វិភាគអន្តរជាតិ៖ សម្ពាធ Hormuz របស់លោក ត្រាំ កំពុងធ្វើតេស្ដលើព្រំដែនសន្តិនិយមរបស់ជប៉ុន
(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi គ្រោងនឹងជួបប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាននៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយពិភពលោក កំពុងទន្ទឹងរង់ចាំមើលថាតើអ្វីទៅដែលលោកស្រីនឹងប្រាប់ទៅកាន់មេដឹកនាំម្នាក់ដែលគេពិបាកស្មានចិត្តបំផុតរបស់ពិភពលោករូបនេះ? លោក ត្រាំបានអំពាវនាវឱ្យសម្ព័ន្ធមិត្តបញ្ជូន នាវាចម្បាំងទៅអមដំណើរកប៉ាល់ដឹកប្រេងឆ្លងកាត់តាមច្រកសមុទ្រ Hormuz។ ការអំពាវនាវនេះបានបង្កឱ្យមានការចោទសួរឡើងវិញជាថ្មីថាតើជប៉ុនអាចនឹងទៅបានឆ្ងាយដល់ណាដើម្បី គាំទ្រដល់សហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តមិនអាចខ្វះបានរបស់ខ្លួន ខណៈទីក្រុងតូក្យូកំពុងប្រឈមមុខនឹងជម្រើសរវាងសន្តិសុខ និងច្បាប់។
ខាងក្រោមនេះជាជម្រើសស្របច្បាប់មួយចំនួនសម្រាប់លោកស្រី Takaichi និងគំរូកាលពីអតីតកាលដែលអាចផ្លាស់ប្ដូរការសម្រេចចិត្តរបស់លោកស្រី៖
* ដើរតួនាទីជាប៉ូលិស
នៅបន្ទាប់ពីចាញ់ក្នុងសង្រ្គាមលោកលើកទី២ ជប៉ុនបានអនុម័តរដ្ឋធម្មនុញ្ញមួយព្រាងឡើងដោយសហរដ្ឋអាមេរិកដែលហាមឃាត់ជប៉ុនប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយ ជម្លោះអន្តរជាតិ។ ប៉ុន្តែទោះជាមានការរឹតត្បិតពីរដ្ឋធម្មនុញ្ញក៏ដោយ លោកស្រី Takaichi នៅតែអាចដាក់ពង្រាយនាវាចម្បាំងរបស់កងកម្លាំងជើងទឹកស្វ័យការពារជប៉ុន ក្រោម ក្របខណ្ឌនៃប្រតិបត្តិការអនុវត្តច្បាប់នៅក្រៅប្រទេស។ ជាឧទាហរណ៍៖ ដូចជាប្រតិបត្តិការប្រឆាំងចោរសមុទ្រនៅឆ្នេរសមុទ្រនៃប្រទេសសូម៉ាលី និងតំបន់ឈូងសមុទ្រ Aden ដែលជប៉ុនបានចូលរួមចាប់តាំងពីឆ្នាំ២០០៩ បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់មួយចំនួនដែលអនុញ្ញាតឱ្យនាវាចម្បាំងជប៉ុនការពារកប៉ាល់ ឬនាវារបស់បណ្ដាប្រទេសដទៃ ជាពិសេស សម្ព័ន្ធមិត្តរបស់ខ្លួន។
បន្ទាប់ពីការស្នើសុំរបស់លោក ត្រាំ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់សភាកាលពីថ្ងៃទី១៦ ខែមីនាថាសកម្មភាពដើរតួនាទីដូចជាប៉ូលិសនេះអាចនឹងត្រូវបាន លើកយកទៅពិចារណា ប្រសិនបើកងកម្លាំងស្វ័យការពារជប៉ុន SDF យល់ថាចាំបាច់។ ប៉ុន្តែ ក្របខណ្ឌនៃប្រតិបត្តិការបែបនេះគឺអាចឱ្យជប៉ុនដើរតួនាទីជាប៉ូលិស មិនមែនជាកងទ័ពប្រយុទ្ធ នោះទេ។ ពីព្រោះថាការធ្វើប្រតិបត្តិការណាមួយដែលតម្រូវឱ្យកងកម្លាំងជប៉ុនត្រូវប្រឈមមុខនឹងកងកម្លាំងរបស់រដ្ឋមួយផ្សេងទៀតដូចជាអ៉ីរ៉ង់ គឺជាបញ្ហាច្បាប់ដ៏ស្មុគស្មាញ។
* លក្ខខណ្ឌច្បាប់ដ៏តឹងរ៉ឹង
ជាការបោះជំហានដ៏ធំមួយចេញពីរដ្ឋធម្មនុញ្ញសន្តិនិយមក្រោយសម័យសង្រ្គាមលោកលើកទី២ ជប៉ុនកកាលពីឆ្នាំ២០១៥ បានអនុម័តច្បាប់សន្តិសុខដែលអនុញ្ញាតឱ្យខ្លួនអាចដាក់ពង្រាយ កងកម្លាំងទៅក្រៅប្រទេស ក្រោមកាលៈទេសមួយចំនួន។ ការអនុញ្ញាតនេះទៀតសោតអាចធ្វើទៅកើត លុះត្រាតែសម្ព័ន្ធមិត្តរងការវាយប្រហារណាមួយ ឬក៏ការវាយប្រហារនោះគំរាមកំហែង ដល់អាយុជីវិតជាតិ ហើយជប៉ុនគ្មានជម្រើសផ្សេងទៀតដើម្បីដោះស្រាយបញ្ហា។ ច្បាប់នេះបានអនុញ្ញាតឱ្យប្រើប្រាស់កងកម្លាំងទូលំទូលាយជាងប្រតិបត្តិការប្រឆាំងចោរសមុទ្រ ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌដ៏តឹងរ៉ឹងនៃច្បាប់នេះជាមុនសិន។ ក្នុងន័យនេះ លោកស្រី Takaichi ត្រូវតែផ្ដល់ទឡ្ហីករណ៍ដែលអាចបញ្ជាក់បានថាការរំខានដល់ការផ្គត់ផ្គង់ថាមពលបង្កឡើង ដោយការបិទច្រកសមុទ្រ Hormuz ជាការគំរាមកំហែងដល់អាយុជីវិតជាតិ។ តែឡឡ្ហីករណ៍បែបនេះត្រូវបានគេរំពឹងថានឹងប្រឈមមុខនឹងការជំទាស់ពីគណបក្សប្រឆាំង និងសាធារណៈមតិជប៉ុន។
* មេរៀនពីអតីតកាល
ប្រតិបត្តិការរបស់ជប៉ុនកាលពីអតីតកាលក្នុងតំបន់មជ្ឈិមបូព៌ាអាចផ្ដល់ឱ្យលោកស្រី Takaichi នូវឧទាហរណ៍មួយសម្រាប់ការសម្រេចចិត្តរបស់លោកស្រី ក៏ដូចជាគូសបញ្ជាក់ពី ភាពប្រុងប្រយ័ត្នរបស់ជប៉ុនដើរតាមគន្លងនៃព្រំដែនច្បាប់របស់ខ្លួន។ អំឡុងសង្រ្គាមឈូងសមុទ្រឆ្នាំ១៩៩១ ជប៉ុនបានចូលរួមចំណែកខាងហិរញ្ញវត្ថុជាជាងបញ្ជូនកងទ័ពទៅជួយ សហរដ្ឋអាមេរិកដែលបានរិះគន់ការសម្រេចចិត្តរបស់តូក្យូនៅពេលនោះថាមានភាពទន់ខ្សោយ។ បន្ទាប់ពីសង្រ្គាមបញ្ចប់ ជប៉ុនបានបញ្ជូននាវាដោះមីនទៅកាន់តំបន់ឈូងសមុទ្រពែក្ស ដែលនេះជាការដាក់ពង្រាយកងកម្លាំងស្វ័យការពារជប៉ុនទៅក្រៅប្រទេសលើកដំបូងបំផុត។ ក្រោយមកទៀត នៅបន្ទាប់ពីមានការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ លើសហរដ្ឋអាមេរិក ជប៉ុនបានបញ្ជូននាវាចម្បាំងនៃកងកម្លាំងជើងទឹកស្វ័យការពារជប៉ុនទៅកាន់មហាសមុទ្រឥណ្ឌាដើម្បីធ្វើប្រតិបត្តិការជួយចាក់ប្រេងឥន្ធនៈ និងគាំទ្រដល់ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ បេសកកម្មនេះមានរយៈពេល៨ឆ្នាំ ប៉ុន្តែជប៉ុនមិនបានចូលរួមក្នុងការប្រយុទ្ធ ឬបេសកកម្មអមដំណើរនោះទេ។
ក្នុងឆ្នាំ២០០៤ ជប៉ុនបានបញ្ជូនទាហានថ្មើរជើង ៦០០នាក់ទៅកាន់ប្រទេសអ៉ីរ៉ាក់សម្រាប់ការងារជួយកសាងអ៉ីរ៉ាក់ឡើងវិញ រួមជាមួយយន្ដហោះដើម្បីដឹកជញ្ជូនការផ្គត់ផ្គង់ និងកងទ័ព។ ទាហានជប៉ុនទាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់កម្លាំងបាយជាជម្រើសចុងក្រោយតែប៉ុណ្ណោះ ហើយពួកគេត្រូវបានការពារដោយកងទ័ពហូឡង់ និងអូស្ត្រាលី អំឡុង បំពេញបេសកកម្មរយៈពេល ២ឆ្នាំនៅអ៉ីរ៉ាក់។ ដោយឡែក ក្នុងឆ្នាំ២០១៩វិញ ក្រោយមានការវាយប្រហារលើកប៉ាល់ដឹកប្រេងដែលសហរដ្ឋអាមេរិកចោទថាជាស្នាដៃរបស់អ៉ីរ៉ង់ ជប៉ុនបានបញ្ជូន នាវាពិឃាតមួយគ្រឿង និងយន្ដហោះល្បាតចេញពីប្រតិបត្តិការប្រឆាំងចោរសមុទ្រនៅក្បែរប្រទេសសូម៉ាលី ឱ្យទៅប្រមូលព័ត៌មានក្នុងតំបន់ឈូងសមុទ្រអូម៉ង់ អារ៉ាប់ និង Aden។ តែនាវាពិឃាត និងយន្ដហោះល្បាតជប៉ុនស្ថិតនៅខាងក្រៅច្រកសមុទ្រ Hormuz និងឈូងសមុទ្រពែក្សតែប៉ុណ្ណោះ។
* បញ្ហាច្បាប់អន្តរជាតិ
ជប៉ុនក៏កំពុងប្រឈមមុខនឹងបញ្ហាច្បាប់ដាច់ដោយឡែកមួយទៀតផងដែរ នោះគឺថាតើសកម្មភាពយោធារបស់សហរដ្ឋអាមេរិកប្រឆាំងអ៉ីរ៉ង់ ធ្វើឡើងស្របតាមច្បាប់អន្តរជាតិ ដែរឬទេ? នៅក្រោម ធម្មនុញ្ញ UN ការប្រើប្រាស់កម្លាំងយោធាត្រូវបានហាមឃាត់ លុះត្រាតែមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ UN ឬក៏ធ្វើឡើងក្រោមហេតុផលស្វ័យការពារខ្លួនប្រឆាំងនឹងការវាយប្រហារ ដោយប្រដាប់អាវុធណាមួយ។ ក្នុងនាមជាប្រទេសមួយដែលគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់អន្តរជាតិ ភាពមិនច្បាស់លាស់ខាងផ្លូវច្បាប់អាចនឹងធ្វើឱ្យជប៉ុនកាន់តែមានការប្រុងប្រយ័ត្ន ក្នុងការសម្រេចចិត្ត។ ក្រុមអ្នកជំនាញច្បាប់មានការខ្វែងគំនិតគ្នាលើថាតើការវាយប្រហាររបស់សហរដ្ឋអាមេរិកលើអ៉ីរ៉ង់ស្រប ឬមិនស្របច្បាប់អន្តរជាតិ ហើយលោកស្រី Takaichi ក៏មិនបានបញ្ជាក់ឱ្យច្បាស់ពីគោលជំហររបស់ជប៉ុននោះដែរ។
លោក Rintaro Nishimura ជាអ្នកជំនាញម្នាក់មកពីស្ថាប័ន Asia Group មានមូលដ្ឋានក្នុងទីក្រុងតូក្យូ បាននិយាយថាវាជារឿងដ៏ពិបាកមួយសម្រាប់ឱ្យលោកស្រី Takaichi បដិសេធ ការធ្វើអន្តរាគមន៍ ឬការចូលរួមរបស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងគា្រដែលតូក្យូកំពុងស្នើសុំឱ្យសហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃជួយការពារកប៉ាល់របស់ក្រុមហ៊ុនជប៉ុន ឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព។ ដូច្នេះអ្នកជំនាញរូបនេះយល់ថានៅក្រោយកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ បញ្ហាប្រហែលជាមិនមែននៅត្រង់ថាតើជប៉ុន គួរ ឬមិនគួរចូលរួមនោះទេ តែផ្ទុយទៅវិញ វានឹងក្លាយជាចំណោទមួយថាតើជប៉ុនត្រូវចូលរួមដោយរបៀបណា?
លោកស្រី Takaichi បានប្រាប់សភាជប៉ុនកាលពីថ្ងៃទី១៦ ខែមីនាថាលោកស្រីនឹងមិនលើកយកបញ្ហាច្បាប់ក្នុងជំនួបជាមួយលោក ត្រាំថាតើការវាយប្រហាររបស់អាមេរិកលើអ៉ីរ៉ង់ ស្របច្បាប់អន្តរជាតិឬក៏អត់នោះទេ ពោលគឺលោកស្រីនឹងផ្តោតលើការបន្ធូរបន្ថយស្ថានការណ៍ជម្លោះឱ្យបានកាន់តែឆាប់ និងសុវត្ថិភាពក្នុងតំបន់ច្រកសមុទ្រ Hormuz៕






