Grand News Asia Close

វិភាគអន្តរជាតិ៖ តើសង្រ្គាមអ៉ីរ៉ង់នឹងដុតបញ្ឆេះការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅមជ្ឈិមបូព៌ាឬ?

ដោយ៖ Morm Sokun ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ឆ្នាំ២០២៦ ទស្សនៈ-Opinion 1029

(បែរឡាំង)៖ ការគំរាមកំហែងនុយក្លេអ៊ែរនៅក្នុងតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើងដោយសារតែសង្រ្គាមអ៉ីរ៉ង់ ហើយមិនមែនមកពីទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់ និងអ៉ីស្រាអែលក្លាយជាគោលដៅនៃការវាយប្រហារ តែប៉ុណ្ណោះទេ។ តែអ្វីដែលគេកំពុងព្រួយបារម្ភគឺថាប្រទេសផ្សេងទៀតក្នុងតំបន់អាចមានអារម្មណ៍ថាពួកគេនឹងមានសុវត្ថិភាពប្រសិនបើមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិករួមដៃជាមួយអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងអ៉ីរ៉ង់ ក្នុងគោលបំណងទប់ស្កាត់កុំឱ្យតេហេរ៉ង់មានអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែក្រុមអ្នកជំនាញយល់ថាសង្រ្គាមនេះអាចនឹងហុច ផលបញ្ច្រាសត្រឡប់មកវិញ។

ការកាន់កាប់អាវុធនុយក្លេអ៊ែរត្រូវបានសន្មត់ថាជាយ័ន្តការពារខ្លួនដ៏ស័ក្តិសិទ្ធិ នៅក្រោមទ្រឹស្ដីមួយថាមានអាវុធនុយក្លេអ៊ែរ តើមានសត្រូវណាហ៊ានក្អក? ទ្រឹស្ដីនេះជាទូទៅត្រូវបានគេផ្សាភ្ជាប់ទៅនឹងកូរ៉េខាងជើង ដែលបាននិងកំពុងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ រហូតដល់មានការអះអាងមួយចំនួនថាគ្មាននរណាហ៊ានប៉ះរបបដឹកនាំលោក គីម ជុងអ៊ុន។ អ៊ុយក្រែនក៏បានផ្ដល់ឧទាហរណ៍មួយបញ្ច្រាស់ពីទ្រឹស្តីនេះដែរ។ ក្នុងឆ្នាំ១៩៩៤ អ៊ុយក្រែនបានយល់ព្រមបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងគេលំដាប់ទី៣នៅលើពិភពលោកបន្សល់ទុកដោយអតីតសហភាពសូវៀត ដើម្បីដោះដូរជាមួយការធានាសន្តិសុខពីរុស្ស៉ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ បច្ចុប្បន្ន ទឡ្ហីករណ៍នោះគឺប្រសិនបើអ៊ុយក្រែនរក្សាទុកឃ្លាំងអាវុធនុយក្លេអ៊ែរ ម្ល៉េះរុស្ស៉ីមិនហ៊ានឈ្លានពានអ៊ុយក្រែននោះទេ។

* មានតែសក្ដានុពលនុយក្លេអ៊ែរ មិនទាន់គ្រប់គ្រាន់
អ៉ីរ៉ង់ត្រូវបានគេចាត់ទុកថាជាប្រទេសមួយមានសក្ដានុពលនុយក្លេអ៊ែរ។ សក្តានុពលនុយក្លេអ៊ែរនៅទីនេះគឺចង់សំដៅលើប្រទេសមួយដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផលិតអាវុធនុយក្លេអ៊ែរ តែមិនទាន់ សម្រេចចិត្តផលិត។ លោកស្រី Rupal Mehta ជាសាស្ត្រាចារ្យម្នាក់ខាងវិទ្យាសាស្ត្រនយោបាយបានលើកឡើងក្នុងអត្ថបទមួយសម្រាប់សាលវិទ្យាល័យ London School of Economics ថា «អស់រយៈពេលជាច្រើនឆ្នាំ អ៉ីរ៉ង់នៅតែបន្តរក្សាប្រកាន់ខ្ជាប់យុទ្ធសាស្ត្រមិនច្បាស់លាស់ ដោយបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនៅក្រោមកម្រិតផលិតអាវុធនុយក្លេអ៊ែរដើម្បីបញ្ចៀសការវាយប្រហារ។ តែនៅទីបញ្ចប់ ការវាយប្រហារលើអ៉ីរ៉ង់បានក្លាយជាការពិត។ លោកស្រីបន្ថែមថាមេដឹកនាំកំពូលថ្មីរបស់អ៉ីរ៉ង់កំពុងប្រឈមមុខនឹងជម្រើសដ៏ពិបាក នោះគឺពីមុនការស្វែងរកអាវុធនុយក្លេអ៊ែរជារឿងដ៏គ្រោះថ្នាក់ តែឥលូវ បើមិនមានអាវុធនុយក្លេអ៊ែរ វាកាន់តែគ្រោះថ្នាក់ទៅទៀតចំពោះអាយុជីវិតនៃរបបដឹកនាំរបស់លោក។

កាលពីពេលថ្មីៗនេះ ក្រុមអ្នកនយោបាយអ៉ីរ៉ង់មួយចំនួនបានជំរុញឱ្យប្រទេសរបស់ពួកគេដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ NPT ឆ្នាំ១៩៦៨ មានសមាជិក១៩១ប្រទេស។ ត្រង់ចំណុចនេះអ្វីដែលគួរបារម្ភ គឺការផ្លាស់ប្ដូរនៅក្នុងទំនាក់ទំនងសន្តិសុខក្នុងតំបន់មជ្ឈិមបូព៌ា ពោលប្រសិនបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ ប្រទេសផ្សេងទៀតក្នុងតំបន់ក៏ចង់បាន អាវុធនុយក្លេអ៊ែរដែរ។ «វាមានកត្តាជាច្រើនដែលអាចនឹងជំរុញឱ្យបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រខិតជិតទៅរកអាវុធនុយក្លេអ៊ែរ»។ នេះជាការយល់ឃើញរបស់លោកស្រី Kelsey Davenport ជានាយកគោលនយោបាយមិនរីកសាយអាវុធនុយក្លេអ៊ែរមកពីស្ថាប័ន Arms Control Association មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន។ បណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រកំពុងកៀប នៅចំកណ្ដាលនៃមហិច្ឆតាអនុត្តរភាពរបស់អ៉ីស្រាអែល និងអ៉ីរ៉ង់ ក្នុងពេលដែលពួកគេបាត់បង់ជំនឿមួយផ្នែកធំលើការធានាសន្តិសុខពីសហរដ្ឋអាមេរិក។ តែទោះជាបែបនេះក្ដី លោកស្រី Davenport យល់ថាបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រទំនងជានឹងមិនប្រញាប់ប្រញាល់ចង់បានអាវុធនុយក្លេអ៊ែរនោះទេ ហើយបើទោះជាចង់បាន ក៏ពួកគេនៅត្រូវប្រឈមមុខនឹងឧបសគ្គទាំងខាងបច្ចេកទេស និងនយោបាយ ដែលពួកគេត្រូវជម្នះឱ្យបានជាមុនសិន។ តាមលោកស្រី Davenport មេដឹកនាំនៃក្រុមប្រទេសឈូងសមុទ្រក៏នឹងត្រូវរង់ចាំមើលសិនដែរថាតើរបបដឹកនាំអ៉ីរ៉ង់ និងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់ នឹងទៅជាយ៉ាងណា ក្រោយសង្រ្គាមបញ្ចប់? តែអ្វីដែលពិបាកប្រកែក គឺថាសង្រ្គាមអ៉ីរ៉ង់កំពុងជំរុញការគិតគូរអំពីភាពចាំបាច់មានអាវុធនុយក្លេអ៊ែរដើម្បីការពារសន្តិសុខ។

* តើនរណាចង់បានអាវុធនុយក្លេអ៊ែរ?
នៅមជ្ឈិមបូព៌ា ប្រទេសតែមួយគត់ដែលគេជឿថាមានអាវុធនុយក្លេអ៊ែរគឺអ៉ីស្រាអែល។ អារ៉ាប៊ីសាអូឌីតបានបោះជំហានដំបូងឆ្ពោះទៅក្លាយជាប្រទេសមានសក្ដានុពលនុយក្លេអ៊ែរកាលពីឆ្នាំ២០២៥។ កាលពី ប៉ុន្មានឆ្នាំមុន រជ្ជទាយាទអារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីនសាល់ម៉ាន បាននិយាយថាប្រសិនបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ អារ៉ាប៊ីសាអូឌីតក៏ត្រូវតែមានអាវុធនុយក្លេអ៊ែរដែរ។ បន្ទាប់ពីបានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ត្រូវបានរាយការណ៍ថាបានត្រឡប់ទៅអារ៉ាប៊ីសាអូឌីតវិញជាមួយកិច្ចព្រមព្រៀងមួយស្ដីពី កិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិលដែលនឹងអនុញ្ញាតឱ្យប្រទេសរបស់ព្រះអង្គចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ ប៉ុន្តែកិច្ចព្រមព្រៀងរបៀបនេះនៅត្រូវឆ្លងកាត់ការអនុម័តយល់ព្រមពីសភាអាមេរិកជាមុនសិន។

សហរដ្ឋអាមេរិកមានកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរជិត២៦ ដែលគ្របដណ្ដប់លើប្រទេសចំនួន១៥៥ ក្នុងនោះរួមមានបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុប ជាមួយការបញ្ចូលពិធីសារបន្ថែមមួយ ដែលត្រូវបានចុះហត្ថលេខាជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ IAEA។ ពិធីសារបន្ថែមនេះផ្ដល់ឱ្យ IAEA នូវសមត្ថកិច្ចធ្វើអធិការកិច្ចត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសមួយ។ ខណៈ កិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតមិនទាន់ត្រូវបានទទួលស្គាល់ជាផ្លូវការ មានសេចក្ដីរាយការណ៍ថាការត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែរអាចនឹងធ្វើឡើងនៅត្រឹមក្រោម កិច្ចព្រមព្រៀងទ្វេភាគីរវាងប្រទេសទាំង២តែប៉ុណ្ណោះ។ លោកស្រី Nour Eid ជាអ្នកវិភាគម្នាក់អំពីមហិច្ឆតានុយក្លេអ៊ែរក្នុងតំបន់មជ្ឈិមបូព៌ា បាននិយាយថាអារ៉ាប៊ីសាអូឌីតប្រហែលជាត្រូវប្រើពេល ១០ ទៅ២០ឆ្នាំ ដើម្បីអភិវឌ្ឍថាមពលនុយក្លេអ៊ែរ ហើយបើចង់ផលិតអាវុធនុយក្លេអ៊ែរអាចនឹងត្រូវពេលយូរជាងនេះទៀត។ ម្យ៉ាងវិញទៀត វាក៏នៅបញ្ហាធំមួយចំនួនដូចជាការខ្វះខាតកម្លាំងពលកម្មជំនាញ។ ដូច្នេះ ក្នុងពេលបច្ចុប្បន្ន លោកស្រីជឿថាអារ៉ាប៊ីសាអូឌីតសម្លឹងឃើញកម្មវិធីនុយក្លេអ៊ែរជាមធ្យមបាយចម្បងដើម្បីផលិតថាមពលប្រើប្រាស់ក្នុងស្រុក។

អេមីរ៉ាតអារ៉ាប់រួមមានរោងចក្រនុយក្លេអ៊ែរមួយរួចទៅហើយក្នុងទីក្រុង Barakah។ នៅពេលចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៩ អេមីរ៉ាតអារ៉ាប់រួមបានយល់ព្រមទទួលយកពិធីសារបន្ថែម ដែលអនុញ្ញាតឱ្យ IAEA ធ្វើអធិការកិច្ច និងដាក់រឹតត្បិតលើកម្មវិធីនុយក្លេអ៊ែរ ដូចជាមិនបង្កើនការចម្រាញ់អ៊ុយរ៉ាញូមជាដើម។ អេមីរ៉ាតអារ៉ាប់រួមត្រូវបានគេចាត់ទុកថាជាប្រទេសអារ៉ាប់ដំបូងបំផុតដែលផ្តោតលើ ការអភិវឌ្ឍថាមពលនុយក្លេអ៊ែរជាជាងមហិច្ឆតាយោធា។ ប៉ុន្តែនៅក្នុងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក មានលក្ខខណ្ឌសន្យាផ្ទាល់មាត់មួយដែលមិនត្រូវបានសរសេរចូលក្នុងកិច្ចព្រមព្រៀងដែលនិយាយថា ប្រសិនបើប្រទេសក្បែរខាងមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនសូវរឹតត្បិតច្រើនជាមួយសហរដ្ឋអាមេរិក នោះអេមីរ៉ាតអារ៉ាប់រួមមានសិទ្ធិសើរើ និងចរចាលើលក្ខខណ្ឌឡើងវិញ។ បើតាមលោកស្រី Nour Eid ហេតុផលចម្បងមួយដែលសហរដ្ឋអាមេរិកយល់ព្រមផ្ដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនសូវមានការរឹតត្បិតទៅឱ្យអារ៉ាប៊ីសាអូឌីតកាលពីឆ្នាំ២០២៥ នោះគឺដោយសារតែសហរដ្ឋអាមេរិកត្រូវធ្វើឱ្យបានមុនរុស្ស៉ី ឬចិនចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអារ៉ាប៊ីសាអូឌីត។ រុស្ស៉ី និងចិនជាអ្នកផ្គត់ផ្គត់នុយក្លេអ៊ែរដ៏សំខាន់មួយដែររបស់ពិភពលោក ហើយប្រទេសទាំង២មិនសូវជាមានលក្ខខណ្ឌតឹងរ៉ឹងច្រើនដូច សហរដ្ឋអាមេរិកនោះទេ។

ដោយឡែក បើតាមលោកស្រី Davenport ប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ាដែលមានបំណងចង់ក្លាយជាប្រទេសមានសក្ដានុពលនុយក្លេអ៊ែរដែរនោះ គឺអេហ្ស៉ីប និងតួកគីយ៉េ។ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយរុស្ស៉ី អេហ្ស៉ីបកំពុងសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរនៅលើឆ្នេររបស់ខ្លួនក្នុងតំបន់សមុទ្រមេឌីទែររ៉ាណេ។ ប៉ុន្តែក្រុមអ្នកជំនាញយល់ឃើញថាអេហ្ស៉ីបដែលជាផ្លូវការជាប្រទេសមួយគាំទ្រតំបន់មជ្ឈិមបូព៌ាមួយ គ្មានអាវុធនុយក្លេអ៊ែរ កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ និងទំនងជាមិនមានសមត្ថភាពជះលុយវាល់លានលើការអភិវឌ្ឍពីកម្មវិធីថាមពលនុយក្លេអ៊ែរ ទៅជាកម្មវិធីអាវុធនុយក្លេអ៊ែរឡើយ។ ចំណែក តួកគីយ៉េវិញក៏កំពុង អភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរជាមួយរុស្ស៉ីដែរ ហើយប្រហែលជាអាចនឹងចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងពេលឆាប់ៗ។ នេះបើតាមលោកស្រី Nour Eid។

ប៉ុន្តែលោកស្រីរកមិនឃើញមានហេតុផលដែលតួកគីយ៉េត្រូវឈ្លោះប្រកែកជាមួយសហគមន៍អន្តរជាតិ ឬប្រឈមមុខនឹងទណ្ឌកម្មអន្តរជាតិដោយសារតែចង់បានអាវុធនុយក្លេអ៊ែរទេ។ ពីព្រោះឧស្សាកម្មការពារជាតិ តួកគីយ៉េត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ និងមានភាពខ្លាំងរឹងមាំរួចទៅហើយ។ ម្យ៉ាង តួកគីយ៉េជាសមាជិកមួយរបស់ NATO និងត្រូវបានការពារដោយឆត្រនុយក្លេអ៊ែររបស់ NATO ផងដែរ៕

-Fresh News-

អត្ថបទទាក់ទង