Grand News Asia Close

វិភាគអន្តរជាតិ៖ តៃវ៉ាន់! ចង់ដូចអ៊ុយក្រែន ឬក៏ហុងកុង? 

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ ទស្សនៈ-នយោបាយ 1437
វិភាគអន្តរជាតិ៖ តៃវ៉ាន់! ចង់ដូចអ៊ុយក្រែន ឬក៏ហុងកុង?  វិភាគអន្តរជាតិ៖ តៃវ៉ាន់! ចង់ដូចអ៊ុយក្រែន ឬក៏ហុងកុង? 

 

(តៃប៉ិ)៖ ប្រជាជននៅកោះតៃវ៉ាន់ បាន និងកំពុងតាមដានរាល់ព័ត៌មានពាក់ព័ន្ធនឹងស្ថានការណ៍សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ ខណៈការគាំទ្រចំពោះបុព្វហេតុ របស់អ៊ុយក្រែនសឹងតែស្មើជាលក្ខណ​ៈសកល ការសន្និដ្ឋានទាំងឡាយចំពោះអនាគតរបស់តៃវ៉ាន់មានភាពខុសគ្នាស្រឡះ។ ប្រជាជនតៃវ៉ាន់បានទាញយក មេរៀន ២ផ្សេងៗគ្នាពីសង្រ្គាមនៅអ៊ុយក្រែន ដោយអ្នកខ្លះជឿថាមិនថាសត្រូវខ្លាំងប៉ុនណានោះទេ ឱ្យតែអាចរួមគ្នាជាធ្លុងមួយបាន នោះគ្មានអ្វីគួរឱ្យខ្លាចនោះទេ ពោលគឺដូចដែលអ៊ុយក្រែនកំពុងធ្វើសព្វថ្ងៃ។ រីឯអ្នកខ្លះទៀត ដោយបានមើលឃើញរូបភាពនៃការបំផ្លិចបំផ្លាញនៅតាមទីក្រុងជាច្រើនរបស់អ៊ុយក្រែន ពួកគេ យល់ថាតៃវ៉ាន់គួរតែធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចៀសសង្រ្គាម និងការបង្ករឿងធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បារ បើទោះជាត្រូវធ្វើ ការសម្រុះសម្រួលដ៏ឈឺចាប់ណាមួយក៏ដោយ។

ភាពខុសគ្នារវាងទស្សនៈយល់ឃើញទាំង២នេះនឹងបង្ហាញកាន់តែច្បាស់ នៅក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មី ដែលគ្រោងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៤ខាងមុខ ព្រមទាំងអាចនឹងជះឥទ្ធិពលផងដែរដល់របៀបថាតើតៃវ៉ាន់នឹងត្រូវធ្វើទំនើបកម្មយោធារបស់ខ្លួនយ៉ាងដូចម្ដេច ខណៈអំណាចយោធាចិន កាន់តែរីកធំ។ បានន័យថាគេត្រូវរង់ចាំមើលថាតើគណបក្សរបស់មេដឹកនាំតៃវ៉ាន់បច្ចប្បន្ន គឺលោកស្រី Tsai Ing-wen ឬក៏គណបក្សប្រឆាំង Kuomintang ដែល មានទំនោរងាកទៅរកចិន ជាអ្នកឈ្នះ? ព្រមពេលជាមួយគ្នា ឆន្ទៈរួមទាំងការប្ដេជ្ញាចិត្តរបស់ប្រជាជន និងកងទ័ពតៃវ៉ាន់ វាក៏អាស្រ័យដែរថាតើសហរដ្ឋអាមេរិក នឹងលូកដៃជួយតៃវ៉ាន់ ដែរឬក៏យ៉ាងណា ក្នុងករណីសង្រ្គាមផ្ទុះឡើង។

ខណៈតៃវ៉ាន់រស់នៅក្រោមការភ័យខា្លចនៃការគំរាមកំហែងប្រើកម្លាំងយោធាពីចិន ចាប់តាំងពីឆ្នាំ១៩៤៩មក សង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានជំរុញឱ្យប្រជាជនតៃវ៉ាន់ជាច្រើនចាប់ផ្ដើមគិតថាសង្រ្គាមអាចនឹងផ្ទុះឡើងគ្រប់ពេល។ មេដឹកនាំចិនបានបង្កើនវោហាសាស្ត្រសង្រ្គាមប្រឆាំងនឹងតៃវ៉ាន់ ជាមួយការអះអាងម្ដងហើយម្ដងទៀតថាទីក្រុងប៉េកាំងនឹងមិនស្ទាក់ស្ទើរឡើយក្នុងការប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិជាមួយតៃវ៉ាន់ នៅក្នុង ករណីចាំបាច។ មិនតែប៉ុណ្ណោះ បន្ថែមពីលើវោហាសាស្ត្រ យោធាចិនថែមទាំងបានបង្កើនការធ្វើសកម្មភាពទាំងយន្ដហោះចម្បាំង និងនាវាចម្បាំងនៅក្បែរ កោះតៃវ៉ាន់ទៀតផង ក្នុងគោលដៅសម្លុតគំរាមខាងសង្រ្គាមចិត្តសាស្ត្រ និងធ្វើតេស្ដលើសមត្ថភាពយោធាតៃវ៉ាន់។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA បានវាយតម្លៃថាលោកប្រធានាធិបតីចិន ស៊ី ជិនពីង បានកំណត់យកឆ្នាំ២០២៧ ជាកាលបរិច្ឆេទដែលយោធារបស់ លោកត្រូវត្រៀមលក្ខណៈឱ្យបានរួចរាល់ដើម្បីវាយកាន់កាប់កោះតៃវ៉ាន់។ នៅចំពោះមុខភាពតានតឹងជាមួយចិន មេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen បាន សម្រេចចិត្តបង្កើនរយៈពេលនៃការបំពេញកាតព្វកិច្ចពី៤ខែ ដល់១ឆ្នាំ ដែលនឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៤ ក៏ដូចជាបង្កើនកញ្ចប់ថវិកាយោធាជាមួយការទិញ អាវុធថ្មីៗពីសហរដ្ឋអាមេរិក ក្នុងនោះរួមមានមីស៊ីលប្រឆាំងនាវាចម្បាំង Harpoon រាប់រយដើម។ លោកស្រី Tsai មិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតមួយ អាណត្តិទៀត បានឡើយ តែបេក្ខជនមកពីគណបក្សរបស់លោកស្រី គឺលោក Lai Ching-te បានសន្យាដូចគ្នាទៅនឹងលោកស្រី Tsai ថានឹងការពារស្វ័យភាព ហើយតស៊ូប្រឆាំងនឹងការគំរាមកំហែងពីចិន។

«ខ្ញុំមិនគិតនោះទេថាមនុស្សមានហេតុផលអាចនិយាយចេញពីមាត់ថា កិច្ចសន្ទនាអាចនឹងកែប្រែគំនិតរបស់លោក ស៊ី (ជិនពីង) ឬបក្សកុម្មុយនិស្ដចិន»។ នេះ ជាការលើកឡើងរបស់លោក Vincent Chao ជាអតីតមន្ត្រីសន្តិសុខជាតិតៃវ៉ាន់ ហើយបច្ចុប្បន្នជាអ្នកនាំពាក្យរបស់លោក Lai។ សម្រាប់លោក Vincent Chao ថ្នាក់ដឹកនាំចិនមើលឃើញថាការកាន់កាប់តៃវ៉ាន់ គឺជារឿងចៀសមិនរួច និងបញ្ជាក់ពីភាពស្របច្បាប់តែមួយគត់របស់គណបក្សកុម្មុយនីស្ដចិន ដែលនេះតម្រូវ ឱ្យបេក្ខជនសម្រាប់តំណែងជាមេដឹកនាំថ្មីទាំងអស់របស់តៃវ៉ាន់ គួរតែស្វែងយល់ឱ្យច្បាស់ពីការពិតមួយនេះ។ លោកបន្ថែមថាសង្រ្គាមនៅអ៊ុយក្រែនបានផ្ដល់ មេរៀនដ៏អស្ចារ្យដល់តៃវ៉ាន់ ពីរបៀបការពារខ្លួន និងថាតើត្រូវបង្កើតក្រុមចម្រុះជាមួយប្រទេសប្រជាធិបតេយ្យដូចគ្នាយ៉ាងដូចម្ដេច?

ក៏ប៉ុន្តែ បេក្ខជនមេដឹកនាំតៃវ៉ាន់មកពីគណបក្សជាតិនិយម ឬ Kuomintang ដែលជាបក្សប្រឆាំងធំបំផុតនៅតៃវ៉ាន់យល់ខុសពីនេះស្រឡះ ហើយភាពខុសគ្នានេះ បាន និងកំពុងបង្ហាញថាតៃវ៉ាន់មានជម្រើសដ៏លំបាក នោះគឺ«ចង់ក្លាយជាហុងកុង ឬក៏អ៊ុយក្រែន»។ លោក Andrew Hsia ជាអនុប្រធានគណបក្ស Kuomintang ធ្លាប់បានកត់សម្គាល់នៅមុនពេលបំពេញទស្សនិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីខែមិថុនាកន្លងទៅ ដូច្នេះថា «យើងចង់ជជែកជាមួយចិន។ យើងជឿថាយើង អាចនឹងមានកិច្ចសន្ទនាជាមួយចិន ដែលនឹងអាចជួយបន្ធូរបន្ថយភាពតានតឹង បញ្ចៀសទាំងការផ្ទុះសង្រ្គាមដោយចៃដន្យ និងចេតនាបង្កសង្រ្គាម»។

អនុប្រធានគណបក្សប្រឆាំងរូបនេះបានបន្ថែមទៀតថា «សោកនាដកម្មនៅអ៊ុយក្រែន បានបញ្ជាក់ថាការជជែកជាមួយចិនគឺជារឿងចាំបាច់បំផុត។ កាលពីអតីតកាល យើងនាំគ្នានិយាយពីសង្រ្គាម ប៉ុន្តែសព្វថ្ងៃ ជាលើកដំបូងបំផុតដែលយើងបានឃើញការបំផ្លិចបំផ្លាញទាំងនេះ នៅតាមកញ្ចក់ទូរទស្សន៍។ ដូច្នេះថាតើពួកយើង បានត្រៀមខ្លួនសម្រាប់រឿងនេះហើយឬនៅ? ខ្ញុំគិតថាយើងមិនទាន់ត្រៀមខ្លួននោះទេ»។ លោក Hou Yu-ih ជាបេក្ខជនមេដឹកនាំតៃវ៉ាន់មកពីគណបក្ស Kuomintang បានសន្យានៅក្នុងសប្ដាហ៍នេះដែរថាលោកនឹងត្រឡប់ទៅអនុវត្តកាតព្វកិច្ចយោធារយៈពេល៤ខែវិញ ក្រោយធ្វើឱ្យទំនាក់ទំនងជាមួយចិនមានភាពប្រសើរឡើង។

មេដឹកនាំចិនត្រូវបានគេរាយការណ៍ថាបានតាមដានយ៉ាងយកចិត្តទុកដាក់លើបរាជ័យ និងការខាតបង់កងទ័ពរបស់រុស្ស៉ីកន្លងមក ក្នុងសង្រ្គាមអ៊ុយក្រែនដែលបានបង្កឱ្យ មានការបះបោរមិនបានសម្រេចរបស់ទាហានស៊ីឈ្នួលកាលពីចុងខែមិថុនាកន្លងទៅ។ ប៉ុន្តែក្រុមមន្ត្រីអាមេរិកបាននិយាយថា មិនមានសញ្ញាណាមួយបង្ហាញថាលោក ស៊ី ជិនពីង ដែលបានធ្វើឱ្យទីក្រុងហុងកុងត្រឡប់មកស្ថិតនៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ចិន មានការថយចុះការប្ដេជ្ញាចិត្តកាន់កាប់តៃវ៉ាន់ ដោយសារតែបរាជ័យ ឬភាពលំបាករបស់រុស្ស៉ីនោះឡើយ។

បើតាមក្រុមអ្នកវិភាគ ដោយសារតែតៃវ៉ាន់ជាដែនកោះ មិនមែនជាដីគោកដូចអ៊ុយក្រែន ប្រតិបត្តិការយោធារបស់ចិនអាចនឹងជួបភាពស្មុគស្មាញច្រើន ដោយអាចនឹង បាត់បង់កងទ័ពក្នុងចំនួនដ៏ច្រើន ជាពិសេសនៅក្នុងប្រតិបត្តិការដឹកកងទ័ពឆ្លងសមុទ្រ ឡើងទៅលើដីគោករបស់តៃវ៉ាន់។ តែទោះជាបែបនេះក្ដី ការផ្ដល់ជំនួយអាវុធ ដូចជាគ្រាប់រំសេវ រួមទាំងឥន្ធនៈសម្រាប់ផ្គត់ផ្គង់រោងចក្រអគ្គិសនីតៃវ៉ាន់ ក៏នឹងជួបបញ្ហាស្មុគស្មាញដូចគ្នាដែរ។ ម្យ៉ាងវិញទៀត តៃវ៉ាន់នឹងកាន់តែពិបាក ប្រសិនបើកងទ័ព ចិនអាចបង្កើតខ្សែការពារនៅតាមបណ្ដោយឆ្នេរបានមែននោះ។

សហរដ្ឋអាមេរិក មិនបានចុះសន្ធិសញ្ញាណាមួយដែលតម្រូវឱ្យខ្លួនមានកាតព្វកិច្ចចូលជួយតៃវ៉ាន់ទេ ហើយបានប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រមិនច្បាស់លាស់លើបញ្ហាតៃវ៉ាន់ រាប់ទសវត្សរ៍មកនេះ។ ប៉ុន្តែ លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងជាច្រើនលើកថាយោធាអាមេរិកនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីការពារតៃវ៉ាន់ ប្រសិនបើ មានការវាយប្រហារពីចិន។ យ៉ាងណាក៏ដោយ មុននឹងសហរដ្ឋអាមេរិកបញ្ជូនកងទ័ពមកជួយ តៃវ៉ាន់ខ្លួនឯងត្រូវប្រឹងប្រែងទប់ទល់ជាមួយចិន ដើម្បីពន្យារពេលសិន។ « តៃវ៉ាន់ត្រូវតែមានការប្ដេជ្ញាចិត្ត១០០ភាគរយ ពីព្រោះបើពួកគេមិនមានការប្ដេជ្ញាចិត្តទេ នោះវាក៏គ្មានហេតុផលអ្វីដែលសហរដ្ឋអាមេរិក ឬប្រទេសដទៃទៀតត្រូវចូល ជួយពួកគេនោះដែរ»។ នេះបើតាមលោក David Deptula ជាព្រឹទ្ធបុរសមកពីវិទ្យាស្ថាន Mitchell Institute for Aerospace Studies ជាមួយការសង្កត់ធ្ងន់បន្ថែមថា «សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកូនប្រុស និងកូនស្រីរបស់ខ្លួនទៅសមរភូមិនោះទេ បើប្រជាជនតៃវ៉ាន់មិនមានឆន្ទៈប្រយុទ្ធការពារខ្លួនឯង»។

គួរបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍កន្លងមក តៃវ៉ាន់ កំពុងជួបបញ្ហាលំបាកក្នុងការរក្សាទុកកងទ័ពអាជីព ក្នុងនោះរួមមានទាំងពីឡុតដែលទទួលបានការបណ្ដុះបណ្ដាល កម្រិតខ្ពស់។ ក្រសួងការពារជាតិតៃវ៉ាន់ កាលពីពេលថ្មីៗនេះបានលើកឡើងនៅក្នុងរបាយការណ៍មួយថាក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ មានជិត ២០ភាគរយនៃកងទ័ព អាជីពរបស់ខ្លួន បានសម្រេចចិត្តចាកចេញពីយោធាមុនកិច្ចសន្យារបស់ពួកគេផុតកំណត់ ហើយកាលពីឆ្នាំ២០២២ មានកងទ័ពច្រើនជាង ៣,៧០០នាក់ បានស្នើសុំចាកចេញ៕

អត្ថបទទាក់ទង