ជម្រើសសន្តិភាពនិងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា
ជម្រើសសន្តិភាពនិងការរក្សាបានពេញលេញនូវសិទ្ធិដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់ ជាជម្រើសល្អបំផុតសម្រាប់កម្ពុជា
#ទស្សនៈវិភាគ
តាមរយៈបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាសម្រេចបាននូវគោលដៅដ៏សំខាន់ពីរ៖ ទី១ គឺការឈប់បាញ់ដើម្បីការពារអាយុជីវិតកងទ័ពនិងប្រជាជនស៊ីវិល ក៏ដូចជាការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។ នេះជាជម្រើសឈរនៅខាងសន្តិភាព ដែលជាជំហររបស់រដ្ឋាភិបាលកម្ពុជាតាំងពីជំនាន់ លោកហ៊ុន សែន នៅជានាយករដ្ឋមន្ត្រី រហូតដល់លោកហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន និងទី២ គឺការរក្សាបាននូវសិទ្ធិពេញលេញក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃតាមផ្លូវច្បាប់។
ជាការពិត តាមរយៈកិច្ចព្រមពៀងឈប់បាញ់នេះ មានការមន្ទិលសង្ស័យឬព្រួយបារម្ភអំពីការបាត់បង់បូរណភាពទឹកដី ដោយសារតែកងទ័ពថៃបានឈរជើងនៅទីតាំងមួយចំនួនដោយកម្លាំងយោធា។ ប៉ុន្តែ ក្តីបារម្ភ នេះបានរំសាយ បន្ទាប់ពីបានឃើញសាររបស់លោកនាយករដ្ឋមន្ត្រី ក៏ដូចជាសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលយើងអាចយល់បានថា «ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ មិនមែនបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់ នៅលើដីនោះទេ»។
ចំណុចនេះត្រូវបានលោកនាយករដ្ឋមន្ត្រីអះអាងថា «ភាគីទាំងពីរ ពោលគឺកម្ពុជានិងថៃ បានទទួលស្គាល់ជាផ្លូវការនិងជាលាយលក្ខណ៍អក្សរថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដូចមានចែងក្នុងចំណុចទី៣ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ហើយចំណុចនេះទៀតសោតត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង «សេចក្តីប្រកាស រួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជានិងថៃ»។ នេះមានន័យថា បន្ទាត់ព្រំដែនត្រូវកំណត់យកតាមការវាស់វែងជាក់ស្តែងរបស់ក្រុមការងារនៃគណៈកម្មការចម្រុះខណ្ឌសីមា ព្រំដែនគោក (JBC) គឺមិនមែនកំណត់តាមយោធាឈរជើងនោះឡើយ។
ប្រការនេះបញ្ជាក់ច្បាស់ថា កម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយ ដែលមានជាធរមាន។ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ច្បាស់ៗថា កម្ពុជាមិនបានបោះបង់សិទ្ធិការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារយ៉ាងសកម្មតាមផ្លូវការទូតនិងផ្លូវច្បាប់ ដើម្បីការពារបូរណភាពទឹកដី។
ជាក់ស្តែង រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ក៏បានបញ្ជាក់ច្បាស់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
គណៈម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ក៏បានផ្ញើកំណត់ទូតទៅគណៈកម្មការ JBC ថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ នៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសនៅតំបន់ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង តំបន់បឹងត្រកួន តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា អូរភ្លុកដំរី និងតំបន់ព្រំដែនផ្សេងទៀត។
ប្រសិនបើយើងអានសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ឱ្យបានលម្អិត យើងពិតជាអាចយល់បានថា គ្រប់ចំណុចសុទ្ធតែមានសារៈសំខាន់និងបញ្ជាក់ពីការការពារយ៉ាងប្តូរផ្តាច់របស់រាជរដ្ឋាភិបាលចំពោះ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បើទោះបីជាការចរចានេះស្ថិតក្នុងស្ថានភាពនៃការច្បាំងគ្នាយ៉ាងតឹងតែងក៏ដោយ ជាពិសេសគ្រប់ចំណុចដែលជាជំហររបស់កម្ពុជា ត្រូវបានចែងក្នុងសេចក្តីប្រកាសរួមនេះ។
តាមរយៈការពន្យល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងចំណាត់ការភ្លាមៗរបស់រដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ពិតជាមានភាពកក់ក្តៅ និងជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន។ ពិតណាស់ ប្រទេសយើងតូចនិងមានប្រជាជនតិច ហើយជាពិសេសថ្នាក់ដឹកនាំយើងស្រឡាញ់សន្តិភាព ដូច្នេះជម្រើសធ្វើសង្គ្រាមមិនស្ថិតនៅក្នុងរបៀបវារៈរបស់កម្ពុជានោះឡើយ។ ក្នុងន័យនេះ ជម្រើសសន្តិភាព និងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីតាមរយៈការចរចា ដោយផ្អែកលើសន្ធិសញ្ញា អនុសញ្ញា និងច្បាប់អន្តរជាតិ គឺជាជម្រើសល្អបំផុតហើយសម្រាប់កម្ពុជា៕
ដោយវង្ស មករា
សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គមនយោបាយ
#CambodiaWantsPeace
#JusticeForCambodia





