Grand News Asia Close

បទវិចារណកថា៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កាលបរិច្ឆេទនៃកង់រង្វង់ប្រវត្តិសាស្រ្តកម្ពុជា

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ទំព័រវីដេអូ ទស្សនៈ-នយោបាយ 356
បទវិចារណកថា៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កាលបរិច្ឆេទនៃកង់រង្វង់ប្រវត្តិសាស្រ្តកម្ពុជា បទវិចារណកថា៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កាលបរិច្ឆេទនៃកង់រង្វង់ប្រវត្តិសាស្រ្តកម្ពុជា

ភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ – ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលនឹងមកដល់នៅពេលខាងមុខដ៏ខ្លី នឹងក្លាយជាកាលបរិច្ឆេទនៃកង់រង្វង់ប្រវត្តិសាស្រ្តកម្ពុជា នៅក្នុងយុគសម័យនៃទំនើបកម្ម និងឌីជីថលនីយកម្ម​របស់មនុស្សជាតិ។​

ក្រោយទទួលបានឯករាជ្យពីបារាំងនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ កម្ពុជាបានរស់នៅក្នុងស្ថានភាពស្មើមុខស្មើមាត់ និងមានទឹកមាត់ប្រៃមួយនៅលើឆាកអន្តរជាតិ ប៉ុន្តែអ្វីៗគ្រប់យ៉ាងបានប្រែប្រួលក្រឡាប់ចាក់ ហើយតម្លៃ និងការទទួលស្គាល់សង្គមធម៌ អរិយធម៌ សីលធម៌ និងកិត្យានុភាពរបស់ពលរដ្ឋកម្ពុជា​ក៏ត្រូវអាប់ឱនជាបន្តបន្ទាប់ក្រោយរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ​១៩៧០ ដោយសេនាប្រមុខ លន់ នល់ ដោយប្រែក្លាយកម្ពុជាពីរបបរាជានិយម ទៅជារបបសាធារណរដ្ឋ។

ចាប់តាំងពីពេលនោះមក ភ្លើងសង្គ្រាមបានបន្តកើតមាន រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលខ្មែរក្រហមដែលកម្លាំងមួយចំនួនកកើតឡើងដោយសារតែទឹកចិត្តប្រឆាំងនឹងរបបសាធារណរដ្ឋ និងពូនជ្រុំរបបរាជានិយមនោះ​ បានចូលកាន់កាប់រាជធានី។ ពលរដ្ឋកម្ពុជាសម័យនោះគិតថា សង្រ្គាមរ៉ាំរ៉ៃប្រមាណជា០៥ឆ្នាំ អាចនឹងបញ្ចប់ ប៉ុន្តែ​កម្ពុជាមិនបានប្រែក្លាយទៅជារបបរាជានិយមឡើងវិញឡើយ គឺបែរជាធ្លាក់នៅក្នុងរបបវាលពិឃាតទៅវិញ​។

ក្រោមការដឹកនាំរបស់មេដឹកនាំខ្មែរក្រហម ដែលនៅក្នុងពេលនោះបានដាក់ឈ្មោះប្រទេសថា កម្ពុជាប្រជាធិបតេយ្យ ប្រទេសថ្វីត្បិតតែគ្មានសង្រ្គាម តែពោរពេញដោយការកាប់សម្លាប់ ការបាត់បង់ជីវិតមនុស្ស សេដ្ឋកិច្ចធ្លាក់ដល់សូន្យ គ្មានផ្សារ គ្មានលុយ ហើយពលរដ្ឋរស់ជាមួយនឹងដង្ហើមពោរពេញដោយសេចក្តីភ័យខ្លាច។​ ​

ក្រោយថ្ងៃរំដោះ ថ្ងៃទី០៧ ខែមករា ឆ្នាំ​១៩៧៩ ពលរដ្ឋកម្ពុជាបានបន្តតស៊ូរស់នៅក្នុងស្ថានភាពស្តារឡើងវិញគ្រប់វិស័យ និងសង្រ្គាមផ្ទៃក្នុង រហូតដល់ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ​១៩៩១ ភាគីជម្លោះបានផ្សះផ្សាគ្នាចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដោយយល់ព្រមរួបរួមគ្នាដណ្តើមអំណាចដោយសន្លឹកឆ្នោត ក្រោមការចាត់ចែងដោយសហគមន៍អន្តរជាតិ ពីថ្ងៃទី​២៣ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៣ ប៉ុន្តែនៅពេលនោះ ភាគីខ្មែរក្រហមដែលជាភាគីហត្ថលេខីមួយនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស បានដកខ្លួនចេញ ដូច្នេះពន្លឺសន្តិភាពដែលពលរដ្ឋកម្ពុជាសង្ឃឹមជាថ្មីនោះ ត្រូវបរាជ័យ។

សហគមន៍អន្តរជាតិបានចាត់ទុកថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ជាសមិទ្ធផល និងជាភាពជោគជ័យនៃកិច្ចស្វះស្វែងរកសន្តិភាពនៅកម្ពុជា ប៉ុន្តែធាតុពិត សង្រ្គាមត្រូវបានបន្តអូសបន្លាយ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ទើបពលរដ្ឋកម្ពុជាអាចទទួលបានសន្តិភាពយ៉ាងពិតប្រាកដ។

ចាប់តាំងពីពេលនោះមក ពលរដ្ឋកម្ពុជារស់ក្នុងសន្តិភាពដ៏ពេញបរិបូរណ៍ រហូតដល់ទល់សព្វថ្ងៃ ដោយសារតែមគ្គុទេសឯករបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នេះគឺជាសច្ចភាពនៃប្រវត្តិសាស្រ្តដែលមិនអាចមិនទទួលស្គាល់បានឡើយ។​

នៅក្នុងនាមជាអ្នកតស៊ូដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត និងបានធ្វើពលិកម្មជាច្រើនដើម្បីបុព្វហេតុសន្តិភាព ផ្អែកតាមបទពិសោធន៍នៃការតស៊ូ តាំងពីអំឡុងសង្រ្គាមនៅទស្សវត្សរ៍នៃឆ្នាំ​១៩៧០ ​នៅក្នុងនាមជានាយទាហានថ្នាក់ក្រោមរហូតដល់ក្លាយជាមេដឹកនាំកាច់ចង្កូតកម្ពុជា ចាប់តាំងពីថ្ងៃទី​១៤ ខែមករា ឆ្នាំ​១៩៨៥ មកដល់បច្ចុប្បន្ន ពោលគឺជិត៤ទស្សវត្សរ៍ សម្តេចតេជោបានកសាងនូវសមិទ្ធផល​ជាច្រើនជូនប្រទេសជាតិ ហើយគ្រប់គ្នាគិតថា សម្តេចតេជោ នឹងបន្តដឹកនាំកម្ពុជាបន្តទៀត ប៉ុន្តែនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២៣ សម្តេចបានប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈថា សម្តេចនឹងចាកចេញនៅថ្ងៃទី២២ ខែសីហា ឆ្នាំដដែលនេះ ជូន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេច ជាអ្នកបន្តវេនក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី។

តាមរយៈសារនយោបាយនៅក្នុងសេចក្តីថ្លែងការណ៍នេះ សម្តេចតេជោ បានបញ្ជាក់យ៉ាងច្បាស់ថា សមាជិករាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺភាគច្រើនជាឥស្សរជនវ័យក្មេង​ ដែលពោរពេញដោយសមត្ថភាព និងបទពិសោធន៍ ដើម្បីធានា និងបន្តជ្រោមជ្រែងដំណើរការអភិវឌ្ឍសង្គមកម្ពុជាបន្តទៀត។

នៅក្នុងសារនយោបាយនេះដែរ សម្តេចតេជោ មិនបានបញ្ជាក់សមាសភាពនៃគណៈរដ្ឋមន្រ្តីអាណត្តិក្រោយនេះទេ ដោយសម្តេចលើកឡើងថា ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងជ្រើសតាំង ក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផល នៃការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ជាផ្លូវការ និងការតែងតាំងពីព្រះមហាក្សត្រ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សឈ្នះឆ្នោត បានសម្រេចស្នើបេក្ខភាពឯកឧត្តមបណ្ឌិត ជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា។

​នៅក្នុងនាមជាបញ្ញវ័ន្តវ័យក្មេង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចាប់ផ្តើមបម្រើការងារជាកងទ័ព តាំងពីឆ្នាំ​១៩៩៥ ហើយក៏បានបន្តការសិក្សាលើជំនាញយោធា ពីសាលាយោធាដ៏ល្បីរបស់ពិភពលោកនៅសហរដ្ឋអាមេរិក គឺ សាលា West Point រហូតទទួលបានជោគជ័យនៅឆ្នាំ​១៩៩៩។ ឯកឧត្តមបណ្ឌិត ក៏បានបន្តការសិក្សាអនុបណ្ឌិតផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យញូវយ៉ក នាឆ្នាំ​២០០២ ហើយទទួលសញ្ញាប័ត្របណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ ប្រ៊ីស្តូល​ នៅចក្រភពអង់គ្លេស ​នាឆ្នាំ​២០០៨។

ពាក់ព័ន្ធនឹងជីវិតឯកជនវិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកជំទាវ ពេជ ចន្ទមុន្នី បច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលបានបញ្ចប់សញ្ញាប័ត្របណ្ឌិតសុខភាពសាធារណៈ ពីចក្រភពអង់គ្លេស ដោយទទួលបានបុត្រី២រូប និងបុត្រាមួយរូប។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី បានលេចធ្លោរបំផុតនៅក្នុងអំឡុងសង្រ្គាមប្រឆាំងនឹងការរីករាលដាលនៃមេរោគកូវីដ-១៩ នៅកម្ពុជា ក្នុងឆ្នាំ២០២០-២០២២។ សម្រាប់ការងារនយោបាយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលការគាំទ្រនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន ក្រោយពេលដែលឯកឧត្តមបានត្រូវតែងតាំងជាសមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានយុវជនគណបក្ស នោះមិនរាប់បញ្ចូលស្នាដៃនៅក្នុងការធ្វើទំនើបកម្មកងទ័ព​នៅក្នុងតំណែង ដែលឯកឧត្តមទទួលខុសត្រូវជាមេបញ្ជាការកងទ័ពជើងគោក និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ នោះឡើយ។

ផ្អែកតាមបទពិសោធន៍ការងារ ការអប់រំ ការគ្រប់គ្រងគ្រួសារ និងការងារទទួលខុសត្រូវចំពោះកាតព្វកិច្ច និងភារកិច្ចរបស់ប្រទេសជាតិ ដែលមានសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងពោរពេញទៅដោយបុគ្គល និងឥស្សរជនវ័យក្មេង និងមានបទពិសោធន៍ការងារ ព្រមទាំងការអប់រំខ្ពស់ ដូច្នេះព្រឹត្តិការណ៍នៅថ្ងៃទី២២ ខែសីហា ឆ្នាំ​២០២៣ ដែលជាថ្ងៃគ្រោងនឹងប្រកាសសមាសភាពគណៈរដ្ឋមន្រ្តីថ្មីនៅកម្ពុជា នឹងក្លាយជាថ្ងៃនៃរបត់កង់រង្វង់ប្រវត្តិសាស្រ្តថ្មីមួយសម្រាប់កម្ពុជា នៅក្នុងសតវត្សទី២១ នេះ៕

ដោយ ហេង បញ្ញា

អត្ថបទទាក់ទង