Grand News Asia Close

ប្រឆាំងដើម្បីតែប្រឆាំង ឬដើម្បីជាតិ? ការស្លាប់នៃលំហកណ្តាលក្នុងនយោបាយកម្ពុជា

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1017
ប្រឆាំងដើម្បីតែប្រឆាំង ឬដើម្បីជាតិ? ការស្លាប់នៃលំហកណ្តាលក្នុងនយោបាយកម្ពុជា ប្រឆាំងដើម្បីតែប្រឆាំង ឬដើម្បីជាតិ? ការស្លាប់នៃលំហកណ្តាលក្នុងនយោបាយកម្ពុជា

នៅលើទិដ្ឋភាពនយោបាយ និងសង្គមកម្ពុជាបច្ចុប្បន្ន វប្បធម៌នៃការលាបពណ៌ និងការសង្ស័យគ្នាទៅវិញទៅមក បាន​ចាក់​ឫសយ៉ាង​ជ្រៅ ដែលកំពុងក្លាយជាឧបសគ្គដ៏ធំមួយក្នុងការកសាងឯកភាពជាតិ។ ជារឿយៗ កាលណាមានបទល្មើស ឬព្រឹត្តិការណ៍សង្គមណាមួយកើតឡើង អ្នកនយោបាយប្រឆាំងតែងតែលោតទៅរកការសន្និដ្ឋានថា មាន​រដ្ឋាភិបាល​នៅពី​ក្រោយខ្នង។ ស្របពេលជាមួយគ្នានេះ រាល់ការរិះគន់ ឬការចង្អុលបង្ហាញពីចំណុចខ្វះខាត តែងតែត្រូវបាន​អ្នកកាន់​អំណាច​បកស្រាយថា ជាសកម្មភាពបង្កប់នូវរបៀបវារៈនយោបាយទុច្ចរិត។

ទស្សនៈដែលផ្ទុយស្រឡះ និងឈរលើបន្ទាត់ស្របគ្នានេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីការបែងចែកប៉ូលនយោបាយដ៏ស្រួចស្រាល់ (Political Polarization) ប៉ុណ្ណោះទេ ប៉ុន្តែវាបានលាតត្រដាងនូវវិបត្តិទំនុកចិត្តយ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គម។ ដើម្បីឈាន​ទៅ​រកការផ្សះផ្សាជាតិពិតប្រាកដ យើងចាំបាច់ត្រូវវិភាគឱ្យដល់ឫសគល់នៃបញ្ហានេះ និងស្វែងរក​ដំណោះស្រាយជា​លក្ខណៈ​ប្រព័ន្ធ។

១. វិបត្តិទំនុកចិត្ត ការធ្វើនយោបាយភាវូបនីយកម្ម និងហានិភ័យចំពោះការអភិវឌ្ឍជាតិ

នៅក្នុងវប្បធម៌នយោបាយកម្ពុជា បញ្ហាដែលគួរតែត្រូវបានដោះស្រាយតាមផ្លូវច្បាប់ ឬតាមរយៈការជជែក​វែកញែកគោល​នយោបាយ​សាធារណៈ ត្រូវបានអូសទាញចូលទៅក្នុងសមរភូមិនយោបាយសូន្យ-បូក (Zero-Sum Game) ឬ «បើ​មាន​អញ​អត់​ឯង បើ​មាន​ឯង​អត់​អញ»។ នៅពេលប្រព័ន្ធយុត្តិធម៌ និងស្ថាប័នអនុវត្តច្បាប់ ត្រូវបានសាធារណជន​មើលឃើញ​ថាមានភាព​ប្រទាក់ក្រឡាគ្នាយ៉ាងស្អិតរមួតជាមួយអំណាចនយោបាយ នោះបទល្មើសព្រហ្មទណ្ឌ ឬវិវាទរដ្ឋប្បវេណីធម្មតា នឹងក្លាយជា​ប្រធានបទ​នៃការចោទប្រកាន់រវាងបក្សនិងបក្ស។

ការបាត់បង់ទំនុកចិត្តនេះ វាមិនមែនត្រឹមតែជារឿងឈ្នះចាញ់របស់បក្សនយោបាយនោះទេ តែវាគឺជា “ហានិភ័យដ៏ធំបំផុត​សម្រាប់ការអភិវឌ្ឍជាតិ”។ នៅពេលដែលប្រជាពលរដ្ឋលែងមានជំនឿលើស្ថាប័នច្បាប់ ពួកគេនឹងបាត់បង់​ទីពឹងពិត​ប្រាកដ​ក្នុងការស្វែងរកយុត្តិធម៌។ ក្នុងទិដ្ឋភាពសេដ្ឋកិច្ច ការសង្ស័យលើឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌ គឺជាឧបសគ្គ​រារាំង​វិនិយោគិន​ជាតិ និងអន្តរជាតិ ដែលចង់បានការធានាផ្លូវច្បាប់ប្រកបដោយតម្លាភាព។ ដូច្នេះ ការធ្វើនយោបាយភាវូបនីយកម្មលើគ្រប់​បញ្ហា គឺជាការទាញទម្លាក់សក្តានុពលសេដ្ឋកិច្ច និងបំផ្លាញលំនឹងសង្គមទាំងមូល ដែលទាមទារឱ្យ​ប្រជាជនទូទៅត្រូវ​ចេះបែង​ចែក​ឱ្យដាច់រវាង “បញ្ហាច្បាប់” និង “បញ្ហានយោបាយ”។

លើសពីនេះ នៅក្នុងបរិបទនយោបាយបច្ចុប្បន្ន លំហសម្រាប់សំឡេងកណ្តាល ឬអ្នកវិភាគឯករាជ្យ បានរួមតូចស្ទើរ​តែគ្មាន​សល់។ រាល់ការបញ្ចេញមតិ តែងតែរងការទាញទម្លាក់ទៅក្នុងអន្ទាក់នយោបាយជានិច្ច។ ប្រសិនបើការរិះគន់​នោះស្របនឹង​ចំណង់​របស់បក្សប្រឆាំង រដ្ឋាភិបាលនឹងចាត់ថ្នាក់បុគ្គលនោះជាក្រុមប្រឆាំងភ្លាមៗ ខណៈបក្សប្រឆាំង​ទាញយក​ទៅ​ធ្វើជា​កម្មសិទ្ធិ។ ផ្ទុយទៅវិញ បើមតិនោះនិយាយចំការពិតដែលឆ្លុះបញ្ចាំងពីចំណុចល្អរបស់រដ្ឋាភិបាល ក្រុមប្រឆាំង​នឹងលាបពណ៌​បុគ្គល​នោះថាជា “ពួកលើកជើង” ឬជាឧបករណ៍របស់រដ្ឋាភិបាល។ នេះគឺជា ការស្លាប់នៃលំហកណ្តាល (The Death of the Middle Ground) ដែលបង្កឡើងដោយការបែងចែកប៉ូលនយោបាយជ្រុលហួសហេតុ។ តក្កវិជ្ជាទ្វេភាគី (Binary Logic) ដែលបង្ខំឱ្យសង្គមត្រូវតែរើសយកតែ “ស ឬ ខ្មៅ” នេះ គឺជាសត្រូវដ៏ធំបំផុតនៃការជជែកវែកញែកបែបបញ្ញវន្ត ​និងការពឹងផ្អែក​លើ​ហេតុផល។

២. «ជំងឺតួឯក» ការវង្វេងទិសដៅនៃការប្រឆាំង និងការឆ្លើយតបដោយវោហារស័ព្ទហិង្សា

បញ្ហាមួយទៀតដែលចាក់ស្រេះយ៉ាងជ្រៅ គឺមិនមែនត្រឹមតែការបាត់បង់ទំនុកចិត្តលើស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែគឺជាផ្នត់​គំនិតនយោបាយរបស់ក្រុមប្រឆាំង។ កន្លងមក គេសង្កេតឃើញថាបក្សប្រឆាំងហាក់កំពុងផុងខ្លួនទៅក្នុង «ជំងឺតួឯក» (Main Character Syndrome) ដោយពួកគេតែងតែប្រកាន់យកជំហរថា មានតែការដឹកនាំ និងការចាត់ចែង​របស់ខ្លួន​ប៉ុណ្ណោះ​ទើប​ជារឿងត្រឹមត្រូវ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ អ្វីៗនឹងត្រឹមត្រូវ ឬយុត្តិធម៌ លុះត្រាតែខ្លួនបានធ្វើធំ ឬទាល់​តែខ្លួនជា​អ្នកដឹក​នាំរដ្ឋាភិបាល។

ផ្នត់គំនិតចង្អៀតចង្អល់នេះ បូករួមទាំងការខ្វះភាពច្បាស់លាស់ក្នុងការតាក់តែងកម្មវិធីនយោបាយ បានជំរុញឱ្យការតវ៉ា ឬការ​រិះគន់​ប្រែក្លាយទៅជាការជេរប្រមាថ និងការវាយប្រហារបែបបុគ្គល ដែលជាយុទ្ធសាស្ត្រនយោបាយ​ស្នូលដើម្បីទាក់ទាញ​ការគាំទ្រ។ ជាប្រតិកម្មតប រដ្ឋាភិបាលបានឈានដល់ចំណុចមួយដែលលែងឱ្យតម្លៃលើរាល់ការរិះគន់ ហើយ​ងាកមកប្រើប្រាស់វោហារស័ព្ទហិង្សា និង​ការគំរាមកំហែង ដើម្បីបំបាក់ស្មារតីគូប្រជែង ដោយបង្កើតរូបភាពថា​ខ្លួនជាអ្នកការពារ​សន្តិភាព​តែមួយគត់។

៣. ការបោះបង់យន្តការសភា និងការតាំងខ្លួនជាអ្នកសង្គ្រោះដើម្បីកេងចំណេញនយោបាយ

កន្លងមក យើងសង្កេតឃើញនិន្នាការមួយដែលបក្សប្រឆាំង តែងតែព្យាយាមចុះទៅធ្វើកិច្ចការជំនួសស្ថាប័ននីតិប្រតិបត្តិ ទោះបីជាខ្លួនមិនមានជំនាញបច្ចេកទេសក្នុងកិច្ចការនោះក៏ដោយ ដូចជាបញ្ហាព្រំដែន បរិស្ថាន ឬការគ្រប់គ្រងព្រៃឈើជាដើម។ ការចុះប្រមូលព័ត៌មានដល់ទីតាំងផ្ទាល់ គឺជារឿងត្រឹមត្រូវក្នុងនាមជាអ្នកតំណាងរាស្ត្រ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា ពួកគេមិនបានយកទិន្នន័យទាំងនោះទៅប្រើប្រាស់ក្នុង “យន្តការរដ្ឋសភា” តាមរយៈការកោះហៅរដ្ឋមន្ត្រីពាក់ព័ន្ធ​មកសួរដេញ​ដោល ដើម្បីស្វែងរកការទទួលខុសត្រូវនោះទេ។

លើសពីនេះទៅទៀត ពួកគេមិនបានយកព័ត៌មានជាក់ស្តែងដែលខ្លួនបានស្រង់ទាំងនោះ មកប្រើប្រាស់ជាមូលដ្ឋាន​ក្នុងទិសដៅដើម្បីផ្តល់​មតិកែសម្រួលគោលនយោបាយ (Policy Amendment) ឬជំរុញឱ្យមាន​ការអនុវត្តគោល​នយោបាយរបស់រដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពនោះឡើយ។ ផ្ទុយទៅវិញ ព័ត៌មានទាំងនោះត្រូវបានយកទៅ​ប្រើប្រាស់ជាឧបករណ៍សម្រាប់វាយប្រហាររដ្ឋាភិបាលតាមទីសាធារណៈ ដោយសាងរូបភាពថាខ្លួនជាអ្នកស្នេហាជាតិ និងខ្វាយខ្វល់ពីប្រយោជន៍ជាតិជាងគេ។ អាកប្បកិរិយាបែបនេះ គឺជាការកេងចំណេញនយោបាយ និងប្រជាប្រិយភាពផ្ទាល់ខ្លួន (Political Opportunism) ដែលធ្វើឱ្យខូចតម្លៃនៃប្រព័ន្ធត្រួតពិនិត្យរបស់សភា។

៤. ផលវិបាកចំពោះការកសាងជាតិ ការរវើរវាយក្រៅរដ្ឋធម្មនុញ្ញ និងការទាមទារឱ្យមានការទទួលស្គាល់ការពិត

ការប្រែក្លាយ “ការស្អប់ខ្ពើម” ឱ្យទៅជា “ទុននយោបាយ” គឺជាជំងឺមហារីកដែលស៊ីរូងបំផ្លាញឯកភាពជាតិ។ វប្បធម៌​នេះបណ្តាលឱ្យមានការបែកបាក់សាមគ្គីភាពសង្គម ធ្វើឱ្យនីតិរដ្ឋចុះខ្សោយ និងប្រែក្លាយការផ្សះផ្សាជាតិ​ឱ្យទៅជាភាពទទេស្អាត ព្រោះភាគីនីមួយៗសុទ្ធតែបានដុតស្ពាននៃការទុកចិត្តគ្នាចោលរួចទៅហើយ។

ភាពទាល់ច្រកនៃទំនុកចិត្តនេះ ក៏បានរុញច្រានឱ្យមានការរវើរវាយនឹងយន្តការក្រៅច្បាប់ផងដែរ។ នៅក្នុងសង្គម​ប្រជាធិបតេយ្យ និងនីតិរដ្ឋពិតប្រាកដ ការដោះស្រាយវិបត្តិនយោបាយត្រូវតែពឹងផ្អែកលើយន្តការរដ្ឋធម្មនុញ្ញ។ កន្លងមក មានការលើកឡើងពីក្រុមប្រឆាំងមួយចំនួន ដែលអះអាងថាបក្សខ្លួនត្រូវបានរំលាយ ហើយសំឡេងឆ្នោត​ជាង១លាននាក់ត្រូវបានបាត់បង់ ដូច្នេះពួកគេមានសិទ្ធិបង្កើតយន្តការក្រៅប្រទេស ឬអ្វីដែលហៅថា “រដ្ឋាភិបាល ២៣ តុលា ឯករាជ្យ” ដើម្បីការពារអធិបតេយ្យភាពជាតិ ហ្នឹងផងប្រយោជន៍ជាតិ។

ការវែកញែកនេះ គឺជាការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរអំពីគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ។ នៅពេលដែលរដ្ឋាភិបាល​មួយត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោត គ្រប់គ្រងយន្តការរដ្ឋទាំងស្រុង និងទទួលបានការទទួលស្គាល់​ពីសហគមន៍​អន្តរជាតិ (ទាំងតាមផ្លូវច្បាប់ De Jure និងសិទ្ធិអំណាចជាក់ស្តែង De Facto) ការតាំងខ្លួនបង្កើត “រដ្ឋាភិបាលស្រមោល” ឬយន្តការតបតក្រៅរដ្ឋធម្មនុញ្ញ មិនមែនជាការអនុវត្តតាមគន្លងប្រជាធិបតេយ្យនោះទេ។ ផ្ទុយទៅវិញ វាគឺជាការរុញខ្លួនឯងឱ្យ​ចូល​ទៅក្នុងភាពឯកោ ជានិមិត្តរូបរវើរវាយ ដែលគ្មានឥទ្ធិពលផ្លូវច្បាប់ណាមួយក្នុងការដោះស្រាយបញ្ហាជាតិឡើយ។ ទង្វើ​បែបនេះ មិនត្រឹមតែមិនអាចការពារប្រយោជន៍ជាតិបានទេ តែវាឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពី «ជំងឺតួឯក» ដែលមិន​ព្រមទទួល​ស្គាល់តថភាពនយោបាយ ហើយវាកាន់តែធ្វើឱ្យការផ្សះផ្សាជាតិដើរដល់ផ្លូវទាល់ ព្រោះវាជា​ការប្រឆាំងនឹងរចនាសម្ព័ន្ធរដ្ឋទាំង​មូល ជាជាងការជំទាស់លើគោលនយោបាយ។

ឈរលើសច្ចភាពនយោបាយនេះ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គប្បីមានភាពក្លាហានផ្នែកនយោបាយ (Political Courage) ក្នុងការទទួលស្គាល់នូវកំហុសឆ្គង និងចំណុចខ្វះខាតរៀងៗខ្លួន។ ការរុញទម្លាក់កំហុសដាក់​គ្នាទៅវិញទៅមកមិនមែនជាច្រកចេញនោះទេ។ ប្រហែលជាដល់ពេលវេលាដ៏ស័ក្តិសមបំផុតហើយ ដែលអ្នកនយោបាយ​គ្រប់ភាគី​ត្រូវ​ហ៊ានលះបង់ចោលនូវឥរិយាបថនយោបាយអវិជ្ជមាន និងអតីតកាលដ៏ជូរចត់ទាំងនេះ។ ការបោះជំហាន​ចេញពីគំនុំបុគ្គល និងមនោគមវិជ្ជាចង់ឈ្នះចង់ចាញ់ គឺជាពន្លឺតែមួយគត់ដើម្បីឈានទៅរកការផ្សះផ្សាជាតិ រួបរួមជាតិ និងឯកភាពជាតិពិតប្រាកដ ដែលជាចលករមិនអាចខ្វះ​បានក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យ​រីកចម្រើន​ប្រកបដោយចីរភាព និងកិត្យានុភាព។

៥. ការបន្សាបនយោបាយពីស្ថាប័នរដ្ឋ និងភាពចាស់ទុំរបស់អ្នកកាន់អំណាចក្នុងការបើកលំហរិះគន់

ការផ្សះផ្សាជាតិមិនអាចកើតឡើងតាមរយៈត្រឹមតែការចាប់ដៃគួរសមគ្នានោះទេ ប៉ុន្តែទាមទារឱ្យមានការកែទម្រង់​ស្ថាប័នពិតប្រាកដ (Institutional Reform)។ រដ្ឋាភិបាលត្រូវតែបន្សាបឥទ្ធិពលនយោបាយពីស្ថាប័នតុលាការ ​និងរដ្ឋបាលសាធារណៈ ដោយធានាឱ្យមាន “ប្រព័ន្ធគុណាធិបតេយ្យ” (Meritocracy) ដែលមន្ត្រីរាជការ និងចៅក្រមបំពេញតួនាទីផ្អែកលើច្បាប់ និងសមត្ថភាព មិនមែនផ្អែកលើនិន្នាការបក្សឡើយ។ ការធ្វើបែបនេះ គឺជាការប្រគល់អំណាចច្បាប់ត្រឡប់ទៅឱ្យប្រជាពលរដ្ឋវិញ។

សម្រាប់គណបក្សកាន់អំណាច ការបន្ទន់ឥរិយាបថ និងការបើកលំហសម្រាប់ការរិះគន់ដោយសន្តិវិធី មិនមែនជាសញ្ញានៃ​ភាពទន់ខ្សោយ ឬការចុះចាញ់នោះទេ ផ្ទុយទៅវិញ វាគឺជា “ការបង្ហាញពីភាពចាស់ទុំខាងនយោបាយ និងភាពរឹងមាំនៃការ​ដឹកនាំ”។ រដ្ឋាភិបាលដែលរឹងមាំពិតប្រាកដ គឺជារដ្ឋាភិបាលដែលហ៊ានយកការរិះគន់មកធ្វើជាកញ្ចក់ឆ្លុះ ដើម្បីកែលម្អគោល​នយោបាយ។ ការប្តេជ្ញាចិត្តពង្រឹងស្ថាប័នឯករាជ្យនេះ មិនត្រឹមតែជួយលុបបំបាត់ការចោទប្រកាន់លាបពណ៌គ្នាប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាកេរដំណែលប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុត ដែលអ្នកដឹកនាំអាចបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ។

៦. ការផ្លាស់ប្តូរផ្នត់គំនិត ការយល់ដឹងពីតួនាទីបក្សប្រឆាំង និងការលុបបំបាត់ភាពលាក់ពុត

ដើម្បីឱ្យប្រព័ន្ធ​ប្រជា​ធិបតេយ្យដំណើរ​ទៅមុខបាន គណបក្សប្រឆាំង និងអ្នករិះគន់ ចាំបាច់ត្រូវតែផ្លាស់ប្តូរអាកប្បកិរិយា និងសិល្បៈនៃការដឹកនាំរបស់ខ្លួនដាច់ខាត។ ពួកគេត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅអំពីមុខងារពិតប្រាកដរបស់បក្សប្រឆាំង ដែលមិនមែនមានន័យថា “ប្រឆាំងត្រឹមតែដើម្បីប្រឆាំង” នោះឡើយ។ ការរិះគន់ត្រូវតែងាកចេញពីការវាយប្រហារបុគ្គល ការកេងចំណេញប្រជាប្រិយភាពនៅក្រៅប្រព័ន្ធ ឬការប្រកាន់យក “ជំងឺតួឯក” ទៅជាការរិះគន់ផ្អែកលើមូលដ្ឋាន​គោលនយោបាយ (Policy-Based Criticism)។

ទន្ទឹមនឹងនេះ បញ្ហាភាពផ្ទុយគ្នារវាងការទាមទារ និងការអនុវត្ត (Hypocrisy in Democratic Practice) ក៏ជារឿងដែលបក្សប្រឆាំងត្រូវកែតម្រូវជាបន្ទាន់ផងដែរ។ ជារឿយៗ បក្សប្រឆាំងតែងតែទាមទារយ៉ាងខ្លាំងក្លា​ឱ្យរដ្ឋាភិបាលគោរពគោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែជាក់ស្តែង ខ្លួនឯងបែរជាមិនបានគោរព ឬអនុវត្តគោលការណ៍​ប្រជាធិបតេយ្យនេះឱ្យបានខ្ជាប់ខ្ជួននោះឡើយ ទាំងនៅក្នុងការដឹកនាំផ្ទៃក្នុង ឬការអត់ឱនចំពោះមតិផ្ទុយពីសមាជិករបស់ខ្លួន។ ការទាមទារប្រជាធិបតេយ្យពីអ្នកដទៃ តែមិនអាចធ្វើជាគំរូនៃប្រជាធិបតេយ្យខ្លួនឯងបាន គឺជាការបន្ទាបតម្លៃនៃការតស៊ូមតិរបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។

ដូច្នេះ អ្នកនយោបាយប្រឆាំងត្រូវតែធ្វើជាគំរូប្រជាធិបតេយ្យពិតប្រាកដ ហើយងាកមកប្រើប្រាស់អំណាច​នីតិបញ្ញត្តិរបស់ខ្លួនយ៉ាងពេញលេញ តាមរយៈការតាក់តែងគោលនយោបាយថ្មីៗ និងការសួរដេញដោលតំណាងរដ្ឋាភិបាលដោយផ្លូវការនៅក្នុងរដ្ឋសភា។ ការធ្វើបែបនេះ មិនត្រឹមតែលើកកម្ពស់សេចក្តីថ្លៃថ្នូរខ្លួនឯងប៉ុណ្ណោះទេ តែថែមទាំងជួយបិទផ្លូវមិនឱ្យមានលេសក្នុងការប្រើប្រាស់​ចំណាត់ការក្តៅដើម្បីបង្ក្រាបមតិផ្ទុយទៀតផង។

សេចក្តីសន្និដ្ឋាន

កម្ពុជាបានឆ្លងកាត់ប្រវត្តិសាស្ត្រនៃការបែកបាក់ដ៏ជូរចត់រួចមកហើយ ហើយពេលវេលានៃការយកអតីតកាលមកធ្វើ​ជាចំណាប់ខ្មាំងនយោបាយគួរតែត្រូវបានបិទបញ្ចប់។ ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ការផ្លាស់ប្តូរត្រឹមតែវោហារស័ព្ទគឺមិនគ្រប់គ្រាន់ទេ ប៉ុន្តែវាទាមទារឱ្យមាន ការផ្លាស់ប្តូរទាំងស្រុងនូវអាកប្បកិរិយា គោលនយោបាយ និងការអនុវត្តជាក់ស្តែង ពីសំណាក់តួអង្គនយោបាយទាំងអស់។

នៅក្នុងសង្គមប្រជាធិបតេយ្យដែលរឹងមាំ ភាគីទាំងសងខាងត្រូវតែស្គាល់ឱ្យច្បាស់ពីមុខងារនិងតួនាទីរៀងៗខ្លួន៖ គណបក្សកាន់អំណាច ត្រូវប្រកាន់យកភាពចាស់ទុំក្នុងការដឹកនាំ ដោយធានាភាពឯករាជ្យនៃស្ថាប័នជាតិ និងបើក​លំហសម្រាប់ការរិះគន់ស្ថាបនា ចំណែកឯ គណបក្សប្រឆាំង ត្រូវលះបង់ចោលនូវនយោបាយប្រជាភិថុតិ ការវាយប្រហារបុគ្គល ការរវើរវាយនឹងយន្តការក្រៅរដ្ឋធម្មនុញ្ញ ត្រូវអនុវត្តប្រជាធិបតេយ្យផ្ទៃក្នុងឱ្យបានពិតប្រាកដ ហើយងាកមកប្រកួត​ប្រជែងដោយ​សុចរិតតាមរយៈជម្រើសគោលនយោបាយ និងយន្តការរដ្ឋសភា។

ការពង្រឹងស្ថាប័នជាតិ និងការចេះទទួលស្គាល់កំហុសដើម្បីកែលម្អ មិនមែនជាការចុះចាញ់នោះទេ តែជាសេចក្តីក្លាហានដើម្បីជាតិ។ មានតែការប្តេជ្ញាចិត្តដើរលើគន្លងប្រជាធិបតេយ្យនីតិរដ្ឋតាមតួនាទីរៀងៗខ្លួនបែបនេះទេ ទើបកម្ពុជាអាចសម្រេចបាននូវការផ្សះផ្សាជាតិ រួបរួមជាតិ និងឯកភាពជាតិពិតប្រាកដ ដើម្បីប្រមូលធនធានទាំង​អស់​ឆ្ពោះទៅរកការអភិវឌ្ឍប្រទេស។ សំខាន់ជាងនេះទៅទៀត ឥរិយាបថនយោបាយរបស់អ្នកដឹកនាំនាពេលបច្ចុប្បន្ន នឹងក្លាយជា “គំរូប្រវត្តិសាស្ត្រ និងជាត្រីវិស័យ” សម្រាប់អ្នកនយោបាយជំនាន់ក្រោយ ក្នុងការបន្តថែរក្សាកម្ពុជាឱ្យក្លាយជារដ្ឋមួយដែលរឹងមាំ មានយុត្តិធម៌សង្គម និងមានកិត្យានុភាពរុងរឿងជារៀងរហូត។

លោក​មេធាវី ឡុង បញ្ញាវុឌ្ឍ គឺជា​ស្ថាបនិក​ក្រុមហ៊ុន​មេធាវី PAN & Associates Law Firm។ ទស្សនៈដែល​បាន​លើកឡើង​គឺ​ជា​ទស្សនៈ​របស់​លោក​ផ្ទាល់៕

អត្ថបទទាក់ទង