Grand News Asia Close

ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ប្រកាសព័ត៌មាន ព័ត៌មានជាតិ 1026
ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦

គិតចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះ មានរយៈពេល៣ខែគត់។ បទឈប់បាញ់នេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ីជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥។ ដូច្នេះ នេះជាឱកាសដែលយើងគួររម្លឹកឡើងវិញពីអត្ថន័យនិងលទ្ធផលដែលកើតចេញពីបទឈប់បាញ់នេះ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនជនរួមជាតិក្រោយសម្រេចបានបទឈប់បាញ់នេះថា កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បង និងខ្ពស់បំផុត។ ទន្ទឹមនឹងនោះ កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់។ ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានគូសបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរនៃប្រជាជាតិរបស់ខ្លួនបានឡើយ។

អាចនិយាយបានថា ការសម្រេចបាននូវសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលក្នុងនោះមានចែងពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀង ១៥ ចំណុចផ្សេងទៀត គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ចៀសការស្លាប់ ការរងរបួស ការបង្ហូរឈាម និងសោកនាដកម្មដ៏មហន្តរាយមកលើប្រទេសជាតិ ដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់រសជាតិយ៉ាងច្បាស់រួចទៅហើយ។

នេះក៏ជាហេតុផលដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងទៅ ដោយក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ។ គោលដៅចម្បង គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងបច្ចេកទេសស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។

សូមរម្លឹកថា ក្រោមស្មារតីនៃសេចក្តីប្រកាសរួមនេះ យោធិនកម្ពុជា ១៨នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសសឹកជាង ៩៤% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយគិតមកទល់ថ្ងៃនេះ។ ប៉ុន្តែ នៅសល់ជនភៀសសឹកជាង ៣ម៉ឺន៦ពាន់នាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ ដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការដាក់រាយបន្លាលួស និងទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចយកទ្រព្យសម្បត្តិរបស់ពួកគេ។

ប្រឈមមុខចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ និងយ៉ាងខ្លាំងក្លាប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងពីសំណាក់កងកម្លាំងថៃ។ ទន្ទឹមនឹងនោះ កម្ពុជាក៏បាននិងកំពុងជំរុញឱ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី៣ និងទី៤ នៃសេចក្តីប្រកាសរួម ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត និងផ្តល់អាទិភាពខ្ពស់បំផុតដល់តំបន់ដែលមានជនស៊ីវិលរស់នៅ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ និងអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែនបានផ្ញើកំណត់ទូត ៥លើកហើយទៅកាន់ភាគីថៃ គិតចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តន៍ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្រ្តភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើម ដែលភាគីទាំងពីរបានឯកភាពគ្នា និងកំណត់ខ្សែព្រំដែននៅទីតាំងមួយចំនួនក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាដើម។

អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាព កម្ពុជាបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សូមអរគុណ!

អត្ថបទទាក់ទង