(វីដេអូ) សារសម្លេង សម្ដេចតេជោ ហ៊ុន សែន ស្តីពី ការតែងតាំងឥស្សរជនក្នុងក្របខណ្ឌនយោបាយ
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈ,
ឯកឧត្តម លោកជំទាវ លោក លោកស្រី,
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់,
ជាដំបូងខ្ញុំព្រះករុណាខ្ញុំ សូមអភ័យទោសដោយសារសម្លេងរបស់ខ្ញុំព្រះករុណាខ្ញុំ ហាក់ដូចជាបានស្អកបន្តិច។ ដោយសារតែព្រឹកនេះ ខ្ញុំព្រះករុណាខ្ញុំ វាយកូនហ្គោល។ ដូច្នេះ បន្ទាប់ពីធ្លាក់ Calories មួយចំនួន នឹងធ្វើឲ្យសម្លេងស្អក។ យ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំ ចេញសារនេះ ដើម្បីទូលប្រគេនជាពិសេសជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលធ្វើកិច្ចការនៅក្នុងក្របខណ្ឌកិច្ចការនយោបាយ។ ក្នុងរយៈពេលកន្លងទៅនេះ មានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងគ្រប់មជ្ឃដ្ឋានទាក់ទងនឹងការលះបង់របស់ខ្ញុំព្រះករុណាខ្ញុំ ពីការមិនកាន់តំណែងនាយករដ្ឋមន្ត្រីតទៅទៀត ហើយប្រគល់ការងារឲ្យយុវជនជំនាន់ក្រោយ ដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីធានានូវនិរន្តរភាព នៃសន្តិភាព និងការអភិវឌ្ឍ។
ការអបអរសាទររបស់បងប្អូនជនរួមជាតិ គឺបង្ហាញឲ្យឃើញអំពីតម្រូវការចាំបាច់នៃការធានានូវសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែង។ ខ្ញុំព្រះករុណាខ្ញុំ យល់ថាការលះបង់ដ៏ធំធេងរបស់ខ្ញុំព្រះករុណា គឺជាការលះបង់ដើម្បីសេចក្តីសុខ សេចក្តីចម្រើនរបស់ជាតិទាំងមូល ដើម្បីធានាថា ប្រទេសជាតិមួយនេះមិនធ្លាក់ទៅក្នុងភាពចលាចល អស្ថិរភាព ឬការដណ្តើមអំណាចតាមរយៈចុងអាវុធ ដូចកាលពីអតីតកាលនោះឡើយ។ ខ្ញុំព្រះករុណាខ្ញុំ ចាកចេញ ក្នុងស្ថានភាពដែលគណបក្សប្រជាជនដឹកនាំ/កាន់អំណាច ក្នុងអត្រាសន្លឹកឆ្នោតគាំទ្រជាង ៨២% ដែលជាសន្លឹកឆ្នោតខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់គណបក្សប្រជាជន ដែលត្រឹមតែទទួលបាននូវ ៧៥% និង ៧៤% នៅពេលបោះឆ្នោតថ្នាក់ឃុំសង្កាត់ កាលពីឆ្នាំ ២០២២ កន្លងទៅ។
ខ្ញុំព្រះករុណាខ្ញុំ សូមអរគុណចំពោះការគាំទ្ររបស់បងប្អូនចំពោះការសម្រេចចិត្តរបស់ខ្ញុំព្រះករុណាខ្ញុំ ហើយចាត់ទុកថានេះគឺជាដំណើរការរួមរបស់ជាតិ ដែលចាំបាច់ត្រូវតែប្រគល់ឲ្យយុវជនជំនាន់ក្រោយ ដើម្បីគេអាចធ្វើកិច្ចការបានប្រសើរជាង។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំក៏ក្តាប់បានពីកង្វល់របស់បងប្អូន ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតាមស្ថាប័ននានាទាក់ទិននឹងមុខនាទីរបស់ខ្លួនយ៉ាងណានៅពេលខាងមុខ។ ខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាសម្តេច សាយ ឈុំ, សម្តេច ស ខេង, សម្តេច ទៀ បាញ់, សម្តេច ម៉ែន សំអន, បណ្ឌិត ហ៊ុន ម៉ាណែត, បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន, ឯកឧត្តម កើត រិទ្ធ ដែលបានពិភាក្សាគ្នានៅផ្ទះខ្ញុំព្រះករុណាខ្ញុំ បានសម្រេចចិត្តថា នឹងរក្សាទុកនូវមន្ត្រីទាំងអស់ដែលបានតែងតាំងរួចមកហើយ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឬទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានតែងតាំងរួចមកហើយ ឲ្យបន្តតទៅទៀត។
ថ្នាក់ដែលតែងតាំងដោយព្រះរាជក្រឹត្យ គឺតែងតាំងដោយព្រះរាជក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយអនុក្រឹត្យក៏ត្រូវតែងតាំងដោយអនុក្រឹត្យឡើងវិញ ថ្នាក់ដែលតែងតាំងដោយសេចក្តីសម្រេចរបស់រដ្ឋមន្ត្រី ក៏ត្រូវបានតែងតាំងឡើងវិញ។ ខ្ញុំព្រះករុណាខ្ញុំ ចង់បញ្ជាក់ថា សម្រាប់អ្នកដែលកាន់មុខងារសាធារណៈពុំមានអ្វីជាចំណោទនោះទេ លើកលែងតែអ្នកទាំងនោះដល់អាយុចូលនិវត្តន៍ ទើបអាចចូលនិវត្តន៍។ មុខងារសាធារណៈគឺមិនត្រូវបានប៉ះពាល់នោះឡើយ ដូចជាអគ្គនាយកដ្ឋាន អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អភិបាលខេត្ត អភិបាលរង អភិបាលស្រុក អភិបាលរងស្រុក/ខណ្ឌ គឺមិនត្រូវបានប៉ះពាល់នោះទេ។ មេទាហានគ្រប់ជាន់ថ្នាក់ មេប៉ូលីស អាវុធហត្ថគ្រប់ជាន់ថ្នាក់ គឺមិនត្រូវបានប៉ះពាល់ទេ លើកលែងតែអ្នកនោះ គឺដល់អាយុចូលនិវត្តន៍គឺត្រូវចូលនិវត្តន៍តាមច្បាប់។
សម្រាប់អ្នកដែលកាន់មុខងារខាងនយោបាយ ដែល(បានការ)តែងតាំងជាថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៅតាមក្រសួង បងប្អូនទាំងនោះនៅតែបន្ត លើកលែងតែសាម៉ីខ្លួនសុំលាឈប់ ដោយសារកត្តាអាយុ ឬមានជំងឺច្រើន។ ទីប្រឹក្សារាជរដ្ឋាភិបាលដែលបានតែងតាំងរួចមកហើយ ត្រូវតែងតាំងត្រឡប់ទៅវិញ ហើយសម្រាប់ការតែងតាំងនេះ អ្នកកាន់មុខងារនយោបាយគឺមាន ៣ កម្រិត កម្រិតតែងតាំងដោយព្រះរាជក្រឹត្យ ដែលចាប់តាំងពីថ្នាក់អគ្គនាយកឡើងទៅក្នុងផ្នែកខាងមុខងារនយោបាយ។ បើនិយាយពីនៅតាមក្រសួង គឺចាប់ពីអនុរដ្ឋលេខាធិការនិងរដ្ឋលេខាធិការ គឺតែងតាំងដោយព្រះរាជក្រឹត្យ។ ឯទីប្រឹក្សាក៏តែងតាំងដោយព្រះរាជក្រឹត្យ ដែលមានថ្នាក់អគ្គនាយក អនុរដ្ឋលេខាធិការ រដ្ឋលេខាធិការ រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រហូតដល់ទីប្រឹក្សា ដែលមានតំណែងជាឧបនាយករដ្ឋមន្ត្រី។
នៅមានទីប្រឹក្សាដែលតែងតាំងដោយអនុក្រឹត្យ គឺថ្នាក់អគ្គនាយករងនិងថ្នាក់ប្រធាននាយកដ្ឋាន ក៏ត្រូវតែងតាំងត្រឡប់ទៅវិញ។ នៅតាមក្រសួងខ្លះក៏មានតែងតាំងអ្នកដែលចូលនិវត្តន៍មួយចំនួនអោយបន្តធ្វើការនិងមានការចាំបាច់នៃមន្ត្រីមួយចំនួនអោយធ្វើការតែងតាំងដោយសេចក្ដីប្រកាសរបស់រដ្ឋមន្ត្រីជាថ្នាក់អនុប្រធាននាយកដ្ឋាននិងប្រធានការិយាល័យ។ មុខងារទាំងអស់នេះ ខ្ញុំព្រះករុណាខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឯកឧត្តម កើត រឹទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ អំពីកិច្ចដំណើរការនៅពេលខាងមុខ។ ដូច្នេះសូមបងប្អូនកុំមានការព្រួយបារម្ភអំពីចំណុចទាក់ទងជាមួយនឹងរឿងថាតើខ្លួនត្រូវធ្វើអ្វីទៀត?
កិច្ចការតែមួយទេ ដែលត្រូវធ្វើការកែទម្រង់នោះគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ កន្លងទៅនេះ មានការតែងតាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមួយចំនួន (ដែលមានតំណែង)ជារដ្ឋលេខាធិការ ជាអ្នកដែលធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ត្រី។ ដូច្នេះ យើងទុកឱ្យម្នាក់ៗធ្វើការជ្រើសរើសថា តើនៅជារដ្ឋលេខាធិការឬទៅជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឱ្យយកតែមួយទេ។ ខ្ញុំព្រះកុរណាខ្ញុំសូមបញ្ជាក់ការកែទម្រង់នៅទីនេះ វាមិនប៉ះពាល់ដល់មនុស្សច្រើនទេ។ បងប្អូនខ្លះគឺជារដ្ឋលេខាធិការនៅតាមក្រសួង ប៉ុន្តែក៏មានការកាន់តំណែងបន្ថែម(ជា)រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ករណីលើកលែងគឺមានតែអង្គភាព២ធំៗប៉ុណ្ណោះ ដែលខ្ញុំព្រះករុណាខ្ញុំបាននិយាយប្រាប់ទៅអនាគតនៃថ្នាក់ដឹកនាំជំនាន់ក្រោយគឺរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនេះគឺនឹងរក្សាទុកសម្រាប់អគ្គនាយកពន្ធដារនិងអគ្គនាយកគយ ដែលទាំង២នេះត្រូវធ្វើការម្ខាងជាមួយនឹងរដ្ឋមន្ត្រី ឯម្ខាងទៀតជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្ដាប់ផ្ទាល់ទៅលើថវិកាប្រចាំថ្ងៃ ប្រចាំខែ។ ករណីនេះគឺជាការត្រូវទុក។ ឯសម្រាប់អ្នកដទៃទៀតគឺត្រូវជ្រើសរើសតើនៅជារដ្ឋលេខាធិការតាមក្រសួងឬមកឱ្យដាច់ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ ការកែទម្រង់គឺមានតែប៉ុណ្ណឹងទេដែលមានការប៉ះពាល់។
ដូចនេះសូមបញ្ជាក់សាជាថ្មី បងប្អូនទាំងឡាយទទួលបានតំណែងរួចមកហើយគឺនៅបន្ត។ សូមបញ្ជាក់ថារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងទីប្រឹក្សាទាំងនេះនឹងបញ្ចប់(តំណែង)នៅថ្ងៃទី ២២ ខែសីហា ជាមួយនឹងការបញ្ចប់អាណត្តិរបស់រាជរដ្ឋាភិបាល ហើយក៏ត្រូវរៀបចំតែងតាំងថ្មី។ ដោយឡែករដ្ឋមន្ត្រីនានាដែលមិនធ្វើជារដ្ឋមន្ត្រីតទៅទៀត ទាំងឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រីមួយចំនួន និងរដ្ឋមន្ត្រីខ្លះ រាប់ទាំងខ្លួនខ្ញុំព្រះករុណាខ្ញុំមុនពេលទៅកាន់ប្រធានព្រឹទ្ធសភានៅឆ្នាំក្រោយ គឺត្រូវអង្គុយនៅធ្វើជាសមាជិករដ្ឋសភា។ រដ្ឋមន្ត្រីខ្លះទៀតមិនជាប់ជាសមាជិកសភា និងអាចរៀបចំឱ្យធ្វើជាទីប្រឹក្សារាជរដ្ឋាភិបាល ឬអាចរៀបចំឱ្យឈរឈ្មោះធ្វើជាសមាជិកព្រឹទ្ធសភានៅពេលខាងមុខ ករណីដែលអាចធ្វើទៅរួច។ ឯខ្លះទៀតជាទីប្រឹក្សាដែលមិនយកប្រាក់បៀវត្សរ៍ ការតែងតាំងឡើងវិញមិនមែនជាការលំបាកនោះឡើយ។ វាមិនមានទម្ងន់(លើ)ថវិកាទេ (ត្បិត)មុខតំណែងជាទីប្រឹក្សាដែលមានចរិតជាកិត្តិយសងាយស្រួលប្រាស្រ័យទាក់ទងចុះជួយកសាងមូលដ្ឋាននានា។
ដូច្នេះ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីតាមស្ថាប័ននានានៅពេលក្រោយបន្តការយកចិត្តទុកដាក់ទៅលើកិច្ចការដែលត្រូវដោះស្រាយ ជាមួយនឹងមន្ត្រីចាស់ៗ មន្ត្រីនៅក្នុងតំណែងបច្ចុប្បន្ន ត្រូវឱ្យមានការងារបន្តទៅទៀតដោយគ្មានការកែប្រែ លើកលែងតែសាម៉ឺខ្លួនស្នើសុំឈប់តែប៉ុណ្ណោះ។ នេះជាការបញ្ជាក់ដើម្បីដោះស្រាយកង្វល់របស់បងប្អូន ដែលមានកន្លងទៅនិងដែលខ្ញុំព្រះករុណាខ្ញុំក្ដាប់បាន។ សូមប្រគេនពរចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិ សូមប្រកបតែនឹងពុទ្ធពរនិងពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាត។ សូមអរព្រះគុណ សូមអរគុណ៕
*********