ព្រួយបារម្ភអំពីអ័ព្ទផ្សែងប៉ះពាល់សុខភាព តែសកម្មភាពដុតសំរាម ជញ្ជាំ្រងស្រូវ និងព្រៃនៅតែបន្ត
#វិចារណកថា
(ភ្នំពេញ)៖ ការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីអ័ព្ទផ្សែង និងផលប៉ះពាល់ដល់សុខភាព កំពុងកើនឡើង ជាពិសេសនៅពេលគុណភាពខ្យល់ធ្លាក់ចុះ។ ប្រជាពលរដ្ឋជាច្រើនបង្ហាញការព្រួយបារម្ភអំពីបញ្ហាដង្ហើម រលាកភ្នែក និងហានិភ័យសុខភាពរយៈពេលវែងដែលបណ្តាលមកពីខ្យល់ពុល។ ទោះជាយ៉ាងណា អ្នកសង្កេតការណ៍បរិស្ថាន បានបញ្ជាក់ថា នៅតែមានភាពផ្ទុយគ្នារវាងការព្រួយបារម្ភ និងសកម្មភាពប្រចាំថ្ងៃដែលនៅតែបង្កអ័ព្ទផ្សែង។
១៖ ឫសគល់នៃបញ្ហា
អ័ព្ទផ្សែងភាគច្រើនកើតឡើងពីផ្សែង និងភាគល្អិតតូចៗដែលបញ្ចេញពីសកម្មភាពដុត ដូចជាការដុតសំរាម ការដុតជញ្ជ្រាំងស្រូវ ឬសំណល់កសិកម្មបន្ទាប់ពីប្រមូលផល និងការឆេះព្រៃ។ សកម្មភាពទាំងនេះបញ្ចេញសារធាតុពុលក្នុងខ្យល់ ដូចជាភាគល្អិតនិចលតូច (PM2.5) ដែលអាចចូលទៅជ្រៅក្នុងសួត និងបង្កហានិភ័យជំងឺផ្លូវដង្ហើម និងជំងឺបេះដូង។
២៖ ភាពផ្ទុយគ្នានៃឥរិយាបថ
ទោះបីមានការយល់ដឹងអំពីហានិភ័យសុខភាពកើនឡើងក៏ដោយ ការដុតនៅតែជាទម្លាប់ដែលត្រូវបានអនុវត្តក្នុងសហគមន៍មួយចំនួន ដោយសារភាពងាយស្រួល កង្វះជម្រើសក្នុងការគ្រប់គ្រងសំរាម និងទម្លាប់កសិកម្មបែបប្រពៃណី។ អ្នកជំនាញបានបញ្ជាក់ថា ការព្រួយបារម្ភមានការកើនឡើង ប៉ុន្តែសកម្មភាពការពារនៅកម្រិតសហគមន៍នៅតែមានកម្រិតទាប។
៣៖ ដំណោះស្រាយរួមគ្នា
អ្នកជំនាញផ្នែកសុខាភិបាលបានណែនាំថា ការកាត់បន្ថយអ័ព្ទផ្សែងត្រូវការការចូលរួមពីគ្រប់ភាគី។ ប្រជាពលរដ្ឋត្រូវបានលើកទឹកចិត្តឱ្យជៀសវាងការដុតសំរាម ប្រើវិធីគ្រប់គ្រងសំណល់កសិកម្មដែលមានសុវត្ថិភាព និងជូនដំណឹងអាជ្ញាធរនៅពេលមានការឆេះដែលមិនអាចគ្រប់គ្រងបាន។ ខណៈអាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគួរតែពង្រឹងការផ្សព្វផ្សាយ និងផ្តល់ជម្រើសជាក់ស្តែងជំនួសការដុត។
សរុបមក ទោះបីការព្រួយបារម្ភអំពីអ័ព្ទផ្សែង និងសុខភាពកើនឡើងក៏ដោយ ការកែលម្អស្ថានភាពនឹងកើតឡើងបាន តែបើមានការផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃ និងការសហការរវាងសហគមន៍ និងអាជ្ញាធរ ក្នុងការកាត់បន្ថយសកម្មភាពដុតដែលបង្កការបំពុលខ្យល់។ សុខភាពសាធារណៈនឹងកែលម្អទៅបាន លុះត្រាតែមានការផ្លាស់ប្តូរឥរិយាបថពី «ការបន្តដុត» មកជា «ការរួមគ្នាការពារ»៕
-ក្រសួងបរិស្ថាន-






