បទវិចារណកថា៖ សូមជឿជាក់លើរាជរដ្ឋាភិបាល! បូរណភាពទឹកដី និងប្រជាជននៅតែជាអាទិភាពចម្បង

ភ្នំពេញ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦–អស់រយៈពេលប្រមាណ ៣ខែមកហើយ ដែលមិនមានសម្លេងផ្ទុះអាវុធ តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែថៃបាននិងកំពុងបន្តអរិភាពដោយសកម្មភាពផ្សេងៗរំលោភលើដែនអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់ ដែលថៃបានកាន់កាប់ដោយខុសច្បាប់។
គិតមកត្រឹមចុងខែមីនា ឆ្នាំ២០២៦ ថៃបានបំផ្លាញផ្ទះប្រជាពលរដ្ឋ ដាក់ទូរកុងតឺន័រ រាយបន្លាលួស និងព័ទ្ធយកភូមិឋាន នៅតំបន់មួយចំនួន ហើយសកម្មភាពនាពេលថ្មីៗ គឺការដាក់ទូកុងតឺន័របន្ថែមទៀត ដើម្បីបិទផ្លូវជាតិលេខ៥៥ ការបិទផ្លូវចូលផ្ទះសម្បែង និងដីធ្លីរបស់ពលរដ្ឋភៀសសឹក ការបន្តដុតបំផ្លាញតំបន់លំនៅដ្ឋានរបស់កម្ពុជានៅតំបន់បឹងត្រកួន ការបន្តសកម្មភាពឈូសឆាយដីធ្លី ក៏ដូចជាការសាងសង់ផ្លូវ និងសំណង់បេតុងផ្សេងៗ ដែលលាតសន្ធឹងពីតំបន់ប្រាសាទខ្នារ ឆ្ពោះទៅតំបន់ប្រាសាទតាក្របី។
ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធថៃ រួមជាមួយមន្ត្រីនាយកដ្ឋានព្រៃឈើ និងមន្ត្រីសុរិយោដី បានធ្វើសកម្មភាពវាស់វែងដីធ្លី និងបែងចែកដីចំនួន៣កន្លែង ដល់ពលរដ្ឋថៃ នៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ ដែលជាសកម្មភាពឈ្លានពានដ៏គឃ្លើន និងខុសច្បាប់អន្តរជាតិទាំងស្រុង។
សកម្មភាពរបស់ទាហានឈ្លានពានថៃទាំងនេះ បានបង្កឱ្យជនភៀសសឹក ប្រមាណ ៣៦ ០០០នាក់ គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដែលភាគច្រើនគឺស្ត្រី និងកុមារ ដែលមិនទាន់អាចត្រលប់ទៅភូមិឋានរបស់ខ្លួនវិញបាន និងកំពុងស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពនានា។
ជាការពិតណាស់ ដោយមើលឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ពិតមែនតែផុតគ្រោះថ្នាក់ ប៉ុន្តែប្រឈមនឹងបរិស្ថានជុំវិញមិនអំណោយផល ជាពិសេសពាក់ព័ន្ធនឹងអនាម័យ និងការសិក្សារបស់កុមារ ទើបរាជរដ្ឋាភិបាល ណែនាំឱ្យមន្ត្រីជំនាញសាងសង់ផ្ទះបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋភៀសសឹកស្នាក់នៅបានសមរម្យ និងអាចមានរយៈពេលយូរ ដែលមិនមែនជាការដោះដូរដី ប៉ុន្តែជាការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយសម្តេចប្រមុខរាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើ បូរណភាពទឹកដី និងប្រជាជន។
សូមបញ្ជាក់ថា ផ្ទះបណ្តោះអាសន្ននេះ គឺជាផ្ទះមិនមែនចែកជូនប្រជាពលរដ្ឋភៀសសឹកដោយមានប័ណ្ណកម្មសិទ្ធិនោះទេ ហើយរាជរដ្ឋាភិបាលក៏មិនដោះដូរដីនេះ ជាមួយដីដែលថៃកាន់កាប់ដោយខុសច្បាប់ដែរ គឺសម្រាប់ជនភៀសសឹកស្នាក់នៅបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីបញ្ហានេះ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ រួចហើយដែរ។

យើងដឹងទាំងអស់គ្នាហើយថាដំណោះស្រាយនៃការចរចា យន្តការការទូត និងច្បាប់អន្តរជាតិ មានរយៈពេលវែង ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំជំរុញការសាងសង់ផ្ទះជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកអាចស្នាក់នៅបានសមរម្យបន្តិច ប៉ុន្តែមិនមែនជាការដោះដូរផ្ទះ និងភូមិឋានដែលថៃកាន់កាប់ដោយខុសច្បាប់នោះទេ។
ការពិតដែលជនរួមជាតិគួរយល់ច្បាស់នោះ គឺផ្ទះដែលប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន នឹងអាចក្លាយជាសហគមន៍រស់នៅប្រមូលផ្តុំមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ការរួមចំណែកលើការរស់នៅប្រចាំថ្ងៃ សម្របសម្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត ជាពិសេសគឺសាលារៀនសម្រាប់កុមារ ដែលកំពុងសិក្សា។
ជនរួមជាតិ ក៏ត្រូវយល់ផងដែរថា ផ្ទះបណ្តោះអាសន្ននេះ ក៏ជាភស្តុតាងមួយបង្ហាញទៅសហគមន៍អន្តរជាតិ ថាអ្នកដែលកំពុងរស់នៅទីនេះ គឺជាជនរងគ្រោះដែលត្រូវបានកងកម្លាំងឈ្លានពានថៃ បានរំលោភកាន់កាប់ទីតាំងដីធ្លី ផ្ទះសម្បែង និងភូមិឋានរបស់ពួកគាត់។
ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់ថាជនរួមជាតិ និងជាពិសេសប្រជាពលរដ្ឋភៀសសឹក ពិតជាការឈឺចាប់ដ៏លើសលប់។ ប៉ុន្តែ យើងត្រូវដឹងថាប្រមុខរាជរដ្ឋាភិបាលយើងមានការឈឺចាប់ជាងយើងរាប់រយដង ក្នុងនាមជាអាណាព្យាបាល តាមរយៈសកម្មភាពរបស់កម្លាំងឈ្លានពានថៃនៅលើដែនអធិបតេយ្យភាពរបស់យើង។
ជនរួមជាតិគួរយល់ថា វិធីសាស្រ្តចរចា ការទូត និងយន្តការច្បាប់អន្តរជាតិ ត្រូវប្រើពេលវេលាមួយ ដូចជាពេលដែលតុលាការយុត្តិធម៌អន្តរជាតិដោះស្រាយបណ្តឹងពាក់ព័ន្ធនឹង ប្រាសាទព្រះវិហារ ដោយរាជរដ្ឋាភិបាលសម័យសង្គមរាស្រ្តនិយមរបស់ សម្តេចព្រះនរោត្តម សីហនុ ដូច្នោះដែរ ដែលត្រូវចំណាយពេលបីឆ្នាំ គឺចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ដែលកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។
យើងគួរតែដឹងផងដែរថា សង្គ្រាមមិនងាយនឹងបញ្ចប់ដោយងាយទេ តួយ៉ាងសង្គ្រាមជាមួយថៃ កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ ក៏ប្រើរយៈពេល៣ឆ្នាំដែរ ទើបបិទបញ្ចប់បន្ទាប់ពីការចរចា។ យើងមានសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ហើយយើងក៏មាន MOU 2000 (អនុស្សរណៈឆ្នាំ២០០០) កិច្ចព្រមព្រៀង និងសេចក្តីប្រកាសរួមដទៃទៀត ដែលមានតម្លៃជាគតិយុត្តិស្របនឹងច្បាប់អន្តរជាតិ។

មួយវិញទៀត សាធារណជនក៏គួរនឹកឃើញផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ពាក្យបណ្តឹងជាផ្លូវការទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីដោះស្រាយវិវាទព្រំដែនគោកចំនួន ៤តំបន់ជាមួយថៃ គឺតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី រួចហើយដែរ។
យើងក៏មានភស្តុតាងជាក់លាក់ពីសកម្មភាពរំលោភបំពានរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅលើដែនអធិបតេយ្យភាពកម្ពុជាផងដែរ តួយ៉ាងដូចជាសកម្មភាពនៃការអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់របស់បណ្តាអង្គទូត តំណាងអង្គទូត និងអង្គការអន្តរជាតិធំៗ ទៅទីតាំងដែលថៃបានរាយបន្លាលួស ដាក់ទូរកុងតឺន័រ ផងដែរ។
ជាមួយគ្នានេះ ក៏មានការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាប់ជាប្រចាំនៅទីតាំងដែលថៃបានឈ្លានពាន រួមជាមួយនឹងការចុះរាយការណ៍ព័ត៌មានដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាបន្តបន្ទាប់។
ដូច្នេះយើងគួរតែព្យាយាមអត់ធ្មត់ ដោយយើងសង្ឃឹមថានឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ជាថ្មី ដូចបណ្តឹងរបស់កម្ពុជាទៅកាន់តុលាការអន្តរជាតិ កាលពីសម័យមុន។
នៅពេលដែលយើងឈ្នះសង្គ្រាមការទូត និងច្បាប់អន្តរជាតិ នោះយើងនឹងបានផ្ទះ បានដី និងភូមិឋាន ដែលកងកម្លាំងថៃបានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ត្រលប់វិញ ហើយបងប្អូនភៀសសឹកក៏អាចត្រលប់ទៅផ្ទះ ទៅភូមិឋានដែលធ្លាប់រស់នៅដ៏សុខសាន្តដូចពេលមុនដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀត គឺនឹងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនណាមួយ តាមរយៈការប្រើប្រាស់កម្លាំងជាដាច់ខាត។ ដូច្នេះសូមជឿជាក់លើដំណោះស្រាយរបស់រាជរដ្ឋាភិបាលយើងចំពោះបញ្ហាដ៏លំបាកនេះ។
ការរៀបរាប់ខាងលើនេះ ដើម្បីឱ្យសាធារណជន យល់ច្បាស់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដោយមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ហើយក៏បង្ហាញពីការខិតខំក្នុងក្នុងការបញ្ចប់សង្គ្រាម ហើយជ្រើសរើសមធ្យោបាយការទូត យន្តការច្បាប់អន្តរជាតិ ដើម្បីបញ្ចប់ការបង្ហូរឈាម។
ជាសរុបមកវិញ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហារបស់ជាតិ និងចូលរួមជាមួយរាជរដ្ឋាភិបាលគ្រប់កាលៈទេសៈទាំងអស់ ដើម្បីប្រាប់ទៅសត្រូវរបស់យើងថា ប្រជាជាតិមួយនេះមានសម្លេងតែមួយ គឺ ព្រះរាជាណាចក្រកម្ពុជា។
ដោយ AKP





