Grand News Asia Close

ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ!

ដោយ៖ Morm Sokun ​​ | 2 ម៉ោងមុន ទស្សនៈ-Opinion 1017
ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ! - ប្រាសាទតាក្របី ដែលថៃវាយកម្ទេច ក្នុងសង្គ្រាមខែធ្នូ ២០២៥។ បណ្ដាញសង្គម

#ទស្សនៈ

ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ តែថៃទៅវិញទេដែលតែងគិត​និងនិយាយអំពីការបិទច្រមុះខ្មែរ។ តាមរយៈវោហារសព្ទនយោបាយ​និងសកម្មភាពជាក់ស្តែង មួយថ្ងៃៗ គេនិយាយតែពីការបិទច្រមុះខ្មែរ ផ្តាច់ជំនួយ និងផ្តាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យ។

តាំងពីចុងខែឧសភាឆ្នាំមុន គេបានបង្កហេតុដោយចូលមកបាញ់សម្លាប់កងទ័ពយើងម្នាក់នៅក្នុងលេណដ្ឋាន ឱ្យបាត់បង់ជីវិតយ៉ាងអយុត្តិធម៌។ ចាប់តាំងពីពេលនោះមក គេបានបង្កហេតុជាបន្តបន្ទាប់ ហើយឈានទៅដល់ការបិទព្រំដែនជាឯកតោភាគី។

នៅក្នុងប្រទេសគេឯណោះវិញ ក៏មានសំឡេងពីគ្រប់ច្រកល្ហក អំពាវនាវឱ្យផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត បិទការនាំចូលប្រេងឥន្ធនៈ និងបញ្ឈប់ការនាំចូលទំនិញពីថៃសព្វបែបយ៉ាង។ គេគិតថា ការបិទច្រមុះខ្មែរបែបនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចខ្មែរដួលរលំ ហើយប្រជាជនខ្មែរនឹងស្លាប់ក្នុងរយៈពេលបីខែ។ គេបានមើលងាយខ្មែរយើងថា ជាប្រទេសតូច ក្រីក្រ និងមានប្រជាជនកន្លះប្រទេសជាអ្នកសុំទាន ហើយបើគ្មានថៃ ខ្មែរនឹងដាច់ពោះស្លាប់មិនខាន។ គេទម្លាក់កម្រិតទំនាក់ទំនងការទូតជាឯកតោភាគីដល់កម្រិតលេខាទូតទី២។

ជាងនេះទៅទៀត ប្រជាជនថៃជ្រុលនិយមមួយចំនួន បានធ្វើទុកបុកម្នេញ រើសអើង និងប្រើអំពើហិង្សាសព្វបែយ៉ាងលើប្រជាជន និងពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ទន្ទឹមនឹងនោះ អាជ្ញាធរថៃ និងក្រុមហ៊ុនថៃមួយចំនួន ក៏បានស្វែងរកលេស និងប្រើល្បិចកលដើម្បីបណ្ដេញពលករខ្មែរ ឱ្យត្រឡប់មកស្រុកវិញ ដោយគេរំពឹងថា ពលករទាំងនោះនឹងអត់ការងារធ្វើ ក្លាយជាអ្នកសុំទាន ហើយចុងក្រោយត្រូវបង្ខំចិត្តត្រឡប់ទៅរកការងារនៅថៃវិញ។

កាន់តែធ្ងន់ធ្ងរទៀតនោះ កាលម្សិលមិញនេះ មានសមាជិកព្រឹទ្ធសភាថៃមួយរូប បានលើកសំណើឱ្យផ្តាច់ជំនួយ និងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិតនិងគ្រប់វិស័យជាមួយខ្មែរទៀតផង។

ប៉ុន្តែឥឡូវនេះ រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅហើយ តើសេដ្ឋកិច្ចខ្មែរដួលរលំដូចគេថាទេ? តើប្រជាជនខ្មែរដាច់ពោះស្លាប់ទេ? តើពលករខ្មែរដែលត្រឡប់មកស្រុកវិញ ក្លាយជាអ្នកសុំទានដូចគេរំពឹងទេ? តើខ្មែរខ្វះប្រេងឥន្ធនៈ ឬគ្មានអ៊ីនធឺណិតប្រើដូចគេគិតទេ? តើខ្មែរឯកោពីពិភពលោកខាងក្រៅទេ? ដូច្នេះ តើនេះឬដែលគេហៅថា ខ្មែរបិទច្រមុះថៃ?

ការពិត ខ្មែរមិនដែលគិតនិងមិនដែលធ្វើសកម្មភាពក្នុងគោលបំណងបិទច្រមុះថៃឡើយ។ ខ្មែរគ្រាន់តែធ្វើតបតាមអ្វីដែលថៃបានចាប់ផ្តើមមុនតែប៉ុណ្ណោះ ពោលគឺខ្មែរគ្រាន់តែយកនំថៃ ឱ្យថៃហូបវិញតែប៉ុណ្ណោះ។ គេបិទព្រំដែនជាឯកតោភាគី យើងគ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះ ហើយក៏មិនដែលនិយាយរឿងបើកព្រំដែនឡើងវិញម្តងណាឡើយ, ព័ត៌មានរឿងបិទរឿងបើក គឺចេញមកតែពីខាងភាគីថៃខ្លួនឯង។ គេប្រកាសកាត់អគ្គិសនី និងអ៊ីនធឺណិត យើងក៏ផ្តាច់ខ្លួនឯង មិនបាច់រង់ចាំឱ្យគេមកកាត់ទេ។ គេប្រកាសបិទការនាំចូលប្រេងឥន្ធនៈ យើងក៏បញ្ឈប់ការនាំចូលទាំងស្រុង។ គេប្រកាសបិទការនាំចូលស្បៀងអាហារ យើងក៏បញ្ឈប់ការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងកំប៉ុងពីគេវិញ។ រីឯពលករយើងវិញ មិនបានវិលត្រឡប់ទៅការងារធ្វើក្នុងប្រទេសថៃវិញដូចគេគិតឡើយ។ ពួកគាត់ភាគច្រើនមានការងារធ្វើក្នុងស្រុក និងបង្កើតមុខរបរផ្ទាល់ខ្លួន។ បើនិយាយពីទំនាក់ទំនងការទូតវិញ ខ្មែរមិនមែនមានទំនាក់ទំនងតែជាមួយថៃទេ ខ្មែរមានទំនាក់ទំនងជាមួយប្រទេសនានាជាច្រើនទាំងក្នុងតំបន់និងសកលលោក។

នេះមិនមែនជាការបិទច្រមុះថៃទេ តែជាការឆ្លើយតបចំពោះសម្ពាធដែលគេបានដាក់មកលើយើង ពោលគឺថៃទេ ដែលបានបាចអង្កាមច្រាសខ្យល់មកលើយើងមុន។ ប្រជាជនថៃមួយចំនួន កំពុងច្រឡំសម័យកាល ដោយគេគិតថា ស្ថានភាពខ្មែរបច្ចុប្បន្ន គឺស្ថានខ្មែរក្រោយឆ្នាំ១៩៧៩។

ខ្មែរយើងជាប្រទេសតូចណាស់ មិនដែលមានបំណងទៅបិទច្រមុះឬបិទមាត់អ្នកណាឡើយ។ ប៉ុន្តែក្នុងពេលប្រឈមមុខនឹងការប្រមាថនិងសម្ពាធពីខាងក្រៅ និងភាពអាម៉ាស់របស់ប្រជាជាតិ យើងត្រូវតែប្រឹងរស់ ប្រឹងរីកចម្រើន និងប្រឹងរួបរួមគ្នាជាធ្លុងមួយ។ យើងមិនត្រូវបែកបាក់គ្នាក្នុងមហាគ្រួសារខ្មែរទេ។ យើងត្រូវប្រមូលផ្តុំកម្លាំងកាយ ប្រាជ្ញា ស្មារតី និងមនសិការជាតិ ដើម្បីកសាងនិងពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យ។ មានតែភាពរឹងមាំរបស់ជាតិប៉ុណ្ណោះ ដែលអាចធ្វើឱ្យជាតិសាសន៍ដទៃលែងហ៊ានប្រមាថឈ្លានពានយើង និងធានាបាននូវឯករាជ្យ ស្វ័យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងបាន៕

លោក គិន ភា គឺជា​ប្រធាន​វិទ្យាស្ថានទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា។

អត្ថបទទាក់ទង