយកគំរូនៃការបន្តវេននេះឲ្យយុវជនជំនាន់ក្រោយ ឲ្យបានលឿនតាមដែលអាចធ្វើទៅបាន

(២៦) បន្តក្នុងអាណត្តិទី៧ រួចថែទី៨ ក៏គណបក្សប្រជាជននៅតែឈ្នះ

ឥឡូវឧទាហរណ៍ថា ខ្ញុំមិនចាកចេញពីអំណាចទេ ខ្ញុំនៅបន្តក្នុងអាណត្តិទី ៧ពេញ រួចហើយថែមអាណត្តិទី ៨ទៀត ព្រោះគណបក្សប្រជាជននៅតែឈ្នះ ទោះបីអ្នកឯងបូកលេខបូកស្អីយ៉ាងម៉េច រឿងរបស់អ្នកឯងទេ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិតជាចេះបូកលេខច្បាស់ជាងហើយ។ ខ្ញុំគួរតែដាស់តឿនអ្នក សុំកុំឲ្យចេះលើសអ្នកដទៃ ចេះលើសប្រជាជនមួយនគរ ក្នុងឋានៈខ្លួនឯងត្រឹមតែមនុស្សម្នាក់បូកលេខចេញប៉ុណ្ណេះ បូកលេខចេញប៉ុណ្ណោះ ហើយមកប្រ​ដៅ​គេទៀត។ ចង់ប្រដៅអីទៅប្រដៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅ ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើប្រតិកម្មយ៉ាងម៉េចអីយ៉ាងម៉េច។ ប៉ុន្តែដូចជាមិនចាំបាច់(តបនឹង)មនុស្សឆ្កួតៗបែបនេះ។ អញ្ចឹងឥឡូវបើសិនជាខ្ញុំស្លាប់នៅក្នុងពេលដែលខ្ញុំកាន់តំណែងនាយករដ្ឋមន្ត្រី តើអ្នកណានឹងរៀបចំគណៈរដ្ឋមន្ត្រីថ្មី? …

(២៧) បានកែរដ្ឋធម្មនុញ្ញបង្កាមិនឱ្យមានការរំលាយគណរដ្ឋមន្ត្រី ក្នុងករណីនាយករដ្ឋមន្ត្រីស្លាប់ឬលាលែង

កាលពីមុនរដ្ឋធម្មនុញ្ញបើកចំហទៅទៀតថា “ប្រសិនបើតំណែងនាយករដ្ឋមន្ត្រីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្ត្រីមួយត្រូវរៀបចំឡើងវិញ” ដែលវាស្មើនឹងការរំលាយ(គណៈរដ្ឋមន្ត្រីនៅពេល) នាយករដ្ឋម​ន្ត្រីស្លាប់ ឬនាយករដ្ឋមន្ត្រីលាលែង។ យើងបានកែរដ្ឋធម្មនុញ្ញនេះទាន់ពេល គឺពេលដែលនាយករដ្ឋមន្ត្រីស្លាប់ នាយករដ្ឋមន្ត្រីស្តីទីដែលត្រូវបានកំណត់តាមការបែងចែកភារកិច្ច នឹងត្រូវដឹកនាំរាជរដ្ឋាភិបាលបន្តរហូតដល់មានរាជរដ្ឋាភិបាលថ្មីចូលមកជំនួស។ ក្នុងពេលដែលប្រធានបក្សក៏ជានាយករដ្ឋមន្ត្រីដែរ ហើយស្រាប់តែ ២ ៣ នាក់ ដណ្តើមគ្នាធ្វើនាយករដ្ឋមន្ត្រី ឥឡូវគិតយ៉ាងម៉េចកន្លែងហ្នឹង? ជួនកាលឈានដល់ដំណាក់កាល អ្នកណាខ្លាំងអ្នកហ្នឹងឈ្នះ។ រឿងនេះគឺអាចឈានទៅដល់ការបង្ហូរឈាមដើម្បីដណ្តើមអំណាចទៀតផង។ វាមិនជាការងាយស្រួលទេ។ នៅមាន ហ៊ុន សែន មួយគ្រាន់នឹងនិយាយ នេះនិយាយតាមត្រង់ទៅចុះ។ រដ្ឋមន្ត្រីនេះជាមួយរដ្ឋមន្ត្រីមួយនោះគឺគាត់អាចនឹងមិនត្រូវគ្នា ព្រោះអ្នកណាក៏ចង់ឡើងដែរ។ យី!តំណែងនាយករដ្ឋមន្ត្រីអ្នកណាមិនចង់បានលោកអើយ សូម្បីតែអ្នកខ្លះដេកយល់សប្តិក្នុងហ្វេសប៊ុកធ្វើនាយករដ្ឋមន្ត្រីហ្វេសប៊ុក។

(២៨) សភាពការណ៍មានលក្ខខណ្ឌនិងលក្ខសម្បត្តិអំណោយផល ឲ្យរដ្ឋាភិបាលថ្មីចេញដំណើរពីដើមទី

អញ្ចឹងទេ ការផ្ទេរអំណាចជូនក្រុមយុវជនឲ្យចាប់ផ្តើមតែម្តងជាការល្អ (ដែល)ធានាថា យើងមានសេចក្តីសុខទាំង​អស់គ្នា (ក្នុងសភាពថា)ក្រុមដែលមានអាយុច្រើនរួមដំណើរជាមួយក្រុមវ័យក្មេង បន្តថែរក្សាសន្តិភាពដើម្បីក្តីសុខសាន្តនិងការអភិវឌ្ឍ។ នេះជាចំណុចសំខាន់ណាស់។ ខ្ញុំនិយាយយ៉ាងដូច្នេះ បន្ទាប់ពីខ្ញុំប្រកាសនៅថ្ងៃទី ២៦ (កក្កដា) រួចហើយ និងដោយសារតែប្រជាជនបានដឹងរួចស្រេចទៅហើយថា ហ៊ុន សែន ជាបេក្ខជននា​យក​រដ្ឋមន្ត្រី និងហ៊ុន ម៉ាណែត គឺនាយករដ្ឋមន្ត្រីសម្រាប់អនាគត។ មុននេះមាន សេណារីយ៉ូ ២ ដែលសេណារីយ៉ូទី១ ពួកក្រុមចាស់បន្តដឹកនាំរដ្ឋាភិបាល ១ឆ្នាំឬ ២ឆ្នាំ រួចហើយបានចាកចេញនិងបន្ទាប់ទៅប្រគល់ឲ្យអ្នកជំនាន់ក្រោយ។ សេណារីយ៉ូទី២ គឺសេណារីយ៉ូឲ្យចាប់ផ្តើមពីដើមអាណត្តិ។ យោងទៅលើលក្ខខណ្ឌនិងលក្ខណៈសម្បត្តិ ក៏ដូចជាសភាពការណ៍អំណោយផល គណៈអចិន្ត្រៃយ៍បានសម្រេចជ្រើសរើសយកសេណារីយ៉ូទី ២ គឺឲ្យអ្នករដ្ឋាភិបាលថ្មីនេះ ចេញដំណើរពីដើមទីតែម្តង ដោយមិនចាំបាច់ឲ្យមានអន្តរកាលមួយ ដោយអ្នកចាស់ទេ។ ធ្វើយ៉ាងនេះ យើងផ្តល់អំណាចពេញលេញទៅឲ្យអ្នកបន្តវេនមានលទ្ធភាពធ្វើកិច្ចការរបស់គេពេញមួយអាណត្តិ។ នេះជាការធានាធំបំផុត ហើយដែលនឹងគ្មានវិបត្តិណាមួយកើតឡើង នៅពេលដែលនាយករដ្ឋមន្ត្រីចាស់ធ្វើការមិនកើត មានគ្រោះថ្នាក់ ឬរហូតទៅដល់ស្លាប់ វាអត់មានអីកើតឡើងទេ។

(២៩) អ្នកជំនាន់ក្រោយរៀបចំខ្លួនបានល្អចូលមកដឹកនាំ ទទួលអំរែកក្នុងដំណើររយៈពេលវែង

ចំណុចទី២គឺ (អ្នក)ជំនាន់ក្រោយបានចូលមកដឹកនាំក្នុងពេលដែលពួកគេរៀបចំខ្លួនបានយ៉ាងល្អ។ ពួកគេមកទទួលអំរែកពីពួកយើងដែលជាមនុស្សចាស់សម្រាប់ដំណើរការរយៈពេលវែង ហើយពួកគេមិនមែនជាក្មេងទៀតទេ។ បើប្រៀបធៀបជាមួយខ្ញុំៗ ប្រៀបធៀប(នឹង)នាយករដ្ឋមន្ត្រីទៅចុះ ខ្ញុំកាន់អំណាច គឺនៅពេលដែលខ្ញុំចូលធ្វើនាយករដ្ឋមន្ត្រី ខ្ញុំមានអាយុត្រឹមតែ ៣២ឆ្នាំតែប៉ុណ្ណោះ។ ឥឡូវនេះ នាយករដ្ឋមន្ត្រីថ្មីមានអាយុរហូតទៅដល់ ៤៦ឆ្នាំ គឺបានសេចក្តីថា អាយុច្រើនជាងខ្ញុំ ១៤ឆ្នាំ។ (គាត់)ត្រូវបានហ្វឹកហាត់ល្មមគ្រប់គ្រាន់ហើយ។ មួយចំ​នួនយើងដាក់បញ្ចូលទៅក្នុងរដ្ឋាភិបាលយូរហើយ។ ក្រុមយុវជនហៅថា(សមាជិករដ្ឋាភិបាល)ក្រុមវ័យក្មេង យើងបានដាក់បញ្ចូលទៅជាឧបនាយករដ្ឋមន្ត្រី ទៅជារដ្ឋមន្ត្រីយូរហើយ ដូចជា អូន ព័ន្ធមុនីរ័ត្ន​ ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា, សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម, ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងមន្ត្រីក្មេងៗមួយចំនួនទៀត បាននៅអមជារដ្ឋលេខាធិការរួចស្រេចទៅហើយ។ ពួកគេមានការ​ចេះដឹង។

ក្រៅពីនោះ យើងនៅមានរដ្ឋមន្ត្រីមួយចំនួនផ្សេងទៀត ដែលយើងមិនធ្វើការដោះដូរទេ ដូចជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ អ្វីដែលត្រូវធ្វើការដោះដូរនោះ គឺពួកយើងខ្ញុំនេះ។ ឥឡូវបើនិ​យាយពីលក្ខខណ្ឌតម្រូវសម្រាប់ប្រទេសវៀតណាមឬប្រទេសចិន ពួកយើងខ្ញុំហួសដឺឡេទាំងអស់។ រាល់ថ្ងៃសំ​ណាងហើយបានថ្នាំលាបសក់យកមកលាបនោះ កុំអីនៅលើហ្នឹងមើលមកពីខាងក្រោមមកសទាំងអស់។ ស្មានតែអាយុតិចណាស់ក្មួយ ប៉ុន្តែបានថ្នាំលាបសក់ទេ យោងនោះ។ ឧបនាយករដ្ឋមន្ត្រីរបស់ខ្ញុំទាំងអស់ គឺ ៧០ឡើងលើ លើកលែងតែ អូន ព័ន្ធមុនីរ័ត្ន មួយទេ ក្រោម ៦០ ឯក្រៅពីនោះគឺលើស​ ៧០ ទៅ ៨០។ បង ហោ ណាំហុង ជាង ៨០ ឧបនាយករដ្ឋមន្ត្រី។ អញ្ចឹងទេ យើងត្រូវធ្វើការលះបង់។ រដ្ឋមន្ត្រីខ្លះក៏ជាង ៧០ហើយដែរ។ យើងត្រូវធ្វើការដកខ្លួនទុកទីកន្លែងនោះឲ្យទៅរដ្ឋមន្ត្រីវ័យក្មេង។

(៣០) នឹងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ … ជាប្រ​ធាន​ព្រឹទ្ធសភាក្រោយថ្ងៃ ២៥ កុម្ភៈ ២០២៤

យើងនឹងរក្សាទុកនូវអតីតរដ្ឋមន្ត្រីចាស់ៗខ្លះ ឲ្យទៅធ្វើជាទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេសដែលមានវ័យ​ជាង ៧០ ប៉ុន្តែកាន់ក្រសួងគឺត្រូវមានអាយុក្រោម ៧០។ បើនៅប្រទេសវៀតណាម និងនៅប្រទេសចិន ប្រទេសចិនឲ្យត្រឹមតែ ៦៨ឆ្នាំទេ ប្រទេសវៀតណាមដូចឲ្យតែ ៦៥ឆ្នាំទេ។ យើងសុទ្ធតែជាង៧០ឆ្នាំ និង៨០ឆ្នាំ។ អញ្ចឹងបានថា សុំចិត្តបងប្អូនក្នុងគណៈរដ្ឋមន្ត្រីរបស់យើង យោគយល់ជាមួយនឹងកិច្ចការទាំងអស់ អ្នកដែលលះបង់ធំជាងគេ គឺខ្ញុំនេះវិញទេ។ អំណាចនាយករដ្ឋមន្ត្រីចង្អុលត្រង់ណាឆេះត្រង់ហ្នឹង។ ចង្អុលឲ្យកើតស្ពានៗ ចង្អុលឲ្យរំលាយចោលៗ។ ហ្នឹងអត់បានទេ។ តែខ្ញុំសុខចិត្តលះបង់នូវអំណាចនេះ ដើម្បីសេចក្តីសុខរយៈពេលវែងសំរាប់ប្រជាជនកម្ពុជា ក្នុងហ្នឹងរួមទាំងយើងផងដែរ។ មន្ត្រីមួយចំនួនដែលជាប់ឆ្នោតជាតំណាងរាស្ត្រ ដែលធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រី ធ្លាប់ធ្វើជាទេសរដ្ឋមន្ត្រី ធ្វើរដ្ឋមន្ត្រី ត្រូវទៅនៅធ្វើជាអ្នកតំណាងរាស្ត្រ ខ្លះទៅឈរជាសមាជិកព្រឹទ្ធសភា ខ្លះក៏ធ្វើទីប្រឹក្សារាជរដ្ឋាភិបាល

ខ្ញុំបានបញ្ជាក់ថ្ងៃមុនហើយ ខាងមុខនេះព្រះមហាក្សត្រនឹងតែងតាំងខ្ញុំជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ ដែលជាទីកន្លែងនៅទំនេរ បន្ទាប់ពីសម្តេចក្រុមព្រះសោយទីវង្គត។ សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច ហេង សំរិន សម្តេច ម៉ែន សំអន សុទ្ធតែត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាព្រះមហាក្សត្រ។ បន្តទៅទៀត ខ្ញុំក៏នឹងបានពិភាក្សាហើយ បងប្អូនសំណូមពរកុំឲ្យខ្ញុំដាច់ពីការងាររដ្ឋពេក។ ដូច្នេះខ្ញុំត្រូវទៅកាន់តួនាទីជាប្រ​ធាន​ព្រឹទ្ធសភានៅក្រោយថ្ងៃ ២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ (ដែល)នឹងធ្វើការបោះឆ្នោតព្រឹទ្ធសភា។ ខ្ញុំក៏មិនទៅណាដែរ។ ខ្ញុំលាពីសមាជិកសភាខេត្តកណ្តាល ហើយខ្ញុំមកឈរជាសមាជិកព្រឹទ្ធសភាខេត្តកណ្តាលវិញ។ ជាមួយអ្នកខេត្តកណ្តាលដដែល។ ពេលហ្នឹងសុំសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃខេត្តកណ្តាលបោះឆ្នោតឲ្យផង

(៣១) សម្តេចសាយ ឈុំ, សម្តេច ស ខេង, សម្តេច ទៀ បាញ់, សម្តេច ម៉ែន សំអន នៅជាអនុប្រធានគណបក្ស

មានតំណែងអំណាចខុសគ្នា។ ខ្ញុំនៅចាំច្បាស់ណាស់ ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ១៩៩៨ នៅក្នុងព្រះបរមរាជវាំង មានការពិភាក្សារវាងគណបក្សប្រជាជន និងហ្វ៊ុនស៊ិនប៉ិច។ ពេលនោះហើយជាការកកើតនៃព្រឹទ្ធសភា។ ដើម្បីការស្រុះស្រួលគ្នា បានបែងចែកភារកិច្ច។ ព្រះករុណាបិតាព្រះអង្គដឹកនាំការប្រជុំ ដើម្បីទំលាយភាពទ័លច្រក។ ពេលនោះប្រើប្រព័ន្ធ ២/៣ ក្នុងពេលដែលគណបក្សប្រជាជនមិនមានសម្លេង ២/៣ ទេ។ ព្រះករុណាក៏បានរៀប​ចំថាឲ្យមានព្រឹទ្ធសភា។ អញ្ចឹង សម្តេច ជា ស៊ីម ត្រូវធ្វើជាប្រធានព្រឹទ្ធសភា សម្តេចក្រុមព្រះធ្វើជាប្រធានរដ្ឋសភា សម្តេចហ៊ុន សែនជានាយករដ្ឋមន្ត្រី។ ព្រះករុណាព្រះបិតា ព្រះអង្គមានបន្ទូលចឹងថា ខ្ញុំជាមនុស្សទី ១ សម្តេចជាស៊ីម (ជាមនុស្សទី២) សម្តេចក្រុមព្រះជាមនុស្សទី ៣ សម្តេច ហ៊ុនសែន ជាមនុស្សទី ៤ ប៉ុន្តែយើងទាំងអស់គ្នាមិនត្រូវភ្លេចថា មនុស្សទី ៤ ទេដែលកាន់អំណាច គឺនាយករដ្ឋមន្ត្រី ហ៊ុនសែន។ រឿងពិតគឺអញ្ចឹង។ ខ្ញុំទៅកាន់តំណែងជាប្រធានព្រឹទ្ធសភា ជំនួសបង សាយ ឈុំ ដែលគាត់ស្នើសុំឈប់សម្រាក និងនៅបន្តធ្វើការ​ងារជាអនុប្រធានគណបក្សតទៅទៀត ក្នុងពេលដែលខ្ញុំនៅបន្តប្រធានគណបក្ស សម្តេច ស ខេង សម្តេច ទៀ បាញ់ សម្តេច ម៉ែន សំអន ក៏នៅជាអនុប្រធានគណបក្ស។ ថ្ងៃមុនជួបគ្នាថា ឧស្សាហ៍រៀបបាយបន្តិចនៅវិមាន ៧ មករា ដើម្បីយើងធ្វើការខាងផ្នែកបក្ស។ នេះជាអនាគតនៃនយោបាយដែលបានរៀបចំ។

(៣២) យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មានអាទិភាពអភិវឌ្ឍគឺមនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា

ខ្ញុំអាចនិយាយបានថា អ្នកជំនាន់បន្តវេនបានត្រៀមខ្លួនរួចរាល់ហើយ។ ដែលខ្ញុំបានដឹង ដោយសារខ្ញុំបានចូលរួមនៅក្នុងដំណើរការនេះ ព្រោះត្រូវសុំយោបល់ពីនាយករដ្ឋមន្ត្រីចាស់ អំពីការរៀបចំយុទ្ធសាស្ត្របញ្ចកោណដំ​ណាក់កាលទី១ … យើងធ្វើចាប់ពីយុទ្ធសាស្ត្រត្រីកោណ មកយុទ្ធសាស្ត្រចតុកោណ ៤ដំណាក់កាលហើយ យើងដូរទៅកាន់យុទ្ធសាស្ត្របញ្ចកោណ ដោយថែមមុំមួយទៀតគឺបើនិយាយពីបាវចនាគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព ឥឡូវថែមចីរភាពមួយទៀតទៅជា ៥។ ដល់ទៅផ្នែកគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍ គឺមាន មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា។ អញ្ចឹងសភាពការណ៍ថ្មីវាមិនអាចនៅបង្ខំឲ្យយើងនៅត្រឹមយុទ្ធសាស្ត្រចតុកោណទេ ការចាប់យកបច្ចេកវិទ្យា គឺជាគោលដៅ ជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាកិច្ចការសំខាន់របស់យើង សម្រាប់ការអភិវឌ្ឍប្រទេស។ ហើយសូមបញ្ជាក់ បណ្ឌិតជិតពាក់កណ្តាលដែលនៅក្នុងរដ្ឋាភិបាលថ្មីនេះ។

(៣៣) អរគុណឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងសម្ដេច ទៀ បាញ់ បានជួយបណ្ដុះបណ្ដាលកូន”ៗ ទាំង៣

អរគុណចំពោះឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលបានជួយបណ្តុះបណ្តាលកូនខ្ញុំទាំង ៣នាក់។ ខ្ញុំបានផ្ញើឲ្យបណ្តុះបណ្តាល។​ ប្រវត្តិវាអញ្ចេះ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន នេះឆ្នាំ ១៩៩២ បញ្ចប់ការសិក្សានៅអតីតសហភាពសូវៀត។ មនុស្សមួយចំនួនទៅរកបក្សផ្សេង ប៉ុន្តែមានបណ្ឌិត ២ នាក់ កាលហ្នឹងមាន វង្ស សណ្តាប់ មួយដែរបានមកជួប ខ្ញុំ។ ២នាក់ហ្នឹង ខ្ញុំឲ្យធ្វើលេខាផ្ទាល់របស់ខ្ញុំ។ កាលហ្នឹងទិញម៉ូតូឲ្យម្នាក់មួយគ្រឿង។ ក្រោយមកខ្ញុំតែងតាំងឲ្យធ្វើជាទីប្រឹក្សា ប៉ុន្តែខ្ញុំបញ្ជូនឲ្យបង គាត ឈន់ ជួយបណ្តុះបណ្តាល។ បង គាត ឈន់ ជំនាញបណ្តុះបណ្តាល​មនុស្ស ប៉ុន្តែទោះបីគ្រូពូកែប៉ុណ្ណាក៏ដោយ បើសិស្សមិនប្រឹងគឺនៅតែអត់អញ្ចឹង។ ខ្ញុំបានបណ្តុះបណ្តាលអ្នកដែលធ្លាប់ធ្វើលេខាខ្ញុំ ក្លាយទៅជាឧបនាយករដ្ឋមន្ត្រីមាន២ ទី១ សម្តេច សុខ អាន ទី២ អូន ព័ន្ធមុនីរ័ត្ន ហើយអ្នកដែលក្លាយទៅជាទេសរដ្ឋមន្ត្រីមាន ចម ប្រសិទ្ធ នោះគឺជាអតីតលេខាផ្ទាល់របស់ខ្ញុំ។ បណ្តុះបណ្តាលរុញឲ្យទៅកាន់ស្ថាប័នខ្ពស់។ ខ្ញុំក៏អរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តល់ឱកាសសម្រាប់ការហ្វឹកហាត់គ្រប់គ្រងខាងផ្នែក​យោធាសម្រាប់កូនប្រុសរបស់ខ្ញុំ។ រឿងនេះពួកគេប្រហែលជាអ្នកទាំងឡាយអាចនឹងពេលដែលចេញមុខទៅគឺគេនឹងអាចស្គាល់ថាសមត្ថភាពគេដល់ណា។

សម័យនេះសម័យឌីជីថល។ និយាយតាមមួយបែប ខ្ញុំមិនមែនបន្តុះបង្អាប់ទេ ទំលាប់ខ្ញុំតាំងពីដើមដល់ចប់ មិនដែលដេកមុនម៉ោង ១២យប់ទេ​ គឺតែងតែដេកនៅក្រោយម៉ោង១២ ក្នុងចន្លោះម៉ោង១ ឬក្រោយម៉ោង ១បន្ដិច ឬមុនម៉ោង ១បន្ដិច ប៉ុណ្ណឹង។ ប៉ុន្តែដោយសារមន្រ្តីយើង មានវ័យចាស់ៗ ពីមុនគឺខ្ញុំហៅទូរស័ព្ទត្រឹមម៉ោង ១០អី ហៅបាន។ ឥឡូវអត់ទេ សល់តែរដ្ឋមន្រ្តីតែ ៤នាក់ទេ ដែលមានសារឆ្លងឆ្លើយជាមួយខ្ញុំ នៅក្នុងពេលយប់៖ អូន ព័ន្ធមុនីរ័ត្ន, កើត រិទ្ធ។ ហើយ កើត រិទ្ធ ក៏ជាយុវជនវ័យក្មេងដែរ។ កើត រិទ្ធ ចូលធ្វើរដ្ឋមន្រ្តីយុត្តិធម៌ពីអាយុជាង ៤៤ឆ្នាំ។ ឌិត ទីណា គាត់ចូលចិត្តវាយមក គាត់ដឹងថា ខ្ញុំអត់ដេកដែរ។ គាត់វាយមក ច្រើនតែក្រោយម៉ោង ១២។​ អញ្ចឹង reply ត្រឡប់ទៅវិញ ក៏ក្រោយម៉ោង ១២ ដូចគ្នា។ ប៉ុន្តែក្រៅពីនោះកុំហៅ។ បញ្ជូនសារទៅចាំថ្ងៃស្អែកឬក៏ដល់ខានស្អែកក៏មាន។ ទាល់តែហៅទូរស័ព្ទបន្ថែម។ យើងត្រូវទុកឱកាសឱ្យយុវជន គេធ្វើការរបស់គេ ហើយអាចមានល្បឿនលឿនជាងនេះ។

(៣៣) ជំនាន់ចាស់មិនទាន់ចេញពីឆាកនយោបាយ តែមិនជះឥទ្ធិពលលើការសម្រេចចិត្តនៃរាជរដ្ឋាភិបាល

ទី៣ ខ្ញុំចង់បញ្ជាក់ថា ជំនាន់ចាស់មិនទាន់ចាកចេញពីឆាកនយោបាយទេ។ ខ្ញុំនៅតែជាគណបក្សកាន់អំណាច អមដោយអនុប្រធាន ៤រូប ជាមួយនឹងសមាជិកការិយាល័យនយោបាយជាច្រើននាក់ទៀត ដែលមានមួយចំ​នួន​នៅក្នុងសភា មួយចំនួននៅក្នុងព្រឹទ្ធសភា។ តែខ្ញុំសូមបញ្ជាក់នៅទីនេះថា យើងមិនព្យាយាមក្នុងការជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី របស់រដ្ឋមន្រ្តីនានាតាមស្ថាប័នទេ។ និយាយជារួម យើងមិនព្យាយាមជះឥទ្ធិពល ទៅលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនោះឡើយ។ រឿងនេះ វាជាបទពិសោធន៍ដែលមានសម្រាប់ខ្ញុំ ខ្ញុំក៏ត្រូវយកឧទាហរណ៍នេះ ឱ្យនាយករដ្ឋមន្រ្តីក្រោយ​ ឱ្យរដ្ឋមន្រ្តីក្រោយ គេធ្វើការងាររបស់គេ។ កាលដែលខ្ញុំធ្វើជានាយករដ្ឋមន្រ្តី ខ្ញុំមិនមែនជាប្រធានគណបក្ស មិនមែនជាអគ្គលេខាបក្ស ហើយក៏មិនមែនជាប្រធានគណបក្សដែរ។ មុននោះ ខ្ញុំជាសមាជិកការិយាល័យនយោបាយ។

ពេលទៅចរចា ខ្ញុំបានប្រាប់ការិយាល័យនយោបាយ “បើឱ្យខ្ញុំទៅចរចា ត្រូវផ្ដល់អំណាចឱ្យខ្ញុំ មិនអាចគ្រាន់តែពាក្យមួយមាត់ត្រូវមកសួរនៅទីក្រុងភ្នំពេញៗទេ។ ត្រូវអំណាចមកឱ្យខ្ញុំ”។ បើឱ្យខ្ញុំធ្វើជានាយករដ្ឋមន្រ្តី កុំមកលូកលាន់កិច្ចការចំណាយរបស់រដ្ឋស្អីៗទាំងអស់នោះ មិនឱ្យលូកទេ។ ដោយមានបទពិសោធន៍ធ្លាប់ធ្វើនាយករដ្ឋមន្រ្តី ដែលមិនមែនជាប្រធានគណបក្សគឺខ្ញុំនឹងធ្វើឱ្យអ្នកបន្តវេនពីខ្ញុំទទួលបាននូវភាពឯករាជ្យក្នុងការធ្វើសេច​ក្ដីសម្រេច។ តែការសម្រេចយ៉ាងណាក៏ដោយ ក៏កុំឱ្យខុសពីគោលនយោបាយរបស់គណបក្ស ដែលបានដាក់ការសន្យាចំពោះម្ចាស់ឆ្នោតដែលបានបោះឆ្នោត។ យកទៅច្នៃប្រឌិតនៃការអនុវត្តឱ្យវាជឿនលឿន។ គោល​នយោបាយគណបក្សត្រូវបានប្រែក្លាយទៅជាគោលនយោបាយរដ្ឋាភិបាលប៉ុន្តែច្នៃជាយុទ្ធសាស្រ្តបញ្ចកោណ។ ហ្នឹងរឿងរបស់រដ្ឋាភិបាល។ តែដើម្បីបម្រើនូវគោលនយោបាយដែលបានសន្យាជាមួយនឹងម្ចាស់ឆ្នោត។ ហើយម្ចាស់ឆ្នោត ក៏បានបោះឆ្នោតផ្ដល់នូវជំនឿទុកចិត្តនោះឯង។

(៣៤) នាយករដ្ឋមន្ត្រីប្រុងប្រៀបបំពេញលក្ខខណ្ឌ២ ហើយ រង់ចាំលក្ខខណ្ឌទី៣និងទី៤ នៅថ្ងៃទី៧ និងទី ២២សីហា

ខ្ញុំសូមអរគុណចំពោះការគាំទ្រទាំងឡាយ ដែលផ្ដល់ឱកាសឱ្យបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្រ្តីនៅពេលខាងមុខ។ ហ៊ុន ម៉ាណែត បានបំពេញលក្ខខណ្ឌ ២ រួចហើយ។ ទី១ គឺការឯកភាពរបស់គណបក្សបានប្រកាសចេញ។ គណៈរដ្ឋមន្រ្តីមួយក៏ត្រូវបានរៀបចំជាសមាសភាពបម្រុងតាំងពីចុងខែធ្នូ ឆ្នាំ ២០២១ ឯណោះ មិនមែនរឿងខ្លីទេ។ រឿងវែង។ កិច្ចការនេះ គណបក្សបានសម្រេចហើយ។ ទី២ គេបានជាប់ឆ្នោតជាសមាជិកសភា ដែលរដ្ឋធម្មនុញ្ញតម្រូវថា នាយករដ្ឋមន្រ្តីត្រូវតែជាសមាជិកសភា។ គេបានធ្វើកិច្ចការនេះហើយៗ។ បើសិនគ្មានការផ្លាស់ប្ដូរទេ ថ្ងៃទី ៥ (ខែសីហា)នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងត្រូវប្រកាសលទ្ធផលផ្លូវការ ព្រមជាមួយនឹងការបែងចែកអាសនៈ និងការប្រកាសបេក្ខជនជាប់ឆ្នោត ទៅតែម្ដង។ ថ្ងៃទី ៥ ចំថ្ងៃសៅរ៍។ ថ្ងៃទី ៦ គឺថ្ងៃអាទិត្យ យើងមិនយកទេ ថ្ងៃទី ៧ គឺប្រធានគណបក្សដែលមានសំឡេងភាគច្រើន គឺខ្លួនខ្ញុំ នឹងចុះហត្ថលេខាថ្វាយទៅព្រះមហាក្សត្រ ស្នើសុំព្រះរាជក្រឹត្យ តែងតាំង ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៅថ្ងៃទី៧

ពេលនោះនឹងមាននាយករដ្ឋមន្រ្តីដល់ទៅ២។ នាយករដ្ឋមន្រ្តីនៅក្នុងតំណែងនិងនាយករដ្ឋមន្រ្តីប្រុងប្រៀប។ នា​យករដ្ឋមន្រ្តីនៅក្នុងតំណែងរៀបចំចាកចេញ និងមាននាយករដ្ឋមន្រ្តីមួយទៀត កំពុងតែរៀបចំសមាសភាពរដ្ឋាភិបាល សម្រាប់សុំការទុកចិត្តពីសភា។ អញ្ចឹងនៅថ្ងៃទី ៧ ហ៊ុន ម៉ាណែត អាចនឹងបំពេញបាននូវលក្ខខណ្ឌទី៣ ដែលត្រូវមានការតែងតាំងពីព្រះមហាក្សត្រ។ សភាកោះប្រជុំនៅថ្ងៃទី ២១ ខែសីហា ថ្ងៃទី ២២​ នឹងបង្កើតរាជរដ្ឋាភិបាល។ ពេលនោះ ​បើសិនជាសភាបោះឆ្នោតផ្ដល់ការទុកចិត្តទៅលើគណៈរដ្ឋមន្រ្តីនេះ អ្វីៗគ្រប់អស់ហើយ ចង់អ្នកណានិយាយអីនិយាយទៅ។ ហ៊ុន ម៉ាណែត ខ្ញុំអប់រំ បណ្ដោះបណ្ដាលកូនខ្ញុំ មិនមែនឱ្យទៅធ្វើមេចោរទេ ហើយសូមអ្នកទាំងអស់គ្នាត្រូវចាំ តើមានអ្នកណាចង់ឱ្យកូនធ្វើអាក្រក់ ហើយមានអ្នកណាមិនចង់ឱ្យកូនមានការងារល្អ តែខ្ញុំមិនឱ្យកូនរបស់ខ្ញុំបំផ្លាញសមិទ្ធផលរបស់ប្រជាជាតិខ្មែរនោះទេ។ បើសិនពួកគេមិនគ្រប់លក្ខណៈសម្បត្តិ ក៏គេមិនអាចទទួលយកការងារនេះបានដែរ។

(៣៥) ដល់ពេលត្រូវផ្ទេរតំណែងដល់អ្នកជំនាន់ក្រោយ … ខ្សែក្រវាត់ពីរជាន់

បើទោះបីខ្ញុំអត់មានកូន ក៏ត្រូវតែប្រើពេលនេះផ្ទេរអំណាច ផ្ទេរតំណែងឱ្យអ្នកជំនាន់ក្រោយដែរ មិនចាំបាច់តែកូនរបស់ខ្ញុំទេ។ ឱ្យតែអ្នកហ្នឹងបំពេញគ្រប់លក្ខខណ្ឌ ហើយត្រូវទទួលបាននូវការគាំទ្រពីគណបក្ស និងការគាំទ្រពីប្រជាជន នោះគឺគ្រប់គ្រាន់ហើយ។ កុំអ្នកឯងចង់និយាយថា បន្តវេន បន្តពូជ បន្តពង្ស(ស្អីនោះ)។ នៅក្នុងរដ្ឋធម្មនុញ្ញ អត់បានហាមឃាត់សិទ្ធិរបស់កូនខ្ញុំ​ មិនឱ្យកាន់តំណែងជានាយករដ្ឋមន្រ្តីទេ។ បើរដ្ឋធម្មនុញ្ញមិនបានចែង ហាមក៏មិនហាម ឱ្យធ្វើក៏មិនឱ្យធ្វើ និយាយរួមអត់និយាយតែម្ដង។ បើអត់និយាយផង កូនរបស់ខ្ញុំជាពលរដ្ឋម្នាក់មានសិទ្ធិដូចគេដូចឯង។ គេមានសិទ្ធិប្រជែងយកតំណែងនាយករដ្ឋមន្រ្តីពីឪពុក ព្រោះវាដល់ពេល។ ប៉ុន្តែ ខ្ញុំនិយាយតាមមួយបែប បើ ហ៊ុន ម៉ាណែត មិនមែនកូនរបស់ខ្ញុំ ក៏វាជាដំណាក់កាលដែលត្រូវផ្ទេរដែរ។ យើងចាស់ប៉ុណ្ណេះហើយ ទុកឱ្យក្មេងៗគេកាន់ការ ដោយមានវត្តមានរបស់យើងនៅជាមួយគេ។ វារឹង។ ខ្សែក្រវាត់ដល់ទៅ ២ជាន់ឯណោះ។ យើងមានកង់សាគួរ

(៣៦) ប្រសិនបើនាយករដ្ឋមន្ត្រីមានគ្រោះថ្នាក់ដល់ជីវិត ខ្ញុំត្រូវវិលត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីមួយរយៈ

ខ្ញុំសូមព្រមានមួយទុកឱ្យហើយ។ ប្រសិនបើកូនខ្ញុំ មានគ្រោះថ្នាក់ដល់ជីវិត លទ្ធភាពនៃការវិលត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីវិញ គឺខ្ញុំត្រូវតែមកធ្វើជានាយករដ្ឋមន្រ្តីវិញ។ បញ្ជាក់ឱ្យច្បាស់ ខ្ញុំមិនឱ្យប្រទេសនេះច្របូកច្របល់ទេ។ ប្រសិនបើ ហ៊ុន ម៉ាណែត គ្រោះថ្នាក់ដល់ជីវិត ខ្ញុំត្រូវវិលត្រឡប់មកធ្វើជានាយករដ្ឋមន្រ្តីមួយរយៈ។ បន្ទាប់ពីនោះ ខ្ញុំនឹងជ្រើសរើសអ្នកណាដែលអាចធ្វើជានាយករដ្ឋមន្រ្តីបន្ត។ ខ្ញុំបានជម្រាបនៅក្នុងគណៈអចិន្ត្រៃយ៍តាំងពីខែធ្នូ ឆ្នាំ ២០២១ ឯណោះ។ “បើសិនជា ហ៊ុន ម៉ាណែត គ្រោះថ្នាក់ដល់ជីវិត ខ្ញុំត្រូវវិលត្រឡប់មកធ្វើនាយករដ្ឋមន្រ្តីវិញ”។ នេះវាជារឿងចាំបាច់ ដើម្បីធានានូវសេចក្ដីសុខរបស់ប្រជាជន។

(៣៧) សភាពការណ៍គ្រប់ផ្នែកអនុគ្រោះ … សន្លឹកឆ្នោតបង្ហាញនូវការគួបផ្សំរវាងតួអង្គ ៣

ចំណុចទី៤ ទាក់ទិនជាមួយនឹងសភាពការណ៍។ សភាពការណ៍គ្រប់ផ្នែកអនុគ្រោះឱ្យក្រុមបន្តវេនចេញដំណើរហើយ។ ខ្ញុំសូមជម្រាប ពីមុននេះ ខ្ញុំនៅមានបម្រុងទុកនៅឡើយ។ បើសន្លឹកឆ្នោតនៅក្រោម ៧៤% គឺខ្ញុំនឹងបន្ត ព្រោះបានសេចក្ដីថា ប្រជាជនអត់គាំទ្រ ហ៊ុន ម៉ាណែត ទេ បានជាទាញសន្លឹកឆ្នោតពី ៧៤% ឬ ៧៦% ឱ្យធ្លាក់ចុះ គឺខ្ញុំនឹងបន្ត ដើម្បីកែលម្អសភាពការណ៍សិន។ ប៉ុន្តែសន្លឹកឆ្នោតនេះ បានឃើញច្បាស់នូវការគូបផ្សំរវាងតួអង្គ៣៖ ទី១ គណបក្ស, ទី២ បុគ្គល ហ៊ុន សែន ផ្ទាល់ និងទី៣ បុគ្គល ហ៊ុន ម៉ាណែត។ អញ្ចឹងបានជាសន្លឹកឆ្នោតឡើងទៅដល់ជាង ៨២%។ មុននោះគឺខ្ញុំថា បើសន្លឹកឆ្នោតទាបជាងសន្លឹកឆ្នោតឆ្នាំ ២០១៨ ឬឆ្នាំ ២០២២ គឺខ្ញុំមិនទាន់ចាកចេញទេ។ ខ្ញុំនឹងកែលម្អសភាពការណ៍។ ហោចណាស់ពាក់កណ្ដាល ឬក៏រហូត(ចប់)អាណត្តិទី៧ តែម្ដង ហើយអាណត្តិទី៨ ចាំគិតទៀត។ ប៉ុន្តែដោយសារកត្តាសន្លឹកឆ្នោតនេះមានការគួបផ្សំច្បាស់ណាស់ ខណៈដែលបេក្ខជនបន្តវេន​ បេក្ខជនអនាគតបានប្រកាសចេញរួចស្រេចទៅហើយ។ បើប្រជាជនមិនសប្បាយចិត្តជាមួយនឹងតួអង្គបន្តវេននោះទេគឺច្បាស់ជាសំឡេងឆ្នោតនឹងថយចុះ។ អាហ្នឹងមួយ។ មួយទៀត សភាពការណ៍ទូទៅ ទាំងសន្ដិសុខ ទាំងអ្វីៗគ្រប់យ៉ាង​ គឺនៅបន្តរហូត។ ដូច្នេះ នេះជាដំណើរការដែលគួរតែត្រូវចាកចេញហើយ។ មិនមែនគួរទេត្រូវតែចាកចេញ។

(៣៨) មិនព្យាយាមទប់ស្កាត់ការជឿនលឿននិងឯករាជ្យភាពរបស់មន្រ្តីបន្តវេនទេ

ថ្ងៃនេះ គឺជាពេលវេលានៃការដែលខ្ញុំថ្លែងក្នុងនាមជានាយករដ្ឋមន្រ្តី។ ដល់ពេលក្រោយ បើខ្ញុំឡើងថ្លែងការណ៍ ខ្ញុំអត់និយាយបែបហ្នឹងទេ។ ខ្ញុំនិយាយបន្ដិចទៅចុះ ដេវីត ហួត ពីដើមគាត់សរសេរឱ្យ Cambodia Daily។ បន្ទាប់ទៅ គាត់សរសេរឱ្យកាសែតច្រើនណាស់ តាំងពី Cambodia Daily, Khmer Times, Asia Times ស្អីៗ គាត់សរសេរ។ ប៉ុន្តែ ៣ អត្ថបទចុងក្រោយនេះ ដេវីត ហួត សរសេរល្អពី “អ្វីៗ ហ៊ុន សែន បានធ្វើ …”។ គ្រាន់បើ ចេះទទួលស្គាល់ការពិត។ ប៉ុន្តែ ដេវីត ហួត បាននិយាយដល់ចំណុចមួយថា “វត្តមានរបស់​ ហ៊ុន សែន នឹងធ្វើឱ្យ ហ៊ុន ម៉ាណែត មានការរីកលូតលាស់យឺត”។ ខ្ញុំសូមបញ្ជាក់ទៅ ដេវីត ហួត “អ្នកនិយាយខុសពីការគិតរបស់ ហ៊ុន សែន ហើយ”។ ហ៊ុន សែន មិនមានទំលាប់ឱ្យកូនខ្វះការ(សម្រេចចិត្ត) ហើយចាំតែសួរឪទេ។ ហ៊ុន សែន ក៏មិនដែលសួររដ្ឋមន្រ្តីទាំងឡាយដែលធ្វើការដែរ។ មិនដែលទៅបង្គាប់បញ្ជា លើកលែងតែគេសួរយោបល់។ គេដាក់ជម្រើសមកមានទី១ ទី២ ទី៣ រើសយកមួយណា ហ៊ុន សែន ឱ្យ។ ឬក៏ ហ៊ុន សែន មិនរើសអាហ្នឹងទេ ហ៊ុន សែន រើសអាណាមួយផ្សេង។ មើលឱ្យច្បាស់ រដ្ឋមន្រ្តីក្រោមឱវាទរបស់ ហ៊ុន សែន ​គឺមិនមែនចាំដល់កូន(ទេ ហើយបើ)ឯកូនរបស់ ហ៊ុន សែន គឺកាន់តែទៅទៀត។

ខ្ញុំត្រៀមខ្លួនអញ្ចេះ ប្រសិនបើអ្នកឯងមិនសួរ ខ្ញុំក៏មិនចាំបាច់និយាយដែរ។ ប៉ុន្តែបើសិនជាអ្នកឯងសួរថា “អាហ្នឹងគួរដោះស្រាយយ៉ាងម៉េច?”​ ខ្ញុំនឹងសួរត្រឡប់ទៅវិញថា តើគំនិតលោកឯង ចង់ដោះស្រាយយ៉ាងម៉េច?។ តើគំនិតរបស់លោកនាយករដ្ឋមន្រ្តី ចង់ដោះស្រាយរបៀបម៉េច?​ គាត់នឹងឆ្លើយប្រាប់យើងថា “នឹងដោះអញ្ចេះៗ” បើគិតឃើញថា ដោះអញ្ចឹង ម៉េចមិនដោះស្រាយទៅ។ យកការទទួលខុសត្រូវ កុំដោះស្រាយតាមគំនិតឪពុក។ ចំណុចនេះ មួយចំនួនធ្វើអត្ថាធិប្បាយអញ្ចឹង​។ ខ្ញុំមិនព្យាយាមទប់ស្កាត់នូវការជឿនលឿននិងឯករាជ្យភាពរបស់មន្រ្តីបន្តវេនទេ មិនថាកូនប្រុសរបស់ខ្ញុំ ឬរដ្ឋមន្រ្តីដទៃទេ។ ប៉ុន្តែ បើសិនជាខុសគោលការណ៍គណបក្សហើយ ខ្ញុំអញ្ជើញឡើងវិមាន ៧មករា មកជជែកគ្នា។ គណបក្សក៏ត្រូវតាមមើលការអនុវត្តគោលនយោបាយរបស់គណបក្សបានដល់ណាៗ។ យើងត្រូវមានសន្និបាត យើងមានការប្រជុំគណបក្សជាទៀងទាត់។ តែយើងមិនទៅបង្គាប់​បញ្ជាទេ។ ខ្ញុំឥឡូវកំពុងគ្រប់គ្រងវិមាន២គឺ វិមានសន្ដិភាព និងវិមាន ៧មករា។ ខ្ញុំចាកចេញពីវិមានសន្ដិភាព ប៉ុន្តែមកនៅវិមាន ៧មករា។

(៣៩) និយាយខុសការពិត វាយតម្លៃសភាពការណ៍ខុស ផលចំណេញបានមកគណបក្សប្រជាជន

ច្បាស់ហើយ គោលនយោបាយនានាគេនិយាយរឿងអញ្ចេះរឿងអញ្ចុះ ហើយខ្លះគេដាក់ការគម្រាមទុកជាមុន។ ខ្ញុំក៏សូមបញ្ជាក់ទៅអ្នកវិញថា ប្រសិនបើអ្នកលើកកាំបិតកាប់ខ្ញុំៗ ក៏មិនខ្លាចនឹងដោះស្រាយកូនរបស់អ្នកដែរ។ ហ្នឹងនិយាយគ្នាឱ្យច្បាស់។ តថ្លៃគ្នានៅកន្លែងហ្នឹង … ខ្ញុំគួរតែផ្ដាំផ្ញើទៅក្រុមប្រឆាំង អស់លោកអ្នកវិភាគអើយ! ប្រសិនបើអស់លោកវិភាគនៅតែរបៀបនេះ កុំថាឡើយជាតិនេះ ជាតិក្រោយតទៅទៀត ចាប់ជាតិមកទៀត ក៏ នៅតែមិនអាចយកឈ្នះគណបក្សប្រជាជនដែរ។ ឱ្យតែអស់លោកនិយាយខុសការពិត ផលចំណេញបានមកគណបក្សប្រជាជនទេ។ អស់លោកកំពុងថាជម្លោះផ្ទៃក្នុងកំពុងតែតានតឹងខ្លាំងណាស់នៅទីក្រុងភ្នំពេញ រវាង ស ខេង ជាមួយនឹង ហ៊ុន សែន អំពីការផ្ទេរអំណាច។ អស់លោកវាយតម្លៃខុសឆ្ងាយពេកហើយ។ គ្រាន់តែ ស ខេង ឬក៏ ស សុខា មិនធ្វើការឆ្លើយតបតែប៉ុណ្ណោះ។ គណបក្សប្រជាជន គ្មានទំលាប់ទាស់គ្នាទេ … វិភាគបែបអស់លោកនេះគឺវារាក់ពេក ហើយលោកអត់ផ្អែកលើរដ្ឋធម្មនុញ្ញ អត់ផ្អែកលើច្បាប់ អត់ផ្អែកលើការជាក់ស្ដែង។ ខ្ញុំគួរតែអរគុណដែលអស់លោកបានប៉ាន់ស្មានជំហានរបស់ខ្ញុំ បានវាយតម្លៃសភាពការណ៍ខុសរៀងរហូតមក

កាលពីមុន ខ្ញុំអរគុណខ្មែរក្រហម អរគុណ ប៉ុល ពត, អរគុណដល់ពួកខ្មែរក្រហមដែលមិនចូលរួមដំណើរការអនុ​វត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ប្រសិនបើខ្មែរក្រហម ចូលរួមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខ្មែរក្រហមមានកៅអីក្នុងសភា។ ដូចជាប៉ៃលិន ខ្មែរក្រហមយក អញ្ចឹងអ្នកណាទាមទារឱ្យកាត់ទោសខ្មែរក្រហម បើខ្មែរក្រ​ហមជាអង្គការចាត់តាំងនយោបាយដោយស្របច្បាប់យ៉ាងដូច្នេះ ហើយមានហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស អ្នកណាទៅកាត់ទោស។ អញ្ចឹងខ្ញុំអរគុណខ្មែរក្រហមដែលវាយក្រឡាខុស។ ខ្ញុំក៏អរគុណអស់លោកអ្នក ដែលតែងតែវាយតម្លៃខុស។ អរគុណអ្នកដែលបានជេរខ្ញុំ ប្រមាថខ្ញុំ ប្រមាថកូនខ្ញុំ ក្រុមគ្រួសាររបស់ខ្ញុំ ដែលធ្វើឱ្យ​សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកើនឡើង។ រាល់ថ្ងៃ ប្រជាជនមិនមែនចាំតែគេ(ប្រាប់ទេ)។ ចុះបើស្ពានផ្លូវ សាលារៀន មន្ទីរពេទ្យស្អីៗ ជីវភាពវាខុសប្លែកគ្នាកាលពីមុន គេមិនមែនគ្មានភ្នែកឯណា។ ថ្ងៃនេះ ប៉ុណ្ណឹងទៅចុះ ២ម៉ោងហើយ? និយាយចុងក្រោយ។ មិនមែនចុងក្រោយរហូតទេ ខ្ញុំអត់ទៅណាទេ គ្រាន់តែមិនធ្វើជានាយករដ្ឋមន្រ្តីតើ តែខ្ញុំនៅមានអំណាចរបស់ខ្ញុំ ជាប្រធានគណបក្សកាន់អំណាច។ ឥឡូវហ្នឹង ដំណាក់កាលនៃការ ក្រោយចូលរដ្ឋាភិបាលហើយ អ្នកណាត្រូវលាចេញពីសភា ជាប់អ្នកណា អាហ្នឹងគឺជាតួនាទីរបស់គណបក្ស។ ហើយកំពុងតែត្រៀមរៀបចំបញ្ជីបេក្ខភាព សម្រាប់អ្នកឈរព្រឹទ្ធសភា។

សូមអំពាវនាវអ្នកដែលលើសអាយុហើយ កុំនៅតទៅទៀតអី សូមលះបង់ទៅ។ បើមិនលះបង់ ក៏ខ្ញុំសូមធ្វើការសម្រេចចិត្តដែរ ព្រោះគិតធ្វើដល់ថ្ងៃស្លាប់ឬអី។ នៅពេលដែលខ្ញុំទៅធ្វើជាប្រធានព្រឹទ្ធសភា ពេលព្រះមហាក្សត្រ ព្រះអង្គមិនគង់នៅក្នុងប្រទេស ខ្ញុំក៏នឹងក្លាយទៅជាប្រមុខរដ្ឋស្ដីទី និងជាព្រះរាជានុសិទ្ធិ ហើយក៏មានមុខតំ​ណែងនៅក្នុងនោះ ប្រធានព្រឹទ្ធសភា គឺជាប្រធានក្រុមប្រឹក្សារាជសម្បត្តិ។ ប្រសិនបើមានបញ្ហាណាមួយកើតឡើងដោយចៃដន្យ គឺប្រធានព្រឹទ្ធសភាត្រូវទទួលខុសត្រូវទៅលើការរៀបចំសម្រាប់អនាគតព្រះមហាក្សត្រ។ ប៉ុន្តែព្រះមហាក្សត្របច្ចុប្បន្ន ព្រះអង្គនឹងមានព្រះជន្មនរហូតដល់ ១០០ឆ្នាំ ឯណោះ ហ្នឹងគឺជាការពិត ព្រោះព្រះរាជសុខភាពរបស់ព្រះអង្គល្អ។

ផ្ដល់អំណោយក្នុងអង្គពិធី

ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ក្រុមកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជាចំនួន ៣០០ នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២ម៉ឺនរៀល សម្រាប់ក្មួយៗ។ សិស្សានុសិស្សចំនួន ២៧៨៧ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ក្បាល ប៊ិន១ដើម ថវិកាចំនួន ១ម៉ឺនរៀល។ ជូនលោកគ្រូអ្នកគ្រូស្រុកកៀនស្វាយចំនួន ៨៣១ នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល។ ជូនវិទ្យាល័យ ជ័យវរ្ម័នទី៧ ថវិកា ២លានរៀល, មណ្ឌលសុខភាពដីឥដ្ឋថវិកា ២លានរៀល, សាលាស្រុកកៀនស្វាយថវិកា ២លានរៀល, ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ៣លានរៀល​, ក្រុមតន្ត្រីសម័យ ៥លានរៀល។

(៤០) តែងតាំងមន្ត្រីមុខងារនយោបាយឡើងវិញទាំងអស់

ខ្ញុំចង់បន្ថែមបន្តិចជាសារជូនទៅចំពោះមន្ត្រីនយោបាយនានា។ ថ្ងៃមុនខ្ញុំក៏ស្ដាប់បាននូវកង្វល់របស់មន្ត្រីនយោ​បាយ ជាថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ទីប្រឹក្សាគឺមានកង្វល់។ ខ្ញុំក៏បានចេញសារ ការដោះស្រាយនៅទីនេះ ដោះស្រាយតែថ្នាក់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីដែលមានវ័យចំណាស់ទេ។ ឯចំពោះរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាដែលមានវ័យចំណាស់គឺនៅបន្តទៀត លើកលែងតែបុគ្គល​នោះគឺសុំឈប់ដោយខ្លួនឯង ឬក៏អាចនិយាយតាមមួយបែបថាអ្នកខ្លះមន្ត្រីមុខងារនយោបាយក៏ធ្វើផ្ដេស​ផ្ដាស់ដែរ។ ហ្នឹងទុកដោះស្រាយនៅពេលក្រោយទៅ ប៉ុន្តែនឹងមានការតែងតាំងឡើងវិញ។ មន្ត្រីនយោបាយមានការតែងតាំង៣ប្រភេទ៖ មួយដោយព្រះរាជក្រឹត្យតាមសំណើនាយករដ្ឋមន្ត្រីព្រះមហាក្សត្រឡាយព្រះហស្តលេខា មួយទៀតតាមសំណើរបស់រដ្ឋមន្ត្រី គឺនាយករដ្ឋមន្ត្រីចុះហត្ថលេខាលើអនុក្រឹត្យតែងតាំងថ្នាក់ស្មើអគ្គនាយករង និងថ្នាក់ប្រធាននាយកដ្ឋាន។ ឯថ្នាក់ព្រះរាជក្រឹត្យចាប់ពីអគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខា​ធិការ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ឡាយព្រះហស្តលេខាដោយព្រះរាជក្រឹត្យ។ ឯមួយទៀតប្រកាសរបស់ក្រសួងដែលមានតែងតាំងថ្នាក់អនុប្រធាននាយកដ្ឋាន ឬប្រធានការិយាល័យ អញ្ចឹងបានជាសុំឱ្យរដ្ឋមន្ត្រីថ្មីៗ ដែលចូលទៅកាន់ការតាមក្រសួង រក្សានៅអ្នកហ្នឹងឱ្យនៅបន្តទៅទៀត។ សូមកុំឱ្យមានការកង្វល់។ សំរាប់មុខងារសាធារណៈគ្មានអ្នកណាប៉ះពាល់ទេ។ នៅទីនេះមានអគ្គបញ្ជាការទ័ព មានអគ្គប៉ូលីសនៅទីនេះ ស្រាប់ហើយ។ អគ្គប៉ូលីសអាចនឹងមានការផ្លាស់ប្តូរ។ និយាយតាមមួយបែបទៅគឺអគ្គប៉ូលីសអាចនឹងផ្លាស់ទៅកាន់តំណែងឧបនាយករដ្ឋមន្ត្រី ដែលនឹងជួយនាយករដ្ឋមន្ត្រីលើកិច្ចការជាច្រើនដែលនាយករដ្ឋមន្ត្រីប្រគល់ឱ្យនៅពេលនោះ។ ក្នុងនោះក៏និយាយថែមទៀតទៅចុះ គឺរដ្ឋមន្ត្រីក្រសួងសាធារណការដែលឡើងធ្វើរបាយការណ៍អម្បាញ់មិញក៏នឹងក្លាយទៅឧបនាយករដ្ឋមន្ត្រីមួយក្នុងចំណោមឧបនាយករដ្ឋមន្ត្រីផ្សេងទៀតដែរ។ យើងនឹងមានរដ្ឋមន្ត្រីក្រសួងសាធារណការថ្មី មានរដ្ឋមន្ត្រីក្រសួងនេះ/នោះ ចំពេលនោះចាំគិតទៀត។

អ្នកណាត្រូវជាប់ជារដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ត្រូវលាលែង ទុកឱ្យអ្នកណាជាប់ឆ្នោតបន្ត ប៉ុន្តែខេត្តកណ្ដាលគឺនៅច្រើន​ តំណាងរាស្ត្រនៅច្រើន។ ខ្ញុំក៏ជាតំណាងរាស្ត្រនៅខេត្តកណ្ដាល។ ប្រាក់ សុខុន ក៏តំណាងរាស្ត្រនៅខេត្តកណ្ដាល។ ដល់ខែ២ ឆ្នាំក្រោយ បានខ្ញុំលាលែងពីតំណាងរាស្ត្រ ប៉ុន្តែខ្ញុំទៅព្រឹទ្ធសភាវិញ។ អញ្ចឹងមានអ្នកជាប់ឆ្នោតជាបន្ត។ គឺជាការរៀបចំដ៏ល្អិតល្អន់មួយ ដែលអ្នកចេញដំណើរទៅគឺធានាសុវត្ថិភាព។

(៤១) ចំណុចដែលក្រុមប្រឆាំងភ័យនោះគឺការផ្ទេរតំណែងទៅអ្នកបន្តវេន

មិនមែនជាការបន្តពូជពង្សទេវើយ ប្រាប់ពួកអាចង្រៃឱ្យវាដឹង។ ពួកអានេះបើមិននិយាយអញ្ចឹងគឺវាមិនកើត។ មួយថ្ងៃចាក់រុកលិច/កើត ប៉ុន្តែវារារាំងខ្ញុំ វាបំភ័យខ្ញុំថា ហ៊ុន សែន អត់ហ៊ានចេញទេ ខ្លាចអស់អភ័យឯកសិទ្ធ ហើយត្រូវតុលា​ការ​ចាប់ខ្លួន។ ចាំតើអាពៅ ស្រុកខ្មែរបើអ្នកណាហ៊ានចាប់ ហ៊ុន សែន … សូមអញ្ជើញមកចាប់មក។ ស្មើនឹងការប្រកាសសង្គ្រាមជាមួយនឹងកម្ពុជា។ ខ្ញុំនៅជាមួយប្រជាជនកម្ពុជា ក្នុងឋានៈជាប្រធានបក្សកាន់អំណាច ខ្ញុំក៏នៅជាតំណាងរាស្ត្រ បន្ទាប់ទៅខ្ញុំនឹងក្លាយទៅជាប្រធានព្រឹទ្ធសភា។ មើលអ្ហែងគិតថាអញអស់អភ័យឯកសិទ្ធ អ្ហែងចង់បន្លាចអញ។ ចំណុចអ្ហែងភ័យជាងគេគឺភ័យអញផ្ទេរជំនាន់ឱ្យទៅអ្នកបន្តវេនទេ។ ពួកអ្ហែងភ័យជាងគេកន្លែងហ្នឹងអញដឹងច្បាស់។ អញត្រូវធ្វើពេលហ្នឹង …។ មានតែ ហ៊ុន សែន ទេ ទាយ ហ៊ុន សែន ត្រូវ។ សូម្បីតែប្រពន្ធ ហ៊ុន សែន ក៏អត់ទាយ ហ៊ុន សែនត្រូវដែរ។ ហ្នឹងជានយោបាយ។ មកពីចូលគាល់ព្រះមហាក្សត្រវិញ ពេលចេញដំណើរឱ្យទូរទស្សន៍មកចាំនៅផ្ទះ រួចហើយគឺចាប់ផ្ដើមថ្លែងការណ៍យកតែម្ដង។ សូម្បីតែប្រពន្ធ ហ៊ុន សែន ក៏អត់ដឹងថា ហ៊ុន សែន សម្រេចចិត្តលឿនបែបនេះទេ។ កូនរបស់ ហ៊ុន សែន ក៏អត់ដឹងពីការសម្រេចចិត្តថាលឿនបែបនេះដែរ។ ក្រុមអន្តរកាលក៏អត់ដឹងថា ហ៊ុន សែន សម្រេចចិត្តលឿនបែបនេះ។ ប៉ុន្តែខ្ញុំត្រូវតែធ្វើ នេះជាការលះបង់ដើម្បីសេចក្ដីសុខរយៈពេលវែងរបស់ប្រជាជន។ ធ្លាប់យកក្បាលទៅដូរជាមួយនឹងការរស់រានមានជីវិត ធ្លាប់យកក្បាលទៅដូរជាមួយនឹងសន្តិភាព​ និងការបង្រួបបង្រួមជាតិឯកភាពទឹក​ដី ធ្លាប់យកជីវិតនយោបាយទៅដោះដូរជាមួយនឹងកំណែទម្រង់នយោបាយនិងសេដ្ឋកិច្ច រឿងអីលះបង់ប៉ុននឹងមិនបាន ដើម្បីសេចក្ដីសុខទាំងប្រជាជនទាំងយើងផងដែរនៅទីនោះ។ ខ្ញុំមានពេលដើម្បីវាយកូនហ្គោល ប្រ​លែងលេងជាមួយចៅ។ ចៅរបស់ខ្ញុំតារា TikTok គ្រាន់តែ Post មួយនោះ ៦លានចូល like។ ចៅទី២១ប្រើជី​តា ឱ្យតែមកដល់ប្រើជីតា TikTok មួយហ្នឹងគឺចូល៦លាន។ TikTok បង្ហោះសារនយោ​បាយក៏បានអីក៏បាន Twitter, Telegram, Youtube យើងមានហើយ មិនខ្វះមធ្យោបាយដើម្បីប្រើប្រាស់ទេ។ ជាថ្មីម្ដងទៀតសូមឯកឧត្តម វ៉ាង វិនធាន ក្នុងខួប៦៥ឆ្នាំនៃទំនាក់ទំនងរបស់យើង ខ្ញុំនឹងបញ្ជូនទៅនូវផ្កាអង្គាបុស្ប ខ្ញុំនឹងជូនលិខិតហើយឱ្យរដ្ឋមន្ត្រី​ក្រសួងកសិកម្មនាំផ្កាទៅដើម្បីដាំក្នុងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនដើម្បីជានិមិត្តរូបនៃសាមគ្គីភាពរបស់យើង។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែង៥២គីឡូវម៉ែត្រ ៩៨៣ម៉ែត្រ ក្រោមឥណទានសប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងថវិកាបដិភាគដ៏ធំរបស់រាជរដ្ឋភិបាលកម្ពុជា​ ខ្ញុំសូមជូនពរចំណងមិត្តភាពកម្ពុជា-ចិន និងសូមជូរពរសម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនជនរួមជាតិទាំងអស់សូមប្រកបដោយពុទ្ធពរនិងពរទាំង៥ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕

***********

 

អត្ថបទទាក់ទង