ទីស្តីការគណៈរដ្ឋមន្ត្រី រៀបចំបាឋកថាស្តីពី «ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ»
(ភ្នំពេញ)៖ ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការគ្នារៀបចំកម្មវិធីបាឋកថាស្តីពី «ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ» ក្នុងគោលបំណង ចែករំលែកបទពិសោធន៍ល្អៗទាក់ទងនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។
ពិធីនេះធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦។ បាឋកថានេះ ត្រូវបានធ្វើឡើងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសម្របសម្រួលដោយលោកបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់។ ពិធីនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចំនួន១៧០រូប។
ក្នុងនាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត, លោកបណ្ឌិត ស៊ា ម៉ៅ បានបញ្ជាក់ថា កម្មវិធីបាឋកថានានេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសជូនសិក្ខាកាមអាចទទួលបាននូវចំណេះដឹង និងបទពិសោធន៍បន្ថែមទៀត ឬចូលរួមផ្តល់យោបល់និងចែករំលែកបទពិសោធន៍ល្អៗទាក់ទងនឹងច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដែលគ្របដណ្តប់លើការងារស្តង់ដាភាវូបនីយកម្ម, មាត្រាសាស្រ្ត, ការធ្វើតេស្តពិសោធន៍ និងការងារវាយតម្លៃទទួលស្គាល់ សម្រាប់យកទៅអនុវត្តក្នុងការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ស្របតាមអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ កម្មវិធីបាឋកថានេះ ឆ្លើយតបនឹងតម្រូវការការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្ត្រី៕









