Grand News Asia Close

វិភាគអន្តរជាតិ៖ តើនរណាសម្រេចថាសង្រ្គាមអ៉ីរ៉ង់ចប់នៅពេលណា?

ដោយ៖ Morm Sokun ​​ | 10 ម៉ោងមុន ទស្សនៈ-Opinion 1015
វិភាគអន្តរជាតិ៖ តើនរណាសម្រេចថាសង្រ្គាមអ៉ីរ៉ង់ចប់នៅពេលណា? វិភាគអន្តរជាតិ៖ តើនរណាសម្រេចថាសង្រ្គាមអ៉ីរ៉ង់ចប់នៅពេលណា?

(ប៉េកាំង)៖ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសផ្អាកការធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងដោយសារតែសង្រ្គាមអ៉ីរ៉ង់ ហើយរុស្ស៉ីគំរាមផ្អាកការនាំចេញឧស្ម័នសេសសល់របស់ ខ្លួនទៅកាន់អឺរ៉ុប មានរឿង២បានកើតឡើងដំណាលគ្នា។ រឿងទី១៖ សង្រ្គាមអ៉ីរ៉ង់មិនមែនគ្រាន់តែជាសង្រ្គាមមួយក្នុងតំបន់មជ្ឈិមបូព៌ាទៀតនោះទេ។ រឿងទី២៖ សង្រ្គាមអ៉ីរ៉ង់បានផ្លាស់ប្ដូររួចទៅហើយការគិតគូរខាងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ចិន និងរុស្ស៉ី។

* សហរដ្ឋអាមេរិកត្រូវការជ័យជម្នះ
បើគេស្ដាប់តែសម្ដីរបស់លោក ដូណាល់ ត្រាំ គោលជំហររបស់សហរដ្ឋអាមេរិកមិនជាពិបាកយល់ឡើយ នោះគឺក៏ចង់ឱ្យសង្រ្គាមចប់ឆាប់ៗដែរ។ លោក ត្រាំ កាលពីថ្ងៃទី១៧ ខែមីនា បាននិយាយថាសហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនបញ្ឈប់ប្រតិបត្តិការយោធាប្រឆាំងនឹងអ៉ីរ៉ង់នៅឡើយទេ ប៉ុន្តែនឹងបញ្ឈប់ក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ សម្ដីបែបនេះមិនមែនជាភាសាបង្កើនជម្លោះគ្មានទីបញ្ចប់នោះទេ តែវាជាភាសារបស់ ប្រធានាធិបតីម្នាក់ដែលកំពុងរកវិធីដោះដៃចេញពីសង្រ្គាមដោយឱ្យគេគ្រប់គ្នាមើលឃើញថាខ្លួនជាអ្នកឈ្នះ។ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់គេមើលឃើញថាសហរដ្ឋអាមេរិកហាក់មិនមានគោលដៅច្បាស់លាស់ចំពោះ សង្រ្គាមអ៉ីរ៉ង់ទេ ព្រោះតែលោក ត្រាំ ម្ដងនិយាយអ៊‌ីចេះ ម្ដងនិយាយអ៊‌ីចុះ។ ដូច្នេះប្រសិនបើគោលដៅចម្បងរបស់សហរដ្ឋអាមេរិកគឺវាយបំបាក់សមត្ថភាពមីស៊ីលរបស់អ៉ីរ៉ង់ ឬផ្ដួលរំលំរបបដឹកនាំអ៉ីរ៉ង់ នោះសង្រ្គាមមួយខែមកនេះបានបង្ហាញថាការវាយប្រហារតាមផ្លូវអាកាសតែមួយមុខ គឺមានប្រសិទ្ធភាពមានដែនកំណត់។

អ៉ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិក និងអ៉ីស្រាអែលព្រួតគ្នាវាយឡើងទ្រោមខ្លួន។ តែទាំងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានវាយតម្លៃថាមិនឃើញមានសញ្ញាថារបបដឹកនាំអ៉ីរ៉ង់អាចនឹង ដួលរលំក្នុងពេលភ្លាមៗនោះទេ បើទោះជាមេដឹកនាំកំពូលលោក Ali Khamenei និងមេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់ត្រូវបានសម្លាប់ក៏ដោយ។ សង្រ្គាមមួយដែលផ្ដើមចេញឡើងពីការសម្លុតគំរាមឱ្យអ៉ីរ៉ង់ ធ្វើសម្បទាន បានប្ដូរទៅជាបង្កើតសំណួរដ៏លំបាករកចម្លើយមួយថាតើលោក ត្រាំ ត្រូវបញ្ចប់សង្រ្គាមដោយរបៀបណាដើម្បីឱ្យគេគ្រប់គ្នាជាពិសេសសម្ព័ន្ធមិត្តមើលឃើញថាសហរដ្ឋអាមេរិកជាអ្នកឈ្នះ?

* ចិនចង់ឱ្យស្ថានការណ៍វិលត្រឡប់ទៅរកស្ថិរភាព
ពិតណាស់ ចិនប្រហែលជាអាចទទួលបានប្រយោជន៍ជាយុទ្ធសាស្ត្រមួយចំនួនពីសង្រ្គាមអ៉ីរ៉ង់ ដែលបាន និងកំពុងបង្វែរការផ្ដោតរបស់សហរដ្ឋអាមេរិកចេញពីតំបន់អាស៊ី ក៏ដូចជាធ្វើឱ្យសហរដ្ឋអាមេរិកកាន់តែពឹងផ្អែក លើខ្សែច្រវាក់ផ្គត់ផ្គត់ដែលក្នុងនោះចិននៅតែជាប្រភពផ្គត់ផ្គង់ដ៏សំខាន់មិនអាចខ្វះបានជាពិសេសដូចជារ៉ែកម្រជាដើមដែលគេត្រូវការប្រើប្រាស់ជាចាំបាច់ក្នុងបច្ចេកវិទ្យា និងការផលិតអាវុធ។ ម្លោះហើយ ការណ៍នេះ អាចជួយឱ្យចិនមានទឹកមាត់ប្រៃនៅឯតុចរចាជាមួយអាមេរិក។ ប៉ុន្តែសង្រ្គាមរយៈពេលវែងក៏បង្កផលប៉ះពាល់ដល់ចិនផងដែរ។ ចិនបានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ ថ្កោលទោសការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលលើអ៉ីរ៉ង់ជារឿងមិនអាចទទួលយកបាន និងបន្តព្យាយាមដើរតួនាទីជាអ្នកសម្របសម្រួល។ និយាយឱ្យខ្លី ចិនសម្លឹងឃើញប្រយោជន៍យុទ្ធសាស្ត្រ តែក៏បារម្ភពីផលប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរពី សង្រ្គាមអូសបន្លាយពេលយូរ ពីព្រោះសេដ្ឋកិច្ចចិនក៏ពឹងផ្អែកលើស្ថិរភាពពាណិជ្ជកម្ម និងស្ថានការណ៍ពិភពលោកដែរ។ ចិនចង់ឱ្យស្ថានការណ៍វិលត្រឡប់ទៅរកស្ថិរភាព ដ្បិតសង្រ្គាមអូសបន្លាយកំពុងគំរាមកំហែង ដល់ការដឹកជញ្ជូន សន្តិសុខថាមពល លំហូរពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចសកល រួមទាំងកំណើនសេដ្ឋកិច្ចចិនដែលកំពុងមានភាពផុយស្រួយស្រាប់ទៅហើយនោះ។

* រុស្ស៉ីសម្លឹងឃើញប្រយោជន៍ពីសង្រ្គាមអ៉ីរ៉ង់
ជាភាសាការទូត រុស្ស៉ីបានអំពាវនាវឱ្យមានការបន្ធូរបន្ថយជម្លោះ ហើយវិមានក្រឹមឡាំងបានថ្កោលទោសការសម្លាប់មេដឹកនាំអ៉ីរ៉ង់។ តែតាមពិតទៅ រុស្ស៉ីក៏លួចញញឹមក្នុងចិត្តដែរ។ សង្រ្គាមអ៉ីរ៉ង់ដែលបានបង្ខំឱ្យលោក ត្រាំ ពន្យារពេលធ្វើទស្សនកិច្ចទៅកាន់ចិន បានផ្ដល់ឱកាសឱ្យរុស្ស៉ីដំឡើងការសម្លុតគំរាមផ្អាក និងកាត់បន្ថយការនាំចេញឧស្ម័នទៅកាន់អឺរ៉ុប ហើយបង្ហាញថារុស្ស៉ីជាតួអង្គដ៏សំខាន់ទាំងជាប្រភពផ្គត់ផ្គង់ថាមពល និងការទូតដែលពិភពលោកមិនអាចបោះបង់ចោលឡើយ។ លោក ពូទីន បាននិយាយថារុស្ស៉ីអាចនឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប រីឯឧបនាយករដ្ឋមន្ត្រី លោក Alexander Novak បាននិយាយថា រដ្ឋាភិបាលរុស្ស៉ីនឹងពិភាក្សាលើបញ្ហានេះក្នុងពេលឆាប់ៗ។ នេះមិនមែនជាកាយវិការរបស់មហាអំណាចមួយដែលចង់ឱ្យស្ថានការណ៍ត្រឡប់ទៅរកស្ថិរភាពវិញភ្លាមៗឡើយ។ ផ្ទុយទៅវិញនេះជាចេតនាចង់ប្រើប្រាស់ សង្រ្គាមនៅមជ្ឈិមបូព៌ាដើម្បីដាក់សម្ពាធលើអឺរ៉ុបដែលកំពុងបន្តគាំទ្រអ៊ុយក្រែន។

ក៏ប៉ុន្តែហ្គេមឆ្មក់ឱកាសរបស់រុស្ស៉ីមានដែនកំណត់។ ទីក្រុងមូស្គូមិនចង់ឱ្យរបបដឹកនាំអ៉ីរ៉ង់ដួលរលំនោះទេ ពីព្រោះបើរបបអ៉ីរ៉ង់សព្វថ្ងៃដួលរលំ ឬបែកបាក់ វាអាចនឹងធ្វើឱ្យឥទ្ធិពល​ និងយុទ្ធសាស្ត្ររបស់រុស្ស៉ី ក្នុងតំបន់មជ្ឈិមបូព៌ានឹងកាន់តែចុះខ្សោយ ហើយបាត់បង់សម្ព័ន្ធមិត្តដ៏សំខាន់មួយដូចជាអ៉ីរ៉ង់ក្នុងការទប់ទល់នឹងលោកខាងលិច។ អ៉ីរ៉ង់វិញបានបញ្ជាក់ច្បាស់ៗថាខ្លួនមិនចង់បានបទឈប់បាញ់មួយដោយគ្រាន់តែផ្អាក ការវាយប្រហារ ហើយទុកផ្លូវឱ្យសហរដ្ឋអាមេរិក និងអ៉ីស្រាអែលវាយប្រហារលើខ្លួនសាជាថ្មីនៅពេលអនាគតនោះទេ។ តេហេរ៉ង់ត្រូវបានរាយការណ៍ថាបានទាត់ចោលបទឈប់បាញ់ រហូតទាល់តែសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបញ្ឈប់ការវាយប្រហារជាមុនសិន។ អ៉ីរ៉ង់ក៏បានលើកឡើងដែរថានៅបន្ទាប់ពីសង្រ្គាមបញ្ចប់ អ៉ីរ៉ង់ត្រូវតែបន្តរក្សាសិទ្ធិគ្រប់គ្រង ឬមានអធិបតេយ្យលើច្រកសមុទ្រ Hormuz។ នេះមានន័យថា គោលដៅរបស់អ៉ីរ៉ង់មិនមែនគ្រាន់តែជាការរស់រានមានជីវិតនៃរបបរបស់ខ្លួនទៀតទេ។ ពោលគឺអ៉ីរ៉ង់ចង់រក្សាឱ្យបាននូវសមត្ថភាពបង្កការខាតបង់ធ្ងន់ធ្ងររយៈពេលវែង ដើម្បីកំញើញទប់ស្កាត់កុំឱ្យមានការវាយប្រហារ សាជាថ្មីទៅពេលអនាគត ឬយ៉ាងហោចធ្វើឱ្យសហរដ្ឋអាមេរិក ឬអ៉ីស្រាអែលគិត២ដងដែរ មុននឹងសម្រេចចិត្តវាយអ៉ីរ៉ង់ជាថ្មី។

ផ្ទុយពីអ៉ីរ៉ង់ អ៉ីស្រាអែលបាននិយាយដោយបើកចំហថាសង្រ្គាមនឹងត្រូវបន្តរហូតទាល់តែសម្រេចគោលដៅ។ រដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Gideon Saar បាននិយាយថាខាងយោធា អ៉ីស្រាអែលបានឈ្នះ រួចទៅហើយ តែគោលដៅចម្បងៗមួយចំនួននៅមិនទាន់សម្រេចបាននៅឡើយទេ និងមិនបានកំណត់ពីកាលបរិច្ឆេកបញ្ចប់សង្រ្គាមទេ។ និយាយឱ្យខ្លី សហរដ្ឋអាមេរិកចង់រកច្រកចេញ អ៉ីរ៉ង់ចង់បានការធានាមួយ រីឯអ៉ីស្រាអែលចង់បានជ័យជម្នះដាច់ខាត។

* ដូច្នេះតើអាចនឹងមានសេណារីយ៉ូអ្វីកើតឡើង?
សេណារីយ៉ូទី១ និងមើលទៅទំនងដែរ នោះគឺសហរដ្ឋអាមេរិកនឹងកំណត់ពីនិយមន័យជ័យជម្នះដែលផ្ដល់ឱ្យលោក ត្រាំ នូវហេតុផលគ្រប់គ្រាន់មួយដើម្បីបញ្ចប់សង្រ្គាម ហើយដាក់សម្ពាធឱ្យអ៉ីស្រាអែលទទួលយក បទឈប់បាញ់មួយ។ ជាថ្នូរត្រឡប់ទៅវិញ អ៉ីរ៉ង់អាចនឹងទទួលយកបទឈប់បាញ់មួយ នៅពេលដែលខ្លួនទទួលបានការធានាក្រៅផ្លូវការថាការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលនឹងមិនកើតឡើងជាថ្មី ក្នុងពេលភ្លាមៗ។ នេះមិនមែនជាសន្តិភាពទេ វាគ្រាន់តែការបញ្ឈប់សង្រ្គាមបណ្ដោះអាសន្នប៉ុណ្ណោះ និងទុកឱ្យភាគីជម្លោះម្ខាងៗអះអាងពីជ័យជម្នះរៀងៗខ្លួន។

សេណារីយ៉ូទី២ គឺការបន្តអូសបន្លាយសង្រ្គាម តែអាចគ្រប់គ្រងស្ថានការណ៍បាន។ លោក ត្រាំ បាននិយាយម្ដងហើយម្ដងទៀតថាសង្រ្គាមអ៉ីរ៉ង់នឹងបញ្ចប់ឆាប់ៗ។ ប៉ុន្តែជាក់ស្ដែង លោកនៅតែទុកពេលវេលាបន្ថែមឱ្យ អ៉ីស្រាអែលបំផ្លាញមីស៊ីល ហេដ្ឋារចនាសម្ព័ន្ធសន្តិសុខ និងនុយក្លេអ៊ែររបស់អ៉ីរ៉ង់។ នេះជាសេណារីយ៉ូមួយអាចទៅរួច ក៏ព្រោះតែអ៉ីស្រាអែលមិនបានបង្ហើបថាតើសង្រ្គាមនឹងត្រូវបញ្ចប់នៅពេលណាទេ ហើយនៅតែជឿ ថាខ្លួនអាចបន្តទាញយកប្រយោជន៍ខាងយោធា ខណៈបណ្ដាប្រទេសក្នុងតំបន់ឈូងសមុទ្រមួយចំនួនបានប្ដូរចិត្តពីរក្សាការអត់ធ្មត់ ទៅជាជំរុញឱ្យសហរដ្ឋអាមេរិកកុំប្រញាប់បញ្ឈប់សង្រ្គាមលឿនពេល ដោយត្រូវបន្ត រហូតទាល់តែអ៉ីរ៉ង់ត្រូវបានបំបាក់ឱ្យចុះខ្សោយលែងអាចគំរាមកំហែងដល់ពួកគេរយៈពេលវែង។

នេះជាសេណារីយ៉ូដ៏គ្រោះថ្នាក់ ដ្បិតការបន្តធ្វើសង្រ្គាមជារឿងងាយស្រួល ហើយការបញ្ចប់សង្រ្គាមទើបជារឿងពិបាក។ វាមិនតម្រូវឱ្យភាគីណាមួយធ្វើការសម្រុះសម្រួលភ្លាមៗទេ ផ្ទុយទៅវិញគ្រាន់តែបន្តធ្វើសង្រ្គាម តទៅទៀតប៉ុណ្ណោះ។ សេណារីយ៉ូទី៣ និងគួរឱ្យបារម្ភបំផុត នោះគឺបន្តបង្កើនជម្លោះ។ នេះជាសេណារីយ៉ូដែលអាចទៅរួច ក៏ព្រោះតែមិនមានតួអង្គស្នូលណាមួយដូចជាសហរដ្ឋអាមេរិក អ៉ីស្រាអែល និងអ៉ីរ៉ង់ យល់ព្រមទទួលយកលក្ខខណ្ឌរបស់ភាគីម្ខាងៗនៅឡើយទេ៕

-Fresh News-

អត្ថបទទាក់ទង