Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
Cambodia PR Team ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team) ទាក់ទងនឹងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ
ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦
សំណួរទី១៖ តើការពង្រឹងវិស័យការពារជាតិ និងការផលិតសម្ភារៈយោធាក្នុងស្រុក ជាការបង្ហាញថាកម្ពុជាកំពុងត្រៀមធ្វើសង្គ្រាមដូចការចោទប្រកាន់របស់សារព័ត៌មានថៃដែរឬទេ?
ចម្លើយ៖ ការពង្រឹងវិស័យការពារជាតិ និងការផលិតសម្ភារៈយោធាក្នុងស្រុក មិនមែនជាការបង្ហាញថាកម្ពុជាកំពុងត្រៀមធ្វើសង្គ្រាមដូចការចោទប្រកាន់របស់សារព័ត៌មានថៃនោះទេ។ ការពង្រឹងសមត្ថភាពការពារជាតិ គឺជាសិទ្ធិអធិបតេយ្យរបស់ប្រទេសនីមួយៗ ដើម្បីការពារប្រទេស និងប្រជាជនរបស់ខ្លួន ដែលគ្រប់ប្រទេសតែងតែធ្វើជារឿងធម្មតា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ថា ការផលិតសម្ភារៈយោធាក្នុងស្រុក គឺដើម្បីផ្គត់ផ្គង់ដល់កងកម្លាំងការពារជាតិ ជំនួសការពឹងផ្អែកលើការនាំចូលពីបរទេស មិនមែនដើម្បីឈ្លានពានប្រទេសណាមួយឡើយ។
ជាក់ស្តែង កម្ពុជាមិនដែលបញ្ជូនកងទ័ពរបស់ខ្លួនចេញទៅក្រៅព្រំដែនដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ លើកលែងតែការចូលរួមបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ដូច្នេះ ការពង្រឹងវិស័យការពារជាតិ គឺជាការត្រៀមការពារខ្លួន មិនមែនជាការត្រៀមឈ្លានពានអ្នកដទៃនោះទេ។
សំណួរទី២៖ ហេតុអ្វីបានជាកម្ពុជាជ្រើសរើសប្រើច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិ ជំនួសការប្រើកម្លាំងក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ?
ចម្លើយ៖ កម្ពុជាជ្រើសរើសប្រើច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិ ជំនួសការប្រើកម្លាំងក្នុងការដោះស្រាយជម្លោះ ព្រោះកម្ពុជាយល់ថា ដំណោះស្រាយដែលផ្អែកលើច្បាប់អន្តរជាតិ គឺជាមធ្យោបាយដែលមានភាពយុត្តិធម៌ មាននិរន្តរភាព និងទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។
ជាក់ស្តែង សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ សន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់ និងយន្តការសន្តិវិធី ដើម្បីធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែនអន្តរជាតិត្រូវបានគោរព។ ការផ្តួចផ្តើមយន្តការផ្សះផ្សារក្រោមក្របខ័ណ្ឌ UNCLOS ក៏បានបង្ហាញឱ្យឃើញថា កម្ពុជាចង់ស្វែងរកដំណោះស្រាយយុត្តិធម៌ និងយូរអង្វែង ដោយផ្អែកលើមូលដ្ឋានច្បាប់ មិនមែនដោយការប្រើប្រាស់កម្លាំងនោះឡើយ។ ម្យ៉ាងទៀត វាបង្ហាញថា កម្ពុជាជារដ្ឋគោរព និងផ្តល់តម្លៃដល់សណ្តាប់ធ្នាប់ពិភពលោក។
សំណួរទី៣៖ តើការដោះស្រាយជម្លោះដោយសន្តិវិធី អាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីស្ថានភាពព្រំដែន?
ចម្លើយ៖ ការដោះស្រាយដោយសន្តិវិធី គឺជាមធ្យោបាយដ៏សំខាន់បំផុតក្នុងការធានាសុវត្ថិភាព ជីវិត និងស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគោរពច្បាប់អន្តរជាតិ ការអនុវត្តបទឈប់បាញ់ និងការស្វែងរកដំណោះស្រាយដោយសន្តិវិធី នឹងជួយស្តារឡើងវិញនូវទំនុកចិត្ត ធានាសន្តិភាពយូរអង្វែង និងអនុញ្ញាតឱ្យប្រជាពលរដ្ឋភៀសសឹក អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ។
ផ្ទុយទៅវិញ ប្រសិនបើជម្លោះបន្តអូសបន្លាយ ឬផ្ទុះជាការប៉ះទង្គិចប្រដាប់អាវុធ នោះអ្នកដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺប្រជាពលរដ្ឋស៊ីវិល ដែលត្រូវបាត់បង់សុវត្ថិភាព និងប៉ះពាល់ដល់ជីវភាពរស់នៅ។ ដូច្នេះ សន្តិភាព គឺជាផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋទាំងអស់៕





