Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1025
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះ ក្រុមការងារអ្នកនាំពាក្យសូមបន្តធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីសកម្មភាពរបស់ថ្នាក់ដឹកនាំ និងរបស់រាជរដ្ឋាភិបាល ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ ដោយមិនភ្លេចកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជនដែលជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល៖

ទី១៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញដល់ប្រទេសបារាំង ប្រកបដោយសុវត្ថិភាព ក្នុងដំណើរទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែមេសា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង។

សម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ដើម្បីពិភាក្សាអំពីការពង្រឹងនិងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា-បារាំង ដែលកំពុងរីកចម្រើន ក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ ក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនាពេលខាងមុខ។ ថ្នាក់ដឹកនាំទាំងពីរក៏គ្រោងនឹងផ្លាស់ប្តូរទស្សនៈទៅលើកិច្ចសហប្រតិបត្តិការពហុភាគីរួមទាំងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅខែវិច្ឆិកាឆ្នាំនេះ ព្រមទាំងការវិវត្តនៅក្នុងតំបន់ និងពិភពលោកផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពតែមួយ (One Health Summit) នៅទីក្រុងលីយ៉ុង (Lyon) នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ កិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ ដែលជាកិច្ចប្រជុំកំពូលលើកទី៩ នៃកិច្ចប្រជុំកំពូលស្តីពីភពផែនដីតែមួយ គឺជាព្រឹត្តិការណ៍សំខាន់មួយរបស់ប្រទេសបារាំង ក្នុងនាមជាប្រធានក្រុមប្រទេស G7 នៅឆ្នាំ២០២៦។ កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាកម្រិតខ្ពស់សម្រាប់ការជួបជុំប្រមុខរដ្ឋ/រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សង្គមស៊ីវិល និងអ្នកវិទ្យាសាស្ត្រ ដើម្បីពិភាក្សាបញ្ហាពាក់ព័ន្ធនឹងសុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី។

អញ្ជើញអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី រួមមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងសមាជិកនៃគណៈប្រតិភូជាន់ខ្ពស់រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

នេះជាដំណើរបេសកកម្មការទូតថ្មីមួយទៀតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។ កាលពីចុងខែកុម្ភៈកន្លងទៅ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានអញ្ជើញបំពេញបេសកកម្មការទូតដ៏វែងមួយនៅសហរដ្ឋអាម៉េរិក និងទ្វីបអឺរ៉ុបដោយក្នុងអំឡុងពេលនោះ សម្តេចបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន និងបានជួបពិភាក្សាការងារជាមួយឥស្សរជន ថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិកនិងអឺរ៉ុប ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា រួមទាំងថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ និងស្ថាប័នអន្តរជាតិជាច្រើន។

លើសពីនេះ សម្តេចក៏បានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មាន ក៏ដូចជាបណ្តាញផ្សាយព័ត៌មានអន្តរជាតិធំៗមួយចំនួនផងដែរ។ ក្នុងចំណោមប្រធានបទដែលបានលើកឡើង ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទសំខាន់មួយដែលដៃគូបរទេស និងបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះមានដូចជា ការដាក់ពង្រាយទូរកុងតឺន័រ បន្លាលួស ដើម្បីរារាំងជនស៊ីវិលមិនឱ្យត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ និងការប៉ុនប៉ងកែប្រែស្ថានការណ៍ ដើម្បីកាន់កាប់លើដីជាក់ស្តែង(fait accompli on the ground) ក៏ដូចជាសកម្មភាពទាំងឡាយដែលភាគីថៃរំលោភបំពានលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ជាដើម ត្រូវបានសហគមន៍អន្តរជាតិដឹងលឺយ៉ាងទូលំទូលាយ។

សូមបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការ និងជាបន្តបន្ទាប់ប្រឆាំងជំទាស់ជាដាច់ខាតចំពោះរាល់សកម្មភាពបំពានលើបូរណភាពទឹកដី និងប្រជាជនកម្ពុជា និងបានបញ្ជាក់ជំហរប្រាប់ភាគីថៃយ៉ាងច្បាស់លាស់ថា កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារដែនដីដោយឯកតោភាគីពីប្រទេសថៃទេ ហើយក៏បានសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់ការប្រព្រឹត្តរាល់សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវបន្ថយភាពតានតឹង និងពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក ដើម្បីបង្កើតបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែន៕

សូមអរគុណ!

អត្ថបទទាក់ទង