Grand News Asia Close

ហ្វីលីពីនអង្គុយលើកៅអីជាប្រធានអាស៊ាន ចំពេលគ្មានហុងស៊ុយ

ដោយ៖ Morm Sokun ​​ | 5 ម៉ោងមុន ទស្សនៈ-Opinion អាស៊ាន | ASEAN 1017
ហ្វីលីពីនអង្គុយលើកៅអីជាប្រធានអាស៊ាន ចំពេលគ្មានហុងស៊ុយ ហ្វីលីពីនអង្គុយលើកៅអីជាប្រធានអាស៊ាន ចំពេលគ្មានហុងស៊ុយ

#វិភាគអន្តរជាតិ

(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែមករា ហ្វីលីពីនបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំចង្អៀតកម្រិតរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងទីក្រុង Cebu។ កិច្ចប្រជុំនេះជាជំនួបថ្នាក់តំបន់ដ៏សំខាន់លើកដំបូងក្នុងឆ្នាំនេះនៅក្រោមអណត្តិជា ប្រធានអាស៊ានរបស់ហ្វីលីពីន។ កិច្ចប្រជុំចង្អៀតក៏បានក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់បណ្ដាប្រមុខការទូតអាស៊ានពិភាក្សាគ្នា និងវាយតម្លៃលើកិច្ចការតំបន់បច្ចុប្បន្ននៅក្រោមសរសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយ របស់ប្លុកអាស៊ាន។ បញ្ហាប្រឈមសន្តិសុខសំខាន់ៗចំនួន៣ដែលអាស៊ានត្រូវដោះស្រាយ រួមមានជម្លោះនៅសមុទ្រចិនខាងត្បូង ស្ថានការណ៍នៅមីយ៉ាន់ម៉ា និងភាពផុយស្រួយនៃសន្តិភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

* បញ្ហាដ៏លំបាកនៃក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង
ជម្លោះនៅតំបន់សមុទ្រចិនខាងត្បូង គឺជាបញ្ហាមួយដ៏ស្មុគស្មាញនៅក្នុងចំណោមបញ្ហាប្រឈមធំៗនៅក្នុងតំបន់។ ហេតុផលទី១ នៃភាពស្មុគស្មាញនេះ គឺតុល្យភាពអំណាចខុសគ្នាដាច់រវាងចិន និងបណ្ដាប្រទេសជាសមាជិក អាស៊ានដែលកំពុងមានទាមទារចំណែកគ្រប់គ្រងនៅសមុទ្រចិនខាងត្បូងរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម។ ហេតុផលទី២ នោះគឺការគិតគូរខុសៗគ្នាអំពីសន្តិសុខរបស់ប្រទេសទាំង៤ ចំពោះចិន។ ភាពខុសគ្នានេះឯងបានអនុញ្ញាតឱ្យទីក្រុងប៉េកាំងបន្តអនុវត្តតាមយុទ្ធសាស្ត្រប្រើធម៌ក្ដៅដាក់ប្រទេសខ្លះ ខណៈគ្រប់គ្រងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសខ្លះទៀត។ ក្នុងន័យនេះចិនអាចរារាំងមិនឱ្យមានជំហររួមគ្នានៅក្នុង ចំណោមប្រទេសជាសមាជិកអាស៊ានដែលនេះនឹងបង្កការលំបាកក្នុងការបង្ខំឱ្យគ្រប់ភាគីទាំងអស់ទទួលខុសត្រូវនៅក្រោមក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង COC ដែលកំពុងស្ថិតក្រោមការចរចាជាង២ទសវត្សរ៍មកនេះ។

នៅក្រោមអាណត្តិជាប្រធានអាស៊ាន ហ្វីលីពីនបានប្ដេជ្ញាចិត្តបញ្ចប់កិច្ចចរចាជាសា្ថពរស្ដីពី COC។ តាមរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Theresa Lazaro សមភាគីអាស៊ានរបស់លោកស្រីបានឯកភាពគ្នាថានឹង រៀបចំកិច្ចប្រជុំដោយផ្ទាល់ប្រចាំខែ ដើម្បីពន្លឿនកិច្ចចរចា COC។ ជាការពិតណាស់ ការទំនាក់ទំនងនេះពិតជាមានសារៈសំខាន់ តែចំណុចសំខាន់បំផុតដើម្បីអាចឱ្យ COC ទទួលបានជោគជ័យ គឺវាអាស្រ័យលើថាតើ គ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចធ្វើការទាមទារសិទ្ធិអធិបតេយ្យ និងសកម្មភាពរបស់ពួកគេស្របតាមគោលការណ៍របស់អនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ដែរឬក៏យ៉ាងណា?

កាន់តែសំខាន់ជាងនេះទៅទៀត ថាតើគ្រប់ភាគីទាំងអស់អាចឯកភាពគ្នាលើវិសាលភាពភូមិសាស្ត្រ និងទទួលយកច្បាប់ចាប់បង្ខំឱ្យអនុវត្តតាមនៅក្រោម COC ឬក៏អត់? ប៉ុន្មានខែថ្មីៗនេះហ្វីលីពីន និងចិនតែងតែប៉ះទង្គិចគ្នា ជារឿយៗនៅក្បែរតំបន់ជម្លោះដែនទឹកសមុទ្រចិនខាងត្បូង។ នៅទីនេះ បញ្ហាប្រឈម នោះគឺការធានាឱ្យបានថា COC មិនមែនត្រឹមតែកាត់បន្ថយវោហាសាស្ត្រនយោបាយប៉ុណ្ណោះទេ ប៉ុន្តែ COC ក៏ត្រូវមានមុខងារជា ច្បាប់យ៉ាងតឹងរ៉ឹងមួយដែលគ្រប់ភាគីទាំងអស់ត្រូវអនុវត្តតាមផងដែរ។

* អនាគតមិនច្បាស់លាស់របស់មីយ៉ាន់ម៉ា
ខណៈវិស័យដែនសមុទ្រជាបញ្ហាបន្ទាន់មួយសម្រាប់ហ្វីលីពីន ទីក្រុងម៉ានីលក៏មានភារកិច្ចតាមដានបញ្ហាប្រឈមសន្តិសុខផ្សេងៗទៀតក្នុងតំបន់ដែរក្នុងនាមជាប្រធានអាស៊ាន។ ក្នុងចំណោមបញ្ហាទាំងនោះ គឺអនាគតមិនច្បាស់លាស់របស់មីយ៉ាន់ម៉ានៅក្រោមកណ្ដាប់ដៃរបស់របបសឹក។ មីយ៉ាន់ម៉ាទើបតែបិទបញ្ចប់ការបោះឆ្នោតសកលថ្មីៗនេះ ដោយគណបក្សគាំទ្រដោយយោធាបានប្រកាសពីជ័យជម្នះ ហើយសភាមីយ៉ាន់ម៉ា ត្រូវបានរំពឹងថានឹងបើកសម័យប្រជុំនៅខែមីនាខាងមុខ ដើម្បីជ្រើសរើសរដ្ឋាភិបាលថ្មីដែលនឹងត្រូវឡើងកាន់អំណាចដឹកនាំប្រទេសនៅខែមេសា។ ចំពោះមុខស្ថានការណ៍វិវត្តន៍បែបនេះ រដ្ឋាភិបាលហ្វីលីពីនបានបន្ថែមតួនាទីឱ្យ លោកស្រី Lazaro ដោយតែងតាំងលោកស្រីជាបេសកជនពិសេសសម្រាប់មីយ៉ាន់ម៉ា។ នៅក្នុងបេសកកម្មដំបូងរបស់លោកស្រី លោកស្រី Lazaro បានជួបមេដឹកនាំរបបសឹក លោក Min Aung Hlaing និងថ្នាក់ដឹកនាំរបបសឹកដទៃទៀតក្នុងរដ្ឋធានីណៃពីដោ កាលពីថ្ងៃទី៦ ខែមករា។ ដើម្បីបញ្ចៀសកុំឱ្យមានការយល់ច្រឡំថាដំណើរទស្សនកិច្ចរបស់លោកស្រីជាការបញ្ជូនសារខុសទៅកាន់របបសឹកមីយ៉ាន់ម៉ា ឬជាការទទួលស្គាល់ ភាពស្របច្បាប់របស់ពួកគេ លោកស្រី Lazaro បានរៀបចំកិច្ចប្រជុំជាលើកដំបូងជាមួយក្រុមនយោបាយ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចផ្សេងគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២២ ខែមករា។ បន្ថែមពីលើនេះ ដើម្បីលុបបំបាត់កង្វល់ទាំងនេះ លោកស្រី Lazaro បានប្រកាសថាអាស៊ាននឹងមិនទទួលស្គាល់ការបោះឆ្នោតនៅមីយ៉ាន់ម៉ានោះទេ។ សេចក្ដីថ្លែងការណ៍នេះត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកិច្ចប្រជុំបិទទ្វារក្នុងទីក្រុង Cebu។

ហ្វីលីពីនអាចនឹងបន្តទំនាក់ទំនង និងបើកកិច្ចសន្ទនាយ៉ាងសកម្មជាមួយគ្រប់ភាគីពាក់ព័ន្ធ តែព្រមពេលជាមួយគ្នា ហ្វីលីពីនមិនមានឥទ្ធិពលអ្វីទេលើមីយ៉ាន់ម៉ា ដោយសារតែខ្វះខាតទំនាក់ទំនងប្រវត្តិសាស្ត្រ នយោបាយ និងសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត របបសឹកមីយ៉ាន់ម៉ានឹងមិនញញើត ឬបារម្ភអ្វីទេចំពោះការដាក់សម្ពាធពីអាស៊ាន ដោយសារតែការកើនឡើងទំនាក់ទំនងរបស់ខ្លួនជាមួយមហាអំណាចក្រៅតំបន់ដូចជាចិន និងរុស្ស៉ី។ ដូច្នេះ របបសឹកមីយ៉ាន់ម៉ាទំនងជានឹងមិនធ្វើសម្បទានធំដុំអ្វីជាមួយអាស៊ាននៅក្រោយអាណត្តិជាប្រធានរបស់ហ្វីលីពីនឡើយ។ តែយ៉ាងនេះក្ដី ទីក្រុងម៉ានីលយ៉ាងហោចណាស់ចាំបាច់ត្រូវតែធានាឱ្យបានថាស្ថានភាពដើម មិនមានការប្រែប្រួល ហើយស្ថានការណ៍ក្នុងស្រុកនៅមីយ៉ាន់ម៉ានឹងមិនកាន់តែអាក្រក់ឡើង។

* កម្ពុជា ថៃ និងដែនកំណត់របស់អាស៊ាន
បញ្ហាប្រឈមមួយផ្សេងទៀតដែលប្រធានអាស៊ានហ្វីលីពីនត្រូវដោះស្រាយ គឺថែរក្សាសន្តិភាពដ៏ផុយស្រួយរវាងកម្ពុជា និងថៃ បន្ទាប់ពីមានបទឈប់បាញ់ចំនួន២លើក កាលពីឆ្នាំ២០២៥។ សម្រាប់ហ្វីលីពីន វាចាំបាច់ណាស់ ត្រូវតែទទួលស្គាល់ការពិតចំនួន៣។ ទី១៖ ខណៈម៉ាឡេស៊ីអំឡុងតំណែងជាប្រធានអាស៊ាន បានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ តែតួនាទីនេះស្ថិតនៅក្រោមស្រមោលរបស់សហរដ្ឋអាមេរិក និងចិន។ ការណ៍នេះបានផ្ដល់នូវការវាយតម្លៃពីដែនកំណត់របស់អាស៊ាននៅក្នុងការគ្រប់គ្រងជម្លោះក្នុងតំបន់របស់ខ្លួនឯង ហើយធ្វើឱ្យតួនាទីស្នូលរបស់អាស៊ានចុះខ្សោយ។

ទី២៖ ទោះជាបទឈប់បាញ់កាលពីខែធ្នូត្រូវបានភាគីទាំង២អនុវត្តតាមក៏ពិតមែន តែវានៅតែមានលក្ខណៈផុយស្រួយ។ បន្ថែមពីលើនេះ ដោយសារគ្មានការទទួលយកទៅវិញទៅមកនូវយន្ដការតាមរយៈស្ថាប័ន ហានិភ័យផ្ទុះជម្លោះជាថ្មី និងការធ្វើអន្តរាគមន៍ពីមហាអំណាចខាងក្រៅ មិនអាចត្រូវបានច្រានចោលឡើយ។ ទី៣៖ កម្ពុជា និងថៃ មានវិធីសាស្ត្រដោះស្រាយបញ្ហាជម្លោះព្រំដែនផ្សេងៗគ្នា ពោលគឺខណៈកម្ពុជាចង់ឱ្យបញ្ហាព្រំដែន ដោះស្រាយជាលក្ខណៈអន្តរជាតិ ថៃចង់ដោះស្រាយទ្វេភាគី។ ក្នុងបរិបទបែបនេះ ហ្វីលីពីនចាំបាច់ត្រូវតែដោះស្រាយយ៉ាងប្រុងប្រយ័ត្នលើស្ថានការណ៍ផុយស្រួយនៅតាមបណ្ដោយព្រំដែន និងទំនាក់ទំនងជាប្រចាំ ជាមួយភាគីទាំងសងខាង។ ក្នងពេលដែលទីក្រុងម៉ានីល និងទីក្រុងបាងកកមានទំនាក់ទំនងល្អប្រសើរនឹងគ្នា ហ្វីលីពីន និងកម្ពុជាថ្មីៗនេះក៏បានពង្រឹងទំនាក់ទំនងនឹងគ្នាដល់កម្រិតខ្ពស់ផងដែរ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងម៉ានីលជាលើកដំបូង ហើយជាការឆ្លើយតប ៧ខែក្រោយមក ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបំពេញទស្សនកិច្ច ទៅកាន់កម្ពុជា។

ម្លោះហើយ ហ្វីលីពីនត្រូវរក្សាទំនាក់ទំនងល្អទាំងជាមួយកម្ពុជា ទាំងជាមួយថៃនៅកម្រិតខ្ពស់។ តែទោះជាបែបនេះក្ដី ប្រសិនបើស្ថានការណ៍ព្រំដែនតានតឹងជាថ្មី ហ្វីលីពីនប្រហែលជាត្រូវយកបទពិសោធន៍របស់ ម៉ាឡេស៊ីមកប្រើប្រាស់។ នេះមានន័យថាក្នុងពេលដែលហ្វីលីពីននឹងបន្តរក្សាកិច្ចសន្ទនាសកម្មជាមួយភាគីទាំងសងខាងតាមរយៈយន្ដការអាស៊ាន ទីក្រុងម៉ានីលប្រហែលជានឹងត្រូវសម្រេចចិត្តទម្លាក់ការទទួលខុសត្រូវទៅមហាអំណាចក្រៅតំបន់ឱ្យជួយរក្សា ស្ថិរភាពនយោបាយ។ ប៉ុន្តែការធ្វើបែបនេះអាចនឹងបង្កផលប៉ះពាល់យូរអង្វែងដល់មុខមាត់ និងតួនាទីរបស់អាស៊ានក្នុងតំបន់៕

-Fresh News-

អត្ថបទទាក់ទង