Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤២ « អារម្មណ៍ជាឪពុក ពេលបាត់បង់កូនជាទីស្រលាញ់ »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ ឯកសារ 271
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤២ « អារម្មណ៍ជាឪពុក ពេលបាត់បង់កូនជាទីស្រលាញ់ » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៤២ « អារម្មណ៍ជាឪពុក ពេលបាត់បង់កូនជាទីស្រលាញ់ »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៤២ « អារម្មណ៍ជាឪពុក ពេលបាត់បង់កូនជាទីស្រលាញ់ »

ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ គឺជាថ្ងៃដំបូងដែលខ្ញុំបានផ្លាស់ប្តូរពីភាពជាកំលោះមកកាន់ភាពជាអ្នកមានប្រពន្ធ និងបានជួបជុំជាមួយមនុស្សដែលខ្លួនស្រលាញ់ នេះជារឿងស្ទើរស្មានមិនដល់ថា រ៉ានី ដែលមានសម្រស់ស្រស់ស្អាត សុខចិត្តប្រកែកជាមួយអង្គការ មិនព្រមទទួលយកបុរសផ្សេងដែល អង្គការផ្សំផ្គុំឱ្យ ហើយបែរជាមកទទួលយកខ្ញុំជាជនពិការម្នាក់ដែលមានអនាគតមិនច្បាស់លាស់។ ពាក្យបងអូន ដែលបានចាប់ផ្តើមប្រើប្រាស់នាល្ងាច ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាមួយក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ បានជំនួសដោយការខកចិត្តនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧៦ នៅពេលដែលគេដឹកភរិយារបស់ខ្ញុំចេញទៅកាន់កន្លែងផ្សេង ដែលសូម្បីតែខ្ញុំជាប្តីមិនបានដឹងថា គេយកភរិយាខ្ញុំទៅទីណាផង។ ម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ គឺមេបញ្ជាការជាអ្នកជិះបន្ទាប់មកកងការពារ និងចុងក្រោយគឺ រ៉ានី ភរិយាជាទីស្រឡាញ់របស់ខ្ញុំ។ មុនឡើងម៉ូតូ រ៉ានី ងាកមកនិយាយជាមួយខ្ញុំថា (សុំបងឧស្សាហ៍ដាក់ថ្នាំភ្នែក)។ ដោយក្តីស្រណោះ ខ្ញុំមិនបានឆ្លើយតបជាមួយ រ៉ានី ទេបានត្រឹមងក់ក្បាលជាសញ្ញាថាយល់ហើយ។ ម៉ូតូបានចាកចេញពីទីបញ្ជាការ កង វរសេនាធំ ដែលពេលនោះបោះទីតាំងនៅភូមិ កោះថ្ម ឃុំទន្លូង ស្រុកត្រមូង។ ខ្ញុំខំតាមមើលប្រពន្ធរបស់ខ្ញុំរហូតមើលលែងឃើញ និងស្តាប់សំឡេង ម៉ូតូលែងឮជាមួយការអាណិតខ្លួន អាណិតប្រពន្ធ ព្រមទាំងឈឺចិត្ត។ នេះជាលើកទីមួយហើយដែលខ្ញុំស្គាល់រសជាតិនៃការបែកពីភរិយា ដែល មុនៗខ្ញុំធ្លាប់តែបែកពីឪពុក ម្តាយ ជីដូន ជីតា បងប្អូន មិត្តភក្តិ។ល។

បញ្ហារបស់ខ្ញុំនៅពេលនោះគឺ តើគេយកភរិយាខ្ញុំទៅធ្វើអ្វីហើយនៅទីណា? បីថ្ងៃក្រោយមក ទើបខ្ញុំទទួលដំណឹងថា ភរិយាខ្ញុំបានទៅស្នាក់នៅមន្ទីរពេទ្យយោធាតំបន់ដែលតាំងនៅក្នុងវត្តពពេល ឃុំពពេល ស្រុកទឹកជ្រៅ នាសម័យនោះ។ ហាក់ធូរចិត្តបន្តិច នៅពេលបានទទួលព័ត៌មានពីកន្លែង ដែលភរិយាស្នាក់នៅ តែរឿងនេះបានជំនួសមកវិញនូវការវាយប្រហារមួយនៅក្នុងខែកុម្ភៈ ឆ្នាំ១៩៧៦ នៅពេលដែលខ្ញុំទៅរក រ៉ានី នៅមន្ទីរពេទ្យកងទ័ព តែបែរជាមិនបានជួប ហើយបានទទួលព័ត៌មានថា រ៉ានី នៅមន្ទីរពេទ្យនេះបានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ត្រូវអង្គការបញ្ជូនឱ្យទៅលើកប្រព័ន្ធភ្លឺស្រែនៅភូមិខ្នារ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។ ពិតជាហួសចិត្តខ្លាំងណាស់ គ្រូពេទ្យឆ្មបម្នាក់ត្រូវបានប្រគល់ការងារជាអ្នករែកដីទៅវិញ។ ខ្ញុំមិនចង់ឱ្យគេយោគយល់ថា រ៉ានី ជាភរិយាមេបញ្ជាការកងទ័ពមួយរូប ដែលបញ្ជាលើកម្លាំងទ័ពជាង២ពាន់នាក់នោះទេ តែគេគួរតែប្រើមនុស្សឱ្យត្រូវជំនាញ។ ប៉ុន្តែអ្វីដែលអង្គការបានធ្វើចំពោះរូបខ្ញុំ និងភរិយាខ្ញុំ កាន់តែលើកទឹកចិត្តខ្ញុំឱ្យខិតខំងើបឈរឡើងដើម្បីវាយរំលំអង្គការ។

មួយខែមុនពង្រាត់ភរិយាខ្ញុំចេញពីរូបខ្ញុំ ដោយមិនប្រាប់ឱ្យដឹងថាយកទៅធ្វើអ្វី ហើយទៅទីណា? មួយខែក្រោយសង្ឃឹមថាមកដល់មន្ទីរពេទ្យនឹងបានជួបមុខភរិយាជាទីស្រលាញ់ ដែលខ្លួននឹករលឹកគ្រប់ដង្ហើមចេញចូល តែបែរជាមិនត្រឹមតែមិនបានជួបទេ ថែមទាំងទទួលបានព័ត៌មានដ៏អាក្រក់ទៅវិញ។ តែទោះយ៉ាងណា ខ្ញុំមិនបានបង្ហាញនូវពាក្យសម្ដីឬកាយវិការណាមួយខុសប្រក្រតីឡើយ ដើម្បីចៀសវាងការសង្ស័យពីពួកអង្គការ។ ដោយសារខ្ញុំធ្វើដំណើរដោយម៉ូតូ ខ្ញុំក៏ប្រញាប់ធ្វើដំណើរទៅកាន់ ភូមិខ្នារ នៃស្រុកត្បូងឃ្មុំ ជាទីកន្លែងដែលភរិយាខ្ញុំនៅទីនោះ។ ខ្ញុំត្រូវរង់ចាំ រ៉ានី ពីម៉ោងប្រហែល៤ល្ងាច រហូតដល់ព្រលប់ម៉ោងប្រហែល៦ល្ងាច។ រ៉ានី មិនបានដឹងថាខ្ញុំមករង់ចាំនាងទេ ខ្ញុំឃើញ រ៉ានី លីចបកាប់ដើរកាត់ភ្លឺស្រែតម្រង់មកវត្តខ្នារ។ រឿងដែលគួរឱ្យហួសចិត្ត គឺនៅពេលដែលយើងបានជួបគ្នា ពួកសេនាធិការតំបន់ដែលទទួលខុសត្រូវនៅទីនោះ ប្រាប់ឱ្យប្តីប្រពន្ធយើងសម្រាកលើកុដិលោក ដែលពេលនោះនៅមានព្រះសង្ឃមួយអង្គគង់នៅក្នុងវត្តនោះនៅឡើយ។ ខ្ញុំនិង រ៉ានី បានទទួលទានបាយជាមួយគ្នា ដែលពេលនោះពួកគេមានការ អធ្យាស្រ័យសម្រាប់ពួកយើងដោយសារមិត្តភក្តិរបស់ខ្ញុំមួយចំនួនធ្វើការនៅទីនោះ។ យើងបានសម្រាកក្នុងវត្តមួយយប់ លុះព្រឹកឡើងដោយពិនិត្យឃើញភាពមិនសមហេតុផលក្នុងការស្នាក់នៅក្នុងវត្ត ខ្ញុំបានទៅសុំផ្ទះអ្នកមីងដែលត្រូវជាប្អូនស្រីមេបញ្ជាការរបស់ខ្ញុំ លោកអ៊ំ ជុំ ហ៊ល សម្រាក។ ក្រុមគ្រួសារនេះចាត់ទុកប្តីប្រពន្ធយើងដូចជាកូនឬសាច់ញាតិ ដែលទទួលយើងឱ្យស្នាក់នៅដោយការសប្បាយរីករាយអស់រយៈពេលមួយថ្ងៃមួយយប់។ ស្អែកឡើង ខ្ញុំត្រូវបែកពី រ៉ានី ដើម្បីវិលត្រឡប់ទៅកាន់អង្គភាពវិញ រីឯ រ៉ានី នៅបន្តការងារនៅកន្លែងដដែល។

សូមបញ្ជាក់ថា រ៉ានី នៅធ្វើការដោយមានគ្រូពេទ្យនារីម្នាក់ទៀតឈ្មោះ តាំង លី នៅជាមួយដែលអាចជួយមើលថែទាំគ្នាបាន ព្រោះគ្រូពេទ្យ តាំង លី ធ្លាប់ជាពេទ្យសមរភូមិ និងធ្លាប់ព្យាបាលឱ្យខ្ញុំតាំងពីឆ្នាំ១៩៧១ មកម៉្លេះ។ តាំង លី ក្រោយមកបានរៀបការជាមួយអតីតមេបញ្ជាការកងអនុសេនាតូចចំណុះអង្គភាព ក្រោមបញ្ជារបស់ខ្ញុំ។ ពួកគាត់ជាមនុស្សចិត្តបាន ហើយពេលនេះពួកគាត់ជាកសិករនៅខេត្តស្ទឹងត្រែង ដែលមានកូនច្រើន និងចៅច្រើនដូចខ្ញុំដែរ។ បន្ទាប់ពីបែកគ្នានា ខែកុម្ភៈ ឆ្នាំ១៩៧៦ ខ្ញុំមិនដែលបានជួប រ៉ានី រយៈ២ខែ រហូតមិនដឹងថា រ៉ានី មានផ្ទៃពោះផង។ គាប់ជួន រ៉ានី ចាញ់កូនផង និងធ្លាក់ខ្លួនឈឺផង ក៏បានទៅសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យភូមិភាគ មានឈ្មោះអក្សរកាត់ថា (ព២) ដែលស្ថិតនៅ វិទ្យាល័យអូររាំងឪ។ ឯខ្ញុំវិញ ជំងឺភ្នែកបាន រើឡើងវិញ តម្រូវឱ្យខ្ញុំទៅចូលមន្ទីរពេទ្យនេះផងដែរ។ សូមបញ្ជាក់ថា មន្ទីរពេទ្យនៅអូររាំងឪនេះហើយ ដែលគ្រូពេទ្យបានវះយកកែវភ្នែកឆ្វេងរបស់ខ្ញុំចេញនៅក្នុង ខែកញ្ញា ឆ្នាំ១៩៧៥។ កែវភ្នែកឆ្វេងរបស់ខ្ញុំបានកប់នៅទីតាំងវិទ្យាល័យអូរាំងឪ បច្ចុប្បន្ននេះ។ ពេលចូលដល់មន្ទីរពេទ្យ គ្រូពេទ្យដែលធ្លាប់ព្យាបាលឱ្យខ្ញុំ និងដែលធ្លាប់រៀនពេទ្យជាមួយ រ៉ានី បានប្រាប់ខ្ញុំថា ប្រពន្ធរបស់ខ្ញុំកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យនេះដែរ គឺនៅអគារសម្រាប់អ្នកជំងឺជាស្ត្រី។ ដោយមិនបង្អង់យូរ ខ្ញុំប្រញាប់ធ្វើដំណើរទៅជួបភរិយាជាទីស្រលាញ់របស់ខ្ញុំ។ រឿងដែលសប្បាយចិត្តទៅហួសពីការបានជួបគ្នាគឺ រ៉ានី បានប្រាប់ខ្ញុំថាមានផ្ទៃពោះ និងកំពុងចាញ់ខ្លាំងណាស់។

ខ្ញុំសប្បាយចិត្តខ្លាំងណាស់ នៅពេលដែលបានឮ រ៉ានី ប្រាប់ថាមានកូន តែក៏មានការអាណិតប្រពន្ធដោយឃើញទឹកមុខនាងស្លេកស្លាំង។ កូនដំបូងនេះគឺជាកំណើត កូនកំសត់ ដែលកូនមួយនេះចាញ់ខ្លាំងណាស់តាំងពីថ្ងៃចាប់ផ្ទៃ រហូតដល់ថ្ងៃកើត ខុសពីកូន៥ផ្សេងទៀត ដែលនៅមានជីវិតរហូតមកដល់សព្វថ្ងៃ។ ខ្ញុំនៅចាំបានថា ពេលដែល រ៉ានី និងខ្ញុំសម្រាកនៅមន្ទីរពេទ្យភូមិភាគនេះ គឺចំពេលចូលឆ្នាំខ្មែរនាខែមេសា ឆ្នាំ១៩៧៦។ រ៉ានី សម្រាកនៅអគារខាងផ្នែកអ្នកជំងឺជាស្រ្តី រីឯខ្ញុំសម្រាកនៅអគារខាងអ្នកជំងឺជាបុរស។ ពេលថ្ងៃខ្ញុំខិតខំទៅកំដរ រ៉ានី។ មានពេលខ្លះរហូតដល់យប់ តែយើងមិនដែលបានទទួលទានអាហារជាមួយគ្នាទេ។ ខ្ញុំបានចេញពីមន្ទីរពេទ្យទៅកាន់អង្គភាពវិញ បន្ទាប់ពីបានព្យាបាលរយៈពេល៥ថ្ងៃ។ ខ្ញុំទៅជួប រ៉ានី ដែលនាងមិនអាចទាន់ចេញពីមន្ទីរពេទ្យបាន។ ខ្ញុំស្ទើរតែប្រេះដើមទ្រូង និងដើរមិនរួច នៅពេលដែលខ្ញុំប្រាប់រ៉ានី ឱ្យថែទាំខ្លួនមុនពេលខ្ញុំឈានជើងចេញពីអគារដែលនាងស្នាក់នៅ និងព្យាបាល។ ខ្ញុំដើរចេញមកទាំងចិត្តស្រណោះអាឡោះអាល័យ អាណិតដល់ភរិយាដែលកំពុងមានជំងឺ និងចាញ់កូនក្នុងផ្ទៃថែមទៀត។ ខ្ញុំគិតក្នុងចិត្តថា ពេលនេះម៉ោងនេះវាគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ ហើយនៅពេលខាងមុខខ្ញុំនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត។ ខ្ញុំមកដល់អង្គភាពបន្តការងារ ដោយមិនមានព័ត៌មានថា ភរិយាខ្ញុំសុខទុក្ខយ៉ាងណាឬនៅទីណាទេ។ ប្រហែលពាក់កណ្តាល ខែឧសភា ឆ្នាំ១៩៧៦ ខ្ញុំបានខិតខំទៅរកភរិយាខ្ញុំសាជាថ្មីម្តងទៀត ដែលពេលនោះភរិយាខ្ញុំ ផ្លាស់ឱ្យទៅធ្វើការនៅអង្គភាពលើកប្រព័ន្ធភ្លឺស្រែ នៅវត្តព្រៃនគរក្នុង ដែលជាអតីតរាជធានីរបស់ហ្លួងព្រះស្តេចកន នៅក្នុងស្រុកពញ្ញាក្រែក។ ពេលនោះ រ៉ានី មានផ្ទៃពោះប្រមាណជាង៣ខែហើយ តែអាការៈចាញ់កូននៅមានជាបន្ត។ ក្នុងអំឡុង ខែមិថុនា ឆ្នាំ១៩៧៦ ភរិយាខ្ញុំត្រូវបានទទួលការអនុញ្ញាតឱ្យមកធ្វើការនៅមន្ទីរពេទ្យយោធាតំបន់ ដែលបោះទីតាំងនៅវត្តពពេលឃុំពពេល ស្រុកទឹកជ្រៅ នាពេលនោះ បន្ទាប់ពីបានទទួលការលត់ដំអស់រយៈពេលជាង៥ខែ។ នៅមន្ទីរពេទ្យនេះ រ៉ានី ហាក់មានភាពងាយស្រួលជាងមុន ហើយខ្ញុំក៏ឧស្សាហ៍មានឱកាសមកលេងជាមួយភរិយាខ្ញុំដែរ។ មានរឿងគួរឱ្យអស់សំណើចមួយ ដែលកើតឡើងនៅមន្ទីរពេទ្យយោធានេះ។ នៅពេល រ៉ានី មានផ្ទៃពោះប្រមាណ៥ខែ មានយុទ្ធជនរបស់ខ្ញុំម្នាក់ចង់ស្តីដណ្តឹងយក រ៉ានី ជាប្រពន្ធ ព្រោះគេមិនបានដឹងថា រ៉ានី មានប្តី ថែមទាំងមានកូនក្នុងផ្ទៃទៀតនោះទេ ព្រោះកូនដំបូងពោះ រ៉ានី មិនធំទេ។ ក្នុងអំឡុងប្រហែលជា ខែសីហា ឆ្នាំ១៩៧៦ មន្ទីរពេទ្យយោធាបានប្តូរទីតាំងពី ឃុំពពេល ស្រុកទឹកជ្រៅ មកកាន់ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ដែលនៅឃ្លាតពីកន្លែងដែលខ្ញុំរស់នៅ ប្រហែលជាង៣០គីឡូម៉ែត្រតែប៉ុណ្ណោះ ដែលធ្វើឱ្យខ្ញុំកាន់តែមានភាពងាយស្រួលក្នុងការទៅមក ដើម្បីជួបភរិយាខ្ញុំ។ ប៉ុន្តែរឿងថ្មីមួយបានកើតឡើង នោះគឺថ្នាក់លើបានតែងតាំងប្រធានយោធាតំបន់ថ្មីម្នាក់ជំនួសឱ្យប្រធានយោធារតំបន់ចាស់ ដែលទៅទទួលតំណែងថ្មីជាប្រធានស្រុកទឹកជ្រៅ។ ប្រធានយោធាថ្មីនេះហើយដែលជាមនុស្សឃោរឃៅព្រៃផ្សៃបំផុត។

បកមកនិយាយពី រ៉ានី និងខ្ញុំ មុនពេលដែល រ៉ានី ឆ្លងទន្លេ។ ដោយសារអាណិតភរិយា ខ្ញុំត្រូវខិតខំទៅរកអ្វីដែលអាចរកបានដើម្បីផ្ញើឱ្យប្រពន្ធ។ ថ្ងៃមួយ ខ្ញុំចូលទៅលេងតាមភូមិដែលខ្ញុំមានម្តាយធម៌ជាជនជាតិស្ទៀង។ គាត់ឱ្យផ្លែដូង៣ផ្លែ និងខ្នុរមួយផ្លែមកខ្ញុំ។ ក្រោយទទួលបានដូង និងខ្នុរ ទោះខ្ញុំចង់ហូបតែខ្ញុំមិនហ៊ានហូបខ្លួនឯងទេ ខ្ញុំនឹកឃើញប្រពន្ធរបស់ខ្ញុំដែលកំពុងមានផ្ទៃពោះ។ ដោយមិនរង់ចាំយូរ ខ្ញុំយកកង់អង្គភាពជិះនាំយកផ្លែខ្នុរ និងផ្លែដូងទៅឱ្យប្រពន្ធខ្ញុំ។ តែអកុសលកង់ខូចតាមផ្លូវ។ ខ្ញុំបណ្តើរកង់កាត់តាមចម្ការកៅស៊ូយ៉ាងលំបាក។ គាប់ជួនពេលនោះ មានរថយន្តយោធាភូមិភាគដែលដឹកស្លឹកទ្រាំងពេញឡានបើកមក ខ្ញុំក៏បក់ដៃហៅសុំជិះ។ បងប្អូនទាំងនោះមានអាធ្យាស្រ័យល្អ ក៏ជួយលើកកង់ខ្ញុំដាក់លើស្លឹកទ្រាំង ហើយបន្តដំណើរ ដោយខ្ញុំក៏ជិះលើស្លឹកទ្រាំងដែរ។ មេឃងងឹត ហើយរថយន្តអត់ភ្លើងទៀត។ ធ្វើដំណើរតាមផ្លូវជាតិលេខ៧បានប្រហែល៣គីឡូម៉ែត្រ រថយន្តភ្លូក ដែលខ្ញុំត្រូវស្លឹកទ្រាំងសង្កត់ពីលើ ធ្វើឱ្យគ្រេចជើងឆ្វេង ពកក្បាល និងរបួសតិចតួចនៅខ្នងដៃ និងជើង។ អ្វីៗបាត់អស់ ផ្លែខ្នុរ ដូង និងកង់បែកបាក់អស់ ហើយនៅសល់តែកាំភ្លើងខ្លីមួយដើមសៀតនៅចង្កេះ និងមួយដើមទៀតនៅក្នុងកាបូបដែលខ្ញុំស្ពាយជាប់ខ្លួន។ គណៈស្រុកត្រមូង បានយកម៉ូតូមកដឹកខ្ញុំទៅកាន់មន្ទីរពេទ្យដែល រ៉ានី ស្នាក់នៅប្រហែលម៉ោង៩យប់។ មិនបានផ្លែដូង និងខ្នុរផ្ញើប្រពន្ធ បែរជានាំរបួសទៅឱ្យ រ៉ានី ព្យាបាលឱ្យទៅវិញ។ នៅមានរឿងគួរឱ្យចងចាំមួយទៀតគឺ ដើម្បីត្រៀមរៀបចំឱ្យប្រពន្ធឆ្លងទន្លេ ខ្ញុំនិងយុទ្ធមិត្តខ្ញុំ២នាក់បានទៅរកថ្នាំបុរាណ មានមើមថ្នាំចិន និងដើមឆ្កែស្រែង។ល។ ជាអកុសលមេឆ្កែដែលទើបកើតកូនហើយបានប៉ុន្មានថ្ងៃ ស្ទុះចេញពីគល់ឈើធំមួយ មកខាំជើងឆ្វេងខ្ញុំលិច៣ចង្កូមយ៉ាងជ្រៅដែលមានសម្លាករហូតដល់សព្វថ្ងៃ។ ថ្ងៃដែលឆ្កែខាំជើងខ្ញុំនោះហើយ ដែលខ្ញុំនិយាយទៅកាន់មិត្តខ្ញុំទាំង២នាក់ ដែលរួមដំណើរជាមួយខ្ញុំថា “ឆ្កែសព្វថ្ងៃវាមានសិទ្ធិច្រើនជាងយើងជាមនុស្ស ព្រោះវាមានសិទ្ធការពារកូនរបស់វា ឯយើងជាមនុស្សមិនមានសិទ្ធិដូចសត្វឆ្កែទេ” មិត្តខ្ញុំទាំង២នាក់សម្លឹងមើលមុខខ្ញុំ ដោយការពេញចិត្តជាមួយសម្ដីនេះ។ ពាក្យនេះខ្ញុំនិយាយប្រហែលពាក់កណ្តាលខែតុលា ឆ្នាំ១៩៧៦ ព្រោះតំបន់នោះ នាឆ្នាំនោះធ្លាក់ខ្យល់ពីជើង ហើយនិងមុនពេល រ៉ានី ឆ្លងទន្លេប្រហែលជាងកន្លះខែ។

ប្រធានយោធាតំបន់ថ្មីចាប់ផ្តើមបញ្ចេញអំណាចរបស់គាត់មកលើរូបខ្ញុំ និងអង្គភាពរបស់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវសង្ស័យដោយពួកសន្តិសុខ និងប្រធានយោធាតំបន់ថ្មីនេះហើយ ព្រោះមិត្តភ័ក្ដិមួយចំនួនដែលជាខ្សែបណ្តាញសម្ងាត់របស់ខ្ញុំ ត្រូវបានចាប់ខ្លួនរួចទៅហើយ។ ដោយសារមន្ទីរពេទ្យយោធាតំបន់ដែលភរិយាខ្ញុំរស់នៅមិនមានផ្នែកវះកាត់ និងដោយការព្រួយបារម្ភខ្លាចមានបញ្ហានៃការឆ្លងទន្លេកូនដំបូង ខ្ញុំបានពិភាក្សាជាមួយ រ៉ានី និងនាំនាងមកកាន់មន្ទីរពេទ្យតំបន់ ដែលមានទីតាំងនៅអតីតអនុវិទ្យាល័យមេមត់ ហើយពេលនេះជា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ ដែលមានផ្នូរ ហ៊ុន កំសត់ នៅទីនោះផង។ រ៉ានី ចូលមន្ទីរពេទ្យរង់ចាំឆ្លងទន្លេនៅចុងខែតុលា ឆ្នាំ១៩៧៦។ ចំណែករូបខ្ញុំមិនមានឱកាសមកមើលនាងទៀតទេ ដោយប្រធានយោធាថ្មីនេះតម្រូវឱ្យចុះត្រួតពិនិត្យតាមបណ្តោយខ្សែព្រំដែនកម្ពុជា-វៀតណាម ការគូរចម្លងផែនទី និងការគូរពង្រីកផែនទីពីខ្នាត ១/៥0 000 ទៅខ្នាត ១/២៥ 000 ដែលការងារនេះមិនមានអ្នកណាផ្សេងចេះធ្វើទេនៅអង្គភាពនេះ ក្រៅតែពីខ្ញុំដែលត្រូវតែធ្វើខ្លួនឯង។ ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ម៉ោងប្រហែលជិត៥ល្ងាច ប្រធានយោធាតំបន់បានចូលមកមន្ទីរសេនាធិការដែលខ្ញុំធ្វើការ (ជាផ្ទះផង និងកន្លែងស្នាក់នៅផង) ដោយមាន តុ កៅអី ទូរសព្វ វិទ្យុទាក់ទង និងផែនទីជាច្រើនផ្ទាំងព្យួរតាមជញ្ជាំង។ នៅលើតុមានផែនទីថ្មីមួយសន្លឹកខ្នាត១/២៥ 000 ដែលខ្ញុំទើបគូរពង្រីកចេញពីផែនទីខ្នាត១/៥០ 000 ដោយប្រើពេល៥ថ្ងៃ ទើបរួចរាល់ និងដែលខ្ញុំកំពុងគូរទីតាំងឈរជើងរបស់កងទ័ពចូលក្នុងផែនទីថ្មីនេះ។ ខ្ញុំបានអញ្ជើញប្រធានយោធារូបនេះឱ្យអង្គុយលើកៅអីរបស់ខ្ញុំ តែគាត់មិនអង្គុយទេ គាត់ខំមើលទៅលើផែនទីដែលព្យួរនឹងជញ្ជាំងដែលមានគូរទីតាំងឈរជើងកងទ័ព។ បន្ទាប់មកគាត់រវៃទូរសព្ទភ្ជាប់ទៅកងវរសេនាតូចលេខ៧៥ ដែលបោះទីតាំងប្រហែល៣គីឡូម៉ែត្រ ពីទីបញ្ជាការកងវរសេនាធំ។ គាត់ពិនិត្យមើលសព្វគ្រប់ ដោយមិនទាន់និយាយអ្វីជាមួយខ្ញុំនៅឡើយ។ បន្តិចក្រោយមកគាត់បាននិយាយពាក្យដៀមដាមមកកាន់ខ្ញុំថា ពួកអនុធនរស់នៅបែបនេះគ្មានកែប្រែទេ។

ពាក្យពួក “អនុធន” ខ្ញុំស្តាប់ឡើងហ៊ឹងត្រចៀកអស់ទៅហើយ ដែលសម្ដីនេះចេញមកពីអ្នកចូលព្រៃតស៊ូមុនឆ្នាំ១៩៧០ ប្រឆាំងនឹងរបបសម្តេចព្រះនរោត្តម សីហនុ មកលើមនុស្សដូចពួកខ្ញុំ ដែលចូលតស៊ូក្រោយឆ្នាំ១៩៧០តាមការអំពាវនាវរបស់សម្តេចព្រះនរោត្តម សីហនុ និងច្រើនតែសំដៅទៅរកសិស្សសាលាដែលចេញពីក្រុងដូចរូបខ្ញុំនេះឯង។ ឮពាក្យនេះខ្ញុំក៏សួរទៅគាត់ថា តើបងចង់និយាយពីអ្វី? ខ្ញុំហៅគាត់ថាបង ព្រោះគាត់មានអាយុច្រើនជាងខ្ញុំប្រហែល៥ឆ្នាំ។ គាត់មិនឆ្លើយតបជាមួយសំណួរខ្ញុំទេ តែបែរជាអប់រំខ្ញុំថា ល្មមកែខ្លួនជាវណ្ណៈអធនហើយ។ ខ្ញុំមិនឆ្លើយតបអ្វីជាមួយគាត់ទេ ព្រោះខ្ញុំគិតថា គាត់ចង់បង្ករឿងដូចដែលគាត់ធ្លាប់បានធ្វើមកលើរូបខ្ញុំ និងអង្គភាពខ្ញុំ កាលពីចុងឆ្នាំ១៩៧៣ និងដើមឆ្នាំ១៩៧៤ ដែលពេលនោះគាត់ជាប្រធានយុវជនតំបន់។ ដោយសារបុគ្គលរូបនេះ ដើរតួសំខាន់ក្នុងសោកនាដកម្មរបស់ខ្ញុំ និងភរិយា ខ្ញុំសូមរម្លឹកពីទំនាក់ទំនងរវាងគាត់និងខ្ញុំបន្តិច ដើម្បីងាយយល់ដល់ដំណើររឿង។

…ចុងឆ្នាំ១៩៧៣ បុគ្គលរូបនេះក្នុងឋានៈជាប្រធានយុវជនតំបន់ បានចុះទៅប្រជុំសម្ពន្ធយុវជន នៅអង្គភាពរបស់ខ្ញុំ ដែលពេលនោះខ្ញុំជាមេបញ្ជាការកងទ័ពពិសេស។ ដោយសារតួនាទីជាម្ចាស់ផ្ទះត្រូវយកចិត្តទុកដាក់ទទួលភ្ញៀវ ខ្ញុំបានបញ្ជាឱ្យយុទ្ធជនចាប់មាន់២ ក្បាលដើម្បីធ្វើម្ហូប គឺ១ក្បាលឆាខ្ញី និង១ក្បាលទៀតស្ងោរជ្រក់។ ក្រៅពីនោះមានត្រីឌៀបអាំងថែមទៀត។ យើងបាយថ្ងៃត្រង់ជាមួយគ្នា។ បន្ទាប់ពីបាយហើយ ការប្រជុំចាប់ផ្តើមជាមួយសម្ពន្ធយុវជនប្រមាណជាង ៣០នាក់។ ពេលប្រជុំ ខ្ញុំនិងអង្គភាពបែរជាទទួលបាននូវការទិតៀនទៅវិញ ដូចជាប្រើពាក្យពួកអនុធនចូលចិត្តដេកស្រួល ស៊ីឆ្ងាញ់ ខ្វះការសន្សំសំចៃ ដូចជាអង្គភាពនេះ ជាឧទាហរណ៍ស្រាប់។ យុទ្ធមិត្តដែលចូលរួមប្រជុំមើលមុខគ្នាចង់តបត តែខ្ញុំសម្លឹងមុខជាសញ្ញាថា ឱ្យនៅស្ងៀមស្ងាត់។ ប៉ុន្មានខែក្រោយមកប្រហែលជា ខែកុម្ភៈ ឆ្នាំ១៩៧៤ គឺមុនពេលដែលខ្ញុំស្គាល់ រ៉ានី ប្រធានយុវជនតំបន់រូបនេះបានចុះទៅប្រជុំម្តងទៀត។ ពេលនោះខ្ញុំឱ្យយុទ្ធជនធ្វើម្ហូបមានផ្លែត្រប់ដុត និងប្រហុក ផ្លែចេក។ ខ្ញុំក៏ហូបបាយថ្ងៃត្រង់ជាមួយគាត់ទៀត។ បន្ទាប់ពីបាយហើយ ការប្រជុំក៏ចាប់ផ្តើម។ ពេលនេះមនុស្សដដែលនេះវាដៀលថា ជាមេបញ្ជាការខ្ជិលច្រអូស ខ្វះគំនិតច្នៃប្រតិដ្ឋ មិនចេះបង្កបង្កើនផល ចិញ្ចឹមមាន់ ទា។ល។ ខ្ញុំទ្រាំមិនបានក៏ទះតុឮសូរផូង យុទ្ធមិត្តរបស់ខ្ញុំប្រហែលជាង៣០នាក់ដែលចូលរួមប្រជុំ ក្រោកឈរឡើងយ៉ាងស្រុះគ្នា ហាក់រង់ចាំបទបញ្ជាពីខ្ញុំ។ ខ្ញុំនិយាយទៅកាន់ប្រធានយុវជនតំបន់ដែលមានទឹកមុខស្លេកស្លាំង ដោយការភ័យខ្លាចនេះថា តើបងចង់បានអ្វីឱ្យពិតប្រាកដ? មកលើកមុនឱ្យស៊ីមាន់ស្ងោរ ចោទពួកខ្ញុំថាជាពួកអនុធន ចង់ស៊ីឆ្ងាញ់ ដេកស្រួលខ្វះការសន្សំសំចៃ។ មកលើកនេះឱ្យស៊ីប្រហុក ចោទពួកខ្ញុំថាខ្ជិល ខ្វះគំនិតច្នៃប្រតិដ្ឋ។ ពេលដែលខ្ញុំកំពុងនិយាយប្រដៅប្រធានយុវជនតំបន់ ឮសំឡេងម៉ូតូរបស់អនុបញ្ជាការវរសេនាតូចមកដល់។ គាត់ចូលមកឃាត់ហើយយកប្រធានយុវជនតំបន់នេះចេញទៅ។ ពីពេលនោះមក យើងមិនដែលបានជួបមុខគ្នាដូចពេលនេះទេ ទោះជាបានចូលរួមប្រជុំជាមួយគ្នាពេលខ្លះក្តី។

ការមិនឆ្លើយតបរបស់ខ្ញុំ ចំពោះការអប់រំរបស់គាត់ គាត់បានបន្ថែមថា ព្រឹកស្អែក សែន ឯងត្រូវធ្វើដំណើរជាមួយខ្ញុំទៅ ស្រុកពាមជីលាំង ដើម្បីពិភាក្សាជាមួយគណៈស្រុកពាមជីលាំង រកនារី១០០នាក់ មករៀបការឱ្យយុទ្ធជនពិការនៅជំរំឆកនាគ ស្រុកដំបែ។ ជាមួយការទទួលយកបទបញ្ជានេះ ខ្ញុំគិតថា ហេតុអ្វីគាត់ត្រូវការឱ្យខ្ញុំធ្វើដំណើរទៅជាមួយគាត់ ម្យ៉ាងគាត់និងខ្ញុំធ្លាប់មានរឿងជាមួយគ្នា ម្យ៉ាងទៀតការងារនេះ គឺជាការងាររបស់ស្នងការនយោបាយ មិនមែនជាការងាររបស់នាយសេនាធិការដូចរូបខ្ញុំនេះទេ។ ខ្ញុំបានចោទចេញជាសំណួរថា ឬមួយគាត់បោកខ្ញុំយកទៅចាប់នៅក្រៅអង្គភាព? ឬមួយគាត់ចង់សម្រុះសម្រួលសហការធ្វើការជាមួយគ្នា? បញ្ហាសំខាន់ដែលធ្វើឱ្យខ្ញុំទទួលបញ្ជាយ៉ាងឆាប់នោះ គឺខ្ញុំចង់ឆ្លៀតចូលមើល រ៉ានី ដែលកំពុងសម្រាកនៅមន្ទីរពេទ្យមេមត់ ព្រោះយើងត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៧ កាត់តាមមុខមន្ទីរពេទ្យនេះ។ តាំងពីពេលដែលខ្ញុំយករ៉ានី មកសម្រាកពេទ្យនាចុងខែតុលា ខ្ញុំមិនដែលបានទៅមើលថែទាំនាងឡើយ ដោយសារជាប់រវល់ការងារ។ អាស្រ័យដោយនិស្ស័យប្តីនិងប្រពន្ធ ឪពុកនិងកូន នៅយប់ថ្ងៃ៩ ឈានដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំដេកមិនលក់សោះ។ សំឡេងសត្វមៀម ខ្លែងស្រាក និងសត្វផ្សេងៗទៀតបានយំឮកងរំពងចេញពីដើមជ្រៃដ៏ធំដែលនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ ធ្វើឱ្យខ្ញុំព្រឺក្បាល។ ខ្ញុំមានអារម្មណ៍ថានឹងមានហេតុការណ៍មិនល្អសម្រាប់ខ្ញុំហើយ ព្រោះតាំងពីធំដឹងក្តីមក ខ្ញុំហាក់មានអ្នកតាមថែរក្សា ដែលអាចឱ្យខ្ញុំដឹងមុននូវហេតុការណ៍ដែលនឹងកើតនាពេលខាងមុខ ទាំងល្អ ទាំងអាក្រក់ តាមរយៈនៃការយល់សប្តិ ឬតាមរយៈសត្វយំឬប្រផ្នូលផ្សេងៗទៀត។ល។ យប់នោះខ្ញុំនឹក រ៉ានី ខ្លាំងណាស់ ហើយគិតថា រ៉ានី អាចឆ្លងទន្លេយប់នោះ។ ខ្ញុំដេកមិនលក់សោះ ហើយក្រោយម៉ោង១២យប់ សត្វមិនគ្រាន់តែនៅដើមជ្រៃប៉ុណ្ណោះទេដែលយំ តែនៅដើមឈើក្រៅបន្ទាយក៏ស្រែកយំគួរឱ្យតក់ស្លុត។ ក្រោយម៉ោង១២យប់ ជាពេលដែល រ៉ានី ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។ ម៉ោងប្រហែល២រំលងអធ្រាត្រចូលដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំចេញមកក្រៅផ្ទះ ឃើញភ្លើងហោះចេញពីដើមជ្រៃទៅកន្លែងផ្សេង និងពីកន្លែងផ្សេងមកដើមជ្រៃវិញ។ សំឡេងសត្វយំកាន់តែកងរំពងខ្លាំងឡើង ហាក់ចង់ដាស់តឿនខ្ញុំថា ខ្ញុំនឹងជួបគ្រោះ។ ខ្ញុំព្រឺក្បាលកាន់តែខ្លាំង និងនឹកទៅដល់ភរិយារបស់ខ្ញុំកាន់តែខ្លាំង។ ខ្ញុំមិនសម្រាកទេ និងបន់ឱ្យតែមេឃឆាប់ភ្លឺ។ ខ្ញុំបានពិនិត្យសម្ភារៈរបស់ខ្ញុំឡើងវិញ ដែលកាំភ្លើងខ្ញុំបានបញ្ចូលគ្រាប់ (កាំភ្លើងខ្លីម៉ាក K54 សម្រាប់ក្រវាត់នឹងចង្កេះ និងកាំភ្លើងខ្លីមួយដើមទៀតម៉ាក K59 ដាក់ក្នុងកាបូបស្ពាយរបស់ខ្ញុំ)។ កាំភ្លើងទាំង២ដើម បើកសោត្រៀមប្រយុទ្ធហើយស្រេច ព្រោះបារម្ភប្រធានយោធាតំបន់បោកខ្ញុំយកទៅចាប់ ឬសម្លាប់ក្រៅអង្គភាព។ ម៉ោងប្រមាណ៥ មិនទាន់ភ្លឺផង ប្រធានយោធាតំបន់បានជិះម៉ូតូមកដល់ផ្ទះខ្ញុំ ហើយសួរខ្ញុំថា តើរៀបចំខ្លួនហើយឬនៅ យើងចេញដំណើរទាន់ពេលព្រឹក។ ខ្ញុំបានឆ្លើយតបថា រួចហើយបង។ ប្រធានយោធាតំបន់បានប្រាប់ខ្ញុំថា សែន ឯងជាអ្នកជិះម៉ូតូឌុបខ្ញុំ។ ពេលនោះខ្ញុំគិតពិតជាមិនស្រួលហើយ ហេតុអីគាត់ឱ្យខ្ញុំជិះម៉ូតូឌុបគាត់ទៅវិញ? ឆ្លៀតពេលមិនទាន់ចេញពីផ្ទះ ខ្ញុំបានដើរចូលទៅក្នុងបន្ទប់ដកយកកាំភ្លើងចេញពីស្រោមមកសៀតនឹងចង្កេះឆ្វេងវិញ ងាយស្រួលប្រើដៃស្តាំដកចេញ ហើយបាញ់តែម្តង។ ពេលជិះម៉ូតូចេញមក តាមផ្លូវខ្ញុំគិតថាប្រសិនម្នាក់នេះដកកាំភ្លើងភ្ជង់ខ្ញុំពីក្រោយ ខ្ញុំត្រូវផ្តួលម៉ូតូភ្លាមដើម្បីឱ្យដួលទាំងអស់គ្នា និងដើម្បកុំឱ្យគាត់បាញ់ខ្ញុំពីក្រោយបាន។ ខ្ញុំត្រូវជិះម៉ូតូឱ្យលឿន ព្រោះគាត់ពិតជាមិនហ៊ានបាញ់ទេនៅពេលម៉ូតូនៅមានល្បឿនលឿន។ នេះជាការដែលខ្ញុំគិតដើម្បីការពារជីវិតនាពេលនោះ តែរឿងបែបនេះមិនបានកើតឡើងនាពេលនោះទេ ដូចនេះបានជាខ្ញុំយកការសន្និដ្ឋានមួយថា មូលហេតុដែលគាត់ឱ្យខ្ញុំជិះម៉ូតូឌុបគាត់ អាចបណ្តាលមកពីគាត់មិនទុកចិត្តខ្ញុំ ខ្លាចខ្ញុំបាញ់គាត់ពីក្រោយ ដូចដែលខ្ញុំគិតទៅលើរូបគាត់នៅពីក្រោយខ្ញុំដែរ។

ផ្លូវជាតិលេខ៧ ពីឃុំទន្លូង មកមន្ទីរពេទ្យនៅអនុវិទ្យាល័យមេមត់ ទទួលរងការខូចខាតយ៉ាងខ្លាំង តាំងពីឆ្នាំ១៩៧០-១៩៧១ ពេលដែលកងទ័ពអាម៉េរិក និងវៀតណាមខាងត្បូង បញ្ជូនរថក្រោះមកបើកបរលើផ្លូវនេះ នៅពេលដែលចូលឈ្លានពានកម្ពុជានាពេលនោះ។ ដូចនេះទោះត្រូវជិះលឿនក្នុងចម្ងាយផ្លូវជាង៣០ គីឡូម៉ែត្រ យើងត្រូវប្រើពេលប្រមាណមួយម៉ោង។ ចេញមកម៉ោងជាង៥ មកដល់មន្ទីរពេទ្យម៉ោងជាង៦ព្រឹក។ ពេលដល់មន្ទីរពេទ្យ ខ្ញុំបត់ម៉ូតូចូលមន្ទីរពេទ្យ ប្រធានយោធាតំបន់សួរខ្ញុំថាចូលមន្ទីរពេទ្យធ្វើអី? ខ្ញុំឆ្លើយថាចូលមើលប្រពន្ធខ្ញុំបន្តិច ព្រោះគាត់សម្រាកពេទ្យនៅទីនេះ។ គាត់ថាតែបន្តិចទេព្រោះប្រញាប់ធ្វើដំណើរទាន់ព្រឹក។ ក្រោយម៉ោង៦ព្រឹក ភាពតក់ស្លុតបានកើតឡើងសម្រាប់រូបខ្ញុំ គឺនៅពេលដែលខ្ញុំបានចូលដល់មន្ទីរពេទ្យ មានស្ត្រីដែលសម្រាកព្យាបាលជាមួយនឹងភរិយាខ្ញុំ បានស្រែកប្រាប់ខ្ញុំថា ប្អូន ប្រពន្ធប្អូនឆ្លងទន្លេ ឯកូនស្លាប់ហើយ។ ឯបងៗផ្សេងទៀតស្រែកថា រ៉ានី ឆ្លងទន្លេ ឯកូនស្លាប់ហើយ។ មានបងស្រីម្នាក់បាននិយាយថារវល់ទៅណា មិនមកមើលប្រពន្ធ ទុកឱ្យប្រពន្ធឆ្លងទន្លេតែឯង។ល។

ខ្ញុំពុំឆ្លើយតបជាមួយពួកគាត់ទេ តែប្រឹងរត់សំដៅទៅបន្ទប់សម្រាលកូនដែលបិទទ្វារជិត។ ខ្ញុំរុញទ្វារបើកឡើងមិនឃើញ រ៉ានី ទេ ព្រោះពេទ្យបានបញ្ជូន រ៉ានី នៅបន្ទប់សម្រាកមួយផ្សេង ទៀត។ និស្ស័យឪពុក និងកូន ខ្ញុំបែរជាសម្លឹងទៅឃើញទារកមួយដែលកំពុងហូរឈាមចេញតាមមាត់ មានស្លាកស្នាម និងឆ្អឹងខ្នងប៉ះនឹងជ្រុងគ្រែបាក់ឆ្អឹងខ្នង និងមានប្រឡាក់ដី។ នោះគឺកូននេះកើតមកត្រូវពេទ្យធ្វើឱ្យរបូតពីដៃធ្លាក់ទៅលើជ្រុងគ្រែ ហើយធ្លាក់ទៅដីទើបរើសពីដីមកដាក់ចោលលើគ្រែវិញ។ ដោយឃើញកូននៅហូរឈាមតាមមាត់នៅឡើយ ខ្ញុំប្រឹងស្រែកឱ្យគេជួយសង្រ្គោះជីវិតកូនខ្ញុំ។ អ្នកជំងឺជាស្ត្រី៥នាក់បានចូលមកជួយមើលដោយក្តីអាណិត បន្តិចក្រោយមកប្រធានមន្ទីរពេទ្យក៏បានចូលមកដល់។ គាត់ក៏ជាមនុស្សល្អម្នាក់បានសម្ដែងនូវការសោកស្តាយ និងសុំការអាធ្យាស្រ័យជំនួសគ្រូពេទ្យដែលធ្វើការធ្វេសប្រហែស ធ្វើឱ្យមានរឿងសោកនាដកម្មនេះកើតឡើង។ ខ្ញុំបានស្នើសុំប្រធានមន្ទីរពេទ្យឱ្យជួយរកចបកាប់ដើម្បីខ្ញុំយកសពកូនខ្ញុំទៅកប់ ប៉ុន្តែស្រាប់តែប្រធានយោធាតំបន់ស្រែកពីមាត់ទ្វារមកថា មិនបាច់យកខ្មោចកូននេះទៅកប់ខ្លួនឯងទេ មានពេទ្យយកទៅកប់ហើយ។ ពេលឃើញប្រធានយោធាតំបន់មកដល់ ខ្ញុំក៏ស្នើសុំទៅគាត់ដោយពាក្យរាបសា ទាំងទឹកភ្នែកថា ខ្ញុំសុំអនុញ្ញាតពីបងដើម្បីយកសពកូនទៅកប់ និងនៅមើលថែប្រពន្ធខ្ញុំ ដែលទើបឆ្លងទន្លេ។ អាឃោរឃៅមួយនេះចាប់ផ្តើមបញ្ចេញនូវសារជាតិរបស់វាមក ហើយវាមិនគ្រាន់តែមិនចូលរួមសោកស្តាយនូវការបាត់បង់ដ៏ធំធេងរបស់ខ្ញុំ តែវាបែរជាយកពេលនេះមកបំបាក់ស្មារតីខ្ញុំទៀតផង។ ចម្លើយរបស់វាមកកាន់ខ្ញុំដំបូងវានិយាយថា៖ “ចរិតពួកអនុធនមិនកែប្រែសោះ កម្មសិទ្ធិមនោសញ្ចេតនាក្រាស់ មិត្តឯងមិនមែនគ្រូពេទ្យទេ បើមិត្តឯងនៅ ក៏អាកូននេះមិនរស់ឡើងវិញដែរ។ មានពេទ្យយកខ្មោចកូននេះទៅកប់ហើយ មិនបាច់ធ្វើខ្លួនឯងទេ។ ការងារអង្គការសំខាន់ជាងការងារបុគ្គល។” ឮសម្ដីបែបនេះកំហឹងខ្ញុំក្តៅរោលពេញខ្លួន តែការអត់ធ្មត់គឺជារឿងចាំបាច់ ព្រោះការដឹកនាំការតស៊ូរំដោះប្រទេសពីពួកអង្គការ ទើបអស់មនុស្សបែបតិរច្ឆាននេះ។ មុនវាដើរចេញទៅ វាប្រាប់ខ្ញុំថាទៅចាំខ្ញុំនៅខាងក្រៅហើយ១៥នាទីទៀត ត្រូវចេញដំណើរ។ ប្រធានមន្ទីរពេទ្យដែលនៅទីនោះដែរ សម្ដែងការហួសចិត្តផង និងភ័យខ្លាចផង ហើយចូលរួមអាណិតអាសូរដល់ខ្ញុំ។ ជាមួយទឹកភ្នែកដែលស្រក់មកមិនឈប់ ខ្ញុំបានទាញយកក្រមាពីក ខ្ញុំដែលសើមដោយទឹកភ្នែករបស់ខ្ញុំ មករុំសពកូនរបស់ខ្ញុំ ហើយស្នើសុំប្រធានមន្ទីរពេទ្យឱ្យជួយរកក្រដាស់សរសេរអក្សរថា “កំសត់” ដាក់ក្នុងកូនដបដើម្បីយកទៅកប់ជាមួយកូនខ្ញុំ។ បំណងរបស់ខ្ញុំ គឺដាក់ឈ្មោះកូននេះឈ្មោះថា “កំសត់” និងងាយចំណាំ ដោយយើងមានអក្សរនៅក្នុងដបបិទជិត។ ខ្ញុំមិនច្បាស់ថាប្រធានមន្ទីរពេទ្យ ធ្វើតាមសំណូមពរខ្ញុំ ឬអត់នោះទេ ព្រោះតែប៉ុន្មានខែក្រោយមក គាត់ក៏ត្រូវពួកអង្គការចាប់យកទៅសម្លាប់ដែរ។ ដូចនេះហើយ ទើបខ្ញុំមិនដឹងថាសពកូនរបស់ខ្ញុំកប់នៅទីណាពិតប្រាកដ។ បន្ទាប់ពីរុំសពកូន និងផ្តាំផ្ញើជាមួយប្រធានមន្ទីរពេទ្យរួចហើយ ខ្ញុំប្រញាប់ទៅរក រ៉ានី ដែលកំពុងអាំងភ្លើងនៅបន្ទប់មួយទៀត។ តាមពិត រ៉ានី មិនបានឃើញមុខកូនយ៉ាងណានោះទេ។ យើងជាប្តីប្រពន្ធក្មេងៗ មើលមុខគ្នាយំដោយការស្តាយស្រណោះ។ ខ្ញុំមិនមានក្រមាជូតទឹកភ្នែកទៀតទេ ដោយសារក្រមាបានយកទៅរុំសពកូនទៅហើយ មានដៃអាវទាំងសងខាងសម្រាប់ជូតទឹកភ្នែកដ៏ឈឺចាប់នេះ។ រ៉ានី ផ្តល់ក្រមាឱ្យខ្ញុំទាំងខ្លួននាងនៅរងាញ័រញាក់ បន្ទាប់ពីឆ្លងទន្លេទើបបានប្រហែលជាងមួយម៉ោង។

សាកសពកូនមិនបានយកទៅកប់ ភរិយាទើបឆ្លងទន្លេមិនបាននៅមើលថែទាំ តើទំហំនៃការឈឺចាប់ប៉ុនណា? តែខ្ញុំបានយកឈ្នះលើចិត្តខ្លួងឯងដើម្បីធ្វើការងារធំជាង គឺរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំបន្តដំណើរជាមួយនឹងប្រធានយោធាតំបន់ទៅឃុំពាមជីលាំង ស្រុកពាមជីលាំង នាពេលនោះ និងជាស្រុកត្បូងឃ្មុំ នាពេលនេះ។ នេះជាការធ្វើ ដំណើរដោយបង្ខំចិត្ត ក្នុងពេលដែលវិញ្ញាណទាំងអស់នៅជាមួយភរិយាដ៏កម្សត់ និងការសោកស្តាយចំពោះកូនដែលបាត់បង់ជីវិតទៅ។ យើងបានធ្វើដំណើរនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក ហើយពេលរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ពួកយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ។ ក្នុងពេលធ្វើដំណើរ ខ្ញុំបានឆ្លៀតស្នើសុំប្រធានយោធាតំបន់សាជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែទាំភរិយាខ្ញុំ។ ប៉ុន្តែសំណើដដែល ចម្លើយក៏ដដែលដែរ បន្ថែមដោយការអប់រំមកលើខ្ញុំថា ខ្វះចរិតដាច់ខាត ក្រោយពេលមានប្រពន្ធ។ ខ្ញុំខឹងខ្លាំងណាស់ ស្ទើរតែអត់ទ្រាំមិនបានបម្រុងទាញកាំភ្លើងបាញ់ អាចង្រៃនោះ នៅម្តុំប៉ុស្តិ៍តាកុក ចន្លោះភូមិស្អំ និងភូមិដារ ដែលពេលនោះមានសុទ្ធតែព្រៃគ្មានមនុស្ស ស្រែ ចម្ការ ផ្ទះសំបែង ដូចពេលនេះទេ។ ប៉ុន្តែខ្ញុំនៅតែអត់ធ្មត់បាន ដើម្បីដឹកនាំការតស៊ូមួយដែលខ្លួនបានម្ចាស់ការរៀបចំកម្លាំងជាបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ និងដែលមានមួយចំនួនត្រូវគេចាប់ខ្លួនរួចទៅហើយ ដូចនេះចលនាតស៊ូត្រូវតែមានជាបន្ត មិនអាចបាត់បង់ដោយសារកំហឹងរបស់ខ្ញុំបានឡើយ។

ម៉ោងប្រហែល៤ល្ងាច ម៉ូតូមកដល់មុខមន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិននិយាយអ្វីទាំងអស់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។ ខ្ញុំដើរចូលទៅបន្ទប់ដែល រ៉ានី សម្រាកពិនិត្យឃើញ រ៉ានី ហើមមុខ ហើមខ្លួន បន្ទាប់ពីឆ្លងទន្លេបានប្រហែល៣៥ម៉ោង។ ដោយសាររ៉ានីជាគ្រូពេទ្យឆ្មបស្រាប់ នាងបានប្រាប់ខ្ញុំថា អាចមកពីពេទ្យកាយទម្លាក់សុកមិនអស់។ពួកយើងបានត្រឹមទឹកភ្នែក តែ រ៉ានី ហាក់រឹងប៉ឹងជាងខ្ញុំ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើ ទោះខ្ញុំមិនដែលប្រាប់នាងក៏ដោយ។ ខ្ញុំចាកចេញទាំងទឹកភ្នែកដោយការអាណិតភរិយា និងពុំបានទៅសួរប្រធានមន្ទីរពេទ្យអំពីទីកន្លែងដែលកប់សាកសពកូនខ្ញុំដែរ។ មកដល់អង្គភាព ខ្ញុំបានយករឿងនេះទៅជម្រាបប្រធាននយោបាយអង្គភាព ដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់ និងមានអាយុប្រហែលឪពុកខ្ញុំ។ គាត់អនុញ្ញាតឱ្យយក រ៉ានី ទៅព្យាបាលនៅអង្គភាព។ គាត់បានសម្ដែងនូវការហួសចិត្តចំពោះទង្វើប្រធានយោធាតំបន់មកលើខ្ញុំ ហើយប្រាប់ខ្ញុំថាម្នាក់នេះជាអតីតចោរលួចគោអ្នកស្រុកទៅលក់ឱ្យវៀតកុង នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ដល់ប៉ូលិសតាមរកចាប់ ក៏រត់ចូលព្រៃតស៊ូជាមួយខ្មែរក្រហម ក្នុងអំឡុងឆ្នាំ១៩៦៨ ទើបគេក្លាយជាអ្នកមានអំណាចដ៏អស្ចារ្យក្នុងរបបខ្មែរក្រហម។ ប្រហែលដោយសារប្រធាននយោបាយអង្គភាព បានប្រាប់ទៅគាត់ថាខ្ញុំអន់ចិត្ត និងដោយសារយុទ្ធជនក្នុងអង្គភាពនេះស្ថិតក្រោមបញ្ជាខ្ញុំ ទើបធ្វើឱ្យប្រធានយោធាតំបន់រូបនោះចាកចេញពីអង្គភាពតាំងពីព្រលប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ទៅរស់នៅទីបញ្ជាការយោធាតំបន់នៅចំការដូង ស្រុកមេមត់ ដែលទើបកសាងរួច។

មុនពេលភ្លឺ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៧៦ ខ្ញុំប្រញាប់ចេញទៅមន្ទីរពេទ្យដើម្បីដឹកយក រ៉ានី មកអង្គភាពរបស់ខ្ញុំ ដែលបោះទីតាំងនៅ ភូមិកោះថ្ម ឃុំទន្លូង។ ពេលមកដល់ក្រឡេកឃើញយុទ្ធមិត្តខ្ញុំបានជួយរៀបចំបន្ទប់ជញ្ជាំងភ្ជល់ឱ្យខ្ញុំ។ ពួកគេបានដឹងពីរឿងកូនខ្ញុំស្លាប់ និងភរិយាខ្ញុំឈឺ ពួកគេបានចូលរួមសោកស្តាយ និងការលំបាកជាមួយប្តីប្រពន្ធរបស់ពួកយើង។ ជាសំណាងល្អដែលខ្ញុំបានយក រ៉ានី មកឱ្យឆ្មបបុរាណកាយទម្លាក់សុកទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើង និងឈានទៅគ្រោះថ្នាក់ដល់ជីវិតជាមិនខានឡើយ។ ខ្ញុំបានបំពេញភារកិច្ចជាស្វាមីពិតប្រាកដសម្រាប់ភរិយាមួយរូប ដែលបានលះបង់គ្រប់យ៉ាងដើម្បីរូបខ្ញុំដែលជាជនពិការម្នាក់។ខ្ញុំរកបានអុសល្អៗ ដើម្បីដុតកម្ដៅដែលជំនាន់ដើមហៅថា (អាំងភ្លើង) ក្រោយឆ្លងទន្លេរួច។ ឆ្នាំ១៩៧៦ ត្រូវនឹងឆ្នាំដែលមានធាតុអាកាសត្រជាក់ណាស់។ រ៉ានីមិនចេះផឹកស្រា ដែលខ្ញុំបានផ្សំទុកជាមួយសត្វអាញី និងទឹកឃ្មុំ។ ដូចនេះខ្ញុំត្រូវរកវិធីផ្សំថ្នាំតាមចាស់ៗនិយាយប្រាប់។ ខ្ញុំក្លាយជាអ្នកចេះផ្សំថ្នាំ ដើម្បីសុខភាពភរិយា។ សក់ក្បាលរបស់ខ្ញុំសម្បូរដោយផេះ ព្រោះត្រូវផ្លុំភ្លើងដាំថ្នាំ ដាំបាយបម្រើភរិយា។ រៀងរាល់ព្រឹក ក្នុងចន្លោះម៉ោង៤ដល់ម៉ោងជាង៥ ខ្ញុំត្រូវក្រោកពីព្រលឹម ដើម្បីលាបពន្លៃត្រាំស្រា និងដុតភ្លើងឱ្យប្រពន្ធ។ ខ្ញុំបម្រើ រ៉ានី ដូចបម្រើម្តាយចាស់ ប្រហែលជាងកន្លះខែ ទើបនាងរឹងដៃរឹងជើង តែខ្ញុំនៅតែចាត់ទុកថា ភរិយាខ្ញុំនៅសរសៃខ្ចីនៅឡើយ។ ដូចនេះបានជាខ្ញុំមិនបណ្តោយឱ្យនាងធ្វើអ្វី ហើយខ្ញុំក៏មិនទៅណាឆ្ងាយចោលនាងដែរ។ ទោះបីជួបការលំបាក តែនេះជាលើកដំបូងហើយដែលខ្ញុំបានរស់នៅជាមួយគ្នាលើសមួយសប្តាហ៍បន្ទាប់ពីរៀបការហើយ។ ប្តីប្រពន្ធយើងបានរស់នៅជាមួយគ្នា ដោយមិនសូវមានការរំខានពីពួកអង្គការដូចពេលមុនឡើយ។

ក្នុងអំឡុងចុង ខែមករា ឆ្នាំ១៩៧៧ ភរិយាខ្ញុំចាប់ផ្តើមមានផ្ទៃពោះសាជាថ្មី ដែលជាកំណើត ហ៊ុន ម៉ាណែត កូនប្រុសខ្ញុំសព្វថ្ងៃនេះ។ មានកូនលើកនេះមិនស្របនឹងបំណងរបស់ខ្ញុំឡើយ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ ព្រោះខ្ញុំបានត្រៀមខ្លួនរួចហើយដើម្បីវាយពួក ប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយថា ត្រូវងើបឈរឡើងវាយរំលំពួកប៉ុល ពត។ តែបញ្ហាស្ថិតនៅលើពេលវេលា និងវិធីសាស្ត្រប៉ុណ្ណោះ។ ប្រសិនមានការប្រយុទ្ធកើតឡើង តើប្រពន្ធខ្ញុំដែលមានផ្ទៃពោះឬកូនខ្ចីនឹងទៅជាយ៉ាងណា? ខ្ញុំស្រឡាញ់ភរិយា និងចង់ឱ្យនាងបានរស់នៅក្បែរខ្លួន តែខ្ញុំមិនចង់ឃើញប្រពន្ធ និងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ធកើតឡើងនោះទេ។

អត្ថបទទាក់ទង