Grand News Asia Close

មន្ត្រីការទូតថៃបន្ត​ព្យាយាម​រារាំង​កម្ពុជា​កុំ​ឲ្យ​និយាយ​ពី​បញ្ហា​ព្រំដែន​នៅ​វេទិកា​អន្តរជាតិ

ដោយ៖ Morm Sokun ​​ | 1 ម៉ោងមុន ព័ត៌មានជាតិ 1012
មន្ត្រីការទូតថៃបន្ត​ព្យាយាម​រារាំង​កម្ពុជា​កុំ​ឲ្យ​និយាយ​ពី​បញ្ហា​ព្រំដែន​នៅ​វេទិកា​អន្តរជាតិ (ឆ្វេង) លោក លុយ ដាវីត ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំប្រទេស​បារាំង, (ស្ដាំ) រូប​សំណាក​ព្រះវិស្ណុ នៅ​អានសេះ ត្រូវ​បាន​ទាហាន​ថៃ​បំផ្លាញ ហើយ​សាងសង់​រូបព្រះពុទ្ធជំនួស។ 

មន្ត្រីការទូត​ថៃ ព្យាយាម​ជំរុញ​កុំឲ្យ​កម្ពុជា​លើក​ឡើង​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ នៅ​វេទិកាហ្វ្រង់កូហ្វូនី ខណៈដែល​យោធារបស់​ខ្លួន​​បន្ត​សកម្មភាព​នៅ​លើ​ដី​ជាក់ស្ដែង​ឥត​ឈប់។ ការ​ស្នើ​នេះ​ធ្វើ​ឡើងនៅពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់​ផ្ទះនៃ​កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។

កិច្ច​ប្រឹងប្រែង​មួយ​ចុង​ក្រោយ​​របស់​​ថៃ ធ្វើ​ឡើង​តាម​រយៈ​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​ប្រទេស​បារាំង ដោយ​មន្ត្រីការទូត​ថៃ​រូប​នោះ​ត្រូវបាន​រាយការណ៍​ថា បានខ្ចីដៃភាគី​ទី៣ មក​ប្រាប់កម្ពុជា​កុំ​ឲ្យ​លើក​ឡើង​ពី​ការ​ឈ្លានពាន​របស់​ពួក​គេលើ​កម្ពុជា។ នេះបើ​តាម​សំណេរ​របស់​លោក លុយ ដាវីត ឯកអគ្គរាជទូត​កម្ពុជា ប្រចាំប្រទេស​បារាំង។

លោក​ លុយ ដាវីត បាន​លើក​ឡើង​ថា៖ «គួរឱ្យអស់សំណើចមែន! ឯកអគ្គរាជទូតផ្ទះលេខ ២ បានព្យាយាមឱ្យឯកអគ្គរដ្ឋទូតនៃប្រទេសទីបីមួយ មកបញ្ចុះបញ្ចូលខ្ញុំ កុំឱ្យលើកឡើងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ នៅក្នុងវេទិកាហ្វ្រង់កូហ្វូនី (Francophonie)»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំបានឆ្លើយតបយ៉ាងច្បាស់ថា ប្រទេសរបស់លោកបានឈ្លានពានប្រទេសរបស់ខ្ញុំ ហើយថែមទាំងព្យាយាមបំភ្លៃការពិត ដោយប្រែក្លាយខ្មៅទៅជាស និងសទៅជាខ្មៅ។ ក្នុងនាមជាអ្នកការទូតកម្ពុជា ខ្ញុំមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ការពារការពិត និងប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងច្បាស់ថា តើភាគីណាជាអ្នកឈ្លានពាន និងភាគីណាជាជនរងគ្រោះ។ ដូច្នេះ គ្មានហេតុផលអ្វីដែលខ្ញុំត្រូវនៅស្ងៀមនោះទេ»។

ការ​ព្យាយាម​បិទបាំង​បញ្ហា​ព្រំដែន​នៅ​លើ​ឆាក​អន្តរជាតិ​នេះ គឺជា​កិច្ច​ប្រឹង​ប្រែង​របស់ថៃ ខណៈ​ដែល​យោធា​របស់ពួក​គេ​កំពុង​កាន់កាប់​ទឹកដី​កម្ពុជា​ជា​ច្រើនទីតាំង ព្រមទាំង​ធ្វើ​សម្មភាព​កែប្រែ​លើ​ដី​ថ្មី​ ឬ fait accompli។

គិត​ចាប់​ពី​លោក Mongkol Surasajja ប្រធាន​ព្រឹទ្ធសភាថៃ រហូត​ដល់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស Sihasak Phuangketkeow សុទ្ធ​តែ​បានចោទប្រកាន់​កម្ពុជា​ថា យក​បញ្ហា​ព្រំដែន​ធ្វើ​ជា «អន្តរជាតូបនីយកម្ម» ព្រម​ទាំង​ធ្លាប់​បាន​ព្រមាន​កម្ពុជា​មិន​ឲ្យ​លើក​ឡើង​ពី​បញ្ហា​នេះ​នៅ​វេទិកា​​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ទៀត​ផង។

យ៉ាង​ណា​ក៏ដោយ កម្ពុជាបានថ្លែង​តប​ថា ការ​លើក​ឡើង​ពី​ស្ថានភាព​​ព្រំដែន​កម្ពុជា-ថៃ ជា​ពិសេស​សកម្មភាព​ខុស​ច្បាប់របស់​ថៃ មិន​មែន​ជា​ការ​ធ្វើ​អន្តរជាតូបនីយកម្ម​នោះទេ ហើយកម្ពុជា​នឹង​បន្ត​លើក​ឡើង​ពី​បញ្ហា​នេះ​ប្រាប់​ទៅ​ពិភពលោក។ កម្ពុជា​បញ្ជាក់​ថា ប្រសិនបើ​មិន​ចង់​ឲ្យ​កម្ពុជា​លើក​ឡើង​ ភាគីថៃត្រូវ​បញ្ឈប់​សកម្មភាព​លើ​ដី​ជាក់ស្ដែង ហើយ​បញ្ជូន​ក្រុមការងារ​ JBC មក​ធ្វើ​ការ​វាស់វែង​ ខណ្ឌសីមា ឡើង​វិញ៕

-Post Khmer-

 

អត្ថបទទាក់ទង