Grand News Asia Close

វិចារណកថា៖បទឈប់បាញ់កម្ពុជា-ថៃ មិនទាន់ស្ថិរភាពផង ថៃ-អ៊ីស្រាអែលសាកល្បងដ្រូនស៊ើបការណ៍ជិតព្រំដែន តើចង់ធ្វើអី?

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ទស្សនៈ-Opinion ព័ត៌មានជាតិ 1014

តាមការចុះផ្សាយរបស់សារព័ត៌មាន The Defence Blog នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ក្រុមហ៊ុនផលិតដ្រូនយុទ្ធសាស្ត្ររបស់អ៉ីស្រាអែល Aero Sentinel បានបង្ហាញ និងធ្វើតេស្តដ្រូនស៊ើបការណ៍របស់ខ្លួនដល់កងកម្លាំងនគរបាលល្បាតព្រំដែនថៃ នៅជិតព្រំដែនកម្ពុជា។ ការធ្វើតេស្ត​ប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាដ្រូនដ៏ទំនើបនេះ ធ្វើឡើងក្នុងពេលដែលភាគីកម្ពុជា និងថៃ​ កំពុងអនុវត្តបទឈប់បាញ់ និងក្នុងពេលដែលស្ថានភាពនៅតាមព្រំដែននៃប្រទេសទាំង២ស្ថិតក្នុងសភាពផុយស្រួលនៅឡើយ។ ដូច្នេះ តើអ៉ីស្រាអែល និងថៃ ចង់ធ្វើអ្វី? តើសកម្មភាពនេះ អាចចាត់ទុកថា ជាការបង្កហេតុ និងជាការបំពានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែរឬទេ?

ការធ្វើតេស្តដ្រូនស៊ើបការណ៍ផលិតដោយក្រុមហ៊ុនអ៊ីស្រាអែល ដល់នគរបាលល្បាតព្រំដែនថៃ នៅជិតព្រំដែនកម្ពុជា-ថៃ មិនអាចនិយាយបានថា វាគ្រាន់តែជាការបង្ហាញបច្ចេកវិទ្យាធម្មតានោះទេ។ នៅពេលព្រំដែនកម្ពុជា-ថៃ កំពុងស្ថិតក្រោមបទឈប់បាញ់ ហើយស្ថានការណ៍ប្រឈមមុខដាក់គ្នាស្ថិតក្នុងស្ថានភាពផុយស្រួយនៅឡើយ ការនាំយកប្រព័ន្ធបច្ចេកវិទ្យាដ្រូនស៊ើបការណ៍ទំនើបមកសាកល្បងនៅជិតតំបន់ដ៏រសើបនេះ គឺជារឿងដែលពិបាកទទួលយកបានណាស់សម្រាប់ភាគីកម្ពុជា។

បើតាមក្រុមហ៊ុន Aero Sentinel ការធ្វើតេស្តដ្រូននេះ គឺផ្តោតលើសមត្ថភាពប្រតិបត្តិការក្នុងបរិយាកាសដែលគ្មានសញ្ញា GPS។ Aero-Sentinel គឺជាក្រុមហ៊ុនផលិតដ្រូនរបស់អ៊ីស្រាអែល ដែលមានទីស្នាក់ការនៅទីក្រុង Petah Tikva ប្រទេសអ៊ីស្រាអែល។ ក្រុមហ៊ុននេះ ផលិតដ្រូនយុទ្ធសាស្ត្រស៊េរី Sentinel G1, G2 និង G3 ដែលផ្តោតជាចម្បងលើការស៊ើបការណ៍ ឃ្លាំមើល ការសង្កេតពីលើអាកាស ការការពារព្រំដែន និងប្រតិបត្តិការសន្តិសុខ។ ប្រព័ន្ធដ្រូនទាំងនេះ អាចបំពាក់កាមេរ៉ាសម្រាប់ប្រតិបត្តិការទាំងពេលថ្ងៃ និងពេលយប់ និងបញ្ជូនរូបភាពទៅកាន់ក្រុមប្រតិបត្តិការនៅលើដី។ ប្រព័ន្ធបច្ចេកវិទ្យាដ្រូននេះ មានសមត្ថភាពធ្វើប្រតិបត្តិការនៅក្នុងតំបន់ភូមិសាស្ត្រស្មុគស្មាញ និងស្ថិតក្រោមលក្ខខណ្ឌគ្មានសញ្ញា GPS (GPS-denied conditions) ដោយសារប្រើប្រាស់បច្ចេកវិទ្យារុករកតាមរូបភាព (Visual Navigation) តាមរយៈកាមេរ៉ាលើម៉ាស៊ីនជំនួសឱ្យការពឹងផ្អែកលើប្រព័ន្ធផ្កាយរណបដែលងាយរងការរំខានសញ្ញា (jamming/spoofing)។

ជាការពិតណាស់ ការធ្វើតេស្តប្រតិបត្តិការដ្រូនស៉ើបការណ៍ជាក់ស្តែងនេះ មិនមែនជាបច្ចេកវិទ្យាសម្រាប់ការថតទេសភាព ឬការងារស៊ីវិលធម្មតានោះទេ។ ប៉ុន្តែ វាជាប្រព័ន្ធបច្ចេកវិទ្យាដែលមានតម្លៃខ្ពស់ និងសមត្ថភាពខ្ពស់សម្រាប់ការឃ្លាំមើល ការស៊ើបការណ៍ និងប្រតិបត្តិការសន្តិសុខក្នុងតំបន់ដែលមានភាពតានតឹង។

នៅទីនេះ មិនអាចសួរសំណួរថា តើដ្រូននោះល្អប៉ុណ្ណានោះទេ? ប៉ុន្តែ ត្រូវសួរថា ហេតុអ្វីបានជាត្រូវជ្រើសរើសសាកល្បងប្រតិបត្តិការបច្ចេកវិទ្យាដ្រូននេះ នៅជិតព្រំដែនកម្ពុជា-ថៃ ក្នុងពេលដែលប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់? តើនេះគ្រាន់តែជាការធ្វើតេស្តបច្ចេកទេសធម្មតាមែនទេ? ឬក៏ជាសញ្ញាមួយនៃការបង្កើនសមត្ថភាពស៊ើបការណ៍នៅតំបន់ព្រំដែនជាមួយកម្ពុជា?

អ្វីដែលយើងដឹងច្បាស់ គឺថាព្រំដែនកម្ពុជា-ថៃ មិនមែនជាព្រំដែនធម្មតាដែលគ្មានប្រវត្តិនៃការប៉ះទង្គិចគ្នានោះទេ។ នៅក្នុងសង្រ្គាមឈ្លានពានរ​បស់ថៃមកលើកម្ពុជា២លើកកន្លងមក គឺដ្រូនបានក្លាយជាឧបករណ៍ដ៏សំខាន់មួយក្នុងការឃ្លាំមើល និងប្រតិបត្តិការយោធារបស់ថៃ។ សូម្បីតែបន្ទាប់ពីភាគីទាំងពីរបានព្រមព្រៀងបទឈប់បាញ់ ក៏នៅតែមានការចោទប្រកាន់ទៅវិញទៅមកពាក់ព័ន្ធនឹងការហោះហើរដ្រូន និងសកម្មភាពស៊ើបការណ៍នៅតាមបណ្តោយព្រំដែន។ ស្ថានភាពបែបនេះបានធ្វើឱ្យតំបន់ព្រំដែននៅតែមានភាពតានតឹង និងផុយស្រួយ ហើយសកម្មភាពណាមួយដែលអាចបង្កការយល់ច្រឡំ គួរត្រូវបានជៀសវាង មិនមែនបន្ថែមឡើងទៀតនោះទេ។

ក្នុងបរិបទបែបនេះ ការនាំយកប្រព័ន្ធបច្ចេកវិទ្យាដ្រូនដែលអាចធ្វើប្រតិបត្តិការបាន ទោះបីស្ថិតក្នុងបរិយាកាសគ្មាន GPS មកសាកល្បងនៅជិតព្រំដែនដែលកំពុងមានភាពរសើប គឺជារឿងដែលសមហេតុផលណាស់ក្នុងការទាមទារឱ្យមានការបំភ្លឺជាចាំបាច់។

តើខ្វះពេលណាស់ឬ ទើបត្រូវមកសាកល្បងនៅពេលនេះ? តើខ្វះទីតាំងណាស់ឬ ទើបត្រូវជ្រើសរើសតំបន់ជិតព្រំដែនកម្ពុជា-ថៃ ដែលកំពុងមានភាពតានតឹង? សំណួរទាំងនេះ មិនមែនជាការបង្កើនភាពតានតឹងទេ។ ផ្ទុយទៅវិញ វាជាការទាមទារតម្លាភាពពីភាគីពាក់ព័ន្ធទាំងថៃ ទាំងអ៉ីស្រាអែល ក្នុងពេលដែលសន្តិភាពនៅតាមព្រំដែននៃប្រទេសទាំង២នៅមិនទាន់មានភាពរឹងមាំនៅឡើយ។

ការមិនបាញ់គ្នា គឺជាជំហានទីមួយនៃសន្តិភាព។ ក៏ប៉ុន្តែ សន្តិភាពមិនអាចមានតែការស្ងប់ស្ងាត់ មិនលឺសំឡេងស្នូលកាំភ្លើងប៉ុណ្ណោះទេ។ ប្រសិនបើនៅក្រោមម្លប់បទឈប់បាញ់ ភាគីណាមួយនៅតែបន្តពង្រឹងសមត្ថភាពឃ្លាំមើល ស៊ើបការណ៍ ឬប្រតិបត្តិការនៅតំបន់ដែលមានភាពរសើបខ្លាំង នោះបទឈប់បាញ់អាចនៅសល់តែនៅលើក្រដាស ខណៈការមិនទុកចិត្តគ្នាកំពុងកើនឡើងនៅលើដីជាក់ស្តែង។

ចំណុចទី៦ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ភាគីទាំងពីរឯកភាពមិនប្រព្រឹត្តសកម្មភាពបង្កហេតុណាមួយដែលអាចនាំឱ្យមានភាពតានតឹង រួមទាំងសកម្មភាពយោធាដែលប៉ះពាល់ដល់ដែនអាកាស បូរណភាពទឹកដី ឬទីតាំងរបស់ភាគីម្ខាងទៀត ហើយក៏មិនត្រូវសាងសង់ ឬពង្រីកហេដ្ឋារចនាសម្ព័ន្ធយោធាហួសពីទីតាំងរបស់ខ្លួនដែរ។ នេះហើយជាមូលហេតុដែលសកម្មភាពសាកល្បងដ្រូនស៊ើបការណ៍ទំនើបនៅជិតព្រំដែន ក្នុងពេលដែលបទឈប់បាញ់នៅមិនទាន់មានភាពរឹងមាំ មិនគួរកើតមានទាល់តែសោះ។

បើគ្រប់ភាគីថៃពិតជាចង់បានសន្តិភាព មិនគួរមានសកម្មភាពណាដែលធ្វើឱ្យភាគីកម្ពុជាមានការសង្ស័យ ឬមានអារម្មណ៍ថា ស្ថានភាពកំពុងរងការគំរាមកំហែងនោះឡើយ។ សន្តិភាពមិនមែនវាស់ត្រឹមថា ថ្ងៃនេះគ្មានការបាញ់គ្នាទេ សន្តិភាពត្រូវវាស់ថា តើភាគីទាំងពីរកំពុងធ្វើអ្វី ដើម្បីធានាថា ថ្ងៃស្អែកនឹងមិនមានការបាញ់គ្នាឡើងវិញ។ នេះក៏ជាសំណួរដែលថៃ និងក្រុមហ៊ុនអ៊ីស្រាអែល ដែលបានជ្រើសរើសសាកល្បងដ្រូនស៊ើបការណ៍នៅជិតព្រំដែនកម្ពុជាក្នុងពេលដ៏រសើបនេះ គួរតែឆ្លើយឱ្យបានច្បាស់ចំពោះសាធារណជន និងភាគីពាក់ព័ន្ធជាបន្ទាន់ និងជាចាំបាច់៕ -កម្ពុជាថ្មី-

ដោយ៖ វណ្ណ សុគន្ធា

អត្ថបទទាក់ទង