Grand News Asia Close

សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៧ « ឥទ្ធិពលនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ (ឌីហ្វីដ) »

ដោយ៖ ម៉ម សុគន្ធ ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកសារ 317
សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៧ « ឥទ្ធិពលនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ (ឌីហ្វីដ) » សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា វគ្គ៣៧ « ឥទ្ធិពលនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ (ឌីហ្វីដ) »

សៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»ជាស្នាដៃរបស់ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមអ្នកនិពន្ធខ្មែរ។ ឯកឧត្តម ចងក្រងសៀវភៅនេះឡើង ដើម្បីលើកទឹកចិត្តឱ្យអ្នកនិពន្ធ ឬអ្នកដែលចូលចិត្តកិច្ចការស្រាវជ្រាវ និងចងក្រងសៀវភៅឱ្យចាប់អារម្មណ៍ ប្រមូលផ្តុំគ្នាដើម្បីចងក្រងប្រវត្តិសាស្រ្តរបស់យើង ព្រោះតាំងពីច្រើនសម័យកាលមកហើយ សូម្បីតាំងពីដើមសតវត្សរ៍ទី១ នៃគ.ស. ការចងក្រងឯកសារ នៃប្រទេសយើង ភាគច្រើនគឺជាជនបរទេស ឯខ្មែរពុំសូវមាន។ ជនបរទេស មិនមែនទន់ខ្សោយនោះទេ ប៉ុន្តែគេជាជាតិសាសន៍ដទៃ ពេលគេសរសេរអំពីយើង អាចនឹងមានការលើសលស់ទៅរកទំនោរនៃជាតិសាសន៍របស់គេ។ ដូច្នេះប្រសិនបើជាតិសាសន៍យើងជាអ្នករៀបរៀងឡើង យ៉ាងហោចណាស់ ក៏អ្វីៗបានកើតចេញពីបេះដូង ពីមនសិការ និងឧត្តមគតិជាតិពិតប្រាកដរបស់ខ្លួនដែរ។

ខាងក្រោមនេះគឺជាខ្លឹមសារតាមជំពូកនីមួយៗដែលមានក្នុងសៀវភៅ«សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និង បិតាសន្តិភាពរបស់កម្ពុជា»។ សូមមិត្តអ្នកអាន តាមដានតាមវគ្គនីមួយៗដោយក្ដីរីករាយ។

វគ្គ៣៧ « ឥទ្ធិពលនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ (ឌីហ្វីដ) »

ជាទូទៅពាក្យថា ឈ្នះ ឈ្នះ គេមិនដែលបានឮ បានជួបទេ ជាច្រើនសតវត្សរ៍មកហើយ គេទើបតែឮ និងជួបពាក្យនេះនៅអំឡុងទសវត្សរ៍១៩៩០ នៅពេលដែលសម្តេច ហ៊ុន សែន យកមកផ្សព្វផ្សាយ និងអនុវត្តប៉ុណ្ណោះ។ ការឮ និងដឹងនូវការលើកឡើងពីយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ក៏មានមនុស្សតិចតួចប៉ុណ្ណោះដែលយល់ដឹងស៊ីជម្រៅអំពីយុទ្ធសាស្រ្តនេះ ហើយតាមរយៈខ្លឹមសារខាងលើ យើងយល់កាន់តែច្បាស់ ថាអ្វីទៅជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា? នោះគឺ៖

ទី១៖ ធ្វើយ៉ាងណា បំបែកក្រុមមេដឹកនាំខ្មែរក្រហមឱ្យនៅដាច់ពីគ្នា។ ទី២៖ ធ្វើយ៉ាងណាឱ្យមេដឹកនាំខ្មែរក្រហមឯកោ ហើយដើម្បីឈានដល់ភាពឯកោ គឺត្រូវបង្កើតពាក្យចរចាមអារ៉ាម ឱ្យពួកគេលែងទុកចិត្តគ្នា។ ទី៣៖ ត្រូវបញ្ចប់អង្គការចាត់តាំងរបស់ខ្មែរក្រហម ពីលើដល់ក្រោម។ ទី៤៖ ធ្វើសមាហរណកម្ម គឺបញ្ចូលពួកគេឱ្យមករួមរស់ជាមួយរាជរដ្ឋាភិបាលដោយសុខក្សេមសាន្ដ។ ទី៥៖ គឺអភិវឌ្ឍន៍។ ក្រោយពីធ្វើសមាហរណកម្មរួចហើយ ត្រូវអភិវឌ្ឍន៍ពួកគេតាមរយៈ៖

ក. រក្សាតួនាទីពួកគេ ក្នុងការបម្រើជាតិ ជាមួយរាជរដ្ឋាភិបាលដោយគ្មានការរើសអើង។ ខ. ធានាមិនឱ្យមានការប៉ះពាល់ដល់រូបកាយ ឬអាយុជីវិតរបស់ពួកគេ។ គ. ធានាមិនឱ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិ របស់ពួកគេដែលមានស្រាប់។

ចំពោះខ្លឹមសារមាតិកានេះ យើងនឹងយល់កាន់តែច្បាស់ពីឥទ្ធិពលនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ។ តើយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ មានឥទ្ធិពលកម្រិតណា?

ឥទ្ធិពលនៃយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ឆ្នាំ១៩៨៧ សម្តេចព្រះនរោត្តម សីហនុ ត្រូវបំបែកចេញពីចលនាខ្មែរក្រហម និងសឺន សាន ដោយប្រយោលបន្តិចម្តងៗ រហូតដាច់ចេញពីគ្នាកាន់តែឆ្ងាយទៅៗ និងក្លាយជាសត្រូវនឹងគ្នាផង។ ប៉ុន្តែនៅគ្រានោះ បើយើងនិយាយថាជាយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ប្រហែលជានឹងត្រូវគេច្រានចោល មិនទទួលស្គាល់ តែបើយើងមើលទៅលើទម្រង់ ឬសាវតារនៃ យុទ្ធសាស្រ្តនេះ នោះយើងនឹងឃើញថា រាល់ការចរចា គឺជាការបំបែកចេញ ហើយជួនកាលម្តងម្កាល គេអាចឮសម្តេចលើកឡើងអំពីយុទ្ធសាស្រ្តបំបែកសម្តេចព្រះនរោត្តម សីហនុ ចេញពីពួកខ្មែរក្រហម។ នៅគ្រានោះ ទោះបីសម្តេចព្រះនរោត្តម សីហនុ ហាក់នៅរារែក អល់អែក ចំពោះការសម្រេចព្រះទ័យក៏ដោយក្តី។

តាមការសង្កេត យុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេច ហ៊ុន សែន ជាយុទ្ធសាស្រ្តតែមួយគត់លើលោកដែលបញ្ចប់សង្រ្គាមនៅកម្ពុជា ដោយគ្មានបង្ហូរឈាម មានឥទ្ធិពលមិនត្រឹមតែបំបែកលោក កែវ ពង្ស ចេញពីក្រុម នួន ប៉ែត ឈូក រិន ឬ សំ ប៊ិត និងមិនត្រឹមតែបំបែក លោក សុខ ភាព ពី នួន ជា និងសុន សេន, មិនត្រឹមតែបំបែកលោក អ៊ី ឈាន និង អៀង សារី ចេញពី ប៉ុល ពត, តាម៉ុក និង ខៀវ សំផន ប៉ុណ្ណោះទេ ប៉ុន្ដែចុងក្រោយ គឺបំបែក តាម៉ុក មេខ្មែរក្រហមក្បាលរឹង ចេញពីប៉ុល ពត ថែមទៀតផង។

គេអាចចងចាំពាក្យតាម៉ុក ក្នុងអំឡុងទសវត្សរ៍១៩៨០ គាត់បានបង្កើតពាក្យស្លោកមួយថា “នៅក្នុងព្រៃមានម៉ុក នៅក្នុងស្រុកមានសែន”។ ពាក្យនេះ តាម៉ុក ចង់សំដៅថា នៅក្នុងព្រៃនៃចលនា គាត់ទាំងមូលមានតែគាត់ទេដែលខ្លាំង ចំណែកនៅក្នុងផ្ទៃប្រទេសវិញ គឺមានតែសម្តេច ហ៊ុន សែន ប៉ុណ្ណោះដែលមានក្បួនយុទ្ធសាស្រ្ត និងចិត្តសាស្រ្តសង្រ្គាមខ្លាំង ហើយក្រោយមក ពេលក្រុមគាត់ផ្តាច់ខ្លួនចេញពី ប៉ុល ពត រួចហើយ ហើយ ខៀវ សំផន, សុន សេន និងនួន ជា បបួលគាត់ឱ្យចុះចូលជាមួយរាជរដ្ឋាភិបាល ប៉ុន្ដែ តាម៉ុក ប្រើពាក្យស្លោកគំរាម ប៉ុល ពត ខៀវ សំផន នួន ជា សុន សេន គឺ “លើ ម៉ុក មានមួក លើមួកមានមេឃ”។ តែទោះជារឹងមាំយ៉ាងណាទីបំផុតឥទ្ធិពលយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចធ្វើឱ្យ តាម៉ុក យល់ព្រមចុះចាញនៅចុងឆ្នាំ១៩៩៨ ហើយទំបំផុត តាម៉ុក ក៏ត្រូវរាជរដ្ឋាភិបាលចាប់ខ្លួនយកមកកាត់ទោស នៅតុលាការយោធា នៅឆ្នាំ១៩៩៩ ក្រោមច្បាប់ ការដាក់ខ្មែរក្រហមឱ្យនៅក្រៅច្បាប់។

តាមសៀវភៅដែលមានចំណងជើងថា រឿងរ៉ាវអ្នករស់នៅអន្លង់វែង សរសេរថា កត្តាធំបំផុតនៃជម្លោះផ្ទៃក្នុងរបស់ខ្មែរក្រហម គឺការផ្តាច់ខ្លួនក្នុងទ្រង់ទ្រាយធំរបស់កម្លាំងខ្មែរក្រហមសេសសល់ នៅតំបន់ម៉ាឡៃ និងប៉ៃលិន ។ នៅខែតុលា ឆ្នាំ១៩៩៦ អៀង សារី បានដឹកនាំកងទ័ពជាង៣ពាន់នាក់ នៅតំបន់ប៉ៃលិន និងម៉ាឡៃ ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលពិធីសមាហរណកម្មប្រារឰធ្វើឡើងនៅប៉ៃលិន ថ្ងៃទី៦ និងនៅម៉ាឡៃ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩៦។ ការផ្តាច់ខ្លួនទាំងនេះរួមមាន ការផ្តាច់ខ្លួនរបស់ក្រុមខ្មែរក្រហម នៅសំឡូត២៤០ កងពល៥១៩ នៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយ សូ ហុង និងឌុល សារឿន ២៤១ និងក្រុមខ្មែរក្រហមនៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ កែវ សាន មេបញ្ជាការខ្មែរក្រហម នៅភ្នំស្រួច និង កែវ ពង្ស មេបញ្ជាការខ្មែរក្រហម នៅភ្នំឱរ៉ាល់ បានចុះចូលជាមួយរាជរដ្ឋាភិបាលតាំងពីដើមឆ្នាំ១៩៩៦។ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ១៩៩៦ នី កន, សុន ឈុំ និង មាស មុត បានដឹកនាំការផ្តាច់ខ្លួនរបស់កម្លាំងខ្មែរក្រហម នៅស្រុកកំរៀង ភ្នំព្រឹក្ស និងសំពៅលូន ចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រោយពីទទួលដំណឹងនៃការផ្តាច់ខ្លួនដ៏រំជើបរំជួលនេះ មុនពេលធ្វើពិធីសមាហរណកម្ម ប៉ុល ពត ប្រាប់ឱ្យតាម៉ុក និងនួន ជា ទៅដោះស្រាយបញ្ហាផ្តាច់ខ្លួននៅប៉ៃលិន និងម៉ាឡៃ។តាម៉ុក និង នួន ជា បានធ្វើដំណើរទៅប៉ៃលិន ដោយមានតែកងការពារ (អង្គរក្ស)ពីរបីនាក់ប៉ុណ្ណោះ អមដំណើរទៅជាមួយ។ ប៉ុន្តែក្រោយពីទៅដល់ប៉ៃលិន តាម៉ុក និង នួន ជា មិនអាចដោះស្រាយបាន ព្រោះអ្វីៗទុំជោរទៅហើយ។ បរាជ័យរបស់តាម៉ុក និងនួន ជា ធ្វើឱ្យ ប៉ុល ពត ខឹងសម្បាយ៉ាងខ្លាំង។ តាម៉ុក និង នួន ជា ត្រូវគេបណ្តេញចេញពីប៉ៃលិន ផងដែរ ហើយអ្នកទាំងពីរបានរត់ចូលមកកាន់តំបន់សំឡូត និងបានជួប សុន សេន នៅទីនោះ។ អ្នកទាំង៣ បានធ្វើដំណើរត្រឡប់មកអន្លង់វែងជាមួយគ្នាតាមប្រទេសថៃ ដោយឈ្មោះ ម៉ៅ ជាអ្នកអៀវ តាម៉ុក ព្រោះគាត់ពិការជើងម្ខាងមិនអាចដើរបាន។ ខណៈមេដឹកនាំខ្មែរក្រហមទាំងបីកំពុងលាក់ខ្លួននៅប្រទេសថៃ សហនាយករដ្ឋមន្ត្រី គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ និងសម្តេច ហ៊ុន សែន បានស្នើសុំទៅអាជ្ញាធរថៃឱ្យចាប់ខ្លួន តាម៉ុក នួន ជា និង សុន សេន ប្រគល់ឱ្យរាជរដ្ឋាភិបាល។ ប៉ុន្តែអាជ្ញាធរថៃបដិសេធ ហើយតាម៉ុក នួន ជា និង សុន សេន បន្លំបួសធ្វើជាសង្ឃ និងបានធ្វើដំណើរត្រឡប់មកអន្លង់វែងវិញ។ ពេលមកដល់ព្រំដែនថៃ ម៉ៅ ដែលជាកងការពាររបស់ តាម៉ុក និងជាអ្នកអៀវ តាម៉ុក បានទូរសព្ទមកអន្លង់វែងដោយស្នើសុំរថយន្តមួយគ្រឿងមកទទួលតាម៉ុក, នួន ជា និងសុន សេន តែ ប៉ុល ពត ប្រាប់ឱ្យម៉ៅទិញសាំងចាក់ដុតសម្លាប់មេដឹកនាំដែលជិះក្នុងឡាននោះ។ ម៉ៅ មិនធ្វើតាមបញ្ជាទេ ផ្ទុយទៅវិញ ម៉ៅ បានជួលរថយន្តមួយគ្រឿងពីថៃ ដើម្បីជូនមេដឹកនាំទាំងបីត្រឡប់មកអន្លង់វែង។ ពេលមកដល់អន្លង់វែង ប៉ុល ពត បានធ្វើដំណើរទៅជួបតាម៉ុក នៅពេលដែលតាម៉ុក បានមកផ្ទះរបស់គាត់នៅពើយតារួន (ទីបញ្ជាការ តាម៉ុក និងប៉ុល ពត ស្ថិតនៅលើកំពូលភ្នំដងរែក ម្តុំពើយ តារួន) ។ មេដឹកនាំទាំងពីរបានជួបពិភាក្សាគ្នាអស់ រយៈពេលដ៏យូរ និងឈ្លោះប្រកែកគ្នាខ្លាំង គឺនៅពេលនោះហើយដែល ប៉ុល ពត បញ្ជាក់ប្រាប់អ្នកទាំងបីថា អស់លោកល្មមដល់ពេលសម្រាកហើយ ។

ប៉ុល ពត បានចាប់ខ្លួន និងឃុំឃាំង តាម៉ុក នួន ជា និង សុន សេន ដាក់ក្នុងបន្ទប់ងងឹតអស់ រយៈពេល៦ខែ ចាប់ពីខែតុលា ឆ្នាំ១៩៩៦ ដល់ខែកុម្ភៈ ឆ្នាំ១៩៩៧។ តាម៉ុក និយាយថា “យើងត្រូវឃុំខ្លួនអស់រយៈពេល៦ខែ ជាមួយ នួន ជា និងសុន សេន។ យើងស្ថិតនៅក្នុងបន្ទប់ងងឹត និងមិនអនុញ្ញាតឱ្យដើរទៅណាទេ។ គិតថា ប្រហែលជាគាត់ខ្លាចធ្លាយព័ត៌មានចេញទៅក្រៅ។ មិននឹកស្មានថា គេចង់សម្លាប់យើងសោះ” ។

ក្រោយមកដើម្បីបន្ថយឥទ្ធិពលតាម៉ុក និងបង្កើនឥទ្ធិពលរបស់ខ្លួន ប៉ុល ពត បានប្រកាសជ្រើសរើសគណៈកម្មាធិការថ្មី។ ប៉ុល ពត ស្នើថា គ្រប់មេដឹកនាំខ្មែរក្រហមដែលមានវ័យចំណាស់ ទាំងអស់ រួមទាំងតាម៉ុក និងខ្លួនគាត់ផង ត្រូវចូលនិវត្តន៍ និងទុកឱកាសឱ្យអ្នកដឹកនាំជំនាន់ក្រោយបន្តការតស៊ូ ក្នុងនោះបេក្ខជនឈរឈ្មោះមាន ស៊ូ សារឿន (សារឿន ជាមនុស្សជំនិត ប៉ុល ពត) មៀច សាន ខឹម ងួន ញាន ហឿន និង ខន។ នៅខែកុម្ភៈ ឆ្នាំ១៩៩៧ ប៉ុល ពត បានរៀបចំធ្វើមហាសន្និបាតនេះ។

តាមលោក ម៉ា យ៉ារិទ្ធ អតីតអ្នកយាកព័ត៌មានវិទ្យុសំឡេងសហរដ្ឋអាម៉េរិក ថាការប្រជុំនេះធ្វើឡើងអស់រយៈពេល៤ថ្ងៃ ដោយ ប៉ុល ពត ចង់ឱ្យ ស៊ូ សារឿន ចង់ឱ្យ មៀច សាន ធ្វើជាប្រធាន គណៈកម្មការថ្មី។ មៀច សាន ទទួលសំឡេងគាំទ្រច្រើនជាងសារឿន ដែលត្រូវដឹកនាំថ្មី តែតាម៉ុក ចង់ឱ្យ ខឹម ងួន ជាអ្នកដឹកនាំថ្មី ។ ទោះយ៉ាងណាក្រោយសន្និបាត ប៉ុល ពត សម្រេចឱ្យ ស៊ូ សារឿន ជាប្រធានគណៈកម្មាធិការដែលមានឈ្មោះថា“គណៈកម្មាធិការ១៩”។ ពីមុន តាម៉ុក ប្រឆាំងទៅនឹងគំនិតផ្តួចផ្តើមនេះ ព្រោះតាម៉ុក យល់ឃើញថាកិច្ចការទាំងអស់នេះ គឺជាយុទ្ធសាស្ត្ររបស់ ប៉ុល ពត ក្នុងការប្រមូលផ្តុំអំណាចនៅអន្លង់វែង។ បន្ទាប់ពីមហាសន្និបាតនៅខែកុម្ភៈមក តាម៉ុក ចាប់ផ្តើមចរចាសាជាថ្មីជាមួយនឹងគណបក្សហ្វ៊ុនស៊ិនប៉ិច។ នៅក្នុងការចរចានោះ តាម៉ុក គាត់យល់ព្រមជាគោលការណ៍ថា ប៉ុល ពត នឹងមិនមានសំឡេងអ្វីទាំងអស់ក្នុងកិច្ចចរចាសម្បទាននយោបាយ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ទំនងដោយសារដឹងថា តាម៉ុក លួចចរចាសម្ងាត់ជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧ ប៉ុល ពត ប្រាប់នីរសាររបស់គាត់ឱ្យទៅហៅ សុន សេន មកប្រជុំ ប៉ុន្តែ សុន សេន បដិសេធមិនបានមក។ យុន យ៉ាត ដែលជាភរិយា សុន សេន ប្រាប់នីរសារនោះថា យប់ជ្រៅហើយសុំពន្យារពេលប្រជុំទៅព្រឹកវិញ។ ដោយការខឹងសម្បា ប៉ុល ពត បញ្ជាឱ្យគេសម្លាប់អ្នកទាំងនោះនៅលើផ្ទះនោះ ។ នៅម៉ោងប្រមាណ១១យប់ សារឿនបានដឹកនាំកម្លាំងប្រមាណពី២០ ទៅ៣០នាក់ទៅផ្ទះ សុន សេន ហើយហៅ សុន សេន និងប្រពន្ធឱ្យចេញមកខាងក្រៅផ្ទះ ហើយបានបាញ់សម្លាប់អ្នកទាំងពីរ។ ចំណែកសាច់ញាតិរបស់សុន សេន ប្រមាណជិត១០នាក់ផ្សេងទៀតក៏ត្រូវសម្លាប់ដែរ។ ចៅស្រីរបស់ សុន សេន គេសង្ស័យថាត្រូវរំលោភមុនពេលសម្លាប់ ព្រោះសាកសពរកឃើញនៅឆ្ងាយពីគេ ហើយស្ថិតនៅអាក្រាត។ តាម៉ុក មិនបានដឹងដំណឹងនេះភ្លាមទេ ព្រោះគាត់កំពុងជាប់ឃុំនៅឡើយ ម្យ៉ាង ប៉ុល ពត បានដាក់ឱ្យ សុន សេន, តាម៉ុក និងនួន ជា នៅឆ្ងាយពីគ្នា មិនអាចទាក់ទងគ្នាបាន។ តែក្រោយមក ប្រជាជនប្រទះឃើញសព ហើយបានទៅរាយការណ៍ប្រាប់តាម៉ុក ធ្វើឱ្យតាម៉ុកផ្ទុះកំហឹង និងសង្ស័យលើ ប៉ុល ពត។

តាម៉ុក ខឹងនឹង ប៉ុល ពត និង សូ សារឿន យ៉ាងខ្លាំង និងបានកោះប្រជុំជាបន្ទាន់មួយជាមួយ មេបញ្ជាការកងទ័ព នៅផ្ទះរបស់គាត់ក្បែរមាត់ទឹក។ តាម៉ុក ប្រាប់ទៅមេទ័ពទាំងអស់ថា ប៉ុល ពត និង ស៊ូ សារឿន មានបំណងចង់សម្លាប់គាត់ និងចង់ធ្វើជាស្តេចនៅអន្លង់វែង។ តាម៉ុក ប្រាប់ មេទ័ពរបស់គាត់ឱ្យត្រៀមខ្លួនធ្វើសង្គ្រាមជាមួយ ប៉ុល ពត។ តាម៉ុក ប្រាប់សារព័ត៌មានបរទេសថា ធ្វើការជាមួយ ប៉ុល ពត យូរមកហើយ តែទីបំផុត ប៉ុល ពត ចង់កម្ទេច(សម្លាប់)គាត់ និងអ្នកដើរតាម និងនៅជាមួយគាត់។

ក្រោយការប្រជុំនៅចន្លោះពីថ្ងៃទី១០ ទៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៧ កងទ័ពដែលស្មោះនឹងតាម៉ុក បានប៉ះទង្គិចគ្នាជាមួយកងទ័ពដែលស្មោះត្រង់ជាមួយ ប៉ុល ពត ។ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៩៧ តាម៉ុក បានបញ្ជាឱ្យប្រមូលផ្តុំកម្លាំងទាំងអស់របស់គាត់ ដើម្បីវាយដណ្តើមយកសាកសពរបស់ សុន សេន និងក្រុមគ្រួសារ និងថតរូប ដែលក្រោយមករូបថតរបស់សាកសពទាំងនោះត្រូវប្រើប្រាស់ដើម្បីឃោសនា។ នៅថ្ងៃទី១០ ខែមិថុនា ប្រហែលម៉ោង៧ព្រឹក តាម៉ុក និង កងកម្លាំងរបស់គាត់បានផ្សព្វផ្សាយការសម្លាប់សុន សេន ជាសាធារណៈ ដើម្បីប្រមូលការគាំទ្រពី កងទ័ព និងប្រជាជន។ តាម៉ុក ប្រកាសប្រាប់ប្រជាជនថា សុន សេន និងក្រុមគ្រួសារទាំងអស់ត្រូវ សម្លាប់។ តាម៉ុក អំពាវនាវដល់ប្រជាជនឱ្យចូលរួមជាមួយគាត់ដើម្បីតស៊ូប្រឆាំងនឹង ប៉ុល ពត ។ បន្ទាប់មក តាម៉ុក បានបញ្ជាឱ្យកងពល៩៨០ និងកងពល៩១២ ចាប់ខ្លួនប៉ុល ពត និងបក្ខពួក ហើយដើម្បីយកឈ្នះ ប៉ុល ពត តាម៉ុក ក៏សុំជំនួយពីលោកឧត្តមសេនីយ៍ ញឹក ប៊ុនឆៃ ដែលជាមេបញ្ជាការកងទ័ពរបស់ហ៊្វុនស៊ិនប៉ិច ឱ្យមកជួយកម្លាំងរបស់គាត់នៅអន្លង់វែង។ ការរំជើបរំជួលនៅអន្លង់វែងដែលរៀបចំឡើងដោយ តាម៉ុក ធ្វើឱ្យ ប៉ុល ពត ឆ្លើយតបតាមវិទ្យុ តាម៉ុក ថា តាម៉ុក ក្បត់ជាតិ។ ក្នុងនោះខៀវ សំផន ដែលនៅជាមួយប៉ុល ពត ក៏បានចូលរួមក្នុងជម្លោះនោះដែរ ដោយនៅថ្ងៃទី១១ ខែមិថុនា ខៀវ សំផន អាន សេចក្តីប្រកាសរបស់ ប៉ុល ពត តាមវិទ្យុចោទប្រកាន់ សុន សេន ថាក្បត់ចលនា និងជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋាភិបាលអាយ៉ងយួននៅទីភ្នំពេញ ។

បន្ទាប់ពីប្រយុទ្ធគ្នាមិនចាញ់មិនឈ្នះរយៈពេល៥ថ្ងៃ ប៉ុល ពត បញ្ជា ឱ្យ សូ សារឿន មៀច សាន និងមេបញ្ជាការដែលស្មោះត្រង់នឹងខ្លួនដទៃផ្អាកការប្រយុទ្ធ ហើយរកវិធីជួបចរចាជាមួយ តាម៉ុក។ ប៉ុល ពត មានបំណងបញ្ចុះបញ្ចូល តាម៉ុក ឱ្យបញ្ចប់ការប្រយុទ្ធគ្នា ព្រោះទំនង ប៉ុល ពត យល់ឃើញថា បើនៅបន្តប្រយុទ្ធគ្នាទៀត សត្រូវរបស់គាត់ គឺសម្តេច ហ៊ុន សែន អ្នករៀបចំយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ នឹងទទួលបានផលប្រយោជន៍កាន់តែច្រើន។ ម្យ៉ាង ប៉ុល ពត ក៏ជិតអស់ស្បៀង និងសព្វាវុធដើម្បីច្បាំងដែរ ប៉ុន្តែបំណងរបស់ ប៉ុល ពត មិនសម្រេចទេ ដោយតាម៉ុក មិនអាចផ្តល់ឱកាសឱ្យ ប៉ុល ពត មានជីវិតនយោបាយតទៅទៀត ព្រោះតាម៉ុក មានស្បៀង មានគ្រាប់រំសេវដែលទទួលបានពីសមភាគីហ្វ៊ុនស៊ិនប៉ិច ។ នៅថ្ងៃបន្ទាប់ តាម៉ុក បានចាប់ខ្លួន សារឿន និងប្រពន្ធ មៀច សាន និងកូនប្រុសគាត់ ឈ្មោះ មៀច សារ៉ាវុធ ព្រមទាំងមេបញ្ជាការ កងទ័ពមួយចំនួនទៀត ដែលសុទ្ធតែជាអ្នកស្មោះត្រង់ជាមួយនឹង ប៉ុល ពត។ អ្នកទាំងនេះត្រូវ ឃុំឃាំងនៅក្នុងទ្រុងដែក។ សមាជិកគ្រួសារដទៃទៀតរបស់ សារឿន និងសាន ត្រូវឃុំខ្លួននៅក្នុងផ្ទះ ហើយពីរខែក្រោយមក សារឿន និងប្រពន្ធ និង មៀច សាន ត្រូវកាត់ទោសប្រហារជីវិត។ អ្នកទាំងបីបានកប់ទាំងរស់នៅក្នុងរណ្តៅសាកសពរួម ។ ក្រោយពីបរាជ័យក្នុងការបញ្ចុះបញ្ចូល និងក្រោយពីដឹងថាមេទ័ពខ្លាំងៗរបស់ខ្លួនត្រូវ តាម៉ុក ចាប់បាន និងសម្លាប់ ប៉ុល ពត ខៀវ សំផន នួន ជា ជួន ជឿន ចាន់ យូរ៉ាន់ ទេព ឃុនណាល់ ព្រួយបារម្ភយ៉ាងខ្លាំង ហើយបានរត់គេចពីកងកម្លាំង តាម៉ុក ទៅលាក់ខ្លួននៅក្នុងរូងភ្នំមួយនៅឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។ កងទ័ពមួយចំនួនដែលរត់ទៅជាមួយ និងតាមការពារ ប៉ុល ពត គឺជាអតីតកងទ័ពរបស់ តាម៉ុក។ អ្នកទាំងនោះរត់ចោល ប៉ុល ពត ម្តងម្នាក់ៗ ហើយក្រោយមកទំនងដោយសារអ្នកទាំងនោះ ទើបកងទ័ពតាម៉ុកផ្សេងទៀត រកឃើញកន្លែងលាក់ខ្លួនរបស់ ប៉ុល ពត។ កងទ័ពម្នាក់របស់តាម៉ុក ដែលចូលទៅក្នុងរូងភ្នំ ដើម្បីចាប់ ប៉ុល ពត បានឃើញ ខៀវ សំផន កំពុងចម្អិនអាហារឱ្យ ប៉ុល ពត។ នៅពេលកងទ័ពរូបនោះដើរសំដៅទៅរកអ្នកទាំងពីរ ប៉ុល ពត និង ខៀវ សំផន បានភ្ជង់កាំភ្លើងខ្លីដាក់ ប៉ុន្តែមិនបានបាញ់ទេ។ ខៀវ សំផន បម្រុងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែត្រូវដន្លងរបស់គាត់ ដែលជាមេបញ្ជាការរបស់ តាម៉ុក ឃាត់។ កងទ័ពតាម៉ុក បាននិយាយទៅកាន់ ប៉ុល ពត ដោយសុភាពរាបសាថា សុំអញ្ជើញអ៊ំ (ប៉ុល ពត) ត្រឡប់ទៅវិញ។ តា (តាម៉ុក)ចង់ជួបអ៊ំ។ នៅទីបញ្ចប់ ប៉ុល ពត ចាប់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៩៧។ កងទ័ពតាម៉ុក បានសែង ប៉ុល ពត ដោយអង្រឹងចុះពីលើភ្នំ។ អ្នកដទៃទៀតដើរដោយជើងត្រឡប់មកវិញ។ ខៀវ សំផន និង នួន ជា បានយំសស្រាក់នៅពេលដើរតាមផ្លូវត្រឡប់មកវិញ ដោយសារតែអ្នកទាំងពីរព្រួយបារម្ភថា តាម៉ុក នឹងសម្លាប់។

កងទ័ពបានឃុំឃាំងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំងនេះ នៅឃ្លាំងកណ្តាល។ ក្រោយមក ប៉ុល ពត និងមេបញ្ជាការកងទ័ពមួយចំនួនត្រូវបញ្ជូនទៅឃុំឃាំងនៅក្បែរច្រកព្រំដែនឆងសៈង៉ាំ(ជាំសាង៉ាំ) សព្វថ្ងៃ។ ខៀវ សំផន, នួន ជា, ចាន់ យូរ៉ាន់, ជួន ជឿន, និងមេដឹកនាំផ្សេងទៀតបានដោះលែង។ ដោយគ្មានកន្លែងត្រូវទៅ ឬគេចខ្លួនបាន មេដឹកនាំទាំងនេះបានបន្តរស់នៅជាមួយ តាម៉ុក រហូតដល់សមាហរណកម្មនៅឆ្នាំ១៩៩៨។ នៅអំឡុងពេលនោះ នៅឯភ្នំពេញ សម្តេច ហ៊ុន សែន ស្ថិតជាសហនាយករដ្ឋមន្រ្តី (នាយករដ្ឋមន្រ្តីទី២) បានប្រាប់អ្នកសារព័ត៌មានថា តាមរយៈឧបនាយករដ្ឋន្រ្តី ស ខេង ថាប៉ុល ពត បានស្លាប់ហើយ តែនៅមុននេះប៉ុន្មានម៉ោង សម្តេចក្រុមព្រះបានជម្រាបសម្តេចថា ប៉ុល ពត កំពុងនៅលើភ្នំ ហើយគេកំពុងសែងចុះមក។ ដើម្បីបញ្ជាក់ន័យឱ្យកាន់តែច្បាស់ សម្តេច ហ៊ុន សែន បានប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មាននោះថា យើងអាចមើលឃើញមេឃ តែមិនដឹងថា មេឃនោះកម្ពស់ណាទេ។

ឥទ្ធិពលយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ របស់សម្តេចតេជោ ដែលគេស្គាល់ជាកូនកសិករ នៅខេត្តកំពង់ចាម ក្នុងឃុំពាមកោះស្នា ស្ថិតនៅប្របមាត់ទន្លេមេគង្គ និងជាប់ជើងភ្នំតំបន់ចម្ការកៅស៊ូផង មិនត្រឹមតែបំបែក ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ពីពួក ប៉ុល ពត បំបែក ប៉ុល ពត ពីអៀង សារី ខៀវ សំផន នួន ជា សុន សេន និងតាម៉ុកទេ ចុងក្រោយនៅអំឡុងទសវត្សរ៍១៩៩៧ ឬ១៩៩៨ យុទ្ធសាស្រ្តនេះ ក៏បានបំបែកគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យទៅជាច្រើនផ្នែក ដូចជាលោក ឡូយ ស៊ឹមឈាង អតីតប្រធានរដ្ឋសភា បង្កើតគណបក្សមួយ លោកអ៊ឹង ហួត អតីតនាយករដ្ឋមន្រ្តីពាក់កណ្តាលអាណត្តិ បង្កើតបក្សមួយ លោក ទួន ចាយ ចៅហ្វាយខេត្តបន្ទាយមានជ័យបង្កើតបក្សមួយ។ល។ បំបែកគណបក្សលោកតា សឺន សាន ទៅជាច្រើនផ្នែក ច្រើនបក្ស និងក្រោយមកក៏បំបែកគណបក្សជាតិខ្មែរ របស់លោក សម រង្ស៊ី ជាច្រើនផ្នែក ច្រើនបក្សដែរ។

លោកលឺ ឡាយស្រេង អតីតមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតរដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍នៅទី២០ ខែមករា ឆ្នាំ២០១៧ ថា ក្រោមយុទ្ធសាស្រ្ត ឈ្នះ ឈ្នះ ក្រោយព្រឹត្តិការណ៍ ថ្ងៃ៥-៦កក្កដា ១៩៩៧ គណបក្សហ្វ៊ុនស៊ិនប៉ិច បែកខ្ទេចដូចកែវ ហើយបច្ចុប្បន្ននៅសល់តែអំបែងហ៊្វុនស៊ិនប៉ិច ប៉ុណ្ណោះ។ លោក លឺ ឡាយស្រេង លើកឡើងថា សម្តេច ហ៊ុន សែន ជាមេដឹកនាំ ធ្វើការដឹកនាំប្រទេសបានល្អណាស់ ប៉ុន្តែអ្នកជុំវិញសម្តេចមួយចំនួនមិនជាល្អប៉ុន្មានទេ ច្រើនតែធ្វើអ្វីដើម្បីតែខ្លួនឯង មិនសូវគិតដល់កិត្តិយសថ្នាក់ដឹកនាំរបស់ខ្លួន។ លោកបញ្ជាក់ថាសម្តេច ជាអ្នកចាប់បាល់ដ៏ចំណានម្នាក់នៅក្នុងក្រុម អ្នកទាត់មិនពូកែម្នាក់ មិនងាយស៊ុតចូលទីបានទេ។

ក្រោយមកតាមរយៈវិទ្យុអាស៊ីសេរី ពីសហរដ្ឋអាម៉េរិក លោក លឺ ឡាយស្រេង ក៏ទទួលស្គាល់ដែរថា សម្តេច ហ៊ុន សែន គឺជាកំពូលអ្នកយុទ្ធសាស្រ្តដ៏អស្ចារ្យម្នាក់។ លោកក៏បានប្រៀបធៀបរបៀបដឹកនាំបក្ស និងរាជរដ្ឋាភិបាល រវាងសម្តេច ហ៊ុន សែន និងសម្តេចក្រុមព្រះថា សម្តេចហ៊ុន សែន ជាមនុស្សកំពូលយុទ្ធសាស្រ្តខាងបំបែក និងឱបក្រសោប ប្រៀបដូចឪពុកម្តាយ ជេរ ទៅហៅមក ហើយតែងតែឱ្យតម្រុយជាមុន។ បើយើងយល់ អាចកែស្ថានការណ៍បាន។ សម្តេច ហ៊ុន សែន ជាមេដឹកនាំល្អបំផុត ល្អជាងសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ឆ្ងាយណាស់ ។ ដោយ៖ គង់ សិរីរ័ត្ន, សម្រួលផ្សាយ៖ កន ចំណាន

អត្ថបទទាក់ទង