Grand News Asia Close

ទាក់ទងនឹងអត្ថន័យនៃបទឈប់បាញ់ និងជំហរម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ព័ត៌មានជាតិ ស្រាវជ្រាវ 1016
ទាក់ទងនឹងអត្ថន័យនៃបទឈប់បាញ់ និងជំហរម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ទាក់ទងនឹងអត្ថន័យនៃបទឈប់បាញ់ និងជំហរម៉ឺងម៉ាត់របស់កម្ពុជា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

ការឆ្លើយតបរបស់ក្រុមការងារសាធារណមតិកម្ពុជា (Cambodia PR Team)

ទាក់ទងនឹងអត្ថន័យនៃបទឈប់បាញ់ និងជំហរម៉ឺងម៉ាត់របស់កម្ពុជា

ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

សំណួរទី ១៖ តើបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានអត្ថន័យសំខាន់ដូចម្តេចសម្រាប់កម្ពុជា?
ចម្លើយ៖ បទឈប់បាញ់នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការទូត និងការ គាំទ្រពីដៃគូអន្តរជាតិ។ វាបង្ហាញយ៉ាងច្បាស់ថា កម្ពុជាជ្រើសរើសមាគ៌ាសន្តិភាព ដោយតម្កល់អាយុជីវិត និងសុខទុក្ខ របស់ប្រជាជនជាអាទិភាពចម្បង។ បទឈប់បាញ់នេះបាននាំមកនូវលទ្ធផលជាក់ស្តែងមួយចំនួនដូចជា ការដោះលែង យោធិន ១៨ រូប ការវិលត្រឡប់របស់ប្រជាជនភៀសសឹកជាង ៩៤% និងការកាត់បន្ថយហានិភ័យនៃការប៉ះទង្គិច។
នេះបញ្ជាក់ថា បទឈប់បាញ់មិនត្រឹមតែបញ្ឈប់ការប៉ះទង្គិចប្រដាប់អាវុធប៉ុណ្ណោះទេ ប៉ុន្តែ ជាជំហានសំខាន់ក្នុងការស្តារ ស្ថិរភាព និងសន្តិភាពជាបន្តបន្ទាប់នៅតាមព្រំដែន។ លើសពីនេះទៅទៀត វាក៏ជាការបង្ហាញផងដែរពីរបៀបដឹកនាំ និងការប្រើប្រាស់ការទូតជាមធ្យោបាយគន្លឹះក្នុងការការពារប្រទេសជាតិ ដោយជៀសវាងការបាត់បង់ជីវិត និងការបំផ្លាញ សេដ្ឋកិច្ចសង្គម។ បទឈប់បាញ់នេះក៏បានបង្កើតបរិយាកាសសមស្របសម្រាប់ការចរចា និងការសហការបន្តទៅមុខ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែងផងដែរ។

សំណួរទី ២៖ បន្ទាប់ពីបទឈប់បាញ់ តើរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តវិធានការអ្វីខ្លះដើម្បីរក្សាសន្តិភាព? 
ចម្លើយ៖ រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួម និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ ដោយ ផ្តោតលើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ ជាក់ស្តែង កម្ពុជាបានប្រើយន្តការទ្វេភាគី ដូចជាគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែន ក៏ដូចជាការសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗនៅតាមបណ្តាយព្រំដែនរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ កម្ពុជាក៏បានផ្ញើកំណត់ទូតតវ៉ាជាបន្តបន្ទាប់ (ចំនួន ៥លើក) ទៅភាគីថៃ ចាប់តាំងពីបទឈប់បាញ់លើកទី២ចូលជាធរមានដើម្បីជំរុញការអនុវត្តការងារបច្ចេកទេស លើដីជាក់ស្តែង។ បន្ថែមពីលើនេះ រាជរដ្ឋាភិបាលក៏បានតវ៉ាប្រឆាំងនឹងសកម្មភាពដែលធ្វើឱ្យមានការប្រែប្រួលស្ថានភាព នៅលើដី ប៉ះពាល់ដល់សន្តិសុខនិងបូរណភាពទឹកដីកម្ពុជា និងជំរុញឱ្យមានការគោរពលក្ខខណ្ឌនៃបទឈប់បាញ់ឱ្យបាន ពេញលេញ។ ការរួមបញ្ចូលវិធានការទូត បច្ចេកទេស និងច្បាប់អន្តរជាតិ បង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់
រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ដែលមិនមែនសម្រាប់តែដំណោះស្រាយបណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែ គឺជា ការធ្វើយ៉ាងណាឱ្យដំណោះស្រាយមានភាពរឹងមាំ និងមាននិរន្តរភាព។

សំណួរទី ៣៖ តើកម្ពុជាមានជំហរដូចម្តេចចំពោះសន្តិភាព និងអធិបតេយ្យភាព?
ចម្លើយ៖ កម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ «សន្តិភាពជាអាទិភាព ប៉ុន្តែមិនបោះបង់អធិបតេយ្យភាព និងប្រជាជន» ។ ខណៈពេលដែលកំពុងបន្តគោរពបទឈប់បាញ់ និងដោះស្រាយដោយសន្តិវិធី កម្ពុជាក៏រក្សាសិទ្ធិ ពេញលេញក្នុងការការពារខ្សែបន្ទាត់ព្រំដែនអន្តរជាតិជាមួយប្រទេសថៃ ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា បារាំង-សៀម និងគោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris)។ កម្ពុជាមិនទទួលស្គាល់ការកែប្រែ ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ ហើយនឹងបន្តប្រើវិធានការទូត និងច្បាប់ ដើម្បីធានាសន្តិភាព ស្ថិរភាព និងភាពយុត្តិធម៌សម្រាប់ប្រជាជាតិ ក៏ដូចជាសម្រាប់ប្រទេសទាំងពីរ និងសន្តិសុខសម្រាប់តំបន់ទាំងមូលផងដែរ៕

អត្ថបទទាក់ទង