វិភាគអន្តរជាតិ៖ តើទំនាក់ទំនងចិន-ជប៉ុននឹងទៅជាយ៉ាងណា ក្រោយមហាជ័យជម្នះរបស់លោកស្រី Takaichi?
#វិភាគអន្តរជាតិ
(តូក្យូ)៖ ជ័យជម្នះយ៉ាងសម្បើមអស្ចារ្យរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នៅក្នុងការបោះឆ្នោតសកលមុនអាណត្តិកាលពីថ្ងៃទី៨ ខែកុម្ភៈ កំពុងធ្វើឱ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវធ្វើការជ្រើសរើសថាតើត្រូវផ្សះផ្សាឡើងវិញជាមួយមេដឹកនាំដ៏មានប្រជាប្រិយភាពជាងគេបំផុតរបស់ជប៉ុនចាប់តាំងពីក្រោយសម័យសង្រ្គាមលោកលើកទី២ ឬក៏បន្តជម្លោះការទូតជាមួយសម្ព័ន្ធមិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិកនៅក្នុងតំបន់អាស៊ី។ គណបក្សប្រជាធិបតេយ្យសេរីនិយម LDP របស់លោកស្រី Takaichi បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជាមួយការក្ដាប់បានសំឡេង២ភាគ៣ នៅក្នុងរដ្ឋសភា ឬសភាជាន់ទាបជប៉ុនដែលនេះនឹងផ្ដល់សិទ្ធិអំណាចយ៉ាងធំឱ្យលោកស្រីបន្តគោលនយោបាយការបរទេសកាន់តែមានជំហររឹងមាំ ខណៈចិនកំពុងបង្កើនការដាក់សម្ពាធ។
ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៥ ជាពេលលោកស្រី Takaichi បានប្រាប់សមាជិកសភាជប៉ុនថាការវាយប្រហាររបស់ចិនដើម្បីគ្រប់គ្រងតៃវ៉ាន់ អាចនឹងជំរុញឱ្យជប៉ុនធ្វើអន្តរាគមន៍យោធា ទីក្រុងប៉េកាំងដាក់ចេញ វិធានការរឹតត្បិតលើការនាំចូលទំនិញពីជប៉ុន និងណែនាំពលរដ្ឋរបស់ខ្លួនកុំឱ្យធ្វើដំណើរកម្សាន្តទៅកាន់ជប៉ុន ជាការដាក់សម្ពាធឱ្យលោកស្រីលេបសម្ដីរបស់លោកស្រីវិញ។ ក្រោយជ័យជម្នះរបស់លោកស្រី Takaichi មេដឹកនាំចិននឹងត្រូវធ្វើការសម្រេចចិត្តថាតើត្រូវបន្តរក្សាការដាក់សម្ពាធសេដ្ឋកិច្ចលើទីក្រុងតូក្យូ ឬក៏ស្វែងរកដំណោះស្រាយដើម្បីបិទបញ្ចប់ភាពតានតឹង។ លោកស្រី Takaichi បាននិយាយថា លោកស្រីចង់បានទំនាក់ទំនងមានស្ថិរភាពជាមួយចិន ប៉ុន្តែវានៅតែមានផលវិបាកនយោបាយ ប្រសិនបើលោកស្រីលេបសម្ដីវិញតាមការចង់បានរបស់ប៉េកាំង។
ក្រុមមន្ត្រីជប៉ុនជាច្រើននាក់បានលើកឡើងក្នុងលក្ខខណ្ឌមិនញ្ចេញឈ្មោះថាក្ដីសង្ឃឹមរបស់ពួកគេ នោះគឺចិននឹងមានជម្រើសតិចតួច ហើយត្រូវបង្ខំចិត្តស្ដារទំនាក់ទំនងឡើងវិញ ក៏ព្រោះតែអាណត្តិដ៏រឹងមាំរបស់លោកស្រី Takaichi មានន័យថារដ្ឋបាលរបស់លោកស្រីនឹងបន្តដឹកនាំប្រទេសជប៉ុននៅប៉ុន្មានឆ្នាំទៅមុខទៀត។ ថ្លែងនៅឯសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈ លោកស្រី Takaichi បានកត់សម្គាល់ថាជប៉ុនមាន ការប្ដេជ្ញាចិត្តដើម្បីទំនាក់ទំនងជាមួយចិននៅគ្រប់កម្រិតទាំងអស់ ហើយនឹងធ្វើការឆ្លើយតបដោយស្ងៀមស្ងាត់ និងយ៉ាងសមស្របពាក់ព័ន្ធនឹងផលប្រយោជន៍ជាតិរបស់ជប៉ុន។ តែទោះជាបែបនេះក្ដី ក្រុមមន្ត្រីចិនបានឱ្យសញ្ញាតិចតួចថាទំនាក់ទំនងរវាងប្រទេសទាំង២អាចនឹងត្រឡប់ទៅរកភាពប្រក្រតី។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ បានឱ្យសញ្ញាថាទីក្រុងប៉េកាំងទំនងជានឹងមិនដកថយទេ ហើយថាគោលនយោបាយរបស់ចិនចំពោះជប៉ុនក៏នឹងមិនមានការប្រែប្រួលដោយសារតែការបោះឆ្នោតណាមួយឡើយ។ អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវជាថ្មី ផងដែរឱ្យលោកស្រី Takaichi លេបសម្ដីវិញពាក់ព័ន្ធនឹងតៃវ៉ាន់ ដោយបន្ថែមថា «ការតាំងចិត្តរបស់ប្រជាជនចិនដើម្បីការពារផលប្រយោជន៍ស្នូលរបស់ជាតិ គឺមិនងាករេនោះទេ។
ដោយឡែក សាររបស់ក្រុមអ្នកវិភាគចិនក៏មិនខុសគ្នាដែរ នោះគឺលោកស្រី Takaichi គួរតែប្រើប្រាស់ជ័យជម្នះដ៏ធំធេងរបស់លោកស្រីដើម្បីបញ្ជូនសារផ្សះផ្សា ជាជាងបន្ត ឬបង្កើនភាពតានតឹង។ «និន្នាការទូទៅ គឺមហាអំណាចលោកខាងលិចធំៗក្នុងនោះរួមមានទាំងសម្ព័ន្ធមិត្ត NATO កំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប៉េកាំង។ ដូច្នេះមេដឹកនាំឆ្លាតម្នាក់ត្រូវតែស្គាល់ពីកាលៈទេសៈ»។ នេះជាការគូសបញ្ជាក់របស់លោក Henry Wang Huiyao ជាស្ថាបនិកមជ្ឈមណ្ឌលសម្រាប់ចិន និងសកលភាវូបនីយកម្មក្នុងទីក្រុងប៉េកាំង។
ជម្លោះការទូតរវាងចិន និងជប៉ុន បានកើតឡើងចំពេលដ៏សំខាន់ដែលលោក ដូណាល់ ត្រាំ កំពុងព្យាយាមថែរក្សាបទឈប់បាញ់សង្រ្គាមពាណិជ្ជកម្មដ៏ផុយស្រួយជាមួយទីក្រុងប៉េកាំងផង និងបន្តផ្ដល់ការគាំទ្រដល់ ទីក្រុងតូក្យូផង។ តួយ៉ាងជាការបញ្ជាក់ពីការរក្សាតុល្យភាពបែបនេះ លោកស្រី Takaichi គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សេតវិមានចូលរួមក្នុងកិច្ចប្រជុំមួយនៅខែមីនាខាងមុខ ប៉ុន្មានសប្ដាហ៍មុននឹងលោក ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនក្នុងនាមជាប្រធានាធិបតីដំបូងបំផុតរបស់សហរដ្ឋអាមេរិកក្នុងពេលជិតមួយទសវត្សរ៍។ នៅបន្ទាប់ពីទទួលបានជ័យជម្នះ លោក ត្រាំ បានបង្ហោះសារកោតសរសើរ «របៀវារៈសន្តិភាពតាមអំណាច» របស់លោកស្រី Takaichi ដែលនេះជាការពង្រឹងការជំរុញរបស់លោកឱ្យសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបង្កើនកញ្ចប់ថវិកាយោធា។ ចំណែក រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានសរសេរលើបណ្ដាញទំនាក់ទំនងសង្គម X ថា៖ «នៅពេលជប៉ុនខ្លាំងក្លា សហរដ្ឋអាមេរិកក៏នឹងខ្លាំងក្លាដែរក្នុងតំបន់អាស៊ី»។
លោកស្រី Takaichi ក៏បានឱ្យសញ្ញាដែរនៃការប្រកាន់ជំហរតឹងរ៉ឹងចំពោះចិន។ ឆ្លើយតបទៅនឹងសំណួរអំឡុងបទសម្ភាសន៍មួយតាមកញ្ចក់ទូរទស្សន៍កាលពីល្ងាចថ្ងៃអាទិត្យ លោកស្រី Takaichi បាននិយាយថា លោកស្រីកំពុងធ្វើការលើការបង្កើតបរិយាកាសដ៏ត្រឹមត្រូវមួយដើម្បីអាចធ្វើទស្សនកិច្ចទៅកាន់ស្ដូបគោរពវិញ្ញាណក្ខន្ធ Yasukuni ជាទីកន្លែងតម្កល់ឈ្មោះទាហានជប៉ុនដែលបានពលីជីវិតដើម្បីមាតុភូមិ។ ចិនចាត់ទុក ព្រះវិហារ Yasukuni ជានិមិត្តរូបនៃអំពើឃោរឃៅរបស់ជប៉ុនក្នុងសម័យសង្រ្គាម។ គណបក្ស LDP របស់លោកស្រី Takaichi បានឈ្នះអាសនៈរដ្ឋសភាដល់ទៅ ២ភាគ៣ ដែលនឹងផ្ដល់អំណាចឱ្យលោកស្រី នៅក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ លោកស្រី Takaichi បានជំរុញជាយូរណាស់មកហើយសម្រាប់ការធ្វើកំណែទម្រង់ «រដ្ឋធម្មនុញ្ញសន្តិនិយម» ដែលត្រូវបានតាក់តែងឡើងដោយសហរដ្ឋអាមេរិកក្រោយជប៉ុន ចុះចាញ់ក្នុងសង្រ្គាមលោកលើកទី២។
ការធ្វើវិសោធនកម្មណាមួយក៏នឹងតម្រូវផងដែរការយល់ព្រមពីសភាជាន់ខ្ពស់ ឬព្រឹទ្ធសភាជាទីដែល LDP មានអាសនៈមិនគ្រប់គ្រាន់ រួមទាំងការបោះឆ្នោតប្រជាមតិថ្នាក់ជាតិ។ នេះមានន័យថាដំណើរការធ្វើវិសោធនកម្ម អាចនឹងត្រូវចំណាយពេលច្រើនឆ្នាំ ប្រសិនបើការធ្វើវិសោធនកម្មនេះពិតជាត្រូវធ្វើឡើងមែននោះ។ តែយ៉ាងណាក៏ដោយ លោកស្រី Takaichi កាលពីថ្ងៃចន្ទ បានប្ដេជ្ញាចិត្តថានឹងជំរុញទៅមុខនូវគោលដៅមួយនេះ។ «គ្មាននរណាម្នាក់សុខចិត្តជួយប្រទេសមួយដែលមិនមានការប្ដេជ្ញាចិត្តការពារខ្លួនឯង ដោយដៃទាំងគូរផ្ទាល់របស់ខ្លួនឯងនោះទេ»។ នេះជាការលើកឡើងរបស់លោកស្រី Takaichi ដោយបន្ថែមថាលោកស្រីមាន ការតាំងចិត្តបង្កើតបរិយាកាសមួយដែលអាចឱ្យការបោះឆ្នោតប្រជាមតិថ្នាក់ជាតិមួយត្រូវធ្វើឡើងក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីទុកឱ្យប្រជាជនជប៉ុនសម្រេចចិត្តថាតើគួរ ឬមិនគួរធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ចិនបានព្រមានជប៉ុនជារឿយៗកុំឱ្យវិលត្រឡប់ទៅរក «យោធានិយម» ចាប់តាំងពីលោកស្រី Takaichi ឡើងកាន់អំណាចមក។ ក្នុងនោះអ្នកសរសេរប្លុកល្បីៗមួយចំនួននៅក្នុងប្រទេសចិន កាលពីថ្ងៃចន្ទបានបង្ហាញ ការព្រួយបារម្ភពីលោកស្រី Takaichi ដែលកាន់តែមានភាពក្លាហាន។ «អ្វីដែលយើងកំពុងប្រឈមមុខជាមួយ នោះគឺជប៉ុនមួយដែលកាន់តែគ្រោះថ្នាក់»។ ជាការកត់សម្គាល់របស់លោក Niutanqin ជានិពន្ធនាយក ជាន់ខ្ពស់ម្នាក់របស់ទីភ្នាក់ងារសារព័ត៌មានចិន Xinhua សរសេរនៅក្នុងបទអត្ថាធិប្បាយមួយសម្រាប់ប្លុករបស់លោកលើបណ្ដាញទំនាក់ទំនងសង្គម WeChat។ លោក Niutanqin ក៏បានលើកឡើងដែរពីលទ្ធភាព ដែលរដ្ឋាភិបាលរបស់លោកស្រី Takaichi’ នឹងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ជប៉ុន ស្វែងរកអាវុធទុកសម្រាប់ការវាយលុក និងរហូតដល់អាចកែប្រែគោលជំហរគ្មានអាវុធនុយក្លេអ៊ែរ។ លោកបន្ថែមថា «ជប៉ុនអាចនឹង កាន់តែបង្ករឿងជុំវិញបញ្ហាតៃវ៉ាន់»។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគខ្លះយល់ថាជ័យជម្នះដ៏ធំធេងរបស់លោកស្រី Takaichi អាចនឹងជួយបន្ធូរបន្ថយភាពតានតឹង ប្រសិនបើប្រវត្តិសាស្ត្រកើតឡើងច្រំដែល។
នៅបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ដោយទទួលបានជ័យជម្នះដ៏ធំមួយក្នុងការបោះឆ្នោតសកល និងជាប់ឆ្នោតម្ដងទៀតក្នុងឆ្នាំ២០១៤ ភាពធូរស្រាលជាមួយ ទីក្រុងប៉េកាំងបានលេចជារូបរាងឡើង ក្រោយប្រទេសទាំង២មានជម្លោះនឹងគ្នាជុំវិញបញ្ហាជម្លោះដែនទឹកក្នុងតំបន់សមុទ្រចិនខាងកើត។ ភាពតានតឹងបានចាប់ផ្ដើមធូរស្រាលបន្តិចម្ដងៗ ហើយរហូតដល់ចុងឆ្នាំ២០១៤ ទើបលោក Abe និងលោក ស៊ី ជីនពីងអង្គុយចរចាគ្នាក្នុងទីក្រុងប៉េកាំងនាឱកាសចូលរួមកិច្ចប្រជុំកំពូល APEC។ វាក៏ត្រូវចំណាយពេលច្រើនឆ្នាំដែរដើម្បីឱ្យការវិនិយោគរបស់ជប៉ុនចូលទៅកាន់ប្រទេសចិន ហើយ ភ្ញៀវទេសចរណ៍ចិនត្រឡប់ទៅធ្វើដំណើរកម្សាន្តទៅជប៉ុនវិញ។ នេះអាចមានន័យថាភាពធូរស្រាលរបស់ចិនជាមួយលោកស្រី Takaichi អាចជាដំណើរការដ៏វែងអន្លាយមួយ។
នៅក្នុងជម្លោះកន្លងមក ចិន និងជប៉ុនមិនដែលឈ្លោះប្រកែកគ្នាដោយផ្ទាល់ពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់ដូចជាពេលនេះនោះទេ ហើយនេះអាចធ្វើឱ្យទីក្រុងប៉េកាំងមានការស្ទាក់ស្ទើរក្នុងការបន្ធូរបន្ថយយុទ្ធនាការ ដាក់សម្ពាធលើទីក្រុងតូក្យូ។ រឿងផ្សេងប្រហែលជាចិនអាចអត់ឱនឱ្យបាន តែសម្រាប់រឿងតៃវ៉ាន់ បន្ទាត់ក្រហមដែលចិនបានគូសរួចហើយ គឺមិនអាចឱ្យនរណាដើររំលងនោះទេ ពីព្រោះបើមានម្នាក់ដើររំលងបាន នោះអ្នកផ្សេងទៀតនឹងយកគំរូតាម និងជាការលើកទឹកចិត្តដល់កម្លាំងនយោបាយមួយចំនួនដែលចិនចាត់ទុកថាជាក្រុមឧទ្ទាមផ្ដាច់ខ្លួននៅតៃវ៉ាន់។ ចិនបានបន្ទាបទំនាក់ទំនងការទូតជាមួយប្រទេសលីទុយអានី ក្នុងឆ្នាំ២០២១ បន្ទាប់ពីប្រទេសក្នុងតំបន់បាល់ទិកមួយនេះអនុញ្ញាតឱ្យតៃវ៉ាន់បើកការិយាល័យតំណាងមួយដូចគ្នាទៅនឹងស្ថានទូតនៅលើទឹកដីរបស់ខ្លួនដោយប្រើឈ្មោះ «តៃវ៉ាន់» ជំនួសឱ្យ «តៃប៉ិ»។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ កាលពីសប្ដាហ៍មុន លោក ស៊ី ជីនពីង បានជំរុញឱ្យមេដឹកនាំអាមេរិកដោះស្រាយបញ្ហាលក់អាវុធឱ្យតៃវ៉ាន់ជាមួយការប្រុងប្រយ័ត្ន។ លោក Jeremy Chan ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីស្ថាប័ន Eurasia Group និងជាអតីតមន្ត្រីការទូតអាមេរិកនៅចិន និងជប៉ុន យល់ថា «ថាតើទំនាក់ទំនងរវាងចិន និងជប៉ុននឹងវិវត្តន៍ទៅជាយ៉ាងណា គឺអាស្រ័យលើចិននឹងរង់ចាំមើល ថាតើលោកស្រី Takaichi នឹងតែងតាំងនរណាខ្លះក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោកស្រី ថាតើដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងវ៉ាស៊ីនតោនដំណើរការទៅយ៉ាងដូចម្ដេច និងថាតើលោកស្រីនឹងធ្វើតាម ពាក្យសន្យាពង្រឹងសមត្ថភាពការពារជាតិរបស់ជប៉ុនទប់ទល់ជាមួយចិន ឬដែរក៏យ៉ាងណា៕
-Fresh News-






