Grand News Asia Close

ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ តើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ដោយវិធីណា?

ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ តើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ដោយវិធីណា? ព្រឹត្តិការណ៍សង្រ្គាមមជ្ឈិមបូព៌ា៖ តើសហរដ្ឋអាមេរិក និងអ៉ីស្រាអែលសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ដោយវិធីណា?

(វ៉ាស៊ីនតោន)៖ មួយរយៈពេលខ្លី មុននឹងសហរដ្ឋអាមេរិក និងអ៉ីស្រាអែលត្រៀមលក្ខណៈបើកការវាយប្រហារលើអ៉ីរ៉ង់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានផ្តោតលើការកំណត់ ទីតាំងនៃគោលដៅដ៏សំខាន់បំផុត នោះគឺមេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei។ CIA បានចំណាយពេលជាច្រើនខែក្នុងការតាមដានលោក Khamenei ជាមួយ ការប្រមូលបានព័ត៌មានគួរឱ្យទុកចិត្តជាច្រើនពីទីតាំង និងទម្លាប់របស់មេដឹកនាំកំពូលរូបនេះ។ ចារកម្មអាមេរិកទទួលបានព័ត៌មានថាកិច្ចប្រជុំមួយរបស់ក្រុមមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់នឹងត្រូវធ្វើឡើង នៅពឹ្រកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងរដ្ឋធានីតេហេរ៉ង់។

កាន់តែសំខាន់ជាងនេះ CIA ប្រមូលបានព័ត៌មានថាលោក Khamenei ក៏នឹងមានវត្តមានក្នុងកិច្ចប្រជុំនោះដែរ។ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានសម្រេចចិត្តកែប្រែពេលវេលានៃ ការវាយប្រហាររបស់ពួកគេ បន្ទាប់ពីទទួលបានព័ត៌មានថ្មីនេះដែលបានផ្ដល់ឱកាសឱ្យប្រទេសទាំង២សម្រេចបានជោគជ័យក្នុងការកម្ចាត់ក្រុមមន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ជាច្រើននាក់ ព្រមទាំងលោក Khamenei ផងដែរ។ ការសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់បានដោយជោគជ័យបានឆ្លុះបញ្ចាំងឱ្យឃើញពីការសម្របសម្រួល និងការចែករំលែកព័ត៌មានសម្ងាត់យ៉ាងជិតស្និទ្ធរវាងអាមេរិក និងអ៉ីស្រាអែល នៅមុនពេលបើកការវាយប្រហារ។ ប្រតិបត្តិការនេះក៏បានបង្ហាញដែរពីបរាជ័យរបស់មេដឹកនាំអ៉ីរ៉ង់ក្នុងការដាក់ចេញវិធានការបង្ការការពារខ្លួនឯង ក្នុងពេលមួយដែលទាំង សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានឱ្យសញ្ញាច្បាស់ថាពួកគេកំពុងត្រៀមលក្ខណៈធ្វើសង្រ្គាម។

ក្រុមមន្ត្រីអាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់កាសែត New York Times ថា CIA បានបញ្ជូនព័ត៌មានសម្ងាត់ដែលមានបញ្ជាក់ពីទីតាំងស្ថិតនៅរបស់លោក Khamenei ទៅឱ្យអ៉ីស្រាអែល។ អ៉ីស្រាអែលមិនបង្អង់យូរ បានប្រើប្រាស់ព័ត៌មានសម្ងាត់បានពីអាមេរិក និងព័ត៌មានសម្ងាត់ដែលខ្លួនឯងប្រមូលបាន បើកធ្វើប្រតិបត្តិការវាយប្រហារដែលខ្លួនបានគ្រោង អស់ជាច្រើនខែមកហើយ នោះគឺសម្លាប់មេដឹកនាំអ៉ីរ៉ង់។ តាមពិតទៅ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលមានផែនការវាយប្រហារលើអ៉ីរ៉ង់នៅពេលយប់។ តែប្រទេសទាំង២បានសម្រេចចិត្ត កែប្រែពេលវេលានៃការវាយប្រហារ ក្រោយទទួលបានព័ត៌មានសម្ងាត់ថ្មីថាក្រុមថ្នាក់ដឹកនាំអ៉ីរ៉ង់បើកកិច្ចប្រជុំនៅឯអគាររដ្ឋាភិបាលក្នុងទីក្រុងតេហេរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ។

ថ្នាក់ដឹកនាំអ៉ីរ៉ង់មានគម្រោងជួបប្រជុំគ្នានៅឯអគារជាទីដែលការិយាល័យរបស់ប្រធានាធិបតី មេដឹកនាំកំពូល និងក្រុមប្រឹក្សាសន្តិសុខជាតិអ៉ីរ៉ង់ស្ថិតនៅ។ អ៉ីស្រាអែលបានកំណត់ឃើញថា អ្នកដែលមានវត្តមានក្នុងកិច្ចប្រជុំរួមមាន លោក Mohammad Pakpour ជាអគ្គមេបញ្ជាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ រដ្ឋមន្ត្រីការពារជាតិ លោក Aziz Nasirzadeh ឧត្តមនាវី Ali Shamkhani ជាប្រមុខក្រុមប្រឹក្សាយោធា លោក Seyyed Majid Mousavi ជាមេបញ្ជាការកងទ័ពអាកាសនៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ អនុរដ្ឋមន្ត្រីខាងចារកម្ម លោក Mohammad Shirazi និងមន្ត្រីជាច្រើននាក់ទៀត។ ប្រតិបត្តិការបានចាប់ផ្ដើមនៅម៉ោង ៦ព្រឹក ថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ (ម៉ោងនៅអ៉ីស្រាអែល) ដោយយន្ដហោះចម្បាំងជាច្រើនគ្រឿង បានហោះចេញពីបន្ទាយ។ ការវាយប្រហារតាមផ្លូវអាកាសនេះតម្រូវឱ្យមានយន្ដហោះចម្បាំងតិចគ្រឿង តែយន្ដហោះទាំងនោះមានបំពាក់ដោយអាវុធរយៈចម្ងាយឆ្ងាយ និងគ្រាប់បែកភ្ជាប់ ជាមួយប្រព័ន្ធ GPS កំណត់គោលដៅជាក់លាក់។

រយៈពេល២ម៉ោង និង៥នាទីក្រោយយន្ដហោះចម្បាំងហោះចេញពីបន្ទាយនៅប្រហែលម៉ោង ៩៖៤០នាទីព្រឹក (ម៉ោងនៅតេហេរ៉ង់) មីស៊ីលរយៈចម្ងាយឆ្ងាយបានវាយប្រហារចំទីតាំងដែល ថ្នាក់ដឹកនាំអ៉ីរ៉ង់ជួបប្រជុំ។ ក្នុងពេលការវាយប្រហារកើតឡើង ក្រុមមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់អ៉ីរ៉ង់កំពុងស្ថិតនៅក្នុងអគារ ហើយលោក Ayatollah Khamenei កំពុងស្ថិតក្នុងអគារ ក្បែរនោះក្នុងរដ្ឋធានីតេហេរ៉ង់។ មន្ត្រីអ៉ីស្រាអែលម្នាក់បានប្រាប់ New York Times​ «ការវាយប្រហារត្រូវបានធ្វើឡើងព្រមៗគ្នាក្នុងពេលតែមួយលើទីតាំងជាច្រើនក្នុងរដ្ឋធានីតេហេរ៉ង់ ក្នុងនោះមានទាំងអគារមួយដែលជាទីតាំងប្រជុំរបស់ថ្នាក់ដឹកនាំអ៉ីរ៉ង់»។ មន្ត្រីរូបនេះដដែលបាននិយាយថាបើទោះជាអ៉ីរ៉ង់បានត្រៀមខ្លួនទុកជាមុនក៏ដោយ ក៏អ៉ីស្រាអែលនៅតែវាយប្រហារ បានដោយជោគជ័យ។

រហូតដល់ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់បានទទួលស្គាល់ពីការស្លាប់របស់មេដឹកនាំយោធាជាន់ខ្ពស់២រូបដែលអ៉ីស្រាអែលអះអាងថាខ្លួនបានសម្លាប់ កាលពីថ្ងៃសៅរ៍ គឺលោកឧត្តមនាវី Shamkhani និងលោកនាយឧត្តមសេនីយ៍ Pakpour រួមទាំងលោក Khamenei។ ក្រុមមន្ត្រីអាមេរិកដែលបានដឹងពីប្រតិបត្តិការនេះបានចាត់ទុកវាជាសមិទ្ធផលដ៏ល្អ មួយដែលកើតចេញពីព័ត៌មានសម្ងាត់ និងការត្រៀមលក្ខណៈអស់ជាច្រើនខែ។ កាលពីខែមិថុនា ឆ្នាំ២០២៥ ខណៈយោធាអាមេរិកកំពុងរៀបចំផែនការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៉ីរ៉ង់ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថាសហរដ្ឋអាមេរិកដឹងពីកន្លែងលាក់ខ្លួនរបស់លោក Ayatollah Khamenei ហើយអាចសម្លាប់មេដឹកនាំកំពូលរូបនេះបានយ៉ាងងាយ។

អតីតមន្ត្រីចារកម្មអាមេរិកម្នាក់បាននិយាយថាព័ត៌មានស៊ើបការណ៍សម្ងាត់ដែលលោក ត្រាំ បានលើកឡើងគឺផ្អែកលើបណ្ដាញតែមួយដែលសហរដ្ឋអាមេរិកពឹងផ្អែកកាលពីថ្ងៃសៅរ៍។ ប៉ុន្តែ ចាប់ពីពេលនោះមក ព័ត៌មានដែលសហរដ្ឋអាមេរិកប្រមូលបានកាន់តែមានភាពល្អប្រសើរឡើង។ អំឡុងសង្រ្គាម១២ថ្ងៃកាលពីខែមិថុនា ឆ្នាំមុន សហរដ្ឋអាមេរិកបានសិក្សាពីរបៀបដែល មេដឹកនាំកំពូលអ៉ីរ៉ង់ធ្វើការទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ព្រមទាំងការធ្វើចលនារបស់ពួកគេនៅពេលមានសម្ពាធ។ សហរដ្ឋអាមេរិកប្រើប្រាស់ចំណេះដឹងទាំងនេះដើម្បីធ្វើឱ្យ សមត្ថភាពតាមដានលោក Khamenei កាន់តែល្អប្រសើរឡើង ហើយព្យាករពីចលនារបស់មេដឹកនាំកំពូលរូបនេះ។

សហរដ្ឋអាមេរិក និងអ៉ីស្រាអែលក៏បានប្រមូលបានព័ត៌មានជាក់លាក់អំពីទីតាំងរបស់ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់សំខាន់ៗរបស់អ៉ីរ៉ង់ផងដែរ។ នៅក្រោយការវាយប្រហារជាបន្តបន្ទាប់លើទីតាំង ប្រជុំមេដឹកនាំអ៉ីរ៉ង់កាលពីថ្ងៃសៅរ៍ ទីតាំងដែលថ្នាក់ដឹកនាំចារកម្មអ៉ីរ៉ង់ស្ថិតនៅក៏រងការវាយប្រហារដែរ។ ក្រុមមន្ត្រីចារកម្មកំពូលៗរបស់អ៉ីរ៉ង់បានរួចផុតពីការស្លាប់ តែមន្ត្រីចារកម្មជាន់ខ្ពស់ជាច្រើននាក់ត្រូវបានសម្លាប់៕

-Fresh News-

អត្ថបទទាក់ទង