Grand News Asia Close

វិភាគអន្តរជាតិ៖ តើសត្រូវរបស់កូរ៉េខាងជើង មានអ្វីត្រូវភ័យពីមីស៊ីល ICBM ប្រើឥន្ធនៈរឹង? 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1136
វិភាគអន្តរជាតិ៖ តើសត្រូវរបស់កូរ៉េខាងជើង មានអ្វីត្រូវភ័យពីមីស៊ីល ICBM ប្រើឥន្ធនៈរឹង?  វិភាគអន្តរជាតិ៖ តើសត្រូវរបស់កូរ៉េខាងជើង មានអ្វីត្រូវភ័យពីមីស៊ីល ICBM ប្រើឥន្ធនៈរឹង? 

 

(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដានេះបានទទួលស្គាល់ពីការបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ស៊េរីថ្មីចុងក្រោយ គេបំផុតដំណើរការដោយឥន្ធនៈរឹង កាលពីថ្ងៃពុធ ទី១២ ខែកក្កដា តែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយទីក្រុងព្យុងយ៉ាង គំរាមបាញ់ទម្លាក់យន្ដហោះស៊ើបការណ៍យោធា អាមេរិកដែលហ៊ានហោះបំពានចូលដែនអាកាសរបស់ខ្លួន។

សេតវិមានបានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសកូរ៉េខាងជើង ដោយហៅការធ្វើតេស្ដមីស៊ីលឥតឈប់ឈររបស់ទីក្រុងព្យុងយ៉ាង បង្កអស្ថិរភាពដល់ស្ថានភាព សន្តិសុខនៅក្នុងតំបន់ ខណៈកូរ៉េខាងត្បូង និងជប៉ុន ក៏បានហៅការធ្វើការធ្វើតេស្ដមីស៊ីល ICBM​ នេះជារឿងមិនអាចទទួលយកបាន និងជាការគំរាមកំហែងដល់ ស្ថិរភាពក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA មីស៊ីលដែលត្រូវបានធ្វើតេស្តកាលពីថ្ងៃពុធ គឺជាប្រភេទមីស៊ីល ICBM ប្រើឥន្ធនៈរឹង Hwasong-18 ដែលធ្លាប់ត្រូវបានកូរ៉េខាងជើងធ្វើតេស្ដម្ដងរួចមកហើយកាលពីខែមេសាកន្លងទៅនេះ។ KCNA បន្ថែមទៀតថាលោក គីម ជុងអ៊ុន ដែល បានចុះត្រួតពិនិត្យ និងបញ្ជាការធ្វើតេស្ដដោយផ្ទាល់បាននិយាយថា Hwasong-18 នឹងផ្ដល់ឱ្យកូរ៉េខាងជើងនូវ «មធ្យោបាយវាយប្រហារយុទ្ធសាស្ត្រដ៏មានឥទ្ធិពល» ក៏ដូចជាពង្រឹងសមត្ថភាពនុយក្លេអ៊ែរ។ ខាងក្រោមនេះគឺជាចំណុចគួរដឹងពីឃ្លាំងមីស៊ីល ICBM របស់កូរ៉េខាងជើង៖

* មីស៊ីលប្រើឥន្ធនៈរឹង និងមីស៊ីលប្រើឥន្ធនៈរាវ

កូរ៉េខាងជើង កំពុងកាន់កាប់មីស៊ីល ICBM ២ប្រភេទគឺមីស៊ីលដំណើរការដោយឥន្ធ​នៈរឹង និងឥន្ធនៈរាវ។ Hwasong-17 គឺជាប្រភេទមីស៊ីល ICBM ដំណើរការដោយ ឥន្ធនៈរាវ ដែលត្រូវបានសម្ញែងក្នុងឆ្នាំ២០២២ នៅពេលកូរ៉េខាងជើងដឹកនាំការធ្វើតេស្ដមីស៊ីលរយៈចម្ងាយឆ្ងាយជាលើកដំបូងក្នុងរយៈពេលជាង ៤ឆ្នាំ។

ទីក្រុងព្យុងយ៉ាងបានអះអាងថា Hwasong-18 គឺជាប្រភេទមីស៊ីល ICBM ប្រើឥន្ធនៈរឹងដែលទំនើប និងផ្ដល់ភាពងាយស្រួលក្នុងការបាញ់ចេញភ្លាមៗ។ បើតាម ក្រុមអ្នកជំនាញវិញ មីស៊ីល ICBM ប្រើឥន្ធនៈរឹងមានស្ថិរភាពខ្លាំង និងមានភាពងាយស្រួលក្នុងការរៀបចំបាញ់ចេញដោយប្រើពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ធ្វើឱ្យ សត្រូវពិបាកក្នុងការចាប់សញ្ញា បើធៀបទៅនឹងមីស៊ីល ICBM ឥន្ធនៈរាវចាំបាច់ត្រូវប្រើពេលជាច្រើនម៉ោង ដើម្បីត្រៀមបាញ់ចេញ ដែលនេះអាចទុកពេលឱ្យសត្រូវ ចាប់សញ្ញាបាន និងបាញ់កម្ទេចោល។ ក្រុមអ្នកជំនាញបន្ថែមថាភាពរីកចម្រើនរបស់កូរ៉េខាងជើងក្នុងការអភិវឌ្ឍមីស៊ីល Hwasong-17 ចាប់ពីឆ្នាំ២០២២ ទៅជា មីស៊ីល Hwasong-18 ក្នុងឆ្នាំ២០២៣នេះ អាចសន្មត់បានថាកម្មវិធីមីស៊ីលរបស់ទីក្រុងព្យុងយ៉ាងមានភាពជឿនលឿនទៅមុខ ឆ្លុះបញ្ចាំងពីគោលបំណងរបស់លោក គីម ជុងអ៊ុន ដែលចង់ឱ្យកូរ៉េខាងជើងមានយោធាអាចស៊ីសងគ្នាជាមួយសហរដ្ឋអាមេរិក និងបណ្ដាប្រទេសលោកខាងលិច។

* តើ Hwasong-18 អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ ដែរទេ?

ជាទ្រឹស្ដី គ្រប់មីស៊ីល ICBM គឺផលិតឡើងសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ និងអាចឱ្យកូរ៉េខាងជើងបាញ់ដល់ដីគោករបស់សហរដ្ឋអាមេរិក។ ប៉ុន្តែមានរឿង ជាច្រើនដែលគេមិនបានដឹង នោះគឺថាតើមីស៊ីលដែលកូរ៉េខាងជើងកំពុងអភិវឌ្ឍមានសមត្ថភាពពិតប្រាកដពាំក្បាលគ្រាប់នុយក្លេអ៊ែរ វាយប្រហារចំគោលដៅដែរ ឬក៏យ៉ាងណា?

KCNA បានឱ្យដឹងថានៅក្នុងការធ្វើតេស្ដកាលពីថ្ងៃពុធ មីស៊ីល Hwasong-18 ហោះបានចម្ងាយ ១,០០១គីឡូម៉ែត្រ ក្នុងរយៈកម្ពស់ ៦,៦៤៨គីឡូម៉ែត្រ ដោយប្រើ ពេលហោះជាង ៧៤នាទី មុននឹងធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន។ តែបើធៀបទៅនឹងការធ្វើតេស្ដកន្លងមក Hwasong-18 ប្រើពេលវេលាហោះយូរជាង Hwasong-17 ដែលកាលពីឆ្នាំ២០២២ ហោះបានចម្ងាយ ១,០៩០គីឡូម៉ែត្រ ដោយប្រើពេល ៦៨នាទី មុនធ្លាក់ចូលទឹកសមុទ្រ ហើយរយៈពេល ៧៤នាទីនេះទៀត សោត ក៏យូរជាងការធ្វើតេស្ដមីស៊ីល ICBM របស់កូរ៉េខាងជើងក្នុងខែមីនា និងខែមេសាកន្លងទៅផងដែរ។ មិនមានការបញ្ជាក់ឱ្យច្បាស់នោះទេថាតើក្បាលគ្រាប់ ប្រភេទណាបំពាក់លើមីស៊ីលដែលត្រូវបានធ្វើតេស្ដទាំងនេះ។ ក្រុមជំនាញបាននិយាយថាទម្ងន់ក្បាលគ្រាប់នុយក្លេអ៊ែរអាចបញ្ជាក់បានថាតើមីស៊ីល អាចហោះបាន ឆ្ងាយប៉ុនណា ដូច្នេះបើគ្មានព័ត៌មាននេះទេ នោះគេមិនអាចដឹងឱ្យប្រាកដថាតើមីស៊ីលអាចបាញ់បានចម្ងាយប៉ុន្មានឱ្យបា្រកដនោះទេ។

មួយវិញទៀត សំណួរមួយដែលមិនទាន់មានចម្លើយដែរនោះ គឺថាតើក្បាលគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចទ្រាំទ្រនឹងខ្យល់ ឬកម្ដៅបានដែរឬក៏យ៉ាងនោះទេ នៅពេលដែលវាធ្លាក់ត្រឡប់ចូលបរិយាកាសផែនដីវិញ។ ជាធម្មតា ICBM ត្រូវបានបាញ់ទៅកាន់ចូលទៅកាន់ទីអវកាសចេញក្រៅបរិយាកាសផែន ហើយក្រោយមក ទើបក្បាលគ្រាប់ត្រូវឆ្លងកាត់ដំណើរត្រឡប់ចូលបរិយាកាសផែនដី មុននឹងធ្លាក់ចំគោលដៅដែលបានកំណត់ទុក។ ប៉ុន្តែ នៅពេលត្រឡប់ចូលបរិយាកាសផែនដីវិញ បើក្បាលគ្រាប់នុយក្លេអ៊ែរមិនអាចទ្រំាទ្រនឹងក្ដៅបានទេ នោះក្បាលគ្រាប់អាចនឹងផ្ទុះឆេះ មុនពេលវាទៅដល់គោលដៅ។ នៅត្រង់បច្ចេកវិទ្យាត្រឡប់ចូលបរិយាកាស ផែនដីវិញនេះ គេមិនទាន់ដឹងថាតើកូរ៉េខាងជើងសម្រេចបានបច្ចេកវិទ្យានេះទាំងស្រុងបានហើយ ឬនៅឡើយទេ។ តែយ៉ាងណាក៏ដោយ ការធ្វើតេស្ដមីស៊ីលកាន់តែ ច្រើន មិនយូរមិនឆាប់ កូរ៉េខាងជើងត្រូវបានគេជឿថាអាចនឹងរកឃើញរបកគំហើញនៃបច្ចេកវិទ្យានេះ។

*​ តើនឹងមានអ្វីកើតឡើងតទៅទៀត ក្នុងកម្មវិធីមីស៊ីលកូរ៉េខាងជើង?

លោក គីម ជុងអ៊ុន បានដាក់ចេញផែនការដ៏មានមហិច្ឆតា ដោយចង់ឱ្យកូរ៉េខាងជើងមានសមត្ថភាពនុយក្លេអ៊ែរខ្លាំងក្លា ដែលអាចកំញើញ និងទប់ស្កាត់ការវាយប្រហារ ណាមួយពីសត្រូវ តួយ៉ាងដូចជាសហរដ្ឋអាមេរិក។ លោក គីម បានបញ្ចេញបញ្ជីនៃប្រភេទអាវុធជាច្រើនដែលកូរ៉េខាងជើងត្រូវធ្វើទំនើបកម្មឱ្យបានជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ តែអាវុធដែលលោក គីម កំពុងផ្ដោតជាងគេ នោះគឺមីស៊ីល ICBM ខណៈបច្ចេកវិទ្យាបន្ទាប់បន្សំដ៏សំខាន់ផ្សេងទៀតគឺ ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធាទៅកាន់ទីអវកាស ព្រមទាំងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។

កូរ៉េខាងជើងក៏ធ្លាប់បានប្រកាសផងដែរពីផែនការពង្រឹងសមត្ថភាពកំណត់គោលដៅឱ្យជាក់លាក់ និងបង្កើនចម្ងាយបាញ់របស់មីស៊ីលឱ្យដល់ ១៥,០០០ គីឡូម៉ែត្រ។ មហិច្ឆតាទាំងនេះត្រូវបានប្រកាសដោយផ្ទាល់ពីលោក គីម ជុងអ៊ុន កាលពីឆ្នាំ២០២២ ជាពេលដែលលោកបានបង្កើនការធ្វើតេស្ដបាញ់មីស៊ីល ក្នុងកម្រិតមួយ មិនធ្លាប់មានពីមុនមក។ ក្នុងឆ្នាំ២០២៣នេះ ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងមានកម្រិតទាបជាងកាលពីឆ្នាំ២០២២ តែវានៅតែខ្ពស់ជាង បណ្ដាឆ្នាំមុនៗដដែល។

ឆ្នាំ២០២២ គឺជាឆ្នាំដែលកូរ៉េខាងជើងធ្វើតេស្ដបាញ់មីស៊ីលច្រើនជាងឆ្នាំណាៗទាំងអស់ រហូតដល់ទៅជាង ៩៥គ្រាប់ ស្របពេលមានការព្រមានជាបន្តបន្ទាប់ថា កូរ៉េខាងជើង បានត្រៀមលក្ខណៈរួចរាល់ក្នុងការធ្វើតេស្ដអាវុធនុយក្លេអ៊ែរសាជាថ្មីលើកដំបូងបំផុត គិតចាប់តាំងពីឆ្នាំ២០១៧មក ដោយរង់ចាំតែកាលៈទេសៈ អំណោយផលប៉ុណ្ណោះ។ លោក Joseph Dempsey ជាសហការីស្រាវជ្រាវផ្នែកការពារជាតិ និងការវិភាគខាងយោធា មកពីវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សា យុទ្ធសាស្ត្រ International Institute for Strategic Studies បានកត់សម្គាល់ថាអ្វីដែលគេអាចរំពឹងបានពីកូរ៉េខាងជើង នោះគឺការបង្កើនការធ្វើតេស្ដមីស៊ីល បន្ថែម។

លោក Dempsey បានគូសបញ្ជាក់ប្រាប់ CNN ដូច្នេះថា «កងកម្លាំងមីស៊ីល ICBM របស់កូរ៉េខាងជើងដែលកំពុងលេចចេញជារូបរាងឡើងមិនទាន់មានបទពិសោធន៍ អ្វីនោះទេ… ដូច្នេះចាំបាច់ណាស់ ត្រូវតែមានការធ្វើតេស្ដបាញ់មីស៊ីលបន្ថែម ដើម្បីផ្ទៀងផ្ទាត់ពីភាពគួរឱ្យទុកចិត្តបាន និងប្រតិបត្តិការរបស់ពួកគេ»៕

អត្ថបទទាក់ទង