Grand News Asia Close

វិភាគអន្តរជាតិ៖ ដោយសារ Greenland តើអឺរ៉ុបសុខចិត្តបំផ្លាញសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ឬ?

ដោយ៖ Morm Sokun ​​ | 4 ម៉ោងមុន ទស្សនៈ-Opinion 1016
វិភាគអន្តរជាតិ៖ ដោយសារ Greenland តើអឺរ៉ុបសុខចិត្តបំផ្លាញសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ឬ? វិភាគអន្តរជាតិ៖ ដោយសារ Greenland តើអឺរ៉ុបសុខចិត្តបំផ្លាញសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក ឬ?

#វិភាគអន្តរជាតិ

(វ៉ាស៊ីនតោន)៖ តើមានអ្វីកំពុងកើតឡើងចំពោះសម្ព័ន្ធភាពការទូតរវាងសហរដ្ឋអាមេរិក និងអឺរ៉ុប? ហើយថាតើសម្ព័ន្ធភាពមួយអាយុកាលជាង៨០ឆ្នាំមកនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំឬ? ទាំងនេះជា សំណួរដែលគេកំពុងនាំគ្នាចោទសួរនៅក្នុងតំបន់អឺរ៉ុប ខណៈមេដឹកនាំអឺរ៉ុបកំពុងពិចារណាលើវិធានការឆ្លើយតបទៅនឹងមហិច្ឆតាចង់គ្រប់គ្រងដែនដី Greenland ដែលជាតំបន់ស្វយ័តរបស់ដាណឺម៉ាក ទាំងដែលប្រជាជន Greenland មិនចង់ក្លាយជាពលរដ្ឋអាមេរិកកាំងទេក៏ដោយ។

អ្វីដែលគេត្រូវផ្ដោតលើភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអឺរ៉ុបជុំវិញបញ្ហា Greenland នោះគឺថាតើការប្រឆាំងជំទាស់របស់អឺរ៉ុបទៅនឹងមហិច្ឆតាវាទីរបស់លោក ត្រាំ អាចនឹងបង្កការខូចខាតដល់ ទំនាក់ទំនងរបស់អឺរ៉ុបជាមួយសហរដ្ឋអាមេរិកដល់កម្រិតមួយដែលមិនអាចជួសជុលឡើងវិញ ឬក៏យ៉ាងណា? មកទល់ពេលនេះ មេដឹកនាំអឺរ៉ុបមួយចំនួនដូចជាប្រធានាធិបតីបារាំង លោក Emmanuel Macron និងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Lars Klingbeil បានបង្ហាញពីឆន្ទៈចង់ប្រថុយនឹងគ្រោះថ្នាក់នេះដោយជំរុញឱ្យមេដឹកនាំនៃប្រទេសអឺរ៉ុបដទៃទៀតពិចារណាលើការប្រើប្រាស់ «Bazooka» ជាអាវុធសេដ្ឋកិច្ចមួយរបស់ប្លុកអឺរ៉ុប ជាការឆ្លើយតបទៅនឹងការសម្លុតគំរាមពន្ធគយរបស់លោក ត្រាំ។​

មេដឹកនាំអឺរ៉ុបត្រូវបានរំពឹងថានឹងជួបប្រជុំគ្នាក្នុងសប្ដាហ៍នេះនៅទីក្រុងព្រុចសែល ដើម្បីបង្ហាញពីសាមគ្គីភាព និងស្វែងរកការឆ្លើយតបរួមគ្នាមួយទៅនឹងលោក ត្រាំ។ ក្រុមអ្នកជំនាញខាងកិច្ចការនយោបាយអឺរ៉ុប បាននិយាយថាសម្ព័ន្ធភាពរវាងអឺរ៉ុប និងសហរដ្ឋអាមេរិកដែលត្រូវបានបង្កើតឡើងក្រោយសង្រ្គាមលោកលើកទី២ បានប្រែប្រួលអស់ទៅហើយ។ ពោលគឺវាលែងមានទៀតហើយសម្ព័ន្ធភាពមួយដែលផ្ដោតជា អាទិភាព លើការជំរុញផលប្រយោជន៍របស់បណ្ដាប្រទេសប្រជាធិបតេយ្យ ដោយជំនួសមកវិញនូវទំនាក់ទំនងមួយក្នុងអាណត្តិរបស់លោក ត្រាំតែប៉ុណ្ណោះ ហើយ លោក ត្រាំ បានប្រើទំនាក់ទំនងនេះដើម្បីបង្ខំឱ្យ បណ្ដាប្រទេសអឺរ៉ុបធ្វើតាមអ្វីដែលលោកចង់បាន។

ប្រឈមមុខនឹងការសម្លុតគំរាមពីលោក ត្រាំ វាហាក់ដូចជាមានការយល់ឃើញកុងសង់ស៊ីលនៅក្នុងចំណោមប្រទេសអឺរ៉ុបកាន់តែច្រើនឡើងថាពួកគេចាំបាច់ត្រូវតែកសាងសេដ្ឋកិច្ចថ្មីមួយ និងពង្រឹងសមត្ថភាព ការពារខ្លួនឯង សំដៅកាត់បន្ថយការពឹងផ្អែកខ្លាំងជ្រុលពេកលើសហរដ្ឋអាមេរិកដែលឥលូវបែរជាក្លាយជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់ពួកគេទៅវិញ។ ប៉ុន្តែការធ្វើបែបនេះ ត្រូវចំណាយពេលច្រើនឆ្នាំ ឬអាចដល់រាប់ទសវត្សរ៍។ ព្រមពេលជាមួយគ្នា ពាណិជ្ជកម្ម និងទីផ្សារហិរញ្ញវត្ថុរបស់អឺរ៉ុបនឹងនៅតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអំណាចទិញរបស់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ហើយអ៊ុយក្រែន នឹងនៅតែត្រូវការអាវុធពីសហរដ្ឋអាមេរិកដើម្បីការពារខ្លួនប្រឆាំងនឹងរុស្ស៉ី។ ក្នុងន័យនេះតាមពិតទៅ កិច្ចប្រឹងប្រែងការទូតជាច្រើនខែមកនេះក្នុងការចរចា ស្វែងរកបទឈប់បាញ់ក្នុងសង្រ្គាមអ៊ុយក្រែន បានបង្ហាញរួចទៅហើយថា​ NATO ដែលត្រូវបានបង្កើតឡើងដើម្បីការពារអឺរ៉ុប មិនមានសមត្ថភាពការពារខ្លួនឯងប្រឆាំងនឹងការឈ្លានពានណាមួយពីរុស្ស៉ីនោះទេ ប្រសិនបើគ្មានការធានាសន្តិសុខពី សហរដ្ឋអាមេរិក។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១៧ ខែមករា បានគំរាមដំឡើងពន្ធគយលើប្រទេសអឺរ៉ុបចំនួន៨ ក្នុងនោះរួមមានទាំងបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ដោយនិយាយថាពន្ធគយ ១០ភាគរយ នឹងត្រូវចូលជាធរមាននៅខែកុម្ភៈខាងមុខ ហើយនឹងត្រូវដំឡើងដល់ ២៥ភាគរយនៅខែមិថុនា ប្រសិនបើមិនមានកិច្ចព្រមព្រៀងមួយដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកទិញយក Greenland​ ទេនោះ។ ក្នុងថ្ងៃតែមួយដែលលោក ត្រាំបង្ហោះសារគំរាមដំឡើងពន្ធគយនេះនៅលើបណ្ដាញទំនាក់ទំនងសង្គម ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa កំពុងស្ថិតក្នុងប្រទេសប៉ារ៉ាហ្កាយ ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំជាមួយប្លុកនៃបណ្ដាប្រទេសអាមេរិកឡាទីន។

សព្វថ្ងៃ លោក ត្រាំ​ ពេញចិត្តពេញថ្លើមស្វាគមន៍លុយហូរចូលពីអឺរ៉ុបដែលទិញអាវុធពីសហរដ្ឋអាមេរិក យកទៅផ្គត់ផ្គង់បន្តឱ្យអ៊ុយក្រែន និងបណ្ដាប្រទេសដទៃក្នុងតំបន់អឺរ៉ុបខាងកើត។ តែភាពតានតឹង ជុំវិញបញ្ហា Greenland បានធ្វើឱ្យអឺរ៉ុបធ្លាក់ចូលក្នុងស្ថានការណ៍ដ៏លំបាកមួយគឺខ្នងដៃក៏សាច់ បាតដៃក៏សាច់ ដ្បិតការចាត់វិធានការឆ្លើយបទៅនឹងការគំរាមយកពន្ធគយរបស់លោក ត្រាំ អាចនឹងធ្វើ ឱ្យខូចដល់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ជាពិសេសជាមួយលោក ត្រាំតែម្ដង។ តែមិននៅស្ងៀមមិនធ្វើអ្វីសោះ គឺស្មើនឹងបង្ហាញពីភាពទន់ខ្សោយឱ្យពិភពលោកទាំងមូលបានឃើញ។ លោក ត្រាំ បានបង្ហាញច្បាស់ៗរួចហើយថាលោកសម្លឹងឃើញសម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិក ក្នុងផ្លូវមិនល្អឡើយ។ តួយ៉ាង នៅក្នុងយុទ្ធសាស្ត្រសន្តិសុខជាតិប្រចាំឆ្នាំរបស់លោកចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២៥ ក្រុមមន្ត្រីនៃរដ្ឋបាលរបស់លោក ត្រាំ បាននាំគ្នាចោទសួរថាតើប្រទេសអឺរ៉ុបមួយចំនួននៅតែជាសម្ព័ន្ធមិត្តគួរឱ្យទុកចិត្តបានដែរឬទេនៅពេលអនាគត។?

ឯកសារយុទ្ធសាស្ត្រសន្តិសុខជាតិរបស់លោក ត្រាំ ក៏បានសារភាពដែរថាអឺរ៉ុបមានសារៈសំខាន់ខាងយុទ្ធសាស្ត្រ និងវប្បធម៌ចំពោះសហរដ្ឋអាមេរិក។ ប៉ុន្តែបាននិយាយថាសង្គមអឺរ៉ុបទាំងមូលអាចនឹងបាត់បង់ ភាពស៊ីវិល័យ ប្រសិនបើសហរដ្ឋអាមេរិកមិនជួយដល់បណ្ដាគណបក្សជាតិនិយមអឺរ៉ុបទេនោះ។ ប្រយោគនេះត្រូវបានគេមើលឃើញថាលោក ត្រាំ ចង់សំដៅលើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះបណ្ដាគណបក្សស្ដាំនិយមជ្រុលឱ្យឡើងកាន់អំណាចនៅអឺរ៉ុប។ សម្រាប់អឺរ៉ុប វោហាសាស្ត្រទាំងនេះ ការគំរាមរបស់លោក ត្រាំថាចង់យក Greenland ដោយការទិញយក ឬដោយប្រើកម្លាំងយោធា បានលុបបំបាត់នូវទំនុកចិត្តដែលពួកគេធ្លាប់មានចំពោះសម្ព័ន្ធភាពរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ក្នុងពេលរាប់ទសវត្សរ៍មកនេះ។ «ការវិលត្រឡប់ទៅរកកម្រិតនៃការជឿទុកចិត្តគ្នាដូចពីមុនវិញ ខ្ញុំយល់ថា នឹងតម្រូវឱ្យមានការផ្លាស់ប្ដូរជំនាន់»។ នេះជាការយល់ឃើញរបស់លោកស្រី Rosa Balfour មកពីវិទ្យាស្ថាន Carnegie Europe ដោយបន្ថែមថា «ការវាយប្រហារលើអឺរ៉ុបមិនគ្រាន់តែមានប្រភពចេញ មកពីបុគ្គលម្នាក់តែប៉ុណ្ណោះទេ តែឥលូវវាបានប្រែក្លាយទៅជាមនោគមន៍វិជ្ជាមួយទៅហើយ»។

គួរបញ្ជាក់ថា ចាប់តាំងពីមានការសម្លុតគំរាមរបស់លោក ត្រាំ ចង់គ្រប់គ្រង Greenland​ មក នៅអឺរ៉ុប មានការជំរុញជាច្រើនឱ្យមានការចាត់វិធានការឆ្លើយតបឱ្យបានម៉ឺងម៉ាត់។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីចុងសប្ដាហ៍កន្លងទៅ លោក Macron បានសន្យាថា «នឹងមិនមានការសម្លុតគំរាម ឬការគំរាមកំហែងណាមួយនឹងមានឥទ្ធិពលលើពួកយើងបានទេ មិនថានៅក្នុងសំណុំរឿងអ៊ុយក្រែន Greenland ឬមិនថានៅទីណានោះទេនៅជុំវិញពិភពលោក»។ លោក Macron បានចាត់ទុកថាការសម្លុតគំរាមពន្ធរបស់លោកជារឿងមិនអាចទទួលយកបានទេ ហើយថាអឺរ៉ុបនឹងធ្វើការឆ្លើយតបក្រោមទម្រង់សាមគ្គីភាព ប្រសិនបើការដំឡើងពន្ធពិតជាត្រូវធ្វើឡើងមែននោះ៕

-Fresh News-

អត្ថបទទាក់ទង