Grand News Asia Close

អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 398
អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង អ្នកវិភាគចៅចាក់ស្មុក៖ សកម្មភាពទាំងឡាយដែលជនក្បត់ជាតិ៣ជំនាន់ និងបក្ខពួកកំពុងតែប្រព្រឹត្តជាការជីករណ្តៅកប់ខ្លួនឯង

(ភ្នំពេញ)៖ ទោះបីជាផែនការទុច្ចរិតក្បត់ជាតិរបស់ពួកគេ ត្រូវបានបរាជ័យយ៉ាងអាម៉ាស់ជាបន្តបន្ទាប់ ប៉ុន្តែក្រុមជនសាងគ្រោះឱ្យជាតិនិងចៅហ្វាយនាយបរទេសពួកគេ នៅតែបន្តចិញ្ចឹមចិត្ត និងធ្វើមុខក្រាស់តាមបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាតាមល្បិចកលនិងផែនការផ្សេងៗ ដោយមិនទុកឱ្យជាតិនិងប្រជាជនកម្ពុជារស់ដោយភាពសុខសាន្តនិងការរីកចម្រើនឡើយ។

បន្ទាប់ពីបង្កើតក្រុមតេឡេក្រាមឈ្មោះ «សប្បាយ» ដើម្បីធ្វើយុទ្ធនាការគូសសន្លឹកចោល ប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាបានបរាជ័យ​ ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដឹកនាំដោយទណ្ឌិត សម រង្ស៊ី ក៏បានប្រែក្លាយក្រុមតេឡេក្រាមនោះ ទៅជាក្រុមនៃបដិវត្តន៍ពណ៌ទឹកក្រូច ដែលធ្លាប់បានធ្វើនៅប្រទេសអ៊ុយក្រែន និងបច្ចុប្បន្នកំពុងបង្កាត់ភ្លើងនៅប្រទេសថៃ ដើម្បីបន្តយុទ្ធនាការប្រឆាំងនឹងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីដែលកើតចេញពីការបោះឆ្នោត និងជាពិសេសប្រឆាំងនឹងការបន្តវេនរបស់យុវជនជំនាន់ក្រោយ របស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំ ថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។

អ្នកនយោបាយចាញ់ចាស់វស្សានិងជាជនក្បត់ជាតិតជំនាន់ សម រង្ស៊ី ត្រូវបានពលរដ្ឋខ្មែរបកស្បែកមុខនិងស្គាល់ច្បាស់ថាជាអ្នកញុះញង់អាជីព គ្មានតម្លៃអ្វីមកលូកលាន់ក្នុងការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៧ នេះឡើយព្រោះពលរដ្ឋខ្មែរ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តតាមបែបប្រជាធិបតេយ្យ ជូនដល់គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស។ ពលរដ្ឋចំនួន ៨,៣លាននាក់ ស្មើនឹង ៨៤,៥៨% ដែលបានចេញទៅបោះឆ្នោត និងក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជាង ៦,៣លានសំឡេងស្មើនឹងជាង ៨២% នៃសំឡេងឆ្នោតបានការសរុប ជាសំឡេងប្រជាធិបតេយ្យដ៏កងរំពងក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសបន្តទៀត។ ម្យ៉ាងទៀត យុទ្ធនាការបំផ្លាញការបោះឆ្នោត តាមរយៈការគូសសន្លឹកឆ្នោតចោលរបស់ក្រុមប្រឆាំងក៏បានបរាជ័យ យ៉ាងអាម៉ាសព្រោះសន្លឹកឆ្នោតមិនបានការ មានចំនួនតិចតួចបំផុតមិនស្មើនឹងសន្លឹកឆ្នោតមិនបានការនាឆ្នាំ២០១៨ ឡើយ។ ការគាំទ្ររបស់ពលរដ្ឋជាង ៦,៣លាននាក់ ដលគណបក្សប្រជាជនជាសំឡេងប្រជាធិបតេយ្យ ដែលគ្មាននរណាម្នាក់ អាចបដិសេធបានឡើយ និងត្រូវតែគោរពមតិភាគច្រើននេះ។ជាមួយអត្រានៃការចេញទៅបោះឆ្នោតដ៏ច្រើននេះ ធម្មានុរូបភាពនៃដំណើរការប្រជាធិបតេយ្យ និងខាងនយោបាយ ត្រូវបានធានាទាំងស្រុង។

កាលពីថ្ងៃម្សិលនៅនៅក្លឹបអ្នកឆ្លើយឆ្លងព័ត៌មានបរទេសមានស្នាក់ការណ៍នៅប្រទេសថៃ បានរៀបចំវេទិកាឡាំប៉ាមួយដែលរៀបចំដោយក្រុមជនបរទេស ដែលតែងតែនៅពីក្រោយខ្នងក្រុមប្រឆាំងបានវាយតម្លៃទាប ចំពោះឆន្ទៈបោះឆ្នោតប្រជាពលរដ្ឋកម្ពុជា និងបំភ្លៃខុសពីការពិតអំពីដំណើរការប្រជាធិបតេយ្យ ដែលនេះស្មើនឹងការបន្ទាបបន្ថោកកិត្តិយសខ្លួនឯង។ ការឡាំប៉ា និងបង្កើតយុទ្ធនាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ជាការធ្វើនយោបាយបំផ្លាញខ្មែរ របស់ក្រុមជនក្បត់ជាតិដែលមានបរទេសនៅពីក្រោយ ដែលជាម្ចាស់នៃបក្សភ្លើងទៀន។ បក្សភ្លើងទៀនរបស់ខ្លួនមិនបានចូលរួម ប្រកួតប្រជែងដោយសារតែមានកំហុសផ្នែកច្បាប់ ខ្វះលិខិតបញ្ជាក់នីត្យានុកូលកម្មស្របតាមនីតិវិធីច្បាប់ ហើយការដែលមិនបានចូលរួការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ក៏ជាមូលហេតុទាក់ទងនឹងផែនការទុច្ចរិតរបស់ទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ផងដែរ ដោយប្រើឧបាយកលយកប្រជាធិបតេយ្យបំផ្លាញប្រជាធិបតេយ្យ «ខ្ចីដៃបរទស មិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅកម្ពុជា រិះគន់វាយប្រហារដាក់សម្ពាធទណ្ឌកម្ម មកលើរាជរដ្ឋាភិបាលដែលចេញពីការបោះឆ្នោតដោយត្រឹមត្រូវ យុត្តិធម៌និងស្របច្បាប់ ដែលជះឥទ្ធិពលដល់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសជាតិ» និងដោយស្របតាមការមិនចុះសម្រុងផ្ទៃក្នុងរបស់មេដឹកនាំនៅក្រៅប្រទេស និងក្នុងប្រទេស ទើបលិខិតប្រកាសលេខ៩៣ ស្តីពីការទទួលស្គាល់គណបក្ស សម រង្ស៊ី ឬ គណបក្សភ្លើងទៀនត្រូវបានបាត់គ្មានមូលហេតុច្បាស់លាស់។

អ្វីដែលក្រុមជនក្បត់ជាតិបាននិងកំពុងធ្វើគឺបាននិងកំពុងដើរបញ្ច្រាសទិសនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ទាំងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី រួមនឹងបក្ខពួកព្យាយាមក្នុងការរារាំងលើការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជា ប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋដែលបានបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជាជាង ៦,៣លាននាក់ស្មើប្រមាណជាង ៨២% នៃសំឡេងឆ្នោតសរុប។ ប៉ុន្តែផែនការរបស់ពួកគេគ្មានការគាំទ្រ ឡើយគឺមានតែក្រុមជនក្បត់ជាតិប៉ុន្មានដំបរស្វានៅក្រៅប្រទេសតែប៉ុណ្ណោះ។ ពួកគេព្យាយាមបំបែកបំបាក់ផង ព្យាយាមរារាំងផង តែអ្វីៗគ្មាន ប្រសិទ្ធភាពឡើយព្រោះគណបក្សប្រជាជនកម្ពុជាជាគណបក្សចាស់ទុំផ្នែកនយោបាយ និងបានគិតគូរផែនការដឹកនាំយ៉ាងល្អិតល្អន់។ សូម្បីតែ ផែនការនៃការរៀបចំអ្នកបន្តវេន ក៏គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបានយ៉ាងល្អឥតខ្ចោះ ក្នុងគោលដៅបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់ជាតិ។ ជាមួយគ្នានេះប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោត និងមហាជនទូទៅបានអបអរសាទរភ្លូកទឹកភ្លូកដី ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនីតិកាលទី៧ នៃរដ្ឋសភាព្រោះឯកឧត្តមមានលក្ខណៈសម្បត្តិពេញលេញ ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀត។

ការធ្វើយុទ្ធនាការប្រឆាំងនឹងការបន្តវេនរបស់យុវជនគណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំប្រទេសជាការប្រឆាំងនឹងឆន្ទៈប្រជាពលរដ្ឋច្រើនលើសលុប ដែលបានអញ្ជើញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរនឹងមិនជឿតាមការញុះញង់របស់ ក្រុមជនក្បត់ជាតិឡើយព្រោះពួកគេបានប្រព្រឹត្តកំហុសម្តងហើយម្តងទៀត និងបានធ្វើសកម្មភាពញុះញង់បំពានច្បាប់ ហើយអ្នកនៅក្នុងស្រុកគឺ​ជាអ្នកដែលជាប់គុកជំនួសក្រុមជនក្បត់ជាតិទាំងនេះ។ មន្ត្រីសកម្មជននៃគណបក្សភ្លើងទៀនដែលលង់ជឿការញុះញង់របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានចេញមកសារភាពអស់ហើយថាធ្វើតាមការបញ្ជារបស់​សម រង្ស៊ី។ ដូចនេះ​ ពួកគេនឹងមិនលង់ជឿលើក្រុមរត់ចោលស្រុកនេះទៀតឡើយ។ ម្យ៉ាងទៀត បរទេសទាំងឡាយមិនត្រូវលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាឡើយ។ ប្រសិនបើបរទេសណាគាំទ្រចលនាប្រឆាំងជ្រុលនិយមនិងយុទ្ធនាការនេះ​ គឺច្បាស់ណាស់ ពួកគេបានចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសន្តិភាពនៅកម្ពុជា។ ដូច្នេះអ្វីៗទាំងឡាយដែល ក្រុមប្រឆាំងបាននិងកំពុងធ្វើជាសកម្មភាព ដ៏ស្មោគគ្រោកនិងទុច្ចរិតបំផុតប្រឆាំងនឹងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ប្រឆាំងនឹងបំណងដ៏ពិសិដ្ឋរបស់ប្រជាជនខ្មែរ គឺស្មើនឹងពួកគេកំពុងជីករណ្តៅកប់ខ្លួនឯងដូច្នេះដែរ៕​

ដោយ៖ ចៅចាក់ស្មុក​
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣

អត្ថបទទាក់ទង