Grand News Asia Close

 វិភាគអន្តរជាតិ៖ តើជប៉ុន នឹងបាញ់កម្ទេចមីស៊ីលបាលិស្ទីគកូរ៉េខាងជើង ឬ?

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 322
 វិភាគអន្តរជាតិ៖ តើជប៉ុន នឹងបាញ់កម្ទេចមីស៊ីលបាលិស្ទីគកូរ៉េខាងជើង ឬ?  វិភាគអន្តរជាតិ៖ តើជប៉ុន នឹងបាញ់កម្ទេចមីស៊ីលបាលិស្ទីគកូរ៉េខាងជើង ឬ?

FN | តូក្យូ៖ ក្រសួងការពារជាតិជប៉ុន នៅថ្ងៃចន្ទ ទី២៩ ខែឧសភានេះ បានចេញបទបញ្ជាមួយឱ្យកងកម្លាំងរបស់ខ្លួន ត្រៀមលក្ខណៈបាញ់កម្ទេចមីស៊ីលបាលិស្ទីគ ឬគ្រាប់រ៉ុក្កែតណាមួយរបស់កូរ៉េខាងជើង ដែលបំពាន ឬគំរាមកំហែងដល់ទឹកដីជប៉ុន។ ការចេញបទបញ្ជានេះកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកូរ៉េខាងជើង បានជូនដំណឹងដល់ទីក្រុងតូក្យូ ពីផែនការបាញ់បង្ហោះផ្កាយរណប ដែលត្រូវបានក្រុមអ្នកវិភាគជឿថាជាផ្កាយរណបស៊ើបការណ៍យោធាដំបូងបំផុតរបស់ទីក្រុងព្យុងយ៉ាង នៅចន្លោះថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១១ ខែមិថុនា។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបានគូសបញ្ជាក់ដូច្នេះថា «យើងនឹងចាត់វិធានការបំផ្លាញប្រឆាំងនឹងមីស៊ីលបាលិស្ទីគ និងមីស៊ីលដទៃទៀត ដែលបានបំពានចូលទឹកដីរបស់យើង»។

តាមការពិតទៅ ក្រសួងការពារជាតិជប៉ុន បានចេញបញ្ជាបែបនេះតាំងតែពីខែមេសាមកម្ល៉េះ នៅក្រោយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យយោធារបស់ លោកបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍យោធា តាមផែនការដែលត្រូវបានគ្រោងទុក និងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បាញ់មីស៊ីលបាលិស្ទីគ ICBM មួយគ្រាប់ហោះរំលង ប្រទេសជប៉ុន។ បើតាមក្រុមអ្នកជំនាញខាងគ្រាប់រ៉ុក្កែត ខុសប្លែកពីការធ្វើតេស្ដបាញ់ មីស៊ីលបាលិស្ទីគ កូរ៉េខាងជើង លើកនេះនឹងបាញ់បង្ហោះផ្កាយរណបទៅកាន់ ទីអវកាស ដែលនេះមានន័យថាគ្រាប់រ៉ុក្កែតនេះអាចនឹងត្រូវបានបាញ់ចេញពីតំបន់ឧបទ្វីបកូរ៉េ ឆ្ពោះទៅទិសខាងត្បូង ដែលនេះបើមានឧប្បត្តិហេតុណាមួយកើតឡើង គ្រាប់រ៉ុក្កែត នេះអាចនឹងធ្លាក់ចំកោះ Nansei នៃខេត្តអូគីណាវ៉ា។

ក្រសួងការពារជាតិជប៉ុន បានឱ្យដឹងថាទីក្រុងតូក្យូ នឹងប្រើប្រាស់ប្រព័ន្ធមីស៊ីល Standard Missile-3 (SM-3) ឬ ប្រព័ន្ធមីស៊ីល Patriot ដើម្បីបាញ់កម្ទេចមីស៊ីល ឬគ្រាប់រ៉ុក្កែតកូរ៉េខាងជើង។ មីស៊ីល Standard Missile-3 ត្រូវបានបំពាក់លើនាវាពិឃាដ Aegis នៃកងកម្លាំងជើងទឹកស្វ័យការពារជប៉ុន ដែលធ្វើប្រតិបត្តិការជុំវិញដែន ទឹកនៃប្រទេស ខណៈប្រព័ន្ធមីស៊ីល Patriot ឬ PAC-3 ត្រូវបានដាក់ពង្រាយនៅផ្នែកខ្លះនៃខេត្តអូគីណាវ៉ា។ មីស៊ីល Standard Missile-3 មានតួនាទីបាញ់ទម្លាក់មីស៊ីល បាលិស្ទីគ នៅខាងក្រៅដែនបរិយាកាស រីឯ PAC-3 មានសមត្ថភាពស្ទាក់ចាប់មីស៊ីលនៅរយៈចម្ងាយ ៣០គីឡូម៉ែត្រ ក្នុងករណីដែលមីស៊ីលសត្រូវអាចទម្លុះប្រព័ន្ធមីស៊ីល Standard Missile-3 ឬជាទូទៅ PAC-3 គេហៅថាខ្សែការពារចុងក្រោយ។

ក្រុមអ្នកវិភាគខ្លះ យល់ថាកន្លងមក ជប៉ុនមានការស្ទាក់ស្ទើរលាយឡំជាមួយការព្រួយបារម្ភ ចំពោះការប៉ុនប៉ង ឬព្យាយាមបាញ់ទម្លាក់មីស៊ីល និងឬគ្រាប់រ៉ុក្កែតពាំផ្កាយរណប របស់កូរ៉េខាងជើង ព្រោះការធ្វើបែបនេះអាចនឹងត្រូវបានកូរ៉េខាងជើងចាត់ទុកថាជាទង្វើប្រកាសសង្រ្គាមដោយបើកចំហ ហើយមិនតែប៉ុណ្ណោះ វាក៏អាចក្លាយជាការបង្ហាញពី សមត្ថភាពចាប់សញ្ញា និងស្ទាក់ចាប់កម្ទេចមីស៊ីលរបស់ជប៉ុន ដែលមេដឹកនាំក្នុងទីក្រុងព្យុងយ៉ាង ទនឹ្ទងរង់ចាំមើលជាយូរណាស់មកហើយ។ ជាឧទាហរណ៍ ប្រសិនបើជោគជ័យ ភាពតានតឹងក្នុងតំបន់អាចនឹងកាន់តែឡើងកម្ដៅ។ តែបើបរាជ័យវិញ នោះអាចនឹងមានផលវិបាកធ្ងន់ធ្ងរ ដោយបើប្រព័ន្ធការពារដែនអាកាសជប៉ុនបរាជ័យក្នុងការស្ទាក់ចាប់ បំផ្លាញគោលដៅ នោះវានឹងបង្កជាការសង្ស័យពីសមត្ថភាពនៃប្រព័ន្ធការពារដែនអាកាសដែលជប៉ុនបានជះលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីពង្រឹងសមត្ថភាព ហើយក៏បង្ក ការសង្ស័យដល់ទីក្រុងវ៉ាស៊ីនតោន ឬសម្ព័ន្ធមិត្ត រួមទាំងប្រទេសជាដៃគូដែលកំពុងប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស Standard Missile-3 និង PAC-3 ផលិតដោយ សហរដ្ឋអាមេរិក។

តែទោះជាបែបនេះក្ដី លោក Masashi Murano ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថាន Hudson មានមូលដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន ធ្លាប់បានប្រាប់សារព័ត៌មានជប៉ុន Japan Times កាលពីខែមេសាថា ហានិភ័យនៃការផ្ទុះជម្លោះនឹងមិនស្ថិតនៅក្នុងកម្រិតខ្ពស់ឡើយ ដ្បិតការស្ទាក់ចាប់បំផ្លាញមីស៊ីលដោយកងកម្លាំងស្វ័យការពារជប៉ុន ធ្វើឡើងតែនៅក្នុងករណីមានគ្រោះថ្នាក់ណាមួយកើតឡើង ដូចជាគ្រាប់រ៉ុក្កែត ឬកំណាត់គ្រាប់រ៉ុក្កែតធ្លាក់មកចំទឹកដីជប៉ុនវិញតែប៉ុណ្ណោះ។

លោក Murano បានបន្ថែមថាការប៉ុនប៉ងបាញ់ទម្លាក់ឱ្យបានជោគជ័យ គឺអាស្រ័យទៅលើពេលវេលា និងទីតាំងដំឡើងប្រព័ន្ធមីស៊ីល ព្រមទាំងទីតាំងនៃគ្រាប់រ៉ុក្កែតដែលឆេះ អស់ថាមពល។ ពីព្រោះថាទាំង Standard Missile-3 និង PAC-3 មិនអាចស្ទាក់ចាប់បំផ្លាញមីស៊ីល ឬក៏គ្រាប់រ៉ុក្កែត អំឡុងដំណាក់ជំរុញនោះទេ។ «ប្រសិនបើប្រព័ន្ធមីស៊ីល ត្រូវបានដំឡើងនៅទីតាំងដ៏ត្រឹមត្រូវ នោះការស្ទាក់បំផ្លាញអាចនឹងធ្វើទៅរួច។ ក៏ប៉ុន្តែ បទបញ្ជារបស់ក្រសួងការពារជាតិជប៉ុន គឺបញ្ជាត្រឹមតែស្ទាក់ចាប់ក្នុងករណីមីស៊ីល ឬគ្រាប់រ៉ុក្កែតកូរ៉េខាងជើងធ្លាក់ចំទឹកដីជប៉ុន និងអាចបង្កការគំរាមកំហែងដល់ប្រជាជនជប៉ុនតែប៉ុណ្ណោះ។ ឬក៏អាចនិយាយមួយបែបទៀត ប្រសិនបើគ្រាប់រ៉ុក្កែតមិនធ្លាក់ចំទឹកដី ជប៉ុនទេ នោះការស្ទាក់ចាប់បំផ្លាញនឹងមិនត្រូវបានធ្វើឡើងទេ»។ នេះជាការកត់សម្គាល់របស់លោក Murano។

កាលពីថ្ងៃទី១៣ ខែមេសាកន្លងទៅ កូរ៉េខាងជើង បានធ្វើតេស្ដមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឥន្ធនៈរឹងថ្មីមួយ ដែលលោក គីម ជុងអ៊ុន ចាត់ទុកថាជារបកគំហើញនៅក្នុង ការអភិវឌ្ឍសមត្ថភាពវាយបកដោយប្រើអាវុធនុយក្លេអ៊ែរ។ ការធ្វើតេស្ដនៅពេលនោះ ក៏បានបង្ខំឱ្យអាជ្ញាធរជប៉ុន ប្រកាសអាសន្នឱ្យប្រជាជនរស់នៅលើកោះហុកកៃដូ រត់រក កន្លែងជ្រកកោនផងដែរ។ ដោយឡែក កាលពីខែមីនាកន្លងទៅ ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន អ្នកនាង គីម យ៉ូជុង បានចេញមុខធ្វើការព្រមានត្រង់ៗថា ការបាញ់ទម្លាក់អាវុធយុទ្ធសាស្ត្រណាមួយរបស់កូរ៉េខាងជើងពីសំណាក់សហរដ្ឋអាមេរិក ឬក៏ប្រទេសដទៃណាមួយ នៅក្នុងដែនអាកាសអន្តរជាតិ នឹងត្រូវបានចាត់ទុកថា ជាទង្វើប្រកាសសង្រ្គាមជាមួយទីក្រុងព្យុងយ៉ាង។

សម្រាប់អ្នកវិភាគ ដូចជាលោក Murano ការចេញបទបញ្ជារបស់ក្រសួងការពារជាតិជប៉ុន គឺជាការសម្រេចចិត្តខាងនយោបាយ និងដើម្បីកុំឱ្យប្រជាជនជប៉ុនភ័យស្លន់ស្លោរ ជាជាងជាការសម្រេចចិត្តខាងយោធា។ លោក Murano បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែការព្រួយបារម្ភរបស់ប្រជាជននៅលើកោះ Nansei ជាកត្តាមួយជំរុញឱ្យ កងកម្លាំងស្វ័យការពារជប៉ុនត្រូវតែបង្ហាញពីឆន្ទៈការពារ និងធានាសុវត្ថិភាពចំពោះពួកគេ បើទោះជាមានហានិភ័យតិច ឬច្រើនក៏ដោយ…ដូច្នេះខ្ញុំគិតថានេះជាការធានាដល់ ប្រជាជន ក៏ដូចជាការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់កងកម្លាំងស្វ័យការពារ»។

ក្រុមអ្នករៀបចំគោលនយោបាយការពារជាតិជប៉ុន បាន និងកំពុងផ្ដោតលើការពង្រឹងប្រព័ន្ធការពារនៅឯតំបន់ដែនកោះស្ថិតនៅភាគនិរតីនៃប្រទេស ដែលនេះជាការត្រៀមទុក បង្ការខ្លាចក្រែងមានផ្ទុះជម្លោះជាមួយចិន ហើយនេះទើបជាគោលដៅចម្បងដែលជប៉ុនកំពុងផ្តោត។ ម្យ៉ាងវិញទៀត ការចេញបញ្ជា និងត្រៀមលក្ខណៈបាញ់ទម្លាក់មីស៊ីល ឬគ្រាប់រ៉ុក្កែតនៅពេលនេះ មានលក្ខណៈស្រដៀងគ្នាទៅនឹងបទបញ្ជាដែលទីក្រុងតូក្យូ បានដាក់ចេញនៅមុនកូរ៉េខាងជើងបាញ់បង្ហោះផ្កាយរណបក្នុងឆ្នាំ២០១២ និងឆ្នាំ២០១៦។

គួរបញ្ជាក់ថា ការប្រកាសពីកាលបរិច្ឆេទបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង កើតមានឡើងក្រោយកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះបានប្រកាសពីជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ីវិល ដោយប្រើប្រាស់គ្រាប់រ៉ុក្កែតផលិតនៅក្នុងស្រុកដំបូងបំផុតរបស់ខ្លួន៕

អត្ថបទទាក់ទង