Grand News Asia Close

វិភាគអន្តរជាតិ៖ តើការគំរាមរបស់លោក ត្រាំ ថានឹងវាយ​អ៉ីរ៉ង់​ឱ្យ​វិល​ត្រ​ឡប់​ទៅយុគសម័យថ្ម មានន័យយ៉ាងណាចំពោះច្បាប់អន្តរជាតិ?

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion 1029
វិភាគអន្តរជាតិ៖ តើការគំរាមរបស់លោក ត្រាំ ថានឹងវាយ​អ៉ីរ៉ង់​ឱ្យ​វិល​ត្រ​ឡប់​ទៅយុគសម័យថ្ម មានន័យយ៉ាងណាចំពោះច្បាប់អន្តរជាតិ? វិភាគអន្តរជាតិ៖ តើការគំរាមរបស់លោក ត្រាំ ថានឹងវាយ​អ៉ីរ៉ង់​ឱ្យ​វិល​ត្រ​ឡប់​ទៅយុគសម័យថ្ម មានន័យយ៉ាងណាចំពោះច្បាប់អន្តរជាតិ?

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦ បានគំរាមកម្ទេចបណ្ដាញអគ្គិសនីសាជាថ្មី និងទម្លាក់គ្រាប់បែករហូតដល់ធ្វើឱ្យអ៉ីរ៉ង់ដែលមាន ប្រជាជន៩០លាននាក់វិលត្រឡប់ទៅយុគសម័យថ្ម ពោលគឺវាយឱ្យអ៉ីរ៉ង់អស់រលីងពីខោតែម្ដង។ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា លោក ត្រាំ បានបង្ហោះសារឌឺដងផ្លែផ្កា និងអួតពីការវាយកម្ទេច បំផ្លាញស្ពានខ្ពស់ជាងគេបំផុតមួយក្នុងប្រទេសអ៉ីរ៉ង់ និងថែមទាំងព្រមានទៀតផងថាការបំផ្លិចបំផ្លាញនឹងបន្តកើតឡើង រហូតទាល់តែអ៉ីរ៉ង់ត្រឡប់ទៅរកតុចរចាដើម្បីបិទបញ្ចប់សង្រ្គាម អូសបន្លាយពេល ៥សប្ដាហ៍មកនេះ។

អនុសញ្ញាទីក្រុងហ្សឺណែវស្ដីពីច្បាប់សង្រ្គាមដែលត្រូវបានអនុម័តក្រោយសង្រ្គាមលោកលើកទី២ បានហាមឃាត់រាល់ការបំផ្លិចបំផ្លាញអ្វីៗទាំងឡាយដែលប្រជាជនស៊ីវិលត្រូវការជាចាំបាច់ មិនអាចខ្វះបានដើម្បីរស់រានមានជីវិត។ កាលពីឆ្នាំ២០២៤ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានចោទប្រកាន់មន្ត្រីយោធារុស្ស៉ី៤នាក់ ជុំវិញការវាយប្រហារជាលក្ខណៈប្រព័ន្ធលើបណ្ដាញអគ្គិសនីរបស់ អ៊ុយក្រែន។ តែឥលូវដល់វេនលោក ត្រាំ វិញម្ដងដែលគំរាមកម្ទេចបណ្ដាញអគ្គិសនីអ៉ីរ៉ង់។

ការវាយប្រហារលើរោងចក្រអគ្គិសនីអ៉ីរ៉ង់នឹងបង្កផលវិបាកធ្ងន់ធ្ងរដល់ប្រជាជនស៊ីវិល។ នៅក្រោមច្បាប់អន្តរជាតិ ការវាយប្រហារលើរោងចក្រថាមពល និងគោលដៅស៊ីវិលដទៃទៀតអាចធ្វើទៅបាន លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហេដ្ឋារចនាសម្ព័ន្ធទាំងនោះគាំទ្រជាចម្បងដល់សកម្មភាពយោធា។ ប៉ុន្តែសុន្ទរកថារបស់លោក ត្រាំ បានបញ្ជាក់ពីហេតុផលផ្សេងពីនេះ។ នេះបើតាមលោក Tom Dannenbaum ជាសាស្ត្រាចារ្យច្បាប់ម្នាក់មកពីសាកលវិទ្យាល័យ Stanford Law School។ លោកបានពន្យល់ថា «ដោយយោងលើការគំរាមទម្លាក់គ្រាប់បែកលើអ៉ីរ៉ង់ឱ្យវិលត្រឡប់ទៅរក យុគសម័យថ្ម វាបានបញ្ជាក់ថាអ្វីដែលនឹងក្លាយជាគោលដៅនៃការវាយប្រហារ គឺដោយសារតែវាបានចូលរួមចំណែក ឬមានជាប់ពាក់ព័ន្ធនឹងសង្គមទំនើបនៅក្នុងប្រទេសអ៉ីរ៉ង់»។ បានន័យថាលោក ត្រាំ បានគំរាមទម្លាក់គ្រាប់បែកកម្ទេចអ្វីៗគ្រប់យ៉ាងដែលធ្វើឱ្យអ៉ីរ៉ង់មានដំណើរការជាសង្គមទំនើបមួយ។ ការគំរាមបែបនេះមិនមានជាប់ពាក់ព័ន្ធថាតើហេដ្ឋារចនាសម្ព័ន្ធទាំងនោះបម្រើឱ្យការធ្វើ សកម្មភាពយោធា ឬក៏យ៉ាងណានោះទេ?

លោក Robert Goldman ជាអ្នកជំនាញម្នាក់ខាងឧក្រិដ្ឋកម្មសង្រ្គាមមកពីសាកវិទ្យាល័យ American University Washington College of Law បាននិយាយថា លោក ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថាសហរដ្ឋអាមេរិកបានគ្រប់គ្រងទាំងស្រុងលើដែនអាកាសអ៉ីរ៉ង់ ហើយនឹងអាចវាយប្រហារកម្ទេចគ្រប់យ៉ាងទាំងអស់មិនថាជាបណ្ដាញផ្គត់ផ្គង់អគ្គិសនីក៏ដោយ។ តាមអ្នកជំនាញរូបនេះ បច្ចុប្បន្នការវាយប្រហារលើរោងចក្រថាមពលគឺជាទង្វើផ្ទុយពីច្បាប់ ពីព្រោះផលវិបាកសម្រាប់ប្រជាជនស៊ីវិលត្រូវបានគេមើលឃើញយ៉ាងច្បាស់រួចជាមុនទៅហើយ។

លោកបន្ថែមថាការសម្លុតគំរាមសងសឹករបស់អ៉ីរ៉ង់ក៏មានអាចនឹងត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មសង្រ្គាមផងដែរ តួយ៉ាងដូចជាការគំរាមវាយប្រហារលើរោងចក្រចម្រាញ់ទឹកប្រៃទៅជាទឹកសាប នៅក្នុង បណ្ដាប្រទេសឈូងសមុទ្រ។ តែទោះជាបីជាសហរដ្ឋអាមេរិកប្រព្រឹត្តឧក្រិដ្ឋសកម្មសង្រ្គាមក៏ដោយ ហានិភ័យភ្លាមៗ ឬការកាត់ទោសតាមផ្លូវច្បាប់ប្រឆាំងនឹងលោក ត្រាំ រួមទាំងរដ្ឋមន្ត្រីការពារជាតិ របស់លោក គឺលោក Hegseth និងមន្ត្រីអាមេរិកដទៃទៀត ប្រហែលជានឹងមិនអាចកើតឡើងឡើយ។ តែសម្រាប់លោក Goldman ហានិភ័យចម្បងចំពោះសហរដ្ឋអាមេរិក នោះគឺបាត់បង់កេរ្តិ៍ឈ្មោះ ហើយនឹងបង្កើតគំរូអាក្រក់មួយសម្រាប់ពិភពលោកទាំងមូល៕

អត្ថបទទាក់ទង